លោក ហ៊ុន សែន រងការចោទថាកំពុងរកវិធីឲ្យមានការបណ្តេញលោក សម រង្ស៊ី ចេញពីបក្ស

ដោយ លោក ណាត សុភាព​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ ម៉ោង 3:46 PM | នយោបាយ | 0 | 24396 លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី កាលពីពេលកន្លងទៅ

​លោក​នាយក​រដ្ឋមន្ត្រី​ ហ៊ុន សែន ត្រូវបានគេលើកឡើងថា លោក​កំពុង​តែរិះរក​គ្រប់​វិធី​ដើម្បី​បំបែក​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​ ដោយ​នៅ​ពេល​នេះ​លោក​កំពុង​តែ​បង្ខំ​ឲ្យ​លោក​ កឹម សុខា សរសេរ​លិខិតមួយ ដោយសន្យា​ថា​នឹង​បណ្តេញ​ចេញ​ពី​គណបក្ស​សង្គ្រោះ​ជាតិ ​ចំពោះ​បុគ្គល​ណា​ដែល​បាន​ជេរ​ប្រមាថ​លោក ហ៊ុន សែន ភរិយា​លោក និង​កូន​ប្រុស​ច្បង គឺលោក ហ៊ុន ម៉ាណែត។ នេះ​បើ​តាម​ការចុះផ្សាយរបស់កាសែត​ភ្នំពេញ​ប៉ុស្តិ៍​ ដែលដកស្រង់​ខ្លឹមសារលិខិតមួយពីលោក សម រង្ស៊ី។

សារ​នេះ​បាន​អះអាង​ថា​ កាលពី​យប់​ថ្ងៃ​សៅរ៍ ​លោក​ ហ៊ុន សែន បាន​ស្នើ​ឲ្យ​លោក កឹម សុខា ចេញ​សេចក្តី​ថ្លែងការណ៍ជាថ្មី​ទៀត​ក្នុង​នាម​គណបក្ស​សង្គ្រោះជាតិ​ ប៉ុន្តែ​មិន​ឲ្យ​ប្រើ​ឈ្មោះ​លោក​ សម រង្ស៊ី ដែល​ជា​ប្រធាន​គណបក្ស​ដែល​កំពុង​តែ​និរទេស​ខ្លួនឯង​នៅ​ក្រៅ​ប្រទេស​នោះ​ឡើយ​។

បើ​តាម​សេចក្តី​ព្រាង​សេចក្តី​ថ្លែងការណ៍​ គឺគេ​ចង់​ឲ្យ​លោក​ កឹម សុខា ​ថ្កោលទោស​យ៉ាង​ដាច់​អហឹង្ការ​ចំពោះ​ជនណា​ដែល​បាន​ប្រមាថ​មក​លើ​ភរិយា​របស់​លោក ហ៊ុន សែន ថា​ជា​ស្រី​របស់​អតីត​មេដឹកនាំ​វៀតណាម លោក ឡេ ដឹកថ និង​ចោទ ​លោក ហ៊ុន ម៉ាណែត ថា​ជា​កូន​របស់​លោក ឡេ ដឹកថ។

សេចក្តី​ព្រាង​នៃ​សេចក្តី​ថ្លែងការណ៍​នេះ​បញ្ជាក់​ថា៖ «ក្នុង​ករណី​ជនអគតិ​ទាំង​នេះ​ជា​សមាជិក​គណបក្ស​សង្គ្រោះជាតិ​ គណបក្ស​មាន​សិទ្ធិ​បណ្តេញ​ចេញ​ពី​បក្ស»។

កាសែត​ភ្នំពេញ​ប៉ុស្តិ៍ បានផ្សាយថា បើ​តាម​សារ​ដែល​ផ្ញើ​ចេញ​ពី​អ៊ីមែល​របស់​លោក​ សម រង្ស៊ី​ នេះបាន​អះអាង​ទៀត​ថា​ តាម​គម្រោង​ដែល​លោក ហ៊ុន សែន នឹង​ជំរុញ​ឲ្យ​ថ្នាក់ដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ១ឬ២នាក់ ​ដែល​គាត់​ទិញ​បាន​ឲ្យ​ចេញ​មុខ​មួលបង្កាច់​ លោក សម រង្ស៊ី ម្តង​វិញ​ថា​ លោក សម រង្ស៊ី ជាអ្នកបាន​និយាយ​មួលបង្កាច់​ក្រុម​គ្រួសារ​លោក ហ៊ុន សែន។

ករណីនេះ អ្នកនាំពាក្យគណបក្សប្រជាជន លោក សុខ ឥសាន ចោទថាសេចក្តី​ថ្លែងការណ៍នោះ រៀបចំដោយ​លោក សម​ រង្ស៊ី ដោយលោកថា អ្នកនយោបាយរូបនេះកំពុងកើតរោគចិត្តនិងព្យាយាមភូតកុហកប្រជាពលរដ្ឋ​៖ «វាជារឿង​ប្រឌិតរបស់លោក សម រង្ស៊ី ទេ យើង​ដឹង​ហើយ សម រង្ស៊ី អស់អីពីដៃ មានតែបញ្ហា​បង្កើតរឿង​ភូត​កុ​ហក ដោយ​សារបោក​ប្រាស់​ ដោយសារប្រឌិតរឿង​ថ្មីៗ ដើម្បី​ទាញ​អារម្មណ៍​ប្រជា​ជន​ទូ​ទៅ​ឲ្យ​ចាប់​អារម្មណ៍​មក​លើគាត់ ចំពោះគាត់អស់រលីងហើយ ធ្វើនយោបាយប្រមាណ២០ផ្លាយឆ្នាំ អស់ពីដៃ ពីជើង អស់​អីអាង​ទៀត»​។

នៅពេលសួរ​ថា តើខ្លឹមសារដែលកាសែតក្នុង​ស្រុក​ដកស្រង់នោះ ជាសម្តីរបស់លោក ហ៊ុន សែន ដែរឬយ៉ាងណា? លោក សុខ ឥសាន សុំមិនអត្ថាធប្បាយលើករណីនេះ។

ចំណែកតំណាង​រាស្ត្រគណបក្ស​សង្រ្គោះជាតិ លោក អ៊េង ឆៃអ៊ាង ថាលោក សុំមិនអត្ថាធិប្បាយលើករណីនេះទេ។

កាលពីដើមខែធ្នូ សារឆ្លងឆ្លើយដែលគេជឿថាជាសាររបស់លោក ហ៊ុន សែន និង ធី សុវណ្ណថា មានខ្លឹមសារថា នាងបានទទួលលុយចំនួន៥០ម៉ឺនដុល្លារពីលោក ហ៊ុន សែន ដើម្បីបម្រើសកម្មភាពបំបែកបំបាក់គណបក្សសង្រ្គោះជាតិ៖ «ចៅបានទុក៥០ម៉ឺនរួចរាល់ហើយ ៣០ម៉ឺនដាក់ធនាគារ៣ និង២០ម៉ឺនដាក់ទូដែកទុកប្រើបន្ទាន់ រៀបចំកាំម៉ារ៉ាសុវត្ថិភាព ទ្វាសុវត្ថិភាព និងអង្គរក្សផ្ទាល់ខ្លួនរួចរាល់ហើយ»។

ពេលនោះឃើញសាររបស់លោក ហ៊ុន សែន ឆ្លើយថា៖ «ប្រសិនបើជាចៅត្រូវការយកទុនទុកក្នុងឲ្យហើយ តានឹងបញ្ជូនបន្ថែម ៦០០ ០០០$ទៀត»។

ក្នុងសារបន្តទៀតលោក ហ៊ុន សែន បានប្រាប់ឲ្យ ធី សុវណ្ណថា ឲ្យធ្វើបាតុកម្មដូរមេបក្សប្រឆាំងដោយថា៖ «ធ្វើមុន២០១៨ល្អ។ ចៅរៀបចំកម្លាំងដូរមេបក្ស។ រង្ស៊ី តាទប់មិនឲ្យចូល ចៅចាត់ការ កឹម សុខា បាតុកម្មរាល់ថ្ងៃ បើដូរមេបក្សមិនបាន ត្រូវបក្សជា២។ តាធានាចិញ្ចឹមបាតុកម្មរបស់ក្រុមចៅ»។

បើតាមសារឆ្លងឆ្លើយនោះ ធី សុវណ្ណថា សរសេរថាខ្លួនទទួលយកផែនការនេះ ដោយថានឹងធ្វើបាតុកម្មបិទស្នាក់បក្សប្រឆាំងនៅខែមករាឆ្នាំ២០១៨ ឲ្យរើសប្រធានបក្សថ្មី ហើយលោក ហ៊ុន សែន សន្យាថា៖ «តាបំរ៉ុងហិរញ្ញវត្ថុបម្រើឲ្យការងារចៅ»៕

សរសេរមកកាន់ លោក ណាត សុភាព តាមរយៈ sopheap@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required