ចំណូល​ប្រជា​ជន​កម្ពុជាប្រចាំ​ឆ្នាំ​ជា​ប់​ចំណាត់​ថ្នាក់ទាប​ជាង​គេ​នៅ​តំបន់​អាស៊ាន​

ទិដ្ឋភាពផ្សារធំថ្មី នៃទីក្រុងភ្នំពេញ កាលពីពេលកន្លងទៅ (ដោយ សាយ ទ្បាលីស)

កម្ពុជា​មាន​ចំណូល​​ប្រចាំ​ឆ្នាំ​ជា​មធ្យម​សម្រាប់​​ប្រជា​ជនខ្លួន​ទាប​ជាង​គេ​នៅ​តំបន់​អាស៊ាន។ នេះ​ដោយ​យោង​តាម​របាយការណ៍​​សេដ្ឋ​កិច្ច​ឆ្នាំ​២០១៦​របស់​មូល​នីធិ​រូបិយប័ណ្ណ​អន្តរជាតិ​។

​ក្នុងគេហទំព័រ​​ statisticstime.com ចេញ​ផ្សាយ​កាល​ពីខែ​វិច្ឆិកា​ឆ្នាំ​២០១៦ បានចាត់​ចំណាត់​ថ្នាក់​ប្រទេស​នានា តាម​​របាយការណ៍​សេដ្ឋ​កិច្ច​របស់​​អង្គការ​រូបិយប័ណ្ណអន្តរជាតិ (IMF) ​ថាចំណូល​របស់​ប្រជា​ជន​កម្ពុជា​ជាប់​លេខ១៥៦ លើ​ប្រទេស១៨៨នៅ​ទូ​ទាំង​ពិភព​លោក។ បើ​តាម​របាយការណ៍​នោះ​ ​ចំណូល​របស់​ប្រជា​ជន​កម្ពុជា​ក្នុង​ម្នាក់​ទទួល​បាន​១២៨៨ដុល្លារក្នុង​ឆ្នាំ២០១៦​​ ដែលចំនួន​​នេះ​បើ​ធៀប​ទៅ​នឹង​ចំណូល​ទៅ​ក្នុង​ប្រទេស​​ដែល​ជា​សមា​ជិក​អាស៊ាន គឺ​កម្ពុជា​ជាប់​ចំណាត់​ថ្នាក់​ក្រោម​គេ គឺ​ក្រោម​ទាំង​ប្រទេសឡាវ(១៩២១ដុល្លា) និង​មីយ៉ាន​ម៉ា​(១៣០៧ដុល្លារ)ផង​ដែរ។ ខណៈដែលប្រជាជន​សិង្ហបុរី​​​ក្នុង​ម្នាក់​មាន​ចំណូល​ជា​មធ្យម ​​ជាង​៥​ម៉ឺន​បីពាន់​ដុល្លាក្នុង​មួយ​ឆ្នាំ ព្រុយ​នេ​ ជាង​២​ម៉ឺន​បួន​ពាន់ និង​ម៉ា​ឡេស៊ី ជាង​៩ពាន់​ដុល្លារ​អាមេរិក​។

របាយការណ៍នោះ​ក៏​បាន​បន្ថែមថា​ ​ប្រាក់​ចំណូល​ជា​មធ្យម​របស់​ប្រជា​ជន​ម្នាក់​ៗនៅ​ឆ្នាំ​២០២០​ថា​​​ អាច​កើន​ដល់​១៦០៣ដុល្លារ​ក្នុង​មួយ​ឆ្នាំឈរ​លេខ​រៀង​ទី១៥២ ​​ តែ​កំណើន​នេះ​នៅ​តែ​ស្ថិត​ពី​ក្រោយ​ប្រទេសនានាដែល​ជា​សមាជិក​អាស៊ាន​ដដែល ខណៈ​ដែល​​មីយ៉ា​ន​ម៉ាកើន​ដល់​១៩០៧ដុល្លារ(លេខ១៤៨) ឡាវកើន​ដល់​២៣៩៧(លេខ១៤០) ចំណែក​ឯសឹង្ហបុរី​កើន​​ជិត​៦ម៉ឺនដុល្លារ​។

វី​អូឌី​មិន​អាច​ទាក់​ទង​មន្ត្រី​ជាន់​ខ្ពស់​ណា​ម្នាក់នៅក្រសួងសេដ្ឋ​កិច្ច​និង​ហិរញ្ញវត្ថុ ដើម្បី​ឆ្លើយ​តប​ពី​ការ​វាយ​តម្លៃ​របស់ IMF នេះ​បាន​ទេ ខណៈដែល​លោក​រដ្ឋ​លេខា​ធិការ ​វង្ស៊ី វិស្សុត ទូរសព្ទ​ចូល​តែ​មិន​មានអ្នកទទួល។

តំណាង​រាស្ត្រគណបក្ស​សង្គ្រោះ​ជាតិ លោក សុន ឆ័យ យល់​ថា ការ​វាយ​តម្លៃ​របស់​អង្គការ​រូបិយប័ណ្ណ​អន្តរជាតិ​នេះ​គឺ​ជា​ការ​វាយ​តម្លៃ​ដែល​ត្រឹម​ត្រូវនិង​អាច​ទទួល​យក​បាន។ លោក​ថា​បញ្ហា​ដែល​ធ្វើ​ឲ្យ​កម្ពុជា​ទទួល​បាន​ចំនូល​ទាប​នោះ​គឺ​បណ្តាល​មក​ពី​បញ្ហា​អំពើ​ពុក​រលួយ ការ​ប្រមូល​​ធន​ធាន​មិន​ត្រឹម​ត្រូវ និង​ការ​ខ្ចី​បំណុល​បរទេស​ច្រើន។ លោក​បន្ថែម​ថាការ​ដែល​ចំណូល​របស់​ប្រជា​ពល​រដ្ឋកម្ពុជា​ ទទួល​ចំណូល​បាន​ទាប​ជាង​ប្រទេស​ឡាវដែលជា​ប្រទេស​​គ្មាន​ផ្លូវសមុទ្រ ហើយ​ប្រទេស​មីយ៉ាន​ម៉ាដែល​​ទើប​តែ​ងើប​ពី​ការ​គ្រប់​គ្រងដោយ​យោធា វា​បាន​បង្ហាញ​ថាអ្នក​ដឹក​នាំ​កម្ពុជាកំពុង​ស្ថិត​នៅ​ក្នុង​ការ​គ្រប់​គ្រង​មួយ​ដែល​ពុំ​មាន​ទំនូល​ខុស​ត្រូវចំពោះ​ប្រជា​ជន​ខ្លួន​​។

លោក​ថា៖ «អាហ្នឹងវាបង្ហាញពីចំណុចខ្វះខាត ប្រទេសកម្ពុជាវាសំណាងទៅទៀត ដោយសារយើងមាកិច្ចព្រមព្រៀងក្រុងបារីសណា ផ្តល់មកយើងរាប់ពាន់លានដុល្លាហើយ តាំងពីឆ្នាំ១៩៩៣ រាប់ពាន់លានរហូតមកដល់ឥឡូវថាជាង១៥ពាន់លានហើយមើលទៅ ទឹកប្រាក់ដែលគេជួយមកយើងហើយនៅតែយើងនៅក្រោមប្រទេសទាំងហ្នឹង បានន័យថាមេដឹកនាំយើងខ្វះការទទួលខុសត្រូវ!»។

​បើតាម​លោក ​សុន ឆ័យ ប្រសិ​ន​ជា​មេដឹក​នាំ​កម្ពុជា​មាន​ឆន្ទៈ​ក្នុង​ការ​រៀប​ចំប្រព័ន្ធដឹក​នាំ​របស់​ខ្លួនឲ្យល្អ​ ហើយ​ជា​ពិ​សេស​រៀប​ចំចំណូល​ និង​សេវា​កម្ម​​ទេស​ចរណ៍​របស់​ខ្លួន​បាន​ត្រឹម​ត្រូវ​នោះ​វាអា​ចឲ្យ​​កម្ពុជា​អាច​ធ្វើឲ្យ​ចំណូល​របស់​ប្រជាពល​រដ្ឋ​ខ្លួន​បាន​ប្រសើរជាង​នេះ ហើយ​អាចមាន​លទ្ធភាព​វ៉ា​ដាច់​ប្រទេស​មួយចំនួន​ក្នុង​តំបន់អាស៊ាន​ផង​ដែរ។

ក្នុង​ពិធី​រំលឹក​ខួប៣៨​ឆ្នាំ នៃ​ថ្ងៃ​៧ មករា ដែល​រៀបចំធ្វើ​ឡើង​នៅ​រាជ​ធានី​ភ្នំពេញ លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន ក៏​បាន​ព្យាករ​ផង​ដែរថា កំណើន​សេដ្ឋកិច្ចកម្ពុជា​នៅ​ឆ្នាំ​២០១៧​នេះ នឹង​នៅ​តែ​រក្សា​បាន​កំណើនក្នុង​រង្វង់ ៧​ភាគរយដដែល។

លោក​បន្ថែម​ថា កំណើន​សេដ្ឋកិច្ច​កម្ពុជា​​ក្នុង​រង្វង់ ៧​ភាគរយ ដោយសារ​វិស័យ​ឧស្សាហកម្ម​មាន​កំណើន ១១.៤​ភាគរយ វិស័យ​សេវាកម្ម​មាន​កំណើន ៦.៧​ភាគរយ ខណៈ​វិស័យ​កសិកម្ម លោក​ថា​មាន​កំណើន​ល្អ​ជាង​ឆ្នាំ​មុន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ