វិភាគ៖ តើ​ការ​បដិសេធ​របស់​សាលា​រាជ​ធានី​ភ្នំពេញ​មិនឲ្យ​ប្រមូល​ផ្ដុំ​បញ្ចេញ​មតិ ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ស្ថានភាព​​សេរីភាពនិង​នយោបាយ​នៅ​​ប្រទេស​កម្ពុជា?

ស្ទើរតែពេញមួយឆ្នាំ២០១៦នេះ ខណៈដែលស្ថានភាពទាល់ច្រកផ្នែកនយោបាយបាននិងកំពុងកើតមាននៅក្នុងប្រទេសកម្ពុជានោះ សាលារាជធានីភ្នំពេញបានបដិសេធស្ទើរតែទាំងអស់ នូវសំណើនានារបស់គណបក្សប្រឆាំង ក៏ដូចជាសង្គមស៊ីវិល ដែលបានស្នើសុំរៀបចំការជួបជុំឬការប្រមូលផ្ដុំសម្ដែងមតិនៅឯទីលានប្រជាធិបតេយ្យឬនៅទីតាំងសាធារណៈណាមួយនៅរាជធានីភ្នំពេញ។

កាលពីដើមខែមីនាឆ្នាំ២០១៦នេះ ក្រុមបណ្ដាញកម្មករបម្រើការតាមផ្ទះ អង្គការស៊ីដ និងតំណាងប្រជាពលរដ្ឋតំបន់បឹងកក់ បានស្នើទៅសាលារាជធានីភ្នំពេញ សម្រាប់រៀបចំកម្មវិធីជិះកង់ ដើម្បីអបអរសាទរទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា ប៉ុន្តែ អាជ្ញាធររាជធានីភ្នំពេញ បានបដិសេធសំណើនេះ ដោយលើកហេតុផលថា ក្បួនជិះកង់ពីមុខក្រសួងកិច្ចការនារី ទៅកាន់វិមានរដ្ឋសភារបស់ក្រុមប្រជាពលរដ្ឋទាំងនោះ នឹងធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ។

មកដល់ដើមខែឧសភាកន្លងមក ក្រុមប្រជាពលរដ្ឋមកពីសហគមន៍មានជម្លោះដីធ្លីនៅរាជធានីភ្នំពេញ បានដាក់លិខិតមួយច្បាប់ទៅអភិបាលនៃគណៈអភិបាលរាជធានីភ្នំពេញ ដោយស្នើសុំដង្ហែញត្តិទៅដាក់នៅអង្គភាពប្រឆាំងអំពើពុករលួយ ដើម្បីទាមទារឲ្យបញ្ឈប់ការចោទប្រកាន់ និងដោះលែងមន្ត្រីសិទ្ធិមនុស្ស ៤រូប និងមន្ត្រីរៀបការចំការបោះឆ្នោតមួយរូបដែលកំពុងជាប់ឃុំ។ ជាថ្មីម្ដងទៀត ប្រធានរដ្ឋបាលសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ដែលទើបតែត្រូវបានតែងតាំងជាអភិបាលរងរាជធានីភ្នំពេញនាពេលថ្មីៗនេះ បានសម្រេចមិនអនុញ្ញាតឲ្យមានក្បួនដង្ហែញត្តិនោះឡើយ ដោយសម្អាងថា ជាន់ថ្ងៃគ្នាជាមួយព្រឹត្តិការណ៍ជិះកង់របស់សហគមន៍អឺរ៉ុប និងអាចបណ្ដាលឲ្យប៉ះពាល់សណ្ដាប់ធ្នាប់សាធារណៈ។ ជាលទ្ធផល នាយកប្រតិបត្តិសមាគមធាងត្នោត លោក អ៊ី សារ៉ុម និងមន្ត្រីអង្គការលីកាដូ លោក ថាវ គឹមសាន ដែលបានធ្វើយុទ្ធនាការពាក់អាវខ្មៅនោះ ត្រូវបានកម្លាំងសន្តិសុខរាជធានីភ្នំពេញចាប់ខ្លួន ហើយលោក មាន ចាន់យ៉ាដា បានចោទអ្នកទាំងនោះថា បានធ្វើយុទ្ធនាការដោយគ្មានការអនុញ្ញាត។

នៅចុងខែឧសភានោះដែរ សាលារាជធានីភ្នំពេញ បានបដិសេធសំណើរបស់គណបក្សប្រឆាំងជាថ្មីម្ដងទៀត ដែលនៅពេលនោះ គណបក្សសង្គ្រោះជាតិបានស្នើសុំដង្ហែញត្តិដាក់ទៅព្រះមហាក្សត្រ ដើម្បីស្វែងរកព្រះរាជអន្តរាគមន៍លើករណីលោក កឹម សុខា ប្រធានស្ដីទីគណបក្សនេះ ត្រូវបានតុលាការចោទប្រកាន់ពីបទបដិសេធចូលខ្លួនបំភ្លឺក្នុងតុលាការ។ សាលារាជធានីភ្នំពេញ បានលើកឡើងថា ការដង្ហែក្បួននេះ ធ្វើឲ្យប៉ះពាល់ដល់សន្តិសុខ សុវត្ថិភាព សណ្ដាប់ធ្នាប់ និងរបៀបរៀបរយសាធារណៈ និងការកកស្ទះចរាចរណ៍។ លើសពីនេះទៅទៀត ក្រុមយុវជនជាង ២០០នាក់ ដឹកនាំដោយលោក ស្រី ចំរើន ដែលតែងតែចេញមុខធ្វើបាតុកម្មប្រឆាំងនឹងលោក កឹម សុខា នាពេលនោះ បានប្រមូលផ្ដុំគ្នារារាំងក្បួនដង្ហែរបស់ក្រុមតំណាងរាស្ត្របក្សប្រឆាំង នៅម្ដុំមុខសណ្ឋាគារកាំបូឌីយ៉ាណា។

មកដល់ដើមខែកញ្ញាកន្លងមក ដោយប្រឈមមុខនឹងសម្ពាធនយោបាយពីខាងគណបក្សកាន់អំណាចកាន់តែខ្លាំង ក្រុមតំណាងរាស្ត្របក្សប្រឆាំង បានប្រកាសពីគម្រោងដង្ហែញត្តិដាក់តាមបណ្ដាស្ថានទូតនានា នៅក្នុងរាជធានីភ្នំពេញ ប៉ុន្តែ ដូចសព្វមួយដងដែរ សាលារាជធានីភ្នំពេញ បានបដិសេធជាថ្មីទៀត ដោយអភិបាលក្រុង លោក ប៉ា សុជាតិវង្ស បញ្ជាក់ថា ទីក្រុងមួយនេះ មិនមែនជារបស់បក្សប្រឆាំងនោះឡើយ។

ហើយកាលពីចុងខែតុលាកន្លងមកនេះ សាលារាជធានីភ្នំពេញបានបដិសេធជាថ្មីទៀតចំពោះសំណើរបស់បក្សប្រឆាំង ដែលស្នើសុំរៀបចំពិធីរំលឹកខួបទី ២៥ឆ្នាំ នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ២៣ តុលា នៅឯទីលានប្រជាធិបតេយ្យ។

អ្វីដែលរឹតតែចម្រូងចម្រាស់ទៀតនោះ គឺថា សាលារាជធានីភ្នំពេញ បានបដិសេធសំណើម្ដងហើយម្ដងទៀតចំពោះការសើ្នសុំដង្ហែសពលោក កែម ឡី កាលពីចុងខែកក្កដាកន្លងមក មុននឹងអាជ្ញាធរសម្រេចតាមការស្នើសុំពីគណៈកម្មការបុណ្យសពអ្នកវិភាគនយោបាយរូបនេះ។ បន្ទាប់ឃាតកម្មលើលោក កែម ឡី រំលងទៅបានរយៈពេលជាង ៣ខែ គណៈកម្មការបុណ្យសពលោក កែម ឡី បានស្នើរៀបចំពិធីបុណ្យគម្រប់ខួប ១០០ថ្ងៃនៅរាជធានីភ្នំពេញ ប៉ុន្តែ ត្រូវបានសាលារាជធានីភ្នំពេញបដិសេធម្ដងហើយម្ដងទៀត មុននឹងសម្រេចអនុញ្ញាតឲ្យមានការរៀបចំធ្វើបុណ្យ ១០០ថ្ងៃ នៅវត្តចាស់ ដែលបុណ្យនេះកើតឡើងចំពេលដែលអ្នករាយការណ៍ពិសេសអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិកម្ពុជា អ្នកស្រី រ៉ូណា ស្មីត កំពុងបំពេញទស្សនកិច្ចផ្លូវការរយៈពេល ១០ថ្ងៃនៅក្នុងប្រទេសកម្ពុជា។

ហើយការបដិសេធចុងថ្មីបំផុត គឺថា សាលារាជធានីភ្នំពេញមិនអនុញ្ញាតឲ្យបូជាសពលោក ប៉ែន សុវណ្ណ នៅមុខវត្តបទុមវត្តនោះឡើយ បើទោះបីជាលោក ប៉ែន សុវណ្ណ គឺជាអតីតនាយករដ្ឋមន្ត្រីខ្មែរដំបូងគេក្រោយរបបខ្មែរក្រហមក៏ដោយ។ អ្នកនាំពាក្យសាលារាជធានីភ្នំពេញ លោក មាន ចាន់យ៉ាដា ថ្លែងថា មានតែថ្នាក់ដឹកនាំជាន់ខ្ពស់ប៉ុណ្ណោះ ដែលត្រូវបានអនុញ្ញាតឲ្យបូជានៅមុខវត្តបទុមវតី។

លោកមានប្រសាសន៍ថា៖ “ជាទូទៅតំណាងរាស្រ្ត យើងមិនទាន់បានអនុញ្ញាតឲ្យមានការបូជាសពនៅកន្លែងនោះទេ ដូចសព ឯកត្ដម….និងលោកជំទាវ…ដែលស្លាប់កន្លងមក តំណាងរាស្ត្រក្នុងនាមតំណាងរាស្រ្ត គឺយើងមិនបានអនុញ្ញាតឲ្យធ្វើនៅមុខវត្ត បទុមវត្តីនោះទេ”។

ដូច្នេះ នៅក្នុងរយៈពេលជិតមួយឆ្នាំមកនេះ សាលារាជធានីភ្នំពេញ បានបដិសេធសំណើរបស់គណបក្សប្រឆាំង ក៏ដូចជាអង្គការសង្គមស៊ីវិល មិនតិចជាង ១០ដងនោះដែរ ហើយការបដិសេធជាមួយហេតុផលដដែលៗបែបនេះ នាំឲ្យមានចម្ងល់លេចឡើងថា តើវាឆ្លុះបញ្ចាំងឲ្យឃើញដូចម្ដេចអំពីស្ថានភាពសេរីភាពនៃការប្រមូលផ្ដុំ និងការបញ្ចេញមតិ នៅក្នុងប្រទេសកម្ពុជា?

ទាក់ទងទៅនឹងករណីនេះ អ្នកការពារសិទ្ធិមនុស្សនៃអង្គការលីកាដូ លោក អំ សំអាត បានប្រាប់ថា ការបដិសេធរបស់សាលារាជធានីភ្នំពេញ គឺជារំលោភទៅលើសិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី ដែលត្រូវបានធានាដោយបទដ្ឋានអន្តរជាតិស្ដីពីសិទ្ធិមនុស្ស រដ្ឋធម្មនុញ្ញ និងច្បាប់ស្ដីពីបាតុកម្មដោយសន្តិវិធីរបស់ប្រទេសកម្ពុជា។ លោកបន្តថា ការបំបិទសិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូលផ្ដុំបញ្ចេញមតិដោយសន្តិវិធីនេះ បានប៉ះពាល់ទៅដល់ដំណើររីកលូតលាស់នៃដំណើរការប្រជាធិបតេយ្យនៅក្នុងសង្គម។

លោកបន្តថា៖ “វាជារឿងមួយដែលប៉ះពាល់យ៉ាងធ្ងន់ធ្ងរ ទៅលើសិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ ពីព្រោះនៅប្រទេសមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ គឺសិទ្ធិសេរីភាពនៃការជួបជុំ ការប្រមូលផ្ដុំ និងការបញ្ចេញមតិ ដោយសន្តិវិធីនេះ វាគឺជាមូលដ្ឋានគ្រឹះមួយដែលបង្ហាះអំពីសង្គមមួយដែលប្រកាន់លទ្ធិប្រជាធិបតេយ្យ។ កាលសិទ្ធិសេរីភាពទាំងអស់ហ្នឹង ត្រូវបានរឹតត្បិត អាហ្នឹងបង្ហាញថា លទ្ធិប្រជាធិបតេយ្យមិនទាន់បានដំណើរការទៅមុខទេ ហើយវាធ្វើឲ្យប៉ះពាល់ទៅដល់ដំណើរការលទ្ធិប្រជាធិបតេយ្យទៅវិញទៀត”។

ក្រៅពីមើលឃើញថា វាការបំបិទសិទ្ធិសេរីភាពនោះ លោក អំ សំអាត ចាត់ទុកការបដិសេធមួយចំនួន ដូចជាករណីបុណ្យសពលោក ប៉ែន សុវណ្ណ ជាដើម ជាការរើសអើងនយោបាយពីសំណាក់គណបក្សកាន់អំណាច ទៅលើគណបក្សប្រឆាំង ដែលលោកថា មិនបានផ្ដល់ផលចំណេញទៅដល់គណបក្សកាន់អំណាចនោះឡើយ។

លោក អំ សំអាត មានប្រសាសន៍ថា៖ “ខ្ញុំគិតថា អាហ្នឹងជាហេតុផលនយោបាយទៅវិញទេ ទាក់ទងទៅនឹងការប្រមូលផ្ដុំ ការជួបជុំដោយសន្តិវិធី ហើយការហាមប្រាមទាំងអស់ហ្នឹង អត់មានផលចំណេញអីសម្រាប់គណបក្សកាន់អំណាច ឬក៏រដ្ឋាភិបាលទេ។ ផ្ទុយទៅវិញ វាខាតដោយសារតែមានការរិះគន់ពីមតិជាតិ និងអន្តរជាតិ ទាក់ទងនឹងការរឹតត្បិតសេរីភាពនៃការជួបជុំ ការប្រមូលផ្ដុំ ដែលជាមូលដ្ឋានគ្រឹះនៃលទ្ធិប្រជាធិបតេយ្យទៅវិញទេ អត់មានអីចំណេញទេ។ នេះគឺយើងគឺគិតទៅដោយសារតែហេតុផលនយោបាយ គឺធ្វើឲ្យប៉ះពាល់ទៅដល់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋក្នុងការជួបជុំ និងការប្រមូលផ្ដុំដោយសន្តិវិធី”។

មិនមែនមានតែលោក អំ សំអាត តែម្នាក់ទេដែលមើលឃើញថា ការបដិសេធរបស់សាលារាជធានីភ្នំពេញនាពេលកន្លងមក មានជាប់ទាក់ទងទៅនឹងហេតុផលនយោបាយនោះ។ អ្នកវិភាគនយោបាយឯករាជ្យ លោក អ៊ូ វីរៈ បានសង្កត់ធ្ងន់ថា ការរើសអើងនយោបាយនៅក្នុងប្រទេសកម្ពុជា បានឆ្លុះបញ្ចាំងឲ្យឃើញពីភាពមិនទាន់ចាស់ទុំនៅក្នុងចំណោមអ្នកនយោបាយកម្ពុជា។

លោក អ៊ូ វីរៈ មានប្រសាសន៍ថា៖ “វាទាក់ទងនឹងសេរីភាពនៃការបញ្ចេញមតិ ប៉ុន្តែ សំខាន់គឺរឿងការរើសអើងនយោបាយ ជាពិសេសដូចលោក ប៉ែន សុវណ្ណ ជាតំណាងរាស្ត្រ។ អីចឹង តំណាងរាស្ត្រមួយស្លាប់ គឺជារឿងធំណាស់ គាត់កំពុងមានតួនាទីជាតំណាងរាស្ត្រតែម្ដង ហើយទីពីរ គាត់ធ្លាប់ជាទីនាយករដ្ឋមន្ត្រី។ ទោះបីយ៉ាងម៉េចក៏ដោយ មកពីគណបក្សខុសគ្នា ឬមិនខុសគ្នា នៅតែជាអតីតនាយករដ្ឋមន្ត្រី។ ការរើសអើងនយោបាយនៅក្នុងប្រទេសកម្ពុជា គឺជាប្រធានបទមួយធំ ឆ្លុះបញ្ចាំងពីភាពមិនទាន់ចាស់ទុំ។ ខ្ញុំមើលឃើញមិនមានតំណាងរាស្ត្រច្រើនមកពីគណបក្សកាន់អំណាច ចូលរួមអីហ្នឹង ខ្ញុំមើលទៅមិនឆ្លុះបញ្ចាំងពីភាពចាស់ទុំ”។

លោក អ៊ូ វីរៈ បានបន្ថែមថា បើទោះបីជាគណបក្សកាន់អំណាចអាចទទួលបានផលចំណេញក្នុងរយៈពេលខ្លី ប៉ុន្តែ សម្រាប់ផលប្រយោជន៍ប្រទេសជាតិរយៈពេលវែង លោកព្រួយបារម្ភថា ការរើសអើងនយោបាយនេះ នឹងបន្សល់ទុកនូវការប្រេះឆាក្នុងសង្គម។

លោកបន្តថា៖ “ក្នុងរយៈពេលខ្លី វាអាចធ្វើឲ្យមានការចំណេញដល់រដ្ឋាភិបាល តែរយៈពេលវែង ខ្ញុំមើលទៅអត់មានអីក្រៅពីបន្តឲ្យមានការតឹងទ្រូង បន្តឲ្យមានសង្គមមួយប្រេះឆាតែប៉ុណ្ណឹង។ សង្គមខ្មែរយើងប្រេះឆាខ្លាំងដោយសារតែយើងមិនទាន់ចេះរកឯកភាពជាតិឲ្យបានល្អ នៅក្នុងឯកភាពមួយដែលពឹងផ្អែកទៅលើពហុមតិ ពឹងផ្អែកទៅលើគំនិតខុសៗគ្នា ប៉ុន្តែ នៅអាចឯកភាពជាតិគ្នាបាន។ កន្លែងហ្នឹង យើងអត់ទាន់មានរូបមន្តទេ អត់ទាន់មានភាពចាស់ទុំនៅឡើយទេ”។

សម្រាប់អ្នកវិភាគនយោបាយ លោក សូ ចន្ថា បានមើលឃើញថា ការបដិសេធរបស់សាលារាជធានីភ្នំពេញ បានរំលោភលើច្បាប់ដែលបានចែងអំពីសិទ្ធិសេរីភាពនៃការជួបជុំ និងប្រមូលផ្ដុំសម្ដែងមតិរបស់ប្រជាពលរដ្ឋ និងអង្គការសង្គមស៊ីវិល។

លោក សូ ចន្ថា ប្រាប់ថា៖ “អីចឹងបើយើងមើលផ្លូវច្បាប់ មិនមានហាមប្រាមទេ អីចឹងមានន័យថា ការសម្រេចបដិសេធរបស់អាជ្ញាធរ គឺជាការរំលោភច្បាប់ ជាការអនុវត្តខុសច្បាប់ទៅវិញ”។

លោក សូ ចន្ថា បន្ថែមថា ការប្រព្រឹត្តជាក់ស្ដែងរបស់អាជ្ញាធររាជធានីភ្នំពេញទៅលើគណបក្សប្រឆាំង និងអង្គការសង្គមស៊ីវិល មានលក្ខណៈផ្ទុយគ្នាទៅនឹងក្រុមយុវនជនដែលមានទំនោរគាំទ្ររដ្ឋាភិបាល៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ