លោក ហ៊ុន សែន រំឭកថាមិនរងសម្ពាធពីបរទេស ខណៈត្រូវរ៉ូវជាមួយ លោក កឹម សុខា

លោក កឹម សុខា និងលោក ហ៊ុន សែន (FreshNews)

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាក់ជំហរឡើងវិញថា លោកមិនងាយទទួលរងសម្ពាធពីសហគមន៍អន្តរជាតិក្នុងការដាក់លក្ខខណ្ឌនយោបាយណាមួយនោះទេ បើទោះជាពេលនេះ លោកបានបង្ហាញភាពស្និទស្នាលជាមួយមេបក្សប្រឆាំង លោក កឹម សុខា ឡើងវិញ។

នាយករដ្ឋមន្រ្តីលើកឡើងបែបនេះ បន្ទាប់ពីលោក កឹម សុខា ប្រធានស្តីទីគណបក្សសង្រ្គោះជាតិត្រូវបានលើកលែងទោស មានការដោះលែងមេឃុំម្នាក់មកពីគណបក្ស សម រង្ស៊ី ដែលជាប់ពាក់ព័ន្ធនឹងរឿងចោទប្រកាន់អាស្រូវស្នេហា លោក កឹម សុខា និងសញ្ញាវិជ្ជមាននៃការដោះលែងមន្រ្តីសង្គមស៊ីវិលមន្រ្តី គ.ជ.ប។

នៅក្នុងពិធីចូលរួមរំឭកខួប៥ឆ្នាំនៃដំណើរការក្រុមហ៊ុនជប៉ុនមួយនៅថ្ងៃទី៨ ធ្នូនេះ លោក ហ៊ុន សែន អះអាងបែបនេះថា៖ «ជាសារនយោបាយមួយប្រាប់ថា កម្ពុជាគេចេះដោះស្រាយបញ្ហារបស់គេហើយ កុំនិយាយឲ្យសោះជាមួយអាងអីគាបសង្កត់ មិនគាបសង្កត់ កុំនិយាយ ដូចដែលខ្ញុំបានប្រាប់ឯកឧត្តមអគ្គរដ្ឋទូតថា ប៉ុន្មានម៉ោងទៀតនឹងមានរឿងកើតឡើងល្អៗ តែឯកឧត្តមកុំអាលនិយាយ អញ្ចឹងទេនេះជាសារមួយប្រាប់ថា កម្ពុជាគេចេះដោះស្រាយបញ្ហារបស់គេ ហើយកុំមកគាបសង្កត់ អាគាបហ្នឹងអត់បានការទេ ហ៊ុន សែន មានចរិតខុសគេទាំងអស់ បើអ្នកឯងគាប អញដេកធ្វើមិនដឹង ស្ងៀម មនុស្សម្នាក់នេះ កុំគាបឲ្យសោះ តែគាបអត់បាន ប៉ុន្តែស្រាប់តែដល់សភាពការណ៍ស្ងាត់ៗសកម្មភាពតែប៉ុន្មានម៉ោងចប់សេចក្តី ម្សិលគេនិយាយគ្នាម៉ាស្រួល ប៉ុន្តែកុំប្រើពាក្យ International Pressure(គំនាបអន្តរជាតិ) Pressទៅ បើPress អញដេកទៀត»។

ទោះជាយ៉ាងណា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានចាត់ទុកថា ការងាកមកចាប់ដៃគ្នានេះ ជាការស្តារឡើងវិញនូវប្បធម៌សន្ទនានូវការបាក់បែកផ្ទៃក្នុងជាតិនិងឆ្ពោះទៅពង្រឹងការអភិវឌ្ឍទាំងផ្នែកធនធានមនុស្សនិងហេដ្ឋារចនាសម្ព័ន្ធ។

លោកថា៖ «និយាយពីរឿងបញ្ហាទាក់ទិនជាមួយបញ្ហាខិតខំរួមគ្នាដើម្បីកសាងទឹកដីដ៏កំសត់របស់យើងឲ្យទៅជាទឹកដីដែលមានការអភិវឌ្ឍ។ យើងរងគ្រោះច្រើនណាស់ហើយ សោកនាដកម្មច្រើនណាស់ ហើយវាលើសពីការគ្រប់គ្រាន់របស់ប្រជាពលរដ្ឋរបស់យើង។ ដូច្នេះត្រូវតែរួមគ្នាដើម្បីរក្សាសន្តិភាព គ្មានសន្តិភាពមិនអាចអភិវឌ្ឍបានទេ កុំបង្កជម្លោះ កុំបង្កបញ្ហា ហើយខិតខំទាក់ទាញវិនិយោគទុននៃការសម្រួលទាំងឡាយ»។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមនិងនយោបាយ លោក គឹម សុខ យល់ថាការត្រូវរូវគ្នារវាង លោក កឹម សុខា និងលោក ហ៊ុន សែន នេះគឺមានការរងសំពាធផ្នែកណាមួយពីអន្តរជាតិ ដោយលោកថានាពេលកន្លងមកមានប្រទេសមហាអំណាចមួយចំនួនបានប្រតិកម្មជាមួយនឹងបញ្ហារំលោភសិទ្ធិនៅកម្ពុជានិងប្រកាសផ្តាច់ជំនួយទៀតផង។

លោកថា៖ «ការត្រូវរូវគ្នារវាងលោក កឹម សុខា និងលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រហូតទៅដល់មានការជជែកល្អូកល្អឺនគ្នានេះ មានមួយផ្នែកហើយជាសំពាធរបស់អន្តរជាតិ មានប្រតិកម្មពីអាមេរិក ពីអ៊ឺរ៉ុប ប៉ុន្តែពីមុនមានត្រឹម តែសភាទេណា ប៉ុន្តែក្នុងដំណាក់កាលបច្ចុប្បន្នប្រតិកម្មរបស់អន្តរជាតិធំណាស់ ប្រតិកម្មរបស់រដ្ឋាភិបាលនៃ បណ្តាប្រទេសអន្តរជាតិតែម្តង មានអាមេរិក មានកាណាដា មានបារាំងជាដើម ហើយប្រទេសទាំងអស់ហ្នឹងជាប្រទេសមានសក្តានុពលក្នុងការឃ្លាំមើលហើយនិងការផ្តល់យោបល់ឲ្យប្រទេសកម្ពុជា អ្វីដែលសំខាន់ទៀតប្រទេសជប៉ុននិងអូស្រាលីមិនធ្លាប់ប្រតិកម្មអ្វីជាមួយកម្ពុជាទេ តែចុងក្រោយនេះសំពាធរបស់ប្រទេសទាំងនោះមកលើកម្ពុជាជាប្រតិកម្មរបស់រដ្ឋាភិបាលតែម្តង»។

ជិតកន្លះឆ្នាំមកនេះ ស្ថានការណ៍នយោបាយនៅកម្ពុជាត្រូវបានមជ្ឈដ្ឋានទូទៅមើលឃើញថា ស្ថិតក្នុងការព្រួយបារម្ភ ដោយសារមេបក្សប្រឆាំងលោក សម រង្ស៊ី ត្រូវបាននិរទេសខ្លួននៅក្រៅប្រទេស ចំណែកអនុប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា បានជាប់បណ្តឹងនៅតុលាការ និងសមាជិកបក្សប្រឆាំងមួយចំនួនកំពុងបន្តជាប់ឃុំនៅពន្ធនាគារ។

ករណីនេះធ្វើឲ្យសហភាពអឺរុបដែលមានប្រទេសជាសហជិកចំនួន២៨ប្រទសនិងសហរដ្ឋអាមេរិកបាន បង្ហាញការព្រួយបារម្ភពីការជំរុញប្រជាធិបតេយ្យនៅកម្ពុជា និងប្រទេសមួយចំនួនទៀតគំរាមផ្តាច់ជំនួយ បើបក្សកាន់អំណាចមិនវិលទៅរកតុចរចាស្វែងរកដំណោះស្រាយនោះ ប៉ុន្តែនៅក្នុងកិច្ចប្រជុំសភាកាលពីថ្ងៃទី៧ ខែធ្នូ ម្សិលមិញ គេសង្គេតឃើញលោក ហ៊ុន សែន និងលោក កឹម សុខា បានចាប់ដៃគ្នាដោយបង្ហាញស្នាមញញឹម និងបានជួយជជែកគ្នាក្នុងបន្ទប់បិទជិតក្នុងរដ្ឋសភា ដែលមជ្ឈដ្ឋានមួយចំនួនគិតថា ជំនួបមេដឹកនាំកំពូលពេលនោះ គឺជាការស្វែងរកដំណោះស្រាយនយោបាយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ