អាដហុកបញ្ចប់កិច្ចសន្យាលោក ឆាយ ធី មុនកំណត់ ដោយសារចេញមុខគាំទ្របក្សជាចំហ

សមាគមអាដហុកបានសម្រេចបញ្ចប់កិច្ចសន្យាការងារបុគ្គលិកម្នាក់ប្រចាំខេត្តរតនគិរីមុនកាលកំណត់​ ដោយសារ​លោក ឆាយ​ ធី  បានចេញមុខធ្វើ​សន្និសីទសារព័ត៌មានគាំទ្រគណបក្សប្រជាជនកម្ពុជាជាចំហ ខណៈលោកមិនទាន់​បានបញ្ចប់​ការ​ងារ​ពីអាដហុកនៅឡើយ។ នេះបើតាមសេចក្តីថ្លែងការណ៍នៅថ្ងៃនេះ។

សេចក្តីថ្លែងការណ៍បានបញ្ជាក់ថា អាដហុកមិនឯកភាពពន្យារពេលដល់​លោក ឆាយ​ ធី ក្នុងការលាឈប់​ពី​អាដហុក​រហូត​ដល់​ថ្ងៃទី៣០​ខែ​មករានេះឡើយ ដោយសារលោកបានធ្វើ​សន្និសីទ​នៅស្នាក់​ការគណបក្សប្រជាជនកម្ពុជាប្រចាំខេត្តរតនគិរី ក្នុង​ការ​ចូល​រួម​ពេញសិទ្ធិ​របស់គណបក្សនេះ។

អាដហុកបានបញ្ជាក់ថា លក្ខខន្តិកៈរបស់សមាគមនេះ គឺបានហាមមិនឲ្យធ្វើ​នយោបាយ​ឬចូលរួម​សកម្ម​ភាព​​ជាមួយគណបក្ស​នយោបាយណាមួយឡើយ។

ទោះជាយ៉ាងណា អាដហុកចាត់ទុកថាការដែលលោក ឆាយ ធី ទៅចូលរួមជាមួយគណបក្សកាន់អំណាចនៅពេលនេះ គឺ​ជាសិទ្ធិបុគ្គលដែលសមាគមនេះមិនអាចហាមឃាត់ឡើយ។

លោក ឆាយ ធី ដែលធ្វើការនៅអាដហុកជិត១០ឆ្នាំមកនោះ បានសម្រេចចិត្តទៅចូលគណបក្សប្រជាជន​កម្ពុជា ដោយ​ឈរឈ្មោះ ជាបេក្ខជន មេឃុំ ប៉ាតេ ក្នុងស្រុកលំផាត់ ខេត្តរតនគិរី សម្រាប់ការ​បោះ​ឆ្នោត​ខាងមុខ ខណៈឃុំនេះ ត្រូវបានគណបក្សប្រឆាំងឈ្នះជាមេឃុំចំនួនពីរអាណត្តិមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ