ស៊ុនណារី ម៉ូនីកា ចេញមុខ​រិះគន់ ពេជ្រ ថៃ

ដោយ លោក វង្ស សុម៉ាលីន​​ | ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 9:52 PM | កំសាន្ដ | 0 | 50723 អ្នកនាង​​ ស៊ុនណារី ម៉ូនីកា និងបេក្ខជន ពេជ្រ ថៃ

ផ្ទុយពីការ​​សរសើរ​ ដែលធ្លាប់គេឮ​ក្នុងពេល​​​កុមារា​​​​ ពេជ្រ ថៃ បង្ហាញខ្លួនក្នុងកម្មវិធី​​ The Voice Kids Cambodia ស្រាប់តែមាន​ការរិះគន់​​​​យ៉ាង​ភ្លូក​ទឹក​ភ្លូកដីទៅវិញ នៅពេលកុមារារូបនេះ ​​ឆ្លង​ផុតវគ្គ​​​ពាក់​កណ្ដាល​ផ្ដាច់ព្រ័ត្រកាលពីយប់ថ្ងៃទី​​៧ខែតុលា ហើយបាន​​ទៅ​ប្រកួតបន្តនៅវគ្គ​​ផ្ដាច់ព្រ័ត្រ។

ក្នុងចំណោមអ្នករិះគន់​យ៉ាងចាស់ដៃ នៅលើហ្វេសប៊ុក​​​ ​អ្នកនាង​​ ស៊ុនណារី ម៉ូនីកា ដែលជា​តារារៀមច្បង​​ម្នាក់ដែរ​ ក៏បានចេញមុខ​​​​​រិះគន់​ផងដែរ​​​​​​​។ អ្នកនាង​ ស៊ុនណារី ម៉ូនីកា និយាយថា អ្នកនាងមិនស្អប់​​​ខ្ពើមចំពោះ​​បេក្ខជន ពេជ្រ ថៃ នោះទេ ប៉ុន្តែអ្នកនាង​ ទទួលយកមិនបាន ក្នុងពេលដែល​កូនក្រុមរបស់លោក ព្រាប សុវត្ថិ ក្នុងវគ្គ​ពាក់កណ្ដាល​ផ្ដាច់ព្រ័ត្រ​៣ទៀត សុទ្ធតែមានសំឡេង​ល្អជាងដាច់​។

អ្នកនាង បានបង្ហាញអារម្មណ៍​មិនជឿថា​​កុមារា ពេជ្រ ថៃ ​​​ត្រូវបានអ្នកគាំទ្រ​បោះ​ឆ្នោតអោយ​មានសំលេង​ឆ្នោតនាំមុខ​គេ​​ទៅកាន់វគ្គ​​ផ្ដាច់ព្រ័ត្រ​​នោះទេ ​ក្នុងពេលដែល​​​​កម្មវិធីទាំងមូល ក៏មិនបានបង្ហាញអោយឃើញ​​ពីតួ​​​​លេខ អ្នក​​បោះ​ឆ្នោត​ជាដ្យាក្រាម​នៅលើអេក្រង់ទូរទស្សន៍ជា​​សាធារណៈ។ ក្នុងនោះ អ្នកនាងថា បើ​​​ពិតជា​​​អ្នកទស្សនា​បោះឆ្នោតអោយ​​ ពេជ្រ ថៃ ​បានជាប់​ ហើយ​មើលរំលងអ្នកពូកែ​​ប្រាកដមែន គឺ​ជារឿងអាម៉ាស់ណាស់ ដែល​​អ្នកមានសំឡេងល្អ​​​ ត្រូវធ្លាក់ចង់អស់ ហើយ​​​បែរជាអោយកូនក្មេង​​​​​​ដែល​​​ពូកែ​​​កំប្លុក​កំប្លែង ហើយ​មានទឹក​ដមសំឡេង​​​​​​​ចាញ់ប្រៀប​គេ​ បានជាប់​​។

អ្នកនាងថា ​​អ្នករៀបចំកម្មវិធី​ គួរតែយក​សំឡេងឆ្នោត​​ពីអ្នកគាំទ្រ មក​បូក​ផ្សំ នឹង​​ទឹកដមសំឡេងពីការ​ដាក់​ពិន្ទុ​​របស់​​​​​​​​​អ្នក​​ចេះ​ជំនាញវាយតម្លៃ​ភាគច្រើន ​ដោយមិនអាចពឹងតែលើ​​​​ការបោះ​ឆ្នោតមួយមុខ​​បានទេ។ អ្នកនាង​ថា គឺជារឿងអាម៉ាសណាស់ ដែលកម្មវិធី​លំដាប់​ថ្នាក់ពិភព​លោកមួយទាំងមូល តែអ្នកសំឡេងល្អត្រូវ​បាន​ធ្លាក់​​ចេញ ហើយក្មេង​ដែល​គ្រាន់តែ​​​​​ចេះតែកំប្លែង​​​​​​ធ្វើ​​កម្ម​វិធី​​​សប្បាយ​​​ បែរជា​​ជាប់គ្រប់វគ្គ ដោយសូម្បី តែ​​​ពេល​​​​​ច្រៀងជម្រុះក្នុងក្រុម​មុន​វគ្គ​ពាក់​កណ្ដាលផ្ដាច់ព្រ័ត្រ​​ ក៏​អ្នកនាង​ថា ច្រៀង​​​មិនល្អ ដូច​​​​​អ្នកធ្លាក់នា​ពេលនោះដែរ។

អ្នកនាងថា​​ អ្នកនាង​ ក៏អាណិត​ ពេជ្រ ថៃ នោះដែរ ​ដោយសារតែគេ​ជាក្មេងក្រីក្រ ហើយ​​​​​​មាន​​រាងកាយ​ក្រិនទៅទៀត ប៉ុន្តែអ្នកនាងមិនគាំទ្រទេ ដែល​ការប្រលង The Voice Kids Cambodia បែរជា​​​ផ្ដល់ពិន្ទុ​​​លើការអាណិត និងការ​​​សរសើរ លើភាព​កំប្លុក​កំប្លែងរបស់ក្មេង ​ហើយ​​​​​មិន​​​​​មើល​​ពីសមត្ថភាពល្អៗ របស់​​កុមារាកុមារីផ្សេងទៀត​​។

អ្នកនាង​​ទទូច​អោយ​​កម្មវិធី​នេះ ​ធ្វើការ​​​​ជ្រើសរើសអោយ​បាន​ម៉ត់ចត់ឡើងវិញ ដើម្បី​កុំអោយ​មានការ​រិះគន់ និង​ដើម្បី​​​​​តំណាង​​​​​​​​​ The Voice Kids របស់​កម្ពុជា​​​​​​ចូលគេ មិន​ចុះ​​ក្រោយពេលកាន់ពាន។ ​អ្នកនាងបញ្ជាក់ថា ពេជ្រ ថៃ មិនមែន​​តូច​តាចនោះទេ គឺ​គេ​អាយុ​​១២​​ឆ្នាំ ​បង​ៗ​កុមារា​​​​​​​​ ដែលមានសំឡេងល្អផ្សេងទៀតនោះទេ ទើបអ្នកនាង​ថា​​ សមត្ថភាព​កំប្លុកកំប្លែងរបស់គេ​​ដែលគេ​ហ៊ាន​បានល្អ គឺបណ្ដាលមកពី​​គេ​អាយុ​ច្រើន​គួរ​សម​​ធៀប​នឹង​​​បេក្ខជន​​បេក្ខនារី​ផ្សេងទៀត ដែលមាន​អាយុ​ទើបតែ​​​​​១០ឆ្នាំ និង​​​ខ្លះក្រោមនេះ។

អ្នកនាង​​នៅតែបង្ហាញការរិះគន់​ដែល​​​កុមារា ពេជ្រ ថៃ ​បន្តជាប់ ហើយ​​​​កុមារា និងកុមារី​ផ្សេង​ទៀត បែរជាធ្លាក់ចង់អស់ ក្នុងពេលដែល​​អ្នកនាងយល់ថា ​​សមត្ថភាពជាក់ស្ដែង គឺ​​​អ្នកធ្លាក់ក្រោមដៃ ពេជ្រ ថៃ មាន​ទឹកដមសំឡេងល្អជាង។ យ៉ាងណាមិញ អ្នកនាង​បញ្ជាក់ថា ​អ្វីដែល​បានលើកឡើង គឺដោយសារតែអ្នកនាងសោកស្ដាយ​អ្នកមានសមត្ថភាព​ផ្សេងទៀត ដែល​ធ្លាក់ចង់អស់ព្រោះតែ​​អ្នកគាំទ្រ​បន្ត​​បោះឆ្នោតដោយផ្ដោតលើការអាណិតនិង​ការ​​ចូលចិត្តរឿង​​​ ពេជ្រ ថៃ ពូកែក្រមិចក្រមើមនោះតែប៉ុណ្ណោះ។

អ្នកនាងថា ​កម្មវិធីប្រលងចម្រៀង The Voice Kids Cambodia មិនមែនជា​​​​ការប្រលង​​​បែប​ច្រៀងកំប្លែង ឬ​ប្រលង​និយាយ​​​​នោះទេ ​​​​គឺជាការប្រលង​ជ្រើសរើសអ្នកមាន​សំឡេងល្អ អ៊ីចឹងហើយទើប​អ្នកនាង ​នៅតែអះអាងថា វត្តមានឈានឡើងរបស់កុមារា ពេជ្រ ថៃ ​គឺមិនខុសពីទម្លាក់អ្នកមានសមត្ថភាពពិត​ប្រាកដអោយ​​​​ធ្លាក់ហាលអាវ ​​​​​មិនសម​​​​​នឹង​ប្រលង​ចម្រៀងដ៏ធំមួយនេះ​។

អ្នកនាងថា​ ​​​​ថៃ ពេជ្រ ​​ក៏​មានសមត្ថភាព​​​​​​​​ច្រៀងល្អ​​ផងដែរ ប៉ុន្តែទឹកដមសំឡេងរបស់គេ មិនអាច​​​​​ទម្លាក់គូប្រកួត​ដែលបានធ្លាក់​ចេញ​បានទេ ដោយអ្នកនាង​លើកឧទាហរណ៍​ថា ​​ធៀប​​នឹង​​​​ទឹកដមសំឡេងរបស់កុមារា លីគ័ង​ ដែលស្ថិតក្នុងក្រុមតែមួយ គឺ​ លីគ័ង ល្អជាង​ និង​ចេះ​បត់បែនសំឡេង​​ បានប្រសើរ​ជាងដាច់ឆ្ងាយ។

​​ប៉ុន្តែអ្នកនាងសរសើរថា ​ពេជ្រ ថៃ ​ជាក្មេងក្លាហាន និង​​ចេះ​​​​​​​លេងសើច​​ អមដោយភាពកំប្លុកកំប្លែង ​ដែលចំណុច​ទាំងនោះក៏​ពិបាក​រក​ផងដែរ ​​បើទោះជាគេ​មានអាយុ​​ដល់​​១២​ឆ្នាំ ដែល​អ្នករិះគន់ភាគច្រើនអះអាងថាគេ​​​ចេះ​លែងសើច និងក្លាហាន គឺដោយសារតែគេ​មានអាយុ​ចាស់ទុំទៅហើយ​ ​​ដែលផ្ទុយពី​បេក្ខជន​​​​ផ្សេងទៀត ​​​ដ្បិតថា​ ធំៗខ្ពស់ជាង ពេជ្រ ថៃ មែន តែ​អាយុទើបតែ​​​១០ឆ្នាំ និងក្រោមនេះ លើកលែងតែ​​កុមារី​មួយចំនួន ដែលមាន​អាយុ​​​ដល់​​១៤ឆ្នាំ​​។

​លោក ​​អ៊ឹង សុខលី ​​អគ្គនាយករង​ទូរទស្សន៍​ហង្សមាស ជាអ្នកដឹកនាំ​ការ​​ផលិតកម្មវិធី​​ The Voice Kids Cambodia ដែលត្រូវ​​​គេអះអាងថា​ ជាគូដណ្ដឹងលាក់មុខរបស់​ ឱក សុគន្ធកញ្ញា បានអះអាងថា​ ​​​​លោកមិនភ្ញាក់ផ្អើលចំពោះ​ការ​រិះគន់​ពី​អ្នក​គាំទ្រនោះទេ ដោយសារតែ​​អ្នកគាំទ្រ​ខ្លះស្រឡាញ់ពេញចិត្ត​អ្នក​នេះ ហើយ​អ្នកខ្លះ​ពេញចិត្តអ្នកនោះ ដែល​​​​​លោក​​បានហៅការ​​​​រិះគន់នោះ​ថា គឺមិន​អាច​ផ្គាប់​ទឹកចិត្ត​​​បង​ប្អូន​ម្នាក់ៗទៅ​បាន។ លោកបាន​​ពន្យល់ថា ​អ្នកដែលបានជាប់ដោយ​​​​​​​សំឡេងសារ គឺ​​បណ្ដាលមកពី​អ្នកបោះឆ្នោតជាអ្នក​សម្រុក​​​​​ផ្ញើសារ​​បោះ​ឆ្នោតអោយតែប៉ុណ្ណោះ គឺមិនមែន​​បញ្ហា​របស់​​​​​​​អ្នក​រៀបចំកម្មវិធី និង​ជាកំហុសរបស់គ្រូបង្វឹកនោះទេ។

ក្នុងនោះ ​​​ចំពោះ​​​​ការជ្រើសរើសបេក្ខជន​បេក្ខនារីមួយរូប​​​អោយទៅប្រលង​ក្នុងវគ្គ​​​​​ផ្ដាច់ព្រ័ត្របន្ថែម ពីលើអ្នកជាប់ដោយ​សំឡេង​ផ្ញើ​​សារ ក៏ជា​​​​សម្រេចចិត្ត​របស់គ្រូបង្វឹក​​ដោយមិនមែនជាការតម្រូវរបស់​​​​កម្មវិធី​នោះដែរ។ ​លោក បានបង្ហាញ​ការ​​ស្វាគមន៍ចំពោះការ​​​​រិះគន់ ដោយចាត់ទុក​ថា ​​កម្មវិធីមួយឬការផលិតបទចម្រៀងមួយ បូករួមទាំង​ការរិះគន់ចំពោះ​លោក ខេមរៈ សិរីមន្ត ផង គឺ​សុទ្ធតែជាសញ្ញាវិជ្ជមាន ​​ដែលបណ្ដាលមកពី​​​​​ស្នាដៃទាំង​នោះ មានភាពទាក់ទាញ។ ​

លោកថា​​​​​មនុស្ស​​​​១០ ចិត្ត​១០ ហើយការប្រលងចម្រៀងមួយ​​​ ដែលឈានដល់វគ្គ​​សំខាន់បែបនេះ គឺ​ទោះជា​​អ្នកបោះឆ្នោត​​​​​​​ជ្រើស​រើសអ្នកណា ឬ​​គ្រូបង្វឹក​ជ្រើស​រើស​អ្នកណា​អោយ​បានទៅប្រលងក្នុងវគ្គ​ផ្ដាច់ព្រ័ត្រ ក៏​នៅតែមានការ​រិះគន់នោះដែរ ដោយសារតែ​​ភាពជាក់ស្ដែង​គឺបេក្ខជនបេក្ខនារីម្នាក់ៗ ដែល​ឈាន​​​មកដល់វគ្គ​នេះសុទ្ធតែមានសមត្ថភាព​​​​​​​ ហើយមានអ្នកគាំទ្រ​​ស្រឡាញ់ពេញចិត្ត​រៀងខ្លួន។

សូម្បីតែការរិះគន់​ចំពោះ​​​តារាចម្រៀង​​ លោក​ ខេមរៈ សិរីមន្ត ​​​ពាក់ព័ន្ធ​នឹងម៉ូដសក់ និង​​បទចម្រៀង​​​ដែលទើបចេញនៅហង្សមាសមុននេះ ក៏​លោកបញ្ជាក់ថា កើតចេញពីការចាប់អារម្មណ៍គាំទ្រ​​ខ្លាំង​ផងដែរ ទើបឈានដល់ការរិះគន់។ លោកនៅតែយល់ថា​​បើ​ការ​ផលិតអ្វីមួយ មានការរិះគន់​​កាន់តែច្រើន និង​កាន់តែធ្វើអោយ​​​ស្នាដៃទាំងនោះ​​ល្បី​ល្បាញ ប៉ុន្តែលោកថា​ នឹង​​​​​​ស្ដាប់​នូវអ្វីដែលជាការទាមទាររបស់​មហាជន ដើម្បី​​កុំអោយ​កម្មវិធី​​មួយ ដែលបាន​ផលិតឡើង មិនទទួលផល​អវិជ្ជមាន។

លោក​ថា ​វា​មិនមែនជាលើកទី​១​ទេ ដែល​​ហង្សមាស​ បានធ្វើកម្មវិធី​​ល្អៗ ហើយមានការ​អ្នករិះគន់​ពីអ្នកគាំទ្រ​​ជាពិសេសក្នុងវគ្គ​ដែលត្រូវប្រកួតប្រជែងកៀកបញ្ចប់​។ លោកនៅតែលើកឡើងថាការរិះគន់គឺសិទ្ធិរបស់អ្នកគាំទ្រ ហើយលោក​ ​នឹងទទួលយក​ការ​​កែលម្អតែ​ចំណុចណាដែលកម្មវិធី​​ធ្វើបាន​ប៉ុណ្ណោះ សម្រាប់ការកំណត់អោយបេក្ខជន​នេះឡើង ឬបេក្ខជននោះឡើង គឺ​​ដូចជាការណីការបោះឆ្នោតអោយ​​​អ្នកនេះជាប់ និងអ្នកនោះជាប់ គឺ​​​លោកថា​ ​ប្រកាស​ថា​លើសពី​​​ការ​គ្រប់គ្រងរបស់លោក៕

សរសេរមកកាន់ លោក វង្ស សុម៉ាលីន តាមរយៈ vongsomalin@yahoo.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required