យ៉ែម សំអូន​​ ថ្លែង​ពីការ​​លះ​​បង់​ក្នុង​រឿងស្រឡាញ់​ភេទ​​ដូច​គ្នា

មិនមែនជារឿងចម្លែកនោះទេក្នុងពេលដែលតារាប្រុសល្បីឈ្មោះម្នាក់ហ៊ានទទួល សម្ដែងជាតួអង្គប្រុសស្រឡាញ់ប្រុសនៅក្នុងផ្ទៃរឿង។ ប៉ុន្តែសម្រាប់លោកយ៉ែម សំអូន គឺខុសប្លែកពីនេះ ដោយសារតែលោកត្រូវគេដឹងថាមានរឿងអាស្រូវពាក់ព័ន្ធនឹងករណីនេះយ៉ាងកក្រើកយូរមកហើយ ដែលបណ្ដាលឲ្យលោកប្រើប្រាស់ហិង្សា តាមការចោទប្រកាន់របស់អ្នកនាង យ៉ាន លីនដា ជាអតីតភរិយាលោករហូតអ្នកទាំងពីរត្រូវបាក់បែកគ្នា។

លោក យ៉ែម សំអូន បានអះអាងថានៅក្នុងខ្សែរឿង «បណ្ដឹងស្រីទាំង៥» លោកបានទទួលសម្ដែងជាតួអង្គប្រុសស្រឡាញ់ភេទដូចគ្នា ដោយលោកទទួលស្គាល់ដូចគ្នាថាផ្ទៃរឿងមួយនេះនឹងធ្វើឲ្យលោកគេចមិនផុតនូវរឿងអាក្រក់ដែលធ្លាប់បោកបក់។ លោកថាការសម្ដែងរឿងនេះ គឺជាការលះបង់ខ្ពស់មួយ ព្រោះបើងាកទៅកាន់តារាមួយចំនួនដែលពើបប្រទះនឹងរឿងអាស្រូវពាក់ព័ន្ធនឹងស្នេហាភេទដូចគ្នាដូចលោក គឺប្រហែលជាមានតារាតិចណាស់ ទទួលសម្ដែងដូចលោក។

យ៉ាងណាមិញ លោកថា ការសម្ដែងក្នុងរឿង «បណ្ដឹងស្រីទាំង៥» មិនមែនការឆ្លុះបញ្ចាំងពីអាថ៌កំបាំងរបស់លោក ដូចអ្វីដែលអតីតភរិយាធ្លាប់បានចោទប្រកាន់នោះទេ ដោយលោកនៅតែប្រកាន់ជំហរការលើកឡើងរបស់អ្នកនាង យ៉ាន លីនដា គឺជាការភាន់ច្រលំនិងថាលោកមិនបានក្បត់ផិតភរិយាទៅស្រឡាញ់ប្រុស ដូចអ្វីដែលលោកបានសម្ដែងក្នុងរឿង «បណ្ដឹងស្រីទាំង៥» ។

អ្នកស្រី ពាន់ ភួងបុប្ផា អ្នកនិពន្ធរឿងនេះបានអះអាងថាខ្សែរឿង «បណ្ដឹងស្រីទាំង៥» លោក យ៉ែម សំអូន តម្រូវឲ្យសម្ដែងជាតួប្រុសស្រឡាញ់ប្រុសយ៉ាងស្មោះស្ម័គ្រជាមួយបុរសម្នាក់ ហើយក្រោយមកលោកក៏សុំចិត្តសង្សារទៅរៀបការជាមួយនារីម្នាក់ ដោយនៅទំនាក់ទំនងស្នេហាភេទដូចគ្នាដូចដើម។ អ្នកស្រីថាដោយសារតែតួអង្គ លោក យ៉ែម សំអូន ប្ដូរចិត្តសោះអង្គើយនឹងចំណងស្នេហ៍ភេទដូចគ្នា ហើយទៅភ្ជាប់ទំនាក់ទំនងជាមួយស្រីជាបន្តបន្ទាប់ ទើបសង្សារប្រុសរបស់លោក យ៉ែម សំអូន ឈានដល់ការរៀបគម្រោងសម្លាប់នារីនោះម្ដងម្នាក់ៗ បណ្ដាលឲ្យមានការចោទប្រកាន់ថាភរិយារបស់លោក យ៉ែម សំអូន ជាអ្នកប្រព្រឹត្តិ។

អ្នកស្រីថាក្នុងរឿង «បណ្ដឹងស្រីទាំង៥» ឆ្លុះបញ្ចាំងពីគ្រួសារអ្នកស្ដុកស្ដម្ភមួយដែលមានជម្លោះរវាងប្ដី និងប្រពន្ធឥតឈប់ឈរដោយសារតែជឿពាក្យសម្ដីអុចអាលរបស់បុរសជាគូស្នេហ៍ភេទដូចគ្នា និងដោយសារតែបុរសជាប្ដី មានចិត្តវៀចវេចង់បាននារីម្នាក់ហើយម្នាក់ទៀតមិនស្កប់ស្កល់។ អ្នកស្រីថាទទួលស្គាល់ថារឿងនេះនឹងប៉ះទង្គិចផ្លូវចិត្តរបស់លោក យ៉ែម សំអូន ដោយជៀសមិនផុត ដោយសារតែសាច់រឿងដែលអ្នកស្រីសរសេរ មានលក្ខណៈនឹងការចោទប្រកាន់ដែលធ្លាប់លើកឡើងពីអតីតភរិយារបស់លោកយ៉ែម សំអូន។ យ៉ាងណាមិញ អ្នកស្រីថារឿងនេះ មិនបានដកស្រង់យករឿងពិតរបស់លោក យ៉ែម សំអូន មកតែងនិពន្ធនោះទេ គឺអ្នកស្រីបាននិពន្ធវាឡើងតាំងពីចំណងស្នេហ៍របស់លោក យ៉ែម សំអូន មិនទាន់ប្រេះស្រាំម្ល៉េះ។

អ្នកស្រីថាលោកយ៉ែម សំអូន មានការលះបង់ខ្ពស់ ដែលហ៊ានសម្ដែងក្នុងសាច់រឿងនេះ ហើយអ្នកស្រីក៏យល់ស្របថាសាច់រឿង «បណ្ដឹងស្រីទាំង៥» នឹងធ្វើអោយលោក យ៉ែម សំអូន ផ្ទុះរឿងពាក់ព័ន្ធនឹងការស្រឡាញ់ភេទដូចគ្នាជាថ្មី ព្រោះតែហេតុផលផ្ទៃរឿងមានចំណុចច្រើនដូចគ្នានឹងការផ្ទុះឡើងចំពោះលោកនាពេលមុននោះដែរ។

លោក យ៉ែម សំអូន បានអះអាងថាលោកមិនខ្វល់ពីរឿងទស្សនៈមហាជនចោទថាលោកពិតជាបានប្រព្រឹត្តិដូចគ្នាសាច់រឿង ដែលស្របនឹងការចោទប្រកាន់របស់ភរិយានោះទេ។ លោកថាខ្សែរឿង «បណ្ដឹងស្រីទាំង៥» ដ្បិតថាធ្វើឲ្យលោកនឹងត្រូវរងនូវការរិះគន់ជុំវិញរឿងអាស្រូវឡើងវិញ តែអ្វីដែលលោកសង្ឃឹមខ្ពស់ គឺនឹងមានអ្នកទស្សនាគ្រប់គ្នាទទួលស្គាល់ថាលោកបានសម្ដែងល្អនៅក្នុងរឿងនេះ។

យ៉ាងណាមិញលោថាមិនមានបំណងទទួលសម្ដែងក្នុងរឿងជាតួប្រុសស្រឡាញ់ប្រុសសម្រាប់ខ្សែរឿងលើកក្រោយៗទៀតទេ បើទោះជាការសម្ដែងបែបនេះ បានធ្វើឲ្យមហាជនផ្ដោតការចាប់អារម្មណ៍ចំពោះលោក ច្រើនជាងចរឹកដែលលោកធ្លាប់សម្ដែងកន្លងមកនៅក្នុងភាពយន្ត។ លោកថាការសម្ដែងគឺជាលះបង់ ប៉ុន្តែមិនមានន័យថាលោកត្រូវបន្តសម្ដែងក្នុងបរិបទមួយដែល ធ្វើឲ្យប្រជាប្រិយភាពរបស់លោករងផលប៉ះពាល់ព្រោះតែរឿងអាស្រូវនោះទេ។

គួរបញ្ជាក់ថាខ្សែរឿង «បណ្ដឹងស្រីទាំង៥» ប្រជុំដោយតារាល្បីៗរួមមានលោក យ៉ែម សំអូន, កញ្ញា សូដា នីតា, កញ្ញា នី មុន្នីនាថ, កញ្ញា មាន សូនីតា, កញ្ញា ទឹម រដ្ឋា, កញ្ញា គៀត សុវណ្ណាឡាង, អ្នកនាង សុខ សោម៉ាវត្តី, លោក ភឹម តារាវិបុល, លោក ទុយ និងតារាប្រុសស្រីសុទ្ធតែល្បីឈ្មោះយ៉ាងកម្រនៅក្នុងពិភពសម្ដែង។ រឿងនេះប្រកាសដាក់បញ្ចាំងផ្លូវការចាប់ពីថ្ងៃទី៩ ខែវិច្ឆិកា តទៅដោយរំពឹងខ្ពស់ថាសាច់រឿងស្រឡាញ់ភេទដូចគ្នាដែលសម្ដែងដោយលោក យ៉ែម សំអូន នឹងកន្ត្រាក់បានអ្នកទស្សនាកកកុញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ