ការចុះស្វែងយល់ពីបញ្ហាព្រំដែននៅតែមានបន្ត ទោះជាលោក កែម ឡី ត្រូវបាញ់​សម្លាប់

រូបភាពតំណាងបង្គោលព្រំដែនកាលពីពេលកន្លងទៅ

និស្សិតមួយក្រុមនិងអ្នកឃ្លាំមើល បានចុះជួបពលរដ្ឋនៅជាប់ព្រំដែនជាថ្មីទៀត ដោយថាដើម្បីស្វែងរកការ​ពិ​​​ត​​ពី​​កា​​​រ​អះអាង​ថា វៀតណាមនៅតែបន្តលួចរំកិលព្រំដែន ធ្វើឲ្យកសិករខ្មែរខ្លះរស់នៅតំបន់នោះបាត់ដី​កេ​រ្តិ៍ពី​​ដូនតា បើ​ទោះ​​​​​​​បីអ្នក​ស្រា​វជ្រាវដ៏ល្បី​ឈ្មោះ​លោ​ក កែម ​ឡី ត្រូវបានគេបាញ់សម្លាប់។

អ្នកសិស្សាស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក កែម ឡី ត្រូវបានបានខ្មាន់កាំភ្លើងបាញ់​សម្លាប់​​ នៅកណ្តា​លរា​ជធានីភ្នំពេញ ជិត​​​កន្លះ​ឆ្នាំមកហើយ បន្ទាប់ពីលោ​កចុះជួបព​លរដ្ឋតា​មព្រំដែ​នក​ម្ពុជា-វៀតណាម ដែល​​លោក កែម ឡី ដាក់​ឈ្មោះ​ថា​ «យុ​​ទ្ធ​​​នាការ១០០រាត្រី»។

យុទ្ធនាការនោះ លោក កែម ឡី អះអាងថា ដើម្បីសិក្សាពីបញ្ហាព្រំដែនគោកនិងទឹក សិក្សាពីប្រជុំកោះខ្មែរទាំងជាង៦០ ទុកជាឯកសារសម្រាប់យុវជន​ជំនា​ន់​ក្រោ​យ ដើម្បីទប់ទ​​ល់​នឹង​បរទេសឈ្លានពាន។

កាលពីថ្ងៃទី៨ ខែមករា ម្សិលមិញ វីដេអូឃ្លីបមួយបង្ហាញថា និស្សិតមួយក្រុមនិង​អ្នក​ស្រា​វ​ជ្រាវបាន​ប៉ះទ​ង្គិចគ្នា ដោយពាក្យសម្តីជាមួយកម្លាំងការពារព្រំដែនខ្មែរ ពេលពួកគេព្យា​យាម​នាំ​​ពលរ​​ដ្ឋ​​មួ​យចំនួន​ទៅចង្អុ​ល​​ប​ង្ហា​ញដី ដែលអ្នកភូមិថា វៀតណាមបានបោះតម្រុយនិងហាមឃាត់មិនឲ្យពួកធ្វើ​ស្រែលើដីដូនតាច្រើ​ន​​ឆ្នាំមកនេះ។

ដីដែលពលរដ្ឋអះអាងថា ត្រូវវៀតណាមរំលោភបំពានយកនោះ នៅភូមិធ្នងនិងភូមិថ្នា ក្នុងឃុំធ្នងថ្នា ស្រុករំដួល ខេត្តស្វាយរៀង ត្រង់ប​ង្គោ​​​​ល​លេខ ១៤៦ ១៤៧ និង១៤៨។

ពួកគេថា៖ «នេះជាស្រែខ្ញុំ កន្លែងហ្នឹងៗៗ ដែលមានទំនាស់គ្នាហ្នឹង។ វាចូលហ្នឹងប្រហែលជា​៣០០ម៉ែត្រចេ​ញពីប​ង្គោលចាស់មក ពីព្រំដែនចាស់មក។ ដីដែលខ្ញុំធ្វើស្រែហ្នឹង តាំងពីដូនពីតាមក និយាយរួមតាំងពី៧​៩​មកដ​ល់ឆ្នំា១៩៨៦​វាដេញម៉ង»។

បើតាមពលរដ្ឋអះអាងថា ពួកគេ១៤គ្រួសារ នឹងបាត់បង់ដីស្រែប្រមាណជា១០០ហិកតាជារៀងរហូត បើ​រ​​​ដ្ឋា​ភិ​បាលមិនអន្តរាគមន៍ទាន់ពេលទៅភាគីវៀតណាមទេនោះ។

អ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គម លោក គឹម សុខ ដែលចុះឃ្លាំមើ​លករ​ណីនេះបង្ហា​ញការខ​កចិត្តទៅនឹ​ងការរាំ​ង រប​ស់អាជ្ញាធរខ្មែរនេះ។

លោកថា៖ «យើងឃើញច្បាស់ហើយ យួនចូលមកលើដីខ្មែរ មកឃាត់ខ្មែរ មិនឲ្យខ្មែរ ទៅមើលព្រំដែនខ្មែរ នៅលើដីខ្មែរ មិនឲ្យទៅមើលព្រំដែន មិនឲ្យទៅមើលខ្សែបន្ទាត់ព្រំដែន ហើយអាជ្ញាធរហ្នឹង​សម្រួលឲ្យ​យួន​ហ្នឹងមក​ឃាត់យើងនៅលើដីយើងហ្នឹងទៅទៀត។ គេចូលដីយើង ឃាត់យើង នៅលើដីយើង អាហ្នឹងជាការ​បង្ហា​ញចរឹតពិតរបស់រដ្ឋាភិបាល តាមរ​យៈ​ចរិតរ​​បស់​អាជ្ញាធរហ្នឹងហើយ គ្មានអីប្លែកទេ បើនិយា​យឲ្យចំទៅ​គឺកា​រពារគេ»។

លោក គឹម សុខ បញ្ជាក់ប្រាប់ VOD ពីបំណងដែលរូបលោកនិងក្រុមនិស្សិតដែលចុះទៅបែបនេះថា៖ «អារបៀបដែលគេធ្វើហ្នឹង បើយើងមិនចុះទៅ មិនបង្ហាញពីប្រតិកម្មដោយផ្ទាល់ទៅដល់ប្រជាពល​រដ្ឋយើងនៅ​​ទូទាំងប្រទេសនិងនៅក្រៅប្រទេស ព្រមទាំងអន្តរជាតិឲ្យឃើញច្បាស់ថា វៀតណា​មធ្វើ​អញ្ចឹងហើ​យ ​ចេះតែស្ងាត់ៗ អញ្ចឹងវៀតណាមយកតែម្តង អាហ្នឹងជាគោលបំណងធំ។ សំខាន់យើងកត់ទុក យើង​ធ្វើជារ​បាយកា​រណ៍ទុក ដើម្បីថ្ងៃណាមួយគេត្រូវការឲ្យ​យើងធ្វើជា​សាក្សី​រឿ​ងអ​ស់​ហ្នឹង យើងមានភស្តុតាងក្នុងដៃផ្ទាល់ដើម្បីចូលរួមធ្វើសាក្សី ចំនុចណាដែលយើ​ងឃើញថាបាត់ជាក់ស្តែង បា​ត់​ដោយ​របៀបណា ពលរដ្ឋក្នុងចំនួនប៉ុណ្ណា ដែលចូលរួមតវ៉ា អាហ្នឹងវាមានផល​ប្រយោជ​ន៍យូរអង្វែងសម្រា​ប់​ប្រ​ទេសជាតិ​​»។

និស្សិត ហុង សូនី ឲ្យដឹងប្រហាក់ប្រហែលដែរថា ការចុះធ្វើកម្មសិក្សាពេលនេះ ដើម្បីចង់ដឹងថា តើទឹក​​ដី​ខ្មែ​​​រ​នៅ​​​ជាប់ព្រំដែន មួយចំនួនពិតជាត្រូវបានរំលោភបំពានដោយប្រទេសវៀតណាម ដូចការអះអាង របស់ពលរដ្ឋ និង​មន្ត្រីប​ក្ស​ប្រ​ឆាំងដែរឬក៏យ៉ាងណា។

លោកចោទជាសំនួរថា ដោយសារកន្លងទៅមន្ត្រីបក្សប្រឆាំងខ្លះដែលកម្មរឿងព្រំដែន ត្រូវ​​​​បានចាប់​ដា​ក់គុ​ក ចំណែករដ្ឋាភិបាលវិញ បានអះអាងថាការបោះបង្គោលព្រំដែនជាមួយវៀតណាមនេះ កម្ពុជា​មិន​បាន​ខា​​ត​​ប​ង់ទេ ។ លោកថាចុះកម្មសិក្សានេះដើម្បីស្វែងរកការពិតពីបូរណភាពទឹកដី ដើម្បីជម្រះមន្ទិល​ពីការអះ​អា​​ង​រ​​បស់អ្នកនយោបាយ។

លោកថា៖ «ខ្ញុំចង់ឲ្យប្រជាពលរដ្ឋខ្មែរហ្នឹង គាត់គិតគូរឿងហ្នឹងទាំងអស់គ្នា ហើយចូលរួមក្នុងរឿងហ្នឹងសកម្ម កុំឲ្យតែរដ្ឋាភិបាលគាត់សម្រេចចិត្តហើយថាអីត្រូវៗ យើងអត់ទៅសិក្សាស្រាវជ្រាវ ព្រោះបើយើងមើលលទ្ធផលព្រំដែនរបស់យើង មិនថាប្រើប្រាស់ផែនទីមួយណាទេ ព្រោះអីខ្ញុំមិនបានដឹងច្បាស់ពីបច្ចេកទេសអស់ហ្នឹង។ប៉ុន្តែបើយើងមើលជាក់ស្តែង គឺយើងខាតរហូត តាំងពីតំបន់ដាក់ដាំ តំបន់ព្រំដែន១៤៧-១៤៨ហ្នឹង និងតំបន់ផ្សេងៗទៀត គឺយើងឃើញថាបានបាត់បង់រហូត យើងខាតរហូតគឺយើងអត់ដែលចំណេញទេ ដូចជាយើងមើលជាក់ស្តែង មានកោះត្រល់ សមុទ្រ​ កោះ​អីជាដើម អញ្ចឹងហើយយើងគិតថា យើងត្រូវតែទៅសិក្សា ហើយប្រជាពលរ​ដ្ឋខ្មែរត្រូវតែ​ចូលរួម​ឈឺឆ្អា​ល​រឿង​ហ្នឹង​ទាំងអស់គ្នា ព្រោះវាជាជោគវាសនារបស់ប្រទេសជាតិនិងជាទឹកដីរបស់យើង»។

តំណាងរាស្ត្របក្សប្រឆាំងដែលសកម្មរឿងព្រំដែន ដូចជាលោក ហុង សុខហួរ និងលោក អ៊ុំ សំអាន ត្រូវ​បាន​​​រដ្ឋាភិបាលប្តឹង ហើយបច្ចុប្បន្នតំណាងរាស្ត្រ​ទាំងពីររូបកំពុងជាប់ឃុំនៅពន្ធនា​គារ​ព្រៃ​ស​ច្រើនខែ​មក​ហើ​យ។

VOD មិនអាចសុំប្រតិកម្មពីអ្នកស្រាវជ្រាវព្រំដែនរបស់រដ្ឋាភិបាលលោក សុខ ទូច បានទេនៅ​ថ្ងៃចន្ទ​នេះ។ ប៉ុន្តែ​ក​ន្លែងទៅលោក ហ៊ុន សែន ធ្លាប់អះអាងថា ពលរដ្ឋខ្មែរនិងវៀត​ណាម​រស់​​នៅជាក់ស្តែងជា​ប់ព្រំ​ដែនបានល​យចូលគ្នាទៅវិញទៅមក។ ប៉ុន្តែលោកថា វៀតណា​មបានលយចូលក​ម្ពុជាច្រើន​ជាង​ ​ហើ​យថាវៀតណាមត្រូវរកដីប្រមា​ណ​ជា២ពាន់ហិកតាសងកម្ពុជាវិញ ក្រោយបោះ​បង្កោល​ព្រំដែន​​រួ​ច។

យ៉ាងណាក៏ដោយនិស្សិតនិងអ្នកស្រាវជ្រាវលោក គឹម សុខ អះអាងថា យុទ្ធនាការចុះជួប​ពលរដ្ឋ​នៅ​តាមព្រំដែននេះ នឹងនៅតែបន្តទៅមុខបើទោះបីមានការរំខាន ដោយថាដើម្បីចងក្រងជាឯក​សារស​ម្រាប់​កូន​​​ខ្មែ​រជំនាន់ក្រោយទប់ទល់នឹងការរំលោភបំពានពីសំណាក់ប្រទេសជិតខាង៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ