បកស្រាយ​មូលហេតុ ភួង ណាំហុង វាយខ្លាំង បែរជាហាលអាវ នៅ​ប៉ុស្ដិ៍លេខ​​៥

នៅទី​បំផុត​​ការប្រកួតដែល​​​ដ៏ស្វិត​​ស្វាញដែលបានធ្វើឡើងនៅប៉ុស្ដិ៍លេខ​​​៥​ក្នុងព្រឹត្តិការណ៍​ប្រកួតជម្រុះ​ជើងឯកកាលពីថ្ងៃទី៧ ​​តុលា ​កីឡាករ​​ ទី ពន្លែត គឺជាអ្នកទម្លាក់​​​​កីឡាករជើងខ្លាំងវ័យក្មេង ភួង ​ណាំហុង ក្នុងវគ្គ​​​​ឡើងទៅ​១៦នាក់ ​បើទោះជាការប្រកួតទាំងមូល​​គេមើលទៅកីឡាករ ភួង ​ណាំហុង វាយចេញបានច្រើន។ ​ក្នុងនោះសម្រាប់កីឡាករ​មួយគូទៀត ​​​កីឡាករ​​ជើង​ចាស់ ង៉ែត្រ រដ្ឋា ក៏ជាអ្នកទម្លាក់គូប្រកួត​​​​​​ហើយបានឡើងទៅកាន់វគ្គ​​១៦នាក់​ក្នុងពេលខាងមុខ​ផងដែរ ​​ក្រោយបញ្ចប់ការប្រកួត​ចំនួន​​៣ទឹក​។

លោក សេង កដិកា អ្នករៀបចំកម្មវិធី​​​បានបង្ហាញការ​ចាប់អារម្មណ៍​ខ្លាំងជាង​​គេ​​​រវាងការប្រកួត​កីឡាករ ​ទី ពន្លែត មកពីក្លិប​​​​​អង្គរមានជ័យ​ខេត្ត​សៀមរាប ​និង​កីឡាករ​ ភួង ​​ណាំហង មកពីក្លិប​​​​​រស្មីកុមារកំព្រា ជាង​ការប្រកួតមួយគូទៀត ដោយសារតែគូនេះ​​​គឺ​​កីឡាករ​​អ្នក​វាយចេញ​ច្រើន​បានក្លាយជាអ្នកចាញ់ ហើយកីឡាករ​ដែល​​បែក​ឈាម​​ហូរ​​​​​ច្រើនគួរសម​ពេញ​មុខ និង​ដងខ្លួន បានក្លាយជាអ្នកឈ្នះ។ លោកបានពន្យល់ថា​​ហេតុ​ផលដែលកីឡាករ​ ​ភួង ​​​​​​ណាំហង ​​​​​បាន​ប្រកួត​ចេញច្រើនតែ​មិន​បានទទួល​ជ័យជម្នះ​ គឺដោយសារតែគេប្រកួត​​​​​​ចេញមិន​ប្រើបច្ចេកទេស ដោយលោកបានហៅ​ការវាយចេញច្រើននោះថា ជាការ​វាយ​ចេញ​របៀបកូនក្មេង។

លោកថា​​​ធៀប​នឹងការប្រកួត​ចំនួន​​៣ទឹក ដែលបានធ្វើឡើងនៅសង្វៀនប៉ុស្ដិ៍​លេខ​​៥​កាលពីថ្ងៃសៅរ៍នោះ ​​​​​​​​កីឡាករបង្គោល​ខៀវ ភួង​ ណាំហង វាយ​ចេញ​បាន​រហូត​ដល់​​​​​​​៦០ទៅ​៨០ភាគរយ ​​​ដោយ​ក្នុងទឹក​ទី​​៣ គេ​វាយ​បាន​ល្អ​​ព្រោះតែ​​ជំហររឹងមាំជាងគូប្រកួតនោះផង។

ប៉ុន្តែ​បើក្រឡេកទៅមើល​លទ្ធផលពិន្ទុ​លោកថា​​​​​​ត្រូវ​ចំគោលដៅតិចណាស់ ដោយ​​​​​​​​​ការ​វាយចេញម្ដងៗ គឺ​មិន​​មែន​​ជាបច្ចេកទេសរបស់កីឡាករ​​នោះ​ផង។ ​លោកថា​​កីឡាករ​បង្គោល​​​ក្រហម ​​ទី ពន្លែត មើលទៅ​​ជំហរ​ខ្សោយជាង
ហើយ​​សន្ទុះវាយ​ចេញក៏តិចភាគរយ​ជាងដៃគូ​​​ដូចគ្នា តែ​​​​ការ​វាយ​ចេញមួយស្នៀតៗរបស់គេ គឺ​​​​ត្រូវ​​ចំកន្លែងផ្ដល់ពិន្ទុ ជាពិសេស​មួយដៃៗដែលគេមាន​ឱកាសវាយត្រូវ​គូប្រកួត។

លោកថាការប្រកួត​ជម្រុះនៅលើសង្វៀន​ មិនមែនអោយតែ​អាចវាយចេញបានច្រើន ក៏​​​​ឈ្នះការប្រកួត​នោះទេ គឺ​​​គណកម្មការ​​ត្រូវការផ្ដល់​​ពិន្ទុ​ដោយ​ផ្អែក​លើបច្ចេកទេសនិង​​​​​កន្លែង​​វាយត្រូវ​​ចំកន្លែងអោយពិន្ទុ។ អ៊ីចឹង​ហើយទើ​បលោក​យល់ថា​ជ័យជម្នះរបស់កីឡាករ​​បង្គោលក្រហម​ ទី ពន្លែត ​​ក្រោយការ​បញ្ចប់​​៣​ទឹក គឺ​​ជារឿងត្រឹមត្រូវ
ដែល​លោកបញ្ចាក់​​​​​​អ្នក​​​​​មិន​ស្គាល់ពីរបៀប​ផ្ដល់ពិន្ទុពិតជាគិតថា​​កីឡាករ​​​​បង្គោល​ខៀវ ភួង ​ណាំហង ​​​គួរតែឈ្នះច្រើនជាង។ យ៉ាងណាមិញ លោកថា​​កីឡាករ​​អ្នកឈ្នះ​​ទទួលបានជ័យ​ជម្នះ​ដោយមិនសូវ​​មានការ​​​​លើកសរសើរដោយសារតែគេ​​​​ទម្រាំ​វាយត្រូវមួយដៃ​ៗទៅ​លើគូប្រកួត ដែលជាកន្លែង​​​​ត្រូវ​​អោយពិន្ទុនោះ គឺ​​​​ត្រូវ​កីឡាករ​​​ម្ខាងទៀត​វាយ​​ត្រូវ​ឡើង​ចង់ទក់សាច់។

លោកសរសើរថា ​កីឡាករ​ ភួង ​​ណាំហុង ​​ក្លាហាននិង​​ហ៊ាន​តស៊ូ ហើយបើគេ​ចេះប្រើបច្ចេកទេសបានល្អបន្តិច
គឺពិតជា​​​​ឡើងកូដ​​មិនពិបាកនោះទេ ដោយសារតែគេមានជំហរ​រឹងមាំ ហើយ​​​​​​មិនទុក​​កម្លាំងនៅស្ងៀម​ពេញរយៈពេល​​​៣ទឹក ដោយស្ទុះវាយ​​ចូលរហូត។

​​លោកចង់ឃើញ​​កីឡាករដែលឡើងប្រកួតលើរេញមានការ​តស៊ូដូចគ្នានឹងការប្រកួតរបស់​​កីឡាករ ​ភួង ណាំហុង​
ដោយលោកនិយាយថា​បើ​ឈ្នះដោយ​​​​គ្រាន់តែប្រើពាក្យថា​​​​​​ដោយសារបច្ចេកទេស​​ដូចជាករណី កីឡាករ​ ទី ពន្លែត ក៏មិនសូវល្អមើល​​ដែរ។

លោក​និយាយថា «​ទី ពន្លែត បាន​ឡើងវគ្គ​១៦នាក់​ដោយសារតែ​​​វាយត្រូវបច្ចេកទេសបានច្រើនជាងគូប្រកួត តែមើលទៅ​ឈ្នះ​អត់ល្អមើលទេ ដោយសារតែគូនេះគេសរសើរកីឡាករម្ខាងទៀតច្រើនជាង!»។

លោក​ថាការប្រកួតឈ្នះរបស់ ​ទី ពន្លែត បើបណ្ដោយអោយតែគូប្រកួតស្ទុះវាយចូលមុន ហើយទើប​ឆ្លៀត​​ឱកាសថែមថយតាមក្រោយតែអ៊ីចឹង គឺពិតជាពិបាក​​​​ឡើងទៅ​​​​កាន់វគ្គ​​៨នាក់ ដែលនឹងតម្រូវអោយកីឡាករអ្នកឈ្នះ​​​​ទាំង​​១៦នាក់ធ្វើការប្រកួតជម្រុះគ្នា។ ប៉ុន្តែលោកជឿជាក់ថា​​​កីឡាកររូបនេះ ពិតជាមានការ​ផ្លាស់​ប្ដូរ និងប្រឹងប្រែងហ្វឹកហាត់​​​​បង្កើន​​កម្លាំងអោយច្រើនជាងនេះ ​ដើម្បីអាច​មានសន្ទុះ​​​​​​​​​​​​​ខ្លាំងក្លា​ក្នុងការប្រកួតចេញ។

លោកថា​​ការប្រកួត​ដែលមិនសូវ​មាន​​​​​កម្រិតវាយចេញ​​​​បានច្រើន គឺអាចបណ្ដាលមកពី​​កម្លាំង​​​​ស៊ុហ្វមិនដល់ អ៊ីចឹង​ហើយទើប​លោក​ទទូចអោយ​កីឡាករ ទី ពន្លែត កែ​​ប្រែកម្លាំង​​​​​​​​​​​​ និងជំហរ​សម្រាប់​ការប្រកួត ដើម្បី​កុំអោយឆាប់​ហត់
ដោយគ្រាន់តែការ​ប្រកួត​​កំណត់តែ​​៣ទឹក។ ​ លោកថា​ការប្រកួតមួយគូរនេះ លោកមានការ​ពេញចិត្តជាងគេ ​ជាពិសេស​ក្នុងទឹកទី​​១ បើទោះជា​​កីឡាករ​ ទី ពន្លែត ដែល​​​បានទទួលជ័យជម្នះ ​​ចាញ់ប្រៀបក្នុងការវាយ​ចេញ​។

លោកអះអាងថា​នេះជា​ជ័យ​ជម្នះរបស់កីឡាករ​​​២រូប​ក្នុងសប្ដាហ៍ទី​​៦ ដោយមានន័យថា​តាំងពីប៉ុស្ដិ៍​លេខ​​​៥បើកការប្រកួត​​​ជម្រុះជើងឯក​​​ក្នុងប្រភេទទម្ងន់​​​​​៦៥គីឡូក្រាមនៅ​​សង្វៀន​​ព្រែកកំពិស គឺ​​​ប៉ុស្ដិ៍លេខ​​​៥​ជម្រើសបាន​​អ្នកអង្គុយ​កៅអី​​​​​​​១៦នាក់បាន​​​១២នាក់​ហើយ ដែលមានន័យថា​​​​​​នៅសល់តែ២សប្ដាហ៍ទៀតទេ​គឺការប្រកួតក្នុងជុំទី​១ត្រូវ​បញ្ចប់ ហើយ​កីឡាករ​​អ្នកឈ្នះ​ទាំង​​១៦នាក់ នឹង​បន្តការប្រកួតជម្រុះទៀត​​ដើម្បី​យកតែ​​​​៨នាក់។

​ការប្រកួត​ក្នុងព្រឹត្តិការណ៍​នេះ លោកថា​​ធ្វើឡើងរៀងរាល់ថ្ងៃសៅរ៍​ម៉ោង​​៥ល្ងាច នៅព្រែកកំពិស​​​​​​​ ​​​ដោយកីឡាករ​ដំបូងៗគឺមានសរុ​បចំនួន​​៣២រូបហើយ​​កំណត់អោយពួកគេ​ចាប់គូគ្នា​ប្រកួតចាញ់ធ្លាក់ៗ​។ លោកថាការប្រកួត​​​​ដណ្ដើមជើងឯក​​មួយនេះ មាន​ភាព​ស្វិត​ស្វាញ ហើយ​​លោកក៏​​​​​​នឹងសរសើរចំពោះ​កីឡាករ​​​​ដែលមាន​​​​ឱកាសបានឡើងទៅកាន់វគ្គ​​១៦នាក់ផងដែរ ​​ក្នុងពេលដែលលោកប្រកាស​ថា​​ទម្រាំតែការប្រកួតនេះ​ឈានដល់​ជម្រើសបាន​​៤នាក់​​ គឺពិតជា​កាន់តែល្អមើល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ