តើ​បំណុល​កម្ពុជា​ជំពាក់​បរទេស​ស្ថិត​ក្នុង​កម្រិត​ហានិភ័យហើយ​​ឬ​នៅ?

ទិដ្ឋភាពទីក្រុងភ្នំពេញ (មាស មុនី)

រឿង​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស នៅ​តែ​ជា​បញ្ហា​ចម្រូង​ចម្រាស់​ នៅ​ពេល​ណា​រដ្ឋាភិបាល​កម្ពុជា​និយាយ​អំពី​ថវិកា​ជាតិ។ បញ្ហា​បំណុល​បរទេស​នេះ បាន​លេច​ឡើង​ជា​ថ្មី​ម្ដង​ទៀត បន្ទាប់​ពី​សំណើ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​២០១៨ ត្រូវ​បានរដ្ឋាភិបាល​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បង្ហាញ​​ដល់​អ្នក​សារព័ត៌មាន​កាល​ពី​ថ្ងៃ​សុក្រ​សប្ដាហ៍​មុន។

យោង​តាម​សេចក្ដី​ប្រកាស​ព័ត៌មាន​របស់​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​កាល​ពី​ថ្ងៃ​ទី​២៧ ខែ​តុលា​កន្លង​មក​នេះ រដ្ឋាភិបាល​កម្ពុជា​គ្រោង​ចំណាយ​ថវិកា​ប្រហែល ៦​ពាន់​លាន​ដុល្លារ សម្រាប់​ផែនការ​ថវិកា​ជាតិ​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ដែល​ធ្វើ​ឲ្យ​គម្រោង​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី កើន​ឡើង​ជាង ១៥​ភាគរយ បើធៀប​ទៅ​នឹង​កញ្ចប់​ថិវកា​ជាតិ​ឆ្នាំ​២០១៧​នេះ។

ដូច​រៀង​រាល់​​ឆ្នាំ​ដែរ នៅ​ពេល​ណា​រដ្ឋាភិបាល​លើក​ឡើង​នូវ​សំណើ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ឆ្នាំ​ថ្មី រដ្ឋាភិបាល​ក៏​បាន​បង្ហាញ​​នូវ​ប្រភព​នៃ​កញ្ចប់​ថវិកា​ជាតិ​សម្រាប់​ចំណាយ ដែល​មួយ​ផ្នែក​នោះ បាន​មក​តាម​រយៈ​កម្ចី​ហិរញ្ញវត្ថុ​ពី​បរទេស មាន​ប្រទេស​ជា​ដៃ​គូ និង​បណ្ដា​ស្ថាប័ន​កម្ចី​អន្តរជាតិ​ជា​ដើម។

មិន​ខុស​ពី​ឆ្នាំ​មុន​ដែរ នៅ​ក្នុង​គម្រោង​កញ្ចប់​ថវិកា​ជាតិ​ឆ្នាំ​ថ្មី​នោះ រដ្ឋាភិបាល​កម្ពុជា​បាន​បង្ហាញ​​គម្រោង​​ខ្ចី​ថវិកា​​បរទេស​ប្រហែល ១​៤០០​លាន​ដុល្លារ​ ដើម្បី​បង្គ្រប់​ទៅ​នឹង​គម្រោង​ចំណាយ​ដែល​ត្រូវ​បាន​បង្កើន​​​ទៅ​ជិត ៦​ពាន់​លាន​ដុល្លារ​នោះ។

ប្រសិន​បើ​បូក​បញ្ចូល​ទៅ​ក្នុង​បំណុល​ចាស់​ដែល​កម្ពុជា​បាន​ជំពាក់​បរទេស​នោះ ទំហំ​បំណុល​សាធារណៈ​របស់​កម្ពុជា នឹង​កើន​ឡើង​ដល់​ទៅ ៧​ពាន់ ៦០០​លាន​ដុល្លារ នៅ​ក្នុង​ឆ្នាំ​២០១៨ខាង​មុខ ខណៈ​ដែល​កម្ពុជា​បាន​ជំពាក់​បំណុល​បរទេស​ដល់​ទៅ ៦​ពាន់ ២០០​លាន​ដុល្លារ​រួច​មក​ហើយ​គិត​ត្រឹម​ឆ្នាំ​២០១៧នេះ។

បន្ទាប់​ពី​គម្រោង​ខ្ចី​​ប្រាក់​បរទេស​នេះ ត្រូវ​បាន​ផ្សព្វផ្សាយ​​នោះ វា​បាន​ជំរុញ​ឲ្យ​មាន​ការ​ចោទ​សួរ​ថា តើ​ទំហំ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ​ឡើង​ដល់​កម្រិត​មាន​ហានិភ័យ​ហើយ​ឬនៅ?

ប្រសិន​បើ​គេ​យក​តួលេខ​នៃ​ទំហំ​បំណុល​សាធារណៈ​របស់​កម្ពុជា​ទៅ​ធៀប​នឹង​ទំហំ​សេដ្ឋកិច្ច​របស់​ប្រទេស​ នោះ​គេ​អាច​ដឹង​បាន​ថា បំណុល​សាធារណៈ​ដែល​កម្ពុជា​​ជំពាក់​បរទេស មាន​កម្រិត​ប្រហែល​ជាង ៣០​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​កម្ពុជា ដែល​ត្រូវ​បាន​រដ្ឋាភិបាល​ព្យាករ​ថា នឹង​មាន​ទំហំ​ដល់​ទៅ ២៤​ពាន់ ៥៥២​លាន​ដុល្លារ នៅ​ឆ្នាំ​២០១៨​ខាង​មុខ។

ហើយ​​ប្រសិន​បើ​តួលេខ​បំណុល​នេះ ត្រូវ​បាន​យក​ទៅ​ធៀបនឹង​​ចំនួន​ប្រជាជន​កម្ពុជា​សរុប​ប្រហែល ១៥​លាន​នាក់​នោះ គេ​អាច​រក​ឃើញ​ថា ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ ជំពាក់​បំណុល​បរទេស​ដល់​ទៅ​ជាង ៥០០​ដុល្លារ​​នៅ​ឆ្នាំ​២០១៨​ខាង​មុខ ខណៈ​ដែល​ចំណូល​មធ្យម​ប្រចាំ​ឆ្នាំ​របស់​ពលរដ្ឋ​កម្ពុជា​ម្នាក់ៗ មាន​ទំហំ​ប្រហែល​ជា ១២០០​ដុល្លារ​ប៉ុណ្ណោះ។

ទោះបី​បំណុល​សាធារណៈ​របស់​កម្ពុជា​កើន​ឡើង​រៀង​រាល់​ឆ្នាំ​ក្ដី ក៏​រដ្ឋាភិបាល​កម្ពុជា​នៅ​តែ​អះ​អាង​ថា ទំហំ​នៃ​ការ​ខ្ចី​ប្រាក់​បរទេស​នេះ នឹង​មិន​បង្កើត​ជា​បន្ទុក​បំណុល​វ័ណ្ឌ​ក​ដល់​កម្ពុជា​នោះ​ទេ ដោយ​រដ្ឋាភិបាល​ថា សមត្ថភាព​សង​ត្រឡប់​ទៅ​វិញ​របស់​កម្ពជា នឹង​កាន់​តែ​ខ្ពស់​ថែម​ទៀត នៅ​ពេល​សេដ្ឋកិច្ច​របស់​ប្រទេស​រីក​ចម្រើន។

ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​អះ​អាង​ទៀត​ថា បំណុល​សាធារណៈ​ដែល​កម្ពុជា​ជំពាក់​បរទេស​នោះ ស្ថិត​ក្នុង​ស្ថានភាព​មួយ​មាន​ចីរភាព ហើយ​ហានិភ័យ​ដែល​កើត​ចេញ​ពី​បំណុល​នេះ ស្ថិត​នៅ​កម្រិត​ទាប​នៅ​ឡើយ នៅ​ក្នុង​រយៈ​ពេល​ខ្លី។

ការ​អះ​អាង​បែប​នេះ​របស់​រដ្ឋាភិបាល ត្រូវ​បាន​អ្នក​ជំនាញ​សេដ្ឋកិច្ច លោក ង៉ែត ជូ យល់​ស្រប ដោយ​ថា កម្ពុជា​នៅ​តែ​មាន​លទ្ធភាព​សង​បំណុល​នេះ។ ប៉ុន្តែ លោក​បាន​ចោទ​សួរ​អំពី​បញ្ហា​ប្រសិទ្ធភាព​ និង​តម្លាភាព​នៃ​ការ​ប្រើ​ប្រាស់​កម្ចី​បរទេស​ សម្រាប់​គម្រោង​​វិនិយោគ​សាធារណៈ​នានា​នៅ​ទូទាំង​ប្រទេស។

លោក ង៉ែត ជូ មាន​ប្រសាសន៍​ថា​៖ «ខ្ញុំ​គិត​ថា មិន​ទាន់​ជា​បញ្ហា​ទេ តែ​រដ្ឋាភិបាល​ត្រូវ​ត្រៀម​ខ្លួន​ផង​ដែរ ត្រូវ​ត្រៀម​រៀបចំ​ខ្លួន​ដែរ។ រៀបចំ​ទៅ​ថ្ងៃ​អនាគត គឺ​កាត់​បន្ថយ​ការ​ខ្ចី​បុល​ពី​បរទេស ព្រោះ​យើង​ជិត​ដល់​កម្រិត​ដែល​ខ្ញុំ​បាន​លើក​ឡើង​គឺ​កម្រិត​ត្រឹម ៥០​ភាគរយ​នៃ GDP។ អញ្ចឹង​ កម្រិត​វា​កំណត់​ហើយ យើង​នៅ​តែ​បន្ត​ខ្ចី​ទៀត វា​ធ្វើ​ឲ្យ​សេដ្ឋកិច្ច​ងាយ​រង​គ្រោះ»។

ទោះបី​ជា​ខាង​រដ្ឋាភិបាល និង​អ្នក​ជំនាញ​សេដ្ឋកិច្ច​នៅ​តែ​មាន​គំនិត​សុទិដ្ឋិនិយម​ចំពោះ​ទំហំ​បំណុល​សាធារណៈ​របស់​កម្ពុជា​ក៏​ដោយ ប៉ុន្តែ អ្នក​នាំ​ពាក្យ​គណបក្ស​សង្គ្រោះ​ជាតិ និង​ជា​អនុ​ប្រធាន​គណៈកម្មាធិការ​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​នៃ​រដ្ឋ​សភា លោក សុន ឆ័យ មាន​ក្ដី​បារម្ភ​ចំពោះ​កំណើន​នៃ​ទំហំ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស។

លោក​បាន​បន្ថែម​ថា កញ្ចប់​ថវិកា​ជាតិ ត្រូវ​បាន​បង្កើន​ជា​រៀង​រាល់​ឆ្នាំ ប៉ុន្តែ លទ្ធផល​ដែល​កើត​ចេញ​ពី​កញ្ចប់​ថវិកា​នោះ លោក​ថា មិន​សមាមាត្រ​នោះ​ឡើយ។ លោក សុន ឆ័យ បាន​ឲ្យ​ដឹង​ថា ប្រទេស​កម្ពុជា​បាន​ចាប់​ផ្ដើម​សង​ការ​ប្រាក់​ជាង ២០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។

លោកថា៖ «កំណើនសេដ្ឋកិច្ច​កន្លង​ទៅប្រហាក់​ប្រហែល នឹង ៧ ភាគរយ គឺ​ភាគ​ច្រើន​ការ​កើន​សេដ្ឋកិច្ច​ហ្នឹង គឺ​ចេញ​ពី​ការ​ខ្ចី​លុយ​គេ​ទេ។…ហើយ លទ្ធភាព​នៃ​ការសងគឺកាន់តែលំបាក ព្រោះថវិកានោះ ឡើងកាន់តែច្រើន ហើយយើងចាប់សងគេបណ្តើរហើយ តាមខ្ញុំដឹង។ គ្រាន់តែការប្រាក់ជាង ២០០​លាន​ក្នុង​មួយ​ឆ្នាំ ដូច្នេះធ្វើឲ្យសេដ្ឋកិច្ចរបស់យើងកាន់តែលំបាក»។

មិន​ខុស​ពី​លោក ង៉ែត ជូ នោះ​ទេ លោក សុន ឆ័យ បាន​ប្រាប់​ទៅ​រដ្ឋាភិបាល ឲ្យ​យក​ចិត្ត​ទុក​ដាក់​ពង្រឹង​ឡើង​វិញ​នូវ​ការ​ពិនិត្យ និង​តាម​ដាន​ថវិកា​ជាតិ​ឲ្យ​កាន់​តែ​តឹង​រឹង ជា​ពិសេស លោក​ចង់​ឃើញ​រដ្ឋាភិបាល​ពិនិត្យ​មើល​ការ​ប្រើ​ប្រាស់​ថវិកា​ជាតិ​ខុស​ទិស​ដៅ។

ក្ដី​បារម្ភ​អំពី​ប្រសិទ្ធភាព​នៃ​ការ​ប្រើ​ប្រាស់​កម្ចី​បរទេស មិន​មែន​គ្មាន​មូលដ្ឋាន និង​គ្មាន​គំរូ​សម្រាប់​ឆ្លុះ​បញ្ចាំង​ទេ។ ជា​ឧទាហរណ៍ ប្រទេស​ក្រិច​​នៅ​ក្នុង​​តំបន់​ចាយ​ប្រាក់​អឺរ៉ូ ដែល​ជា​មូលដ្ឋាន​អភិវឌ្ឍន៍​​យូរ​ឆ្នាំ​មក​ហើយ​នោះ បែរ​ជា​ធ្លាក់​ចូល​ទៅ​ក្នុង​វិបត្តិ​បំណុល​នៅ​ចាប់​ពី​ឆ្នាំ​២០០៨។ ទំហំ​បំណុល​សាធារណៈ​របស់​ប្រទេស​នេះ មាន​ដល់​ទៅ ១៧៩​ភាគរយ​នៃ​ទំហំ​សេដ្ឋកិច្ច​ប្រទេស​ទាំង​មូល។ វិបត្តិ​បំណុល​សាធារណៈ​នៅ​ក្នុង​ប្រទេស​នេះ ត្រូវ​បាន​គេ​​បន្ទោស​ទៅ​លើ​ការ​ចំណាយ​ខ្ជះ​ខ្ជាយ និង​គ្មាន​ប្រសិទ្ធភាព​របស់​រដ្ឋាភិបាល​ក្រិច​ដឹកនាំ​ដោយ​គណបក្ស​ប្រជាធិបតេយ្យ​ថ្មី ដែល​បាន​គ្រប់​គ្រង​អំណាច​អស់​រយៈ​ពេល ៣​ទសវត្សរ៍។ គេ​បន្ទោស​ទៅ​លើ​​បក្ស​មួយ​នេះ​ថា ដោយ​ហេតុ​តែ​ចង់​ឈ្នះ​ការ​បោះ​ឆ្នោត​បន្ត​អំណាច​ទៀត​នោះ បាន​យក​ចិត្ត​អ្នក​បោះ​ឆ្នោត តាម​រយៈ​ការ​​ដាក់​ចេញ​គោល​នយោបាយ​ដែល​ធ្វើ​ឲ្យ​អ្នក​បោះ​ឆ្នោត​សប្បាយ​រីក​រាយ ដូច​ជា​ដំឡើង​ប្រាក់​ខែ​បុគ្គលិក​រដ្ឋ​ដោយ​ស្វ័យ​ប្រវត្តិ​ជា​រៀង​រាល់​ឆ្នាំ ដោយ​មិន​ផ្អែក​លើ​ប្រសិទ្ធភាព និង​ផលិតកម្ម​ការងារ​នោះ​ឡើយ។

ដូច្នេះ ទំហំ​បំណុល​ដែល​កម្ពុជា​ជំពាក់​បរទេស ស្ថិត​នៅ​កម្រិត​មួយ​ដែល​មាន​ហានិភ័យ​ទាប​នៅ​ឡើយ​ មាន​ន័យ​ថា កម្ពុជា​នៅ​តែ​អាច​បន្ត​ខ្ចី​ថវិកា​ពី​បរទេស ដើម្បី​យក​មក​អភិវឌ្ឍ​ប្រទេស​ដដែល ប៉ុន្តែ ប្រទេស​នេះ​ត្រូវ​ប្រើ​ប្រាស់​កម្ចី​ទាំង​នោះ​ប្រកប​ដោយ​តម្លាភាព និង​ប្រសិទ្ធភាព​បំផុត ដើម្បី​បញ្ចៀស​ហានិភ័យ​ដូច​ករណី​ប្រទេស​ក្រិច៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ