សមត្ថកិច្ចថៃកំពុងស្វែងរកចាប់ខ្លួន​ជនបរទេសពីរនាក់ដែលហែកនិងជាន់ទង់ជាតិ​

ដោយ លោក ពៅ មេត្តា​​ | ថ្ងៃចន្ទ ទី៩ ខែមករា ឆ្នាំ២០១៧​ ម៉ោង 10:50 AM | អន្តរជាតិ | 0 | 4837

សមត្ថកិច្ចថៃកំពុងស្វែងរកចាប់ខ្លួន​ជនបរទេសពីរនាក់ដែលហែកនិងជាន់លើទង់ជាតិ​របស់ថៃ នៅក្នុងខេត្តក្រប៊ឺ នៅភាគត្បូងប្រទេស ហើយអាជ្ញាធរបញ្ជាក់ថា បើចាប់បានពួកគេអាចនឹងជាប់ពន្ធនាគារចំនួន​ពីរឆ្នាំ​ ចំពោះការប្រមាថដល់ជាតិសាសន៍។​

បើតាមការចុះផ្សាយរបស់សារព័ត៌មានបាងកកប៉ុស្តិ៍ឲ្យដឹងថា ជនបរទេសទាំងពីរនោះ គេមិនទាន់បានស្គាល់អត្តសញ្ញាណនៅឡើយ ដោយគ្រាន់តែឃើញធ្វើសកម្មភាពហែក និង ជាន់ទង់ជាតិ​ថៃតាមកាមេរ៉ាសុវត្ថិភាពនៅម៉ោង​៣និង៣០នាទីព្រឹកថ្ងៃសៅរ៍ ពេលដែលមិនមានមនុស្សនៅ។​ ទង់ជាតិនោះគេដាក់តាំង តុបតែងនៅមុខហាងមួយ នៅក្នុងក្រុងក្រប៊ី ខេត្តក្រប៊ី ជាខេត្តជាប់មាត់សមុទ្រដែលមានភ្ញៀវទេសចរបរទេសទៅកំសាន្តច្រើ។​

បាងកកប៉ុស្តិ៍ឲ្យដឹងថា បុរសឈ្មោះ​ Wattana Saranart អាយុ៦៥ឆ្នាំ ជាម្ចាស់ហាងឈ្មោះ Sunny បានថ្លែងថា គាត់មានការខឹងសម្បារយ៉ាងខ្លាំងចំពោះ ឥរិយាបថជនបរទេសពីរនាក់ដែលហែកទង់ជាតិ នៅមុខហាងរបស់លោក ហើយលោកក៏បានយកវិឌីអូក្នុងកាមេរ៉ាសុវត្ថិភាពទៅប្តឹងឲ្យនគរបាលចាត់ការតាមផ្លូវច្បាប់។​

ក្រមព្រហ្មទណ្ឌរបស់ថៃ មាត្រា ១១៨ចែងថា អ្នកដែលប្រមាថទង់ជាតិ អត្តសញ្ញាណជាតិ នឹងត្រូវជាប់ពន្ធនាគារយ៉ាងតិច២ឆ្នាំ និង ពិន័យជាប្រាក់​៤០០០បាត ឬ ស្មើប្រមាណ​១០០ដុល្លារអាមេរិក​៕

សរសេរមកកាន់ លោក ពៅ មេត្តា តាមរយៈ minpov@vodhotnews.com

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required