វិភាគ៖ តើ​ការ​ផ្លាស់​ប្ដូរ​ទីលាន​ប្រជាធិបតេយ្យ​ឆ្លុះ​បញ្ចាំង​ឲ្យ​ឃើញ​ដូចម្ដេច​អំពី​ការ​ប្ដេជ្ញា​ចិត្ត​របស់​រដ្ឋាភិបាល​ចំពោះ​សិទ្ធិ​សេរីភាព​នៃ​ការ​បញ្ចេញ​មតិនិង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា?

ទិដ្ឋភាពទីលានប្រជាធិបតេយ្យកាលពីពេលកន្លងទៅ

បើគេចាំមិនភ្លេចទេ ដំណឹងស្ដីពីការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យ ត្រូវបានគេបង្ហើបឲ្យដឹងខ្លះៗទៅហើយកាលពីប៉ុន្មានខែមុន ដោយគ្រាន់តែវាដោយបន្សល់ទុកនូវភាពមិនច្បាស់លាស់និងមន្ទិលសង្ស័យអំពីអនាគតទីកន្លែងសម្ដែងមតិមួយនេះតែប៉ុណ្ណោះ។ ប៉ុន្តែ ទីបំផុតទៅ គ្មានទៀតទេភាពមិនច្បាស់លាស់នោះ នោះក៏ព្រោះតែលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងជាសាធារណៈកាលពីព្រឹកថ្ងៃម្សិលមិញ អំឡុងពេលលោកចូលរួមទិវាជនពិកាលើកទី១៨ នៅក្នុងរាជធានីភ្នំពេញ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្លែងថា៖ “ដោយសារតែអាមេរិកពូកែគាំទ្របាតុកម្មពេក លើកទីលានប្រជាធិបតេយ្យ ដាក់មុខស្ថានទូតអាមេរិកហ្មងស្រួល។ តំបន់នេះ យើងធ្វើខុសហើយ។ តំបន់នេះទាក់ទងនឹងទីតាំងប្រវត្តិសាស្ត្រវត្តភ្នំ។ អីចឹងតែមានស្អីនៅកន្លែងហ្នឹង នរណាមកទេសចរណ៍វត្តភ្នំ? អីចឹងយកទៅក្រៅទៅ ហើយបើថាមិនពេញចិត្តទេ លើកទៅដាក់មុខស្ថានទូតអាមេរិក។ មានតែប៉ុណ្ណឹង អាហ្នឹងសិទ្ធិរបស់យើង របស់អាជ្ញាធរតើ ហើយការប្រមូលផ្ដុំ វាមិនមានអ្វីខុសគ្នាទេសម័យឥឡូវនោះ ប្រមូលផ្ដុំនៅឯណាក៏បានដែរ ព្រោះគេមិនមែនមកមើលហ្នឹងឯណា គេមើលតាមហ្វេសប៊ុកតើ គេមើលតាមការផ្សាយតើ។ អីចឹងទេ យកវិធីហ្នឹងទៅ អាហ្នឹងគឺថា យកកន្លែងហ្នឹងទុកជាតំបន់ពាណិជ្ជកម្ម ជាតំបន់អ្នកាទូត ជាតំបន់ទេសចរណ៍ ជាតំបន់អី ហើយយើងធ្វើអាតំបន់រញ៉េរញ៉ៃអីនៅកន្លែងហ្នឹង។ អីចឹងយកទៅក្រៅទៅ! ប៉ុន្តែ លឺសំឡេងតវ៉ា។ បើសំឡេងតវ៉ាមក យកទៅដាក់មុខស្ថានទូតអាមេរិកទៅ កុំឲ្យវាពិបាកពេក ព្រោះអ្នករុញឲ្យមានការតវ៉ាច្រើនតែក្រុម NGOs មកពីអាមេរិក ឬអាមេរិកគាំទ្រតែប៉ុណ្ណឹង”។

បន្ទាប់ពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រកាសឲ្យដឹងជាសាធារណៈបែបនេះ វានាំឲ្យមានមន្ទិលសង្ស័យថា តើវាឆ្លុះបញ្ចាំងឲ្យឃើញយ៉ាងដូចម្ដេចចំពោះការប្ដេជ្ញាចិត្តរបស់រដ្ឋាភិបាលកម្ពុជា ចំពោះសិទ្ធិបញ្ចេញមតិ និងលទ្ធិប្រជាធិបតេយ្យនៅក្នុងប្រទេសកម្ពុជា?

ប្រធានផ្នែកស៊ើបអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ លោក អំ សំអាត ដែលធ្លាប់រងការវាយដំពីសំណាក់កម្លាំងសន្តិសុខសាលារាជធានីភ្នំពេញអំឡុងពេលដង្ហែក្បួនទិវាសិទ្ធិលំនៅឋានពិភពលោកកាលពីថ្ងៃទី១០ ខែតុលាកន្លងមកនេះ បានបង្ហាញនូវទស្សនៈរបស់លោកថា ទីលានប្រជាធិបតេយ្យ ឬហៅម្យ៉ាងទៀតថា ទីលានសេរីភាពនោះ មិនគួរស្ថិតនៅឆ្ងាយពីវិមានរដ្ឋាភិបាលនោះឡើយ ដោយលោកថា ដើម្បីឲ្យរដ្ឋាភិបាលបានឃើញ បានស្ដាប់លឺ និងទទួលយកញ្ញត្តិ ឬការទាមទារអ្វីមួយរបស់ប្រជាពលរដ្ឋ នៅអំឡុងពេលប្រមូលផ្ដុំដោយសន្តិវិធី។ សកម្មជនការពារសិទ្ធិមនុស្សរូបនេះ បានបង្ហាញទស្សនរបស់លោកដូច្នេះ ក៏ព្រោះតែលោកបានមើលឃើញនៅតាមបណ្ដាប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យពិតប្រាកដនៅអឺរ៉ុប និងសហរដ្ឋអាមេរិក ទីលានប្រជាធិបតេយ្យ ឬទីកន្លែងប្រមូលផ្ដុំសម្រាប់ប្រជាពលរដ្ឋបញ្ចេញមតិ ស្ថិតនៅកៀកបង្កើយនឹងអគារ ឬការិយាល័យរបស់រដ្ឋាភិបាល។

សកម្មជនការពារសិទ្ធិមនុស្សដ៏សកម្មរូបនេះ បានមានប្រសាសន៍ថា៖ “ខ្ញុំគិតថា បើយើងមើលទៅលើប្រទេសគេដទៃ ដូចនៅបារាំង សហរដ្ឋអាមេរិក ស្វីសជាដើម ទីលានប្រជាធិបតេយ្យ ឬទីលានបញ្ចេញមតិរបស់គេហ្នឹង គឺស្ថិតនៅក្បែរៗនឹងអគាររបស់រដ្ឋាភិបាល ដែលគេរៀបចំកន្លែងមួយសម្រាប់ឲ្យពលរដ្ឋរបស់គេបានសម្ដែងមតិ ហើយការធ្វើហ្នឹង គឺដើម្បិឲ្យអាជ្ញាធរ ឬក៏ការិយាល័យរបស់រដ្ឋាភិបាល បានដឹងបានលឺ ហើយទទួលយកនូវសំណើរបស់ប្រជាពលរដ្ឋ ឬក៏បញ្ហារបស់ប្រជាពលរដ្ឋហ្នឹង”។

សម្រាប់សកម្មជនការពារសិទ្ធិរូបនេះ លោកចោទជាសំណួរឡើងថា តើវានឹងកាន់តែពិបាកយ៉ាងណា ក្រោយពីទីលានប្រជាធិបតេយ្យត្រូវបានប្ដូរទៅទីតាំងកាន់តែឆ្ងាយ ខណៈដែលទីតាំងសព្វថ្ងៃនេះ ស្ថិតនៅចម្ងាយប្រហែលជាង ១០០០ម៉ែត្រប៉ុណ្ណោះពីវិមានសន្តិភាព ឬការិយាល័យរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នោះ វាពិបាកណាស់ទៅហើយសម្រាប់មន្ត្រីរដ្ឋាភិបាលធ្វើដំណើរទៅទទួលញ្ញត្តិពីប្រជាពលរដ្ឋនៅពីទីនោះ។

លោក អំ សំអាត វែកញែកបន្តថា៖ “ដោយឡែកនៅកម្ពុជាយើង បើយើងពិតជាថាចង់ឲ្យប្រទេសយើងមានលទ្ធិប្រជាធិបតេយ្យ ហើយឲ្យពលរដ្ឋមានសិទ្ធិសេរីភាព វាគួរណាស់តែទីលានប្រជាធិបតេយ្យហ្នឹង វានៅកណ្ដាលក្រុង ឬក៏ជិតនឹងអគាររបស់រដ្ឋាភិបាល ដើម្បីឲ្យវាងាយស្រួលសម្រាប់ប្រជាពលរដ្ឋក្នុងការបញ្ចេញមតិ និងការដាក់ញ្ញត្តិ ឬក៏មន្ត្រីរបស់រដ្ឋាភិបាលទៅទទួលញ្ញត្តិរបស់គាត់”។ បើយើងមើលទៅលើទីលានប្រជាធិបតេយ្យចាស់ហ្នឹង គឺពិបាកនៅក្នុងការដែលមន្ត្រីរដ្ឋាភិបាលទៅទទួលញ្ញត្តិផង ចុះទម្រាំយើងលើកទីលានប្រជាធិបតេយ្យទៅក្រៅ ឬជាយរាជធានីភ្នំពេញ អាហ្នឹងវាកាន់តែពិបាកសម្រាប់ប្រជាពលរដ្ឋ”។

កាលពីថ្ងៃម្សិលមិញនេះ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានឲ្យដឹងថា ការដាក់ទីលានប្រជាធិបតេយ្យនៅទីតាំងបច្ចុប្បន្ននេះ គឺជាការសម្រេចចិត្តខុស ដែលលោកថា បណ្ដាលឲ្យប៉ះពាល់ដល់ទីតាំងទេសចរណ៍វត្តភ្នំពេញ និងបន្សល់ទុកភាពរញ៉េរញ៉ៃ។ ប៉ុន្តែ សម្រាប់សកម្មជនការពារសិទ្ធិមនុស្សវិញ យល់ថា ទីតាំងសព្វថ្ងៃនេះ មានលក្ខណៈសមរម្យ ហើយមិនប៉ះពាល់ធ្ងន់ធ្ងរដល់សណ្ដាប់សាធារណៈនោះទេ។ ផ្ទុយទៅវិញ លោកបន្ថែមថា ទីតាំងថ្មីដែលរដ្ឋាភិបាលគ្រោងនោះ អាចកាន់តែស្មុគស្មាញដោយសារតែវានៅជាប់នឹងផ្លូវជាតិលេខ ៥ និងមាត់ទន្លេ។

លោក អំ សំអាត មានប្រសាសន៍ថា៖ “បើខ្ញុំមើលទៅ ទីលានប្រជាធិបតេយ្យសព្វថ្ងៃហ្នឹង ក៏វាមិនមានការប៉ះពាល់អីធ្ងន់ធ្ងរប៉ុន្មានទេសម្រាប់សណ្ដាប់ធ្នាប់សាធារណៈ ឬក៏ប្រជាពលរដ្ឋ ព្រោះទីកន្លែងហ្នឹង ខ្ញុំគិតថា វាសមរម្យ ប៉ុន្តែ បើយើងលើកទៅដាក់កន្លែងថ្មីដូចរដ្ឋាភិបាលគ្រោងនឹងលើកទៅ យើងឃើញថា វាជាប់នឹងផ្លូវជាតិលេខ ៥ និងមាត់ទន្លេ។ វាងាយបង្កភាពកកស្ទះចរាចរណ៍ ជាប់នៅផ្លូវជាតិលេខ ៥ វាកាន់តែបង្កនូវភាពស្មុគស្មាញ និងផលវិបាកវិញសម្រាប់ប្រជាពលរដ្ឋ”។

បើយើងក្រឡេកមើលទៅរយៈពេល ៦ឆ្នាំចុងក្រោយ ចាប់តាំងពីទីលានប្រជាធិបតេយ្យត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០១០ សំណើជាច្រើនរបស់ក្រុមអង្គការសង្គម និងគណបក្សប្រឆាំង ក្នុងការរៀបចំប្រមូលផ្ដុំ និងជួបជុំសម្ដែងមតិនៅទីលានប្រជាធិបតេយ្យ ត្រូវបានអាជ្ញាធររាជធានីភ្នំពេញ ទាត់ចោលក្រោមថា ធ្វើហេតុផលប៉ះពាល់សន្តិសុខ សណ្ដាប់ធ្នាប់សាធារណៈ។

ហេតុផលដដែលៗនេះ ត្រូវបាននាយកប្រតិបត្តិការអង្គការខុមហ្វ្រែល លោល គល់ បញ្ញា ចាត់ទុកថាជាការឲ្យតម្លៃសិទ្ធិសេរីភាពនៃការបញ្ចេញមតិកាន់តែទាប បើធៀបនឹងហេតុផលរបស់សាលារាជធានីភ្នំពេញ។ សម្រាប់លោក បញ្ញា ការជួបជុំបញ្ចេញមតិនៅទីលានប្រជាធិបតេយ្យ មិនប៉ះពាល់ដល់បញ្ហាសណ្ដាប់ធ្នាប់នោះឡើយ ដោយលោកថា ការជួបជុំបញ្ចេញមតិ មិនមែនដើរដង្ហែក្បួនធ្វើបាតុកម្មនោះឡើយ។

លោក គល់ បញ្ញា មានប្រសាសន៍ថា៖ “យើងឲ្យតម្លៃការបញ្ចេញមតិហ្នឹង វាតិចជាងអ្វីដែលរដ្ឋាភិបាលនិយាយអំពីសណ្ដាប់ធ្នាប់។ សណ្ដាប់ធ្នាប់សាធារណៈ អាជ្ញាធរត្រូវតែទទួលខុសត្រូវរៀបចំ ប៉ុន្តែ យើងមិនអាចឲ្យសេរីភាពបញ្ចេញមតិរបស់ប្រជាពលរដ្ឋហ្នឹង នៅក្រោមអ្វីដែលរដ្ឋាភិបាលលើកឡើង សណ្ដាប់ធ្នាប់តែមួយមុខប៉ុណ្ណឹងបានទេ។ ពាក្យសណ្ដាប់ធ្នាប់សាធារណៈនេះ វាមិនប៉ះពាល់ទេ ព្រោះទីលានប្រជាធិបតេយ្យនេះ ធម្មតា វាជាកន្លែងប្រមូលផ្ដុំ មិនមែនជាកន្លែងដើរធ្វើបាតុកម្មទេ គឺកន្លែងប្រមូលផ្ដុំដោយសន្តិវិធី។ អីចឹងវាជាការប្រមូលផ្ដុំទេ វាមិនទៅប៉ះពាល់សណ្ដាប់ធ្នាប់អីទេ ហើយទុកឲ្យប្រជាពលរដ្ឋសម្ដែងមតិឲ្យមានប្រសិទ្ធភាពផងដែរ ឲ្យវាមានអត្ថន័យ”។

ជាងនេះទៀត លោក គល់ បញ្ញា បានចាត់ទុកគម្រោងការផ្លាស់ប្ដូរទីតាំងទីលានប្រជាធិបតេយ្យរបស់រដ្ឋាភិបាល ជាការបង្អាប់បង្អោនដល់សិទ្ធិសេរីភាពនៃការបញ្ចេញ និងធ្វើឲ្យសេរីភាពនៃការប្រមូលផ្ដុំដោយសន្តិវិធីកាន់តែធ្លាក់ចុះ។

លោកបន្តថា៖ “អីចឹងទេ នៅក្នុងទីក្រុងសំខាន់ណាស់ ទីប្រជុំជនសំខាន់ណាស់ ហើយបើកាលណាយើងរុញសិទ្ធិបញ្ចេញមតិ ច្បាប់បាតុកម្មដោយសន្តិវិធីដែលយើងថា យើងធ្វើឲ្យគេមានការបញ្ចេញមតិហ្នឹង បាននៅក្នុងការប្រមូលផ្ដុំគ្នាហ្នឹង យើងទៅរុញទៅនៅក្រៅក្រុងមានន័យថា ទី១ យើងមានការបង្អាប់បង្អោន ឬយើងធ្វើឲ្យមានការធ្លាក់ចុះនូវការប្រើប្រាស់សេរីភាពបញ្ចេញមតិដោយសន្តិវិធីក្នុងការប្រមូលផ្ដុំហ្នឹង កាន់តែធ្ងន់ធ្ងរទៀតហើយ ក្រៅពីរឿងអ្វីដែលយើងបានរារាំងការបញ្ចេញមតិរបស់ប្រជាពលរដ្ឋតាមរយៈការធ្វើបាតុកម្មដោយសន្តិវិធី ការធ្វើដង្ហែអីហ្នឹង យើងបានរារាំងហើយ ឥឡូវសូម្បីតែការប្រមូលផ្ដុំគ្នានៅទីប្រជុំជន ក៏យើងបានបង្កឲ្យមិនអាចបញ្ចេញមតិប្រកបទៅដោយអត្ថន័យ ទម្លាក់ទៅក្រោមទៀតហើយ”។

ជាមួយគម្រោងផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យនេះ វាជំរុញឲ្យមានការចោទសួរថា តើរដ្ឋាភិបាល និងសាលារាជធានីភ្នំពេញអនុញ្ញាតឲ្យកសាងនៅទីតាំងនោះ។

លោក មាន ចាន់យ៉ាដា អភិបាលរងរាជធានីភ្នំពេញ និងជាអ្នកនាំពាក្យផងនោះ មិនបានបញ្ជាក់លម្អិតថា តើអ្វីដែលសាលារាជធានីភ្នំពេញ គ្រោងនឹងអភិវឌ្ឍនៅទីតាំងនោះនោះឡើយ បន្ទាប់ពីទីលានប្រជាធិបតេយ្យត្រូវបានផ្លាស់ប្ដូរចេញ ដោយលោកថា រង់ចាំការសម្រេចជាផ្លូវការពីក្រសួងមហាផ្ទៃ។

លោក មាន ចាន់យ៉ាដា៖ “ចាំយើងបានទទួលគោលការណ៍ពីក្រសួងមហាផ្ទៃសិន ចាំយើងនិយាយពីការអភិវឌ្ឍនៅកន្លែងហ្នឹង ពីព្រោះកន្លែងហ្នឹង យើងនឹងធ្វើឲ្យទៅជាកន្លែងបម្រើឲ្យប្រយោជន៍សាធារណៈ”។

ទោះជាយ៉ាងនេះក្ដី លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានថ្លែងកាលពីថ្ងៃម្សិលមិញថា ឲ្យយកទីកន្លែងនោះទុកជាតំបន់ពាណិជ្ជកម្ម តំបន់កាទូត និងជាតំបន់ទេសចរណ៍។

អ្នកជំនាញអចលនទ្រព្យ លោក គឹម ហ៊ាង ដែលជាប្រធានសមាគមអ្នកវាយតម្លៃអចលនទ្រព្យកម្ពុជាផងដែរនោះ បានមើលឃើញថា តំបន់បរិវេណទីលានប្រជាធិបតេយ្យមានសក្ដានុពលខ្លាំងក្លាយ ក្នុងការក្លាយខ្លួនទៅជាមជ្ឈមណ្ឌលហិរញ្ញវត្ថុ ខណៈដែលការិយាល័យរបស់ធនាគារធំៗ ត្រូវបានប្រមូលផ្ដុំនៅទីនោះ ដូចជា អគារវឌ្ឍនៈរបស់ធនារគារវឌ្ឍនៈ អគារកាណាឌីយ៉ារបស់ធនារគារកាណាឌីយ៉ា ជាដើម។

លោក គឹម ហ៊ាន មានប្រសាសន៍ថា៖ “តំបន់ហ្នឹង ប្រសិនបើយើងផ្អែកទៅលើភូមិសាស្ត្រ យើងប្រៀបធៀបទៅនឹងបរទេស គេហៅថា financial center។ ពេលមានមជ្ឈមណ្ឌលហិរញ្ញវត្ថុហើយ វាត្រូវតែមានការិយាល័យ វាត្រូវតែមានភោជនីយដ្ឋាន ត្រូវមានសណ្ឋាគារ ត្រូវមានផ្សារ។ អីចឹងបើតំបន់អភិវឌ្ឍន៍ទៅ បរទេសគេមកច្រើនហើយ ព្រោះវានៅជុំៗគ្នាតែម្ដង”។

ទោះជាយ៉ាងណាក៏ដោយ កាលបរិច្ឆេទនៃការផ្លាស់ប្ដូរទីលានប្រជាធិបតេយ្យនេះ នៅមិនត្រូវបានគេដឹងនៅឡើយទេរហូតមកដល់ពេលនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ