នាយក​រដ្ឋ​មន្ត្រីនឹងទៅ​បំពេញ​ទស្សនកិច្ច​នៅវៀតណាមនិង​ភីលីពីនចំនួន​៥​ថ្ងៃ

លោកនាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន (FB: លោក ហ៊ុន សែន)

នាយក​រដ្ឋមន្ត្រី​នៃ​ព្រះ​រាជា​ណា​ចក្រ​កម្ពុជា នឹង​ទៅ​បំពេញ​ទស្សកិច្ច​នៅប្រទេសវៀតណាម និង​ភីលីពីន​ចំនួន​៥ថ្ងៃ​ ចាប់ពីថ្ងៃទី​១០ដល់​ថ្ងៃ​១៤​វិច្ឆិកា​ខាង​មុខ។

ក្នុងសេចក្តី​ប្រកាស​ព័ត៌មាន​ចំនួន​២ ​ចុះ​ថ្ងៃ​ទី​៨​វិច្ឆិកានេះ ក្រសួង​ការ​បរទេស​កម្ពុជា ​បាន​ឲ្យ​ដឹង​ថា​លោក​នាយក​រដ្ឋ​មន្ត្រី​ ហ៊ុន សែន ​នឹង​ដឹក​នាំ​គណៈប្រ​តិភូ​ទៅ​​ចូល​រួម​កិច្ច​សន្ទនា​ក្រៅ​ផ្លូវ​ការ​រវាង​ថ្នាក់​ដឹក​នាំ​នៃ​កិច្ច​សហ​ប្រតិបត្តិការ​សេដ្ឋកិច្ច​អាស៊ី ប៉ាស៊ីហ្វិក ដែល​នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​១០ វិច្ឆិកាខាង​មុខ ​នៅ​វៀត​ណាម​ ហើយ​ក្នុង​ឱកាស​នោះ​​ លោក​ក៏នឹងចូល​ជួប​សំដែង​ការ​គួរ​សមជា​មួយ​ប្រធាន​រដ្ឋ​វៀត​ណាម​លោក​ ត្រា​ន​ ដាយ​ក្វាង​ ផង​ដែរ។

ដោយ​ឡែក ក្នុង​ដំណើរ​​ទស្សនកិច្ច​ចាប់​ពី​ថ្ងៃ​ទី​១១ ដល់​ថ្ងៃ​ទី​១៤ វិច្ឆិកា លោក​ ហ៊ុន សែន នឹង​ដឹក​នាំ​គណៈប្រតិភូចូល​រួម​កិច្ច​ប្រជុំ​កំពូល​អាស៊ាន នៅ​ទីក្រុងម៉ានីល នៃ​ប្រទេស​ហ្វីលីពីន។

ក្នុងកិច្ច​ប្រជុំ​នោះ​ លោក ​ហ៊ុន សែន ក៏​មានគម្រោង​ជួប​ពិភាក្សា​ជាមួយ​នាយក​រដ្ឋ​មន្ត្រី​ចិន ​លោក លី ខឺឈាង នាយក​រដ្ឋ​មន្ត្រី​អូស្ត្រាលី ​លោក ម៉ាលខុម ថើនបុល នាយក​រដ្ឋមន្ត្រី​ឥណ្ឌា​ លោក ណារិនដ្រា​ មូឌី នាយករដ្ឋ​មន្ត្រី​រុស្ស៊ីលោក ឌី​មីទ្រី ម៉េដ​វ៉េដេវ និង​អគ្គលេខា​ធិការ​អង្គការ​សហប្រជា​ជាតិលោក អាន់ តូ​ញ៉ូ ហ្គុយ​តេរេស ជា​មួយ​នឹង​​ថ្នាក់​ដឹក​នាំ​នៃ​ប្រទេស​មួយ​ចំនួន​ទៀត​ផង​ដែរ។

បើតាម​សេចក្តី​ប្រកាស​ លោក ហ៊ុន សែន ក៏​ទៅ​ទស្សនកិច្ច​ជា​លក្ខណៈឯក​ជន​ផង​ដែរ នៅ​ទីក្រុង​ក្លាក ខេត្តប៉ាំប៉ាង​ហ្គាល ប្រទេស​ភីលីពីន នៅ​ថ្ងៃ​ទី​១១ វិច្ឆិកា តាម​ការ​អញ្ជើញ​របស់​លោក​ស្រី​ គ្លោរីយ៉ា ម៉ាកា​ប៉ាហ្គាល អារ៉ូ​យូ អតី​តប្រធានាធិបតី​ភីលីពីន​ផង​ដែរ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ