សហជីព៖ ការ​បង្ខំ​កម្ម​ការនីឲ្យ​រំលូត​កូន​នៅ​តែ​កើត​មាន​នៅ​កម្ពុជា

ដោយ លោក ហ៊ុន សិរីវឌ្ឍន៍​​ | ថ្ងៃអាទិត្យ ទី៨ ខែតុលា ឆ្នាំ២០១៧​ ម៉ោង 11:19 AM | សិទ្ធិមនុស្ស | 0 | 1836

មន្ត្រី​សហជីព​សហព័ន្ធ​កម្ម​ករ​ចំណី​អាហារ​កម្ពុជាថា សកម្មភាពគំរាម​កំហែង​ឲ្យ​កម្ម​ការនី​រំលូត​កូន ដើម្បី​រក្សា​ការ​ងារ​ខ្លួន​​នៅ​តែ​កើត​មាន​នៅ​កម្ពុជា ដោយ​ថាសកម្មភាព​នេះ​ធ្វើ​ឡើងដោយ​បាន​​បិទបាំងពី​មជ្ឈដ្ឋាន​សង្គម។

​ក្នុង​វេទិការ​សុវត្ថិ​ភាព​​ការ​ងារនិង​មុខ​របរ​ ដែលបាន​រៀប​ចំ​ដោយ​មជ្ឈមណ្ឌល​កម្ពុជា​ដើម្បី​ប្រព័ន្ធ​ផ្សព្វផ្សាយ​ឯក​រាជ្យនៅ​ថ្ងៃ​ទី​៨នេះ​ អនុប្រធាន​សហព័ន្ធ​សហជីព​កម្ម​ករ​ចំណី​អាហារ​កម្ពុជា​លោ​ក​ស្រី​ អ៊ូ ទេពផល្លីន បាន​ថ្លែងថារហូត​មក​ដល់​ពេល​បច្ចុប្បន្ន​នេះ សកម្ម​ភាព​រំលោភ​បំពាន​ពី​សំណាក់​ថៅ​កែបង្ខំឲ្យកម្ម​ការនីរោងចក្រ ជា​ពិសេស​ទៅ​លើ​អ្នក​ធ្វើ​ការ​នៅ​ហាង​ខារ៉ា​អូខេ រំលូតកូន​ដើម្បី​រក្សា​ការងារ​ ​គឺ​នៅ​តែ​កើត​មាន​ដដែលដែល​ស្ថិត​ក្នុង​រូបភាព​បិទ​បាំងហើយជនរងគ្រោះ​មិន​ហ៊ាន​តវ៉ា និង​ដាក់​ពាក្យ​ប្តឹង​នោះ​ទេ។

លោក​ស្រី​ថា៖ «គាត់គិតថាគាត់ធ្វើការបីខែបួនខែអីទៅគាត់គិតថាពេលពោះគាត់ធំចាំគាត់ឈប់នៅពេលដែលគេដឹងគេថាកន្លែងយើងអត់អាចទទួលបានទេព្រោះកន្លែងយើជាកន្លែងដែលសប្បាយបើសិនជាចង់មានការងារធ្វើត្រូវតែអត់កូន។ ភាសាហ្នឹងគឺបង្ខំឲ្យស្ត្រីអត់ជំរើស អញ្ចឹងដោយសាមួយចំនួនទៅដោយសារគាត់ខ្មាស់អៀនទៅនឹងការងារទើបគាត់អត់ហ៊ានទៅពេទ្យគាត់ទៅទិញថ្នាំទម្លាក់កូនដោយខ្លួនឯងនៅពេលដែលគាត់ត្រូវបានគេហាមមិនឲ្យគាត់ញាំស្រា ញាំទឹកកកព្រោះវាសាប នៅពេលដែលល្ងាចឡើងពេលដែលភ្ញៀវបង្ខំធ្វើឲ្យអាការៈហ្នឹងឈាមធ្លាក់មកអត់អស់ ចុកក៏មានដែរ។ ខ្ញុំឃើញថាកន្លែងខារ៉ាអូខេមានច្រើនណាស់»

ទោះ​ជា​យ៉ាង​ណា​លោក​ស្រី​ថាដោយ​សារ​ឥទ្ធិពល​អំណាច​របស់​ថៅ​កែ រោងចក្រ ក៏​ដូច​ជា​ម្ចាស់​ហាង​ខារ៉ា​អូខេ និងអំពើ​ពុក​រលួយ​ បាន​ធ្វើ​ឲ្យ​ជន​រងគ្រោះ​ពី​អំពើ​នេះមិន​ហ៊ាន​ដាក់ពាក្យ​ប្តឹង ឬចេញ​មុខ​មក​បញ្ជាក់​នោះ​ទេ។

មេកានៅ​ហាង​​ខារ៉ា​អូ​ខេ​ម្នាក់ កញ្ញា ហៀង ស្រីពៅ ថាជា​ទូ​ទៅ​ក្នុង​រយៈពេល​១​ខែ​ម្តង ​ថៅ​កែ​ហាង​តែង​តែ​ឲ្យ​ស្ត្រី​ខារ៉ា​អូខេ ​ធ្វើ​ការ​ពិនិត្យ​ទឹក​នោម​ម្តង​ ដើ​ម្បី​ឲ្យ​ប្រាកដ​ថា ស្ត្រី​ទាំង​នោះ​គ្មាន​កូន និង​អាច​បន្ត​ការងារ​បាន។

កញ្ញា​ថា៖ «ខ្ញុំថា គួរតែមានវិធានការហើយ។ ការដែលមានផ្ទៃពោះ ហើយថៅកែហាងនិយាយថា គេអត់ឲ្យពួកយើងទៅរំលូតទេ តែបើយើងអត់បានរំលូតយើងបាត់បងការងារ។ បើយើងអត់បាន ទៅរំលូតយើងបាត់បង់ការងារអញ្ចឹងយើងធ្វើម៉េច សម្រេចចិត្តរំលូតដដែលហ្នឹង។ ហើយបើដឹងថា មានផ្ទៃពោះត្រូបានបណ្តេញជាបន្ទាន់។ គេគិតថា យើងជាស្ត្រីដែលមា​​ផ្ទៃពោះធ្វើធ្វើការកន្លែងគេធ្វើឲ្យគេបាត់បង់អតិថិជន បាត់បង់ភ្ញៀវបាត់បង់ប្រាក់ចំណូល អញ្ចឹងស្នើហ្នឹងយើងជាមនុស្សចង្រៃ និយាយទៅ សម្ពោធគ្រប់កន្លែងហើយយើងដើរចេញពេលខ្លះទាំងយំ»

វី​អូ​ឌី ​មិន​អាច​ទាក់​ទង​អ្នក​នាំពាក្យ​ក្រសួង​កិច្ច​ការ​នារី ដើម្បី​ឆ្លើយ​តប​ពី​ករណី​នេះ ​បាន​នៅ​ឡើយ​ទេ ខណៈ ប្រធាន​ក្រុម​អ្នក​នាំពាក្យ​នៃ​ក្រសួង​នេះ លោកស្រី យិន សារ៉ាត់ ថា​លោក​ស្រី ​កំពុងរវល់​ប្រជុំ។

អនុប្រធានអចិន្ត្រៃយ៍របស់គណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងការជួញដូរមនុស្ស លោកស្រី ជូ ប៊ុនអេង ថា ​មិន​ដឹង​ពី​ករណី ​ដែល​ថៅ​កែ​បង្ខំ​ឲ្យ​បុគ្គលិក​ខ្លួន​រំ​លូត​កូន​ ដើម្បី​បានធ្វើការងារបន្ត​នោះ​ទេ។ លោក​ស្រី​ ចាត់​ទុក​​ករណី​នេះ ​ជា​អំពើ​ល្មើស​ និង​ខុស​ច្បាប់​។ ទោះ​ជាយ៉ាង​ណា​ លោក​ស្រី​ មិន​ទាន់​អាច​បញ្ជាក់​​ពី​វិធាន​ការណ៍​របស់​រដ្ឋាភិបាល​ទៅ​លើ​ករណី​នេះ ​បាន​នៅ​ឡើយ​ទេ។

លោក​ស្រី​ជូ ប៊ុនអេង៖ «ដោយសារទើបតែឮ កុំអាលទាន់សួរខ្ញុំរឿងហ្នឹង! យើងចាំដាក់ចូលក្នុងកិច្ចប្រជុំពិភាក្សាតែឥឡូវនេះ ខ្ញុំកំពុងស្ថិតក្នុងអង្គប្រជុំមួយ ចាំរួចចាំទាក់ទងគ្នាទៀត» ​​

បើតាមរបាយការណ៍របស់អង្គការ​ Care ចេញផ្សាយកាលពីឆ្នាំ២០១៥ ឲ្យដឹងថា ស្រ្ដីប្រហែល៤ម៉ឺននាក់ កំពុងធ្វើការ​នៅក្នុងឧស្សាហកម្ម​ផ្សព្វផ្សាយ​ស្រាបៀរ នៅ​តាម​ភោជនីយដ្ឋាន ប៊ៀរហ្គាឌិន និង​រាំងហ្គាសាល​ប្រមាណជា​៤០០កន្លែង ​នៅ​រាជធានីភ្នំពេញ៕

សរសេរមកកាន់ លោក ហ៊ុន សិរីវឌ្ឍន៍ តាមរយៈ sirivadh@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required