ផាន់ គ្រាន់ និយាយ​រឿង​​​ឡើង​ទម្ងន់​ខ្លាំង

ដោយ លោក សុខ ឆាយ​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ ម៉ោង 9:28 AM | កំសាន្ដកីឡា | 0 | 4055 កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ (សុខ ឆាយ)

​​ការប្រកួតដែលបានធ្វើឡើង​កាលពី​ថ្ងៃទី​៨ មករា ​គេ​​សម្គាល់​​​​​​​កីឡាករជើង​ខ្លាំង​លោក ​​ផាន់ គ្រាន់ មានការធ្លាក់​ដៃ​យ៉ាង​ខ្លាំង ដោយសារតែ​លោក​បណ្ដោយ​​ខ្លួនអោយ​​ឡើង​​គីឡូ​​​​​​​​​ខ្លាំង។ ​​នេះជាការប្រែប្រួល​​មួយដែលគួរអោយចាប់អារម្មណ៍ បន្ទាប់ពី​​​​ទម្ងន់​ខ្លួន​របស់ខ្លួន​​​បង្ក​​ផល​ប៉ះពាល់​​​​ដល់​​​សមត្ថភាព​ការ​ប្រកួត​​​​​​​​​​របស់ខ្លួន​​​​​​​​​​​​​​​ រហូត​ធ្វើអោយ​អ្នកគាំទ្រ​​​​​​ខកចិត្ត​ដដែលជាដដែល។

​​​​​​កីឡាករ ​ផាន់ គ្រាន់ សារភាព​​​​ក្រោយ​ប្រកួតចាញ់​កីឡាករថៃ​​ដោយ​ពិន្ទុ​នៅសង្វៀនទូរទស្សន៍​​​អាស៊ី​អាគ្នេយ៍​​​ថា​​ លោក​​ពិតជា​​ស្ទក់ដៃជើងនិង​​​​ឆាប់ហត់​ប្លែក បន្ទាប់ពី​លោក​បណ្ដោយ​​​ខ្លួនអោយ​ឡើង​គីឡូ​​​​​​​ខ្លាំងខុសពីមុន។ ​ការ​​​​​បណ្ដោយ​​​ខ្លួន​អោយ​​ឡើង​គីឡូខ្លាំង លោកថា​មានការ​ប៉ះពាល់​​​​​​ចំពោះ​សមត្ថភាព​​ប្រកួត​​​​​​​​​​ ​បន្ទាប់ពី​លោក​​ហ្វឹកហាត់មិន​បាន​​ជាប់លាប់ ដែល​ជា​ឥទ្ធិពល​បណ្ដាល​មកពីធាត់​បែកសាច់​និង​​ឡើង​ទម្ងន់ខ្លួន​រហូត​​ដល់​​​​ជាង​​៦៩គីឡូក្រាមនា​ពេល​នេះ។

​លោកថា​​​​ គីឡូដើម​របស់​លោក គឺ​ត្រឹមតែ​​​ជាង​​៥០គីឡូក្រាម​ប៉ុណ្ណោះ តែ​​ក្រោយមកលោកក៏​បាន​វិវត្តន៍​​ទៅ​ប្រកួត​ប្រភេទទម្ងន់​​​​៦៣​គីឡូក្រាម​​​​​ដើម្បីបានឡើង​ប្រកួត​ដណ្ដើម​ខ្សែ​ក្រវាត់នៅ​លើ​សង្វៀនទូរទស្សន៍​ ជា​ពិសេស​ការ​ប្រកួត​ក្នុង​ប្រភេទទម្ងន់​​​៦៣,៥​គីឡូក្រាម។​​

​​​លោកថា​​ហេតុ​ផល​ក្នុង​ក្លឹប​​​​​​​​ដែលលោកហ្វឹកហាត់ មិនសូវមាន​ឧបករណ៍​ហ្វឹកហាត់ ក៏ជា​ហេតុធ្វើអោយ​លោកមិនសូវចង់ហ្វឹកហាត់​ផងដែរ ទើប​លោក​ចេះតែ​ប្រហែស​ខ្លួន​​​​បណ្ដោយ​​អោយធាត់​ ហើយ​បណ្ដាល​​អោយ​​ប៉ះពាល់​ដល់​​សមត្ថភាព​​​​ប្រកួត​ក្រោយពេល​បែកសាច់​។

​លោកថា​​​​​​​កីឡាករ​ប្រដាល់ ខុសពី​​​​អាជីព​ផ្សេង​​ទៀត​​ ពោលគឺអោយតែ​​​​​​​​​​​ភ្លាត់​​​ឡើង​ទម្ងន់​នោះ​ប៉ះពាល់​​ភ្លាម ដោយសារតែ​ពេល​បែកសាច់​​គឺ​សរសៃ​សសូង​មាន​ភាពស្ពឹកស្រពន់​​​​​លែង​សូវ​រស់រវើក។

​លោកថា​​​​បើទោះជា​បាន​​ប្រតិបត្តិ​សកម្មភាព​​ហ្វឹកហាត់ដូច​គ្នានឹងមុនពេលឡើ​ងរេញ​មុន​ៗ​ក៏​នៅតែ​​​​​​​មិនសូវ​រស់រវើក​ ដូច​មុនដែល​​​​លោក​​​មិនទាន់​បែកសាច់។

​​លោកថា​ហេតុផល​ផ្ទះឆ្ងាយពីក្លឹបដែល​លោក​ហ្វឹកហាត់ ក៏ជា​ហេតុ​ផលធ្វើឡើង​​លោកមិនសូវ​​​​​​​ចង់​​​​​​​ហ្វឹកហាត់ជាប់លាប់​ផងដែរ ទើប​​​គីឡូ​របស់លោក​​ចេះតែ​​​​​ឡើង​គីឡូក្រោយទប់​មិនជាប់។

​​​ក្នុង​នោះ​​បញ្ហា​​​​ផ្គូរ​ផ្គង​​​មិនសូវ​បានច្រើនដូចមុនក្នុង​មួយខែ​ៗ ក៏ជាមូលហេតុធ្វើអោយ​​លោក​​​​មិនសូវ​​​​​ប្រយ័ត្ន​​ប្រយែង​រឿង​​រក្សា​ទម្ងន់ខ្លួន។

លោកនិយាយថា៖ ​​«​​​​រយៈពេល​​​​មួយ​ឆ្នាំ​​ហ្នឹ​ង​ ក្លឹបដែលខ្ញុំ​​ហ្វឹកហាត់​​អត់សូវ​​មាន​អីហាត់ ហើយ​​​​​ផ្គូរ​ផ្គងក៏មិនសូវ​ច្រើន ទើប​​​ចេះតែ​​បណ្ដោយៗ​​​​​​ចឹងទៅ តែ​លូវ​​អត់​ទុកចឹង ​ព្រោះ​ប៉ះ​ពាល់ច្រើនណាស់​!»។

លោកសារភាព​ថា​ដៃជើង​​ចាប់​ផ្ដើម​​ស្ពឹកៗនិងមាន​​​​​​​​​​សភាពឆាប់​​ហត់ បន្ទាប់ពី​លោក​​​​​បណ្ដោយ​អោយឡើង​គីឡូក្នុងពេលហ្វឹកហាត់​មិនសូវ​ជាប់​លាប់ស្រប​គ្នា។

 

​លោកប្រកាស​ស្វែង​រកទីតាំង​ហ្វឹកហាត់​​នៅក្នុង​ក្លឹបដែល​ល្អជាង​​ក្លឹប​ចាស់ ដើម្បីកែ​ខៃ​​សមត្ថភាព​ចុះខ្សោយ​​អោយ​ផុត​ពីការ​​​រិះគន់ ​បន្ទាប់ពី​ការ​ប្រកួតនៅលើសង្វៀនកាលពីថ្ងៃទី​​​៨ មករា ​ទទួលបរាជ័យ។

​លោកនិយាយថា​៖ «ចាំមើល​​ខ្ញុំដូរ​ក្លឹប ​​ព្រោះក្លឹប​ខ្ញុំ​​​​​​​ហាត់​រាល់ថ្ងៃ​​​ខ្វះខាតសម្ភារៈ ទើបចេះតែ​ខ្ជិល!»។

​លោក​ប្រកាស​សម្រកទម្ងន់​អោយ​នៅ​​​​ត្រឹម​​៦៤​គីឡូក្រាម​ក្នុ​ង​ពេលខាង​មុខ ​​ដោយ​លោក​​បញ្ជាក់ថា​មិនអាច​បណ្ដាល​ទម្ងន់​​​ខ្លួន​នៅតែ​​​​​ធាត់​​បែបហ្នឹង​បានទេ។

​​​​​​​​​​​​យ៉ាងណា​​លោកក៏សម្ដែង​ក្ដីបារម្ភ​រឿង​សម្រក​ទម្ងន់​​មិន​បាន​​ដូចការគ្រោងទុក ដោយសារតែ​លោក​​យល់ថា​​​​​​​​​ក្នុងរយៈពេលចុង​ក្រោយ បើទោះជា​លោក​មិន​​​​​​​​សូវ​​ហូប​ច្រើននិង​មិនសូវ​ផឹក ​​​​ក៏នៅតែធាត់បែកសាច់​​។ ​លោក​និយាយថា​តាំង​ពី​​ធាត់​ខ្លាំង​មក ​ការប្រកួត​​លែង​មាន​លំនឹង​​ដូចមុនទៀត​ហើយ ជាពិសេស​នៅពេល​​​​​​​​​​​​ដៃជើង​​កក៏​​ស្ទក់​ ហើយ​​​​​នៅពេល​សម្រុកខ្លាំង​ក៏​​​​​ឆាប់ហត់ប្លែក​​​​​​​​​​​​​​​​​​​​​​ មិនខុស​ពី​​​បញ្ជា​ដៃជើ​​​​ង​លែង​សូវ​បាន។ ​

​​​យោង​តាមការប្រកួត​ដែល​បានធ្វើឡើង​​​កីឡាករ​​​​ ផាន់ គ្រាន់ ដែល​ជា​កីឡាករ​ល្បី​ម្នាក់​​​ត្រូវ​បាន​កីឡាករ​ថៃ​ឈ្មោះ​​Phath Say Fa ​វាយ​ត្រូវ​ខ្ចប់ៗ​ បើទោះជា​​​​​​កីឡាករ​កម្ពុជា​បញ្ចេញថ្វីដៃ​​​​មិនសូវ​​ទំនេរ។

លោ​ក ញាណ សុធី អ្នករៀបចំ​​​ព្រឹត្តិការ​ប្រដាល់​ប្រចាំនៅទូរទស្សន៍​អាស៊ី​អាគ្នេយ៍ ​បាន​អះអាងថា​​ធៀប​នឹងការប្រកួតមុនៗ ​កីឡាករ​​ ​ផាន់ គ្រាន់ ធ្លាក់ដៃ​ខុស​ប្លែក ជា​ពិសេស​បន្ទាប់ពី​កីឡាករកម្ពុជា​រូប​នេះ​ឡើង​ទម្ងន់។ លោកថា​​​​កីឡាករ ​ផាន់ គ្រាន់ ​ធ្លាប់តែ​ប្រកួតក្នុង​ប្រភេទ​ទម្ងន់​​​ក្រោម​​​​​​៦៥​គីឡូក្រាម ចឹង​ហើយទើប​​ក្រោយពេល​​ឡើង​ប្រកួត​​​​ក្នុងប្រភេទ​​​​៦៩​គីឡូក្រាម ​ទើប​​មានការប្រែប្រួល​​​​សមត្ថភាព​​។

​លោក​ថាការប្រកួត​របស់ ផាន់ គ្រាន់ ​​​​​​​​ចាប់​ផ្ដើម​បាត់ភាពទាក់ទាញ ដោយ​​​លោក​ប្រកាស​ថា​​​​តាំង​ពី​​​​​​​​​​ទូរទស្សន៍អាស៊ីអាគ្នេយ៍​​​ប៉ុន្មានលើកចុង​ក្រោយ គឺ​​​​​​​ចាញ់​ច្រើនជាង​ឈ្នះ។ ​លោក​​​​​បាន​ថ្លែងថា ​​​​​លោក​​​កំណត់​អោយ ​ផាន់ គ្រាន់ សម្រកទម្ងន់ ​ដ្បិតថា​​បើ​​​​​​លោកនៅតែ​​​​​​​​ទុក​​​ខ្លួនអោយធាត់បែប​​នោះ គឺគណៈកម្មការ​ទូរទស្សន៍​អាស៊ី​អាគ្នេយ៍នឹង​​ផ្អាក​ផ្គូរផ្គង​​អោយ​​​លោកឡើង​ប្រកួត។

លោកនិយាយ​ថា​​​៖ «​ផាន់​ គ្រាន់​ ប្រកួត​អត់​ល្អ​សោះតាំង​ឡើងគីឡូ តែ​មុនខ្ញុំ​​អោយ​​​​​ស្រកចឹង បើនៅតែ​ចឹង​​​​​អត់​ផ្គូរផ្គង​​ទេ ​​​​ខ្ញុំអោយសម្រក​ព្រោះ​ស្ដាយ​​​វា​​វ៉ៃ​ល្អ!»។ ​​​

កីឡាក​រ​ ផាន់ គ្រាន់ ​ក៏​បាន​​បង្ហាញ​ជំហរសម្រកទម្ងន់​អោយខាន​តែ​បាន ដោយសារតែ​​​​​លោកក៏មិនចង់​​បាត់បង់​អាជីព​​​ប្រដាល់​​ដោយសារឡើង​គីឡូនោះដែរ៕

សរសេរមកកាន់ លោក សុខ ឆាយ តាមរយៈ sokchhay@gmail.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required