អ្នកដឹកទំនិញចោទកម្មករទាថ្លៃឡានថាវាយឲ្យរបួលក្បាល​

អ្នកដឹកទំនិញពីកម្ពុជាទៅប្រទេសវៀតណាមបានចោទកម្មករទាភាស៊ីនៅច្រកផ្សារ​ព្រៃទទឹង ខេត្តកំពង់ចាម​ថា​ បានវាយឲ្យរបួសក្បាល ខណៈកម្មកររូប​នោះព្យាយាមហៅរថយន្តទទេ (មិនមានដឹកទំនិញ​)​ ឲ្យបង់​លុយ​។

លោក ថាល់ ជន្ធី អ្នកដឹកស្រូវនិងដំឡូងទៅប្រទេសវៀតណាមបានរៀប​រាប់​ប្រាប់ ​VOD​ នៅថ្ងៃចន្ទនេះថា នៅ​​ម៉ោង​ប្រមាណ​ជាង​៧​យប់​ ថ្ងៃអាទិត្យម្សិលមិញ កម្មករច្រកផ្សារ​ព្រៃទទឹងដែលលោកថាមិនស្គាល់ឈ្មោះ បាន​ហៅ​ឡានទទេឲ្យឈប់បង់លុយនិងប្រើពាក្យអស្សុរស​(ជេម្តាយ) ប៉ុន្តែលោក​ឆ្លើយទៅកម្មករនោះថា មិន​មា​ន​​ទំនិញ​​ដែលត្រូវ​ដឹក​នោះ​ទេ។ ភ្លាមៗគាត់បាន​ឈប់និ​ងចុះ​ពីរ​ថយន្ត​ដើម្បី​សួរ​នាំ​រឿង​ប្រើ​ពាក្យ​អស្សុ​រស​​​នោះ​ តែ​​កម្មករបាន​យក​ពិលវាយ​ចំក្បាល​ឲ្យ​រង​របួស​៤ថ្នេរ រួចរត់​គេចខ្លួនបាត់​ ខណៈសមត្ថកិច្ច​​នៅ​ក្បែរ​នោះ​មិន​ជួយអន្តរាគមន៍ភ្លាមៗនោះ។

យ៉ាងណាក៏ដោយ  លោក ថាល់ ជន្ធី ថាបើសមត្ថិកិច្ច​មិនជួយអន្តរាគមន៍និងចាប់​ជន​ល្មើស​មក​ចាត់​វិធាន​ការ​ច្បាប់​ទេ លោកថានឹងធ្វើឲ្យពលរដ្ឋអស់ជំនឿលើសមត្ថកិច្ចមូលដ្ឋានទំា​ង​នោះ៖ «បើគេថា​រកដំ​ណោះ​ស្រាយ​អត់បាន​ប្រជាពលរដ្ឋមានអី មានតែចប់ប៉ុណ្នឹង រួចមានពីណាគេជឿជាក់ទៀត(ជឿជាក់សមត្ថកិច្ច) មិនបាច់ទៅគោរពសមត្ថកិច្ចអីទៀត»។

លើសពីនេះទៀត ក្រោយពីកើតហេតុភ្លាម​ លោក ថាល់ ជន្ធី ថាគាត់បានសួរទៅ​ម្ចាស់​ម៉ៅការផ្សារ​​ច្រក​ព្រៃទទឹងនិងអ្នករួមការងារ អំពីឈ្មោះកម្មករដែលប្រើហិង្សាលើរូបគាត់ដែរ ប៉ុន្តែពួកគេថាមិនស្គាល់បុគ្គល​នោះ​ទេ។ ករណីនេះ លោក ថាល់ ជន្ធី បាន​លើក​ជា​ចង្ងល់ដូចនេះថា៖ «បើវាមកឈរយកលុយនៅប៊េន បើប៊េនឆ្លើយថាមិនមែនគ្នាវាផង បើវានៅជាមួយគ្នាយូរហើយ (មួយអាយូសហើយ) បើមិនស្គាល់​ប្រហែលជាលេសរបស់វា»។

VOD មិនអាចសុំការបំភ្លឺពីម្ចាស់ម៉ៅការនិងសមត្ថកិច្ចច្រកព្រៃទទឹងបានទេនៅថ្ងៃនេះ។

លោក ថាល់ ជន្ធី បញ្ជាក់ថា រាល់ថ្ងៃក្រុមកម្មករនៅច្រកផ្សារ​ព្រៃទទឹងតែងតែប្រើពាក្យអស្សុរសលើអ្នកដឹក​ទំនិញ និងរញ៉េរញ៉ៃ ពោលមិនមានសណ្តាប់ធ្នាប់រៀបចំឲ្យបាន​ល្អនោះទេ បើទោះជាពួកគេបង់លុយ​ជាថ្នូរ​នឹង​បាន​ដឹកទំនិញឆ្លងកាត់តំបន់នោះក៏ដោយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ