ព្រះតេជគុណ ប៊ុត ប៊ុនតិញ ប្រាប់ពីមូលហេតុ ករណីមិនចូលបំភ្លឺនៅតុលាការលើកទី២

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃពុធ ទី៨ ខែវិច្ឆិកា ឆ្នាំ២០១៧​ ម៉ោង 3:05 PM | កែម ទ្បីសិទ្ធិមនុស្ស | 0 | 3297 ព្រះតេជគុណ ប៊ុត ប៊ុនតិញ ក្នុងបន្ទប់ផ្សាយ ​VOD កាល​ពីពេល​កន្លង​មក

អតីតសមាជិកគណៈកម្មការបុណ្យសព លោក កែម ឡី មួយរូបទៀត ដែលរងការចោទថា ធ្វើឲ្យបាត់លុយបច្ច័យបុណ្យ បានបញ្ជាក់​ពីមូលហេតុ ក្រោយខកខានមិនចូលទៅបំភ្លឺនៅតុលាការជាលើកទី២ នៅថ្ងៃពុធនេះ ដោយថា ពុំមានជំនឿលើប្រព័ន្ធយុត្តិធម៌។

សាលាដំបូងរាជធានីភ្នំពេញ កាលពីពាក់កណ្តាលខែតុលា បានកោះហៅអតីតសមាជិកគណៈកម្មការបុណ្យសព លោក កែម ឡី ចំនួនបីនាក់​ ជាលើកទី២ ក្នុងនោះរួមមានស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ ករណី​​​បណ្តឹងដោយប្រធានបក្សមួយ។

នៅក្នុងវីដេអូឃ្លីបមួយផ្សាយនៅតាមហ្វេសប៊ុកនៅថ្ងៃទី៨ខែវិច្ឆិកាឆ្នាំ២០១៧នេះ ស្ថាបនិកបណ្តាញព្រះសង្ឃឯករាជ្យ ព្រះតេជគុណ ប៊ុត ប៊ុនតិញ មានសង្ឃដីកាថា មូលហេតុ ដែលមិនចូលទៅបំភ្លឺតាមដីកាកោះរបស់តុលាការ ដោយសារ ព្រះអង្គមិនជឿថាតុលាការនឹង​ផ្តល់យុត្តិធម៌។

ព្រះអង្គបន្ថែមថា ​«ស្ថាប័នមួយ ដែលគ្រាន់តែជាឧបករណ៍កំដរអំណាច របស់ក្រុមអ្នកមានអំណាច ដោយយើងពហិការមិនទទួលស្គាល់តុលាការ ហើយយើងចង់ឃើញយុត្តិធម៌សម្រាប់មនុស្ស ដែលយើងស្រលាញ់។ រឿងទី៣ អាត្មាមើលឃើញថា គេប្រលែងលេងជាមួយប្រជាពលរដ្ឋខ្មែរ ពេលដែលគេចង់កម្ចាត់ បុគ្គលណាមួយ គេប្រើប្រព័ន្ធតុលាការរបស់គេ ពេលគេចង់បំបែកចរន្តខ្មែរស្នេហាជាតិ គេប្រើតុលាការដើម្បីកម្ទេចចោល។ បើយើងព្រមចូលទៅបំភ្លឺ ជាមួយតុលាការ មានន័យថា យើងក៏ចូលរួមបំផ្លាញយុត្តិធម៌ យើងក៏ផ្តល់ឱកាសឲ្យពួកទុច្ចរិត ប្រើអំពើទុច្ចរិតរបស់គេគៀបសង្កត់មកលើស្មារតីស្នេហាជាតិរបស់ពួកយើងដែរ»។

ព្រះតេជគុណ ប៊ុត ប៊ុនតិញ បន្ថែមថា ករណីប្រធានគណបក្សយុវជនកម្ពុជា ប្តឹងអតីតសមាជិកគណៈកម្មការបុណ្យ គឺមានចេតនាចង់បំបាក់ស្មាតីស្នេហាជាតិ និងគំរាមកំហែងកុំឲ្យមានការសើររើរឿងរកយុត្តិធម៌ជូនលោក កែម ឡី។

កាលពីថ្ងៃទីអង្គារទី៧វិច្ឆិកាម្សិលមិញ អតីតសមាជិកគណៈកម្មការបុណ្យម្នាក់ ក្នុងចំណោម៣នាក់ គឺលោក មឿន តុលា បានទៅឆ្លើយបំភ្លឺតាមដីកាកោះរបស់តុលាការ ប៉ុន្តែ​ព្រះ​រាជ​អាជ្ញា​ នៅ​មិន​ទាន់​សម្រេច​ចោទ​ប្រកាន់ ​ឬ ​ទម្លាក់​ចោល​ការ​ប្រកាន់​នៅ​ឡើយ​ទេ ខណៈលោក ប៉ា ងួនទៀង សុំពន្យារពេល ដោយសាររវល់នៅក្រៅប្រទេស។

បើតាមអ្នកពាក្យសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាណា បានប្រាប់អ្នកសារព័ត៌មានតាមសារអេឡិចត្រូនិចតេឡេក្រាម កាលពីម្សិលមិញថា អយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នឹងបន្តចំណាត់ការតាមនីតិវិធី។

អតីត​សមាជិក​គណៈកម្មការ​បុណ្យ​សព​លោក កែម ឡី ធ្លាប់បាន​លើក​ឡើង​ថា គណៈកម្មការបុណ្យបាន​ត្រឹមតែ​ជួយ​ផ្នែក​បច្ចេកទេស និង​សកម្មភាព​ទូទៅ មិន​មាន​តួនា​ទី​កាន់​លុយ​បុណ្យនោះ​ទេ ហើយ​រាល់​បច្ច័យ​ទាំងអស់​ត្រូវ​កាន់​កាប់​ដោយ​ម្ចាស់​ដើម​បុណ្យ និង​បញ្ចូល​ផ្ទាល់​ទៅកាន់​គណនេយ្យ​ធនាគារ​របស់​ភរិយា​នៃ​សព​លោក កែម ឡី។

ចំណែក អ្នកស្រី ប៊ូ រចនា ភរិយា លោក កែម ឡី ធ្លាប់​បញ្ជាក់​តាម​ប្រព័ន្ធ​ផ្សព្វ​ផ្សាយ​ថា ពុំ​មាន​ការ​បាត់​លុយ​បច្ច័យ​បុណ្យ​ដូច​ការ​ចោទ​ប្រកាន់​នោះ​ទេ។

គួររំលឹកថា លោក កែម ឡី អ្នកវិភាគបញ្ហាសង្គមដ៏ល្បី ត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់នៅស្ដារម៉ាត ក្បែរស្ដុបបូកគោ រាជធានីភ្នំពេញ កាលពីថ្ងៃទី១០ ខែកក្កដា ឆ្នាំ២០១៦។ ក្រោយការស្លាប់ ពលរដ្ឋរាប់លាននាក់ បានបង្ហាញការសោកស្តាយ និងចូលហែរសពលោកទៅកាន់ខេត្តតាកែវ ដោយកាលណោះ មានការរារាំងជាច្រើនពីសំណាក់អាជ្ញាធរមិនឲ្យទុកសពលោក កែម ឡី នៅរាជធានីភ្នំពេញ។

ពាក់ព័ន្ធឃាតកម្មនេះ អាជ្ញាធរចាប់ខ្លួនបុរសតែម្នាក់ឈ្មោះ «អឿត អាង» ហៅ «ជួប សំលាប់» តែម្នាក់ប៉ុណ្ណោះ មកដាក់ទោស៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required