មន្ត្រី​ថា បង្ក្រាប​គ្រឿង​ញៀន​បាន​ជាង​១​ម៉ឺន​ករណី ឃាត់​ខ្លួន​មនុស្ស​ជាង​១​ម៉ឺន​នាក់

អាជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន បានឲ្យដឹងថា ជន​សង្ស័យ​ពាក់​ព័ន្ធ​នឹង​បទ​ល្មើស​គ្រឿង​ញៀន​ជាង ១​ម៉ឺន​នាក់ ត្រូវ​បាន​សមត្ថកិច្ច​ចាប់​ខ្លួន នៅ​ក្នុង​ពេល​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​នៅ​ទូទាំង​ប្រទេស កាល​ពី​ឆ្នាំ​មុន ដោយ​ថា បទល្មើស​នេះ​បាន​កើន​ឡើងជាង ២​ដង បើធៀប​ទៅ​នឹង​ឆ្នាំ​២០១៦។

អគ្គលេខាធិការ​នៃ​អជ្ញាធរ​ជាតិ​ប្រយុទ្ធ​ប្រឆាំង​គ្រឿង​ញៀន លោក មាស វីរិទ្ធ បាន​ប្រាប់​វីអូឌី​នៅ​ថ្ងៃ​នេះ​ថា សមត្ថកិច្ច​បង្ក្រាប​បទ​ល្មើស​គ្រឿង​ញៀន​បាន​ជាង ៨​ពាន់​ករណី​នៅ​ទូទាំង​ប្រទេស ដោយ​ឃាត់​ខ្លួន​ជន​សង្ស័យ​ជាង ១​ម៉ឺន​នាក់ និង​រឹប​អូស​បាន​សារធាតុ​ញៀន ១៧៨​គីឡូក្រាម​នៅ​ទូទាំង​ប្រទេស។ លោក​បន្ថែម​ថា ទំហំ​បទល្មើស​ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន​កាល​ពី​ឆ្នាំ​២០១៧ បាន​កើន​ឡើងជាង ២​ដង បើធៀប​នឹងឆ្នាំ​២០១៦​កន្លង​មក។

លោក មាស វីរិទ្ធ ប្រាប់​ថា​៖ «ជាង១ពាន់ករណី ក្នុង​ចំណោមករណី​ប៉ុណ្ណឹង មនុស្សជាង ១ម៉ឺននាក់ត្រូវ​បានឃាត់ខ្លួន ​ហើយមួយចំនួន​ជាងពាក់​កណ្តាល​បញ្ជូនទៅតុលាការ និងជិតពាក់កណ្តាល បញ្ជូនទៅទទួលយក​សេវាព្យាបាល ព្រោះគាត់​ជាអ្នកប្រើប្រាស់គ្រឿងញៀន និង​ជា​​អ្នកញៀន​»។

បើ​តាម​លោក មាស វីរិទ្ធ គ្រឿង​ញៀន ត្រូវ​បាន​នាំ​ចេញ​ពី​តំបន់​ត្រីកោណ​មាស​ក្នុង​ប្រទេស​ភូមា និង​ឆ្លង​កាត់​តាម​ប្រទេស​ថៃ និង​ឡាវ មុន​នឹង​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា តាម​បណ្ដា​ខេត្ត​ជាប់​ព្រំដែន ហើយ​គ្រឿង​ញៀន​ទាំង​នោះ រួម​មាន មេតំហ្វេតាមីន គ្រីស្តាល់​គ្រាប់ ហេរ៉ូអ៊ីន កូកាអ៊ីន វេតាមីន ជាដើម។

ប្រធានសមាគមន៍សង្គ្រោះជនរងគ្រោះ​ ដោយគ្រឿងញៀនកម្ពុជា ហៅកាត់ថា DARAC លោក មាស សុវណ្ណ ហាក់មិនមាន​ជំនឿ​លើការអនុវត្តច្បាប់របស់អាជ្ញាធរគ្រឿងញៀន ដោយថាបទល្មើសនៅតែបន្តកើនឡើងជារៀងរាល់ឆ្នាំបែបនេះ។ ប៉ុន្តែ​លោក​ថា ដើម្បីទប់ស្កាត់បទល្មើសគ្រឿងញៀនឲ្យមានប្រសិទ្ធភាព ស្ថាប័នពាក់ព័ន្ធត្រូវ​ពង្រឹងការ​អនុវត្តច្បាប់ឲ្យបានតឹងរឹង ដោយមិន​ប្រកាន់បក្សពួកទើបទទួលបានផលវិជ្ជមាន។

លោក​និយាយថា «អ្នកណាក៏ត្រូវ​ចូលរួមបង្ក្រា​បចាប់​ ហើយបើមិនចាប់ទេ ក៏ចូលរួមផ្តល់ព័ត៌មានឲ្យទៅ[អាជ្ញាធរ​] ទោះបីអ្នកតូច អ្នកធំ​ណាក៏ដោយ​ វាត្រូវការអនុវត្តច្បាប់ដែរច្បាប់ហ្នឹង​ ចំរុះអន្តរក្រសួង​ ដើម្បីបង្ក្រាប បោសសំអាត​ បើសិនជាធ្វើជាប់​ទៅទៀត បន្តឆ្នាំទៅមុខ​ទៀត​​គឺមានការថយចុះកាន់តែបានច្រើន»។

លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ប្រកាស​យុទ្ធនាការ​បង្ក្រាប​គ្រឿង​ញៀន​កាល​ពី​ដើម​ឆ្នាំ​២០១៧​កន្លង​ទៅ បន្ទាប់​ពីដំណើរ​ទស្សនកិច្ច​របស់​ប្រធានាធិបតី​ហ្វីលីពីន លោក រ៉ូទ្រីហ្កូ ឌូទើតេ កាល​ពី​ពាក់​កណ្ដាល​ខែ​ធ្នូ​ឆ្នាំ​២០១៦។

បញ្ហា​គ្រឿង​ញៀន ត្រូវ​បាន​រក​ឃើញ​ក្នុង​ការ​ស្ទង់​មតិ​មួយ​កាល​ពី​ឆ្នាំ​២០១៦​​ថា ជា​ចំណុច​ខ្សោយ​ធំ​មួយ​របស់​រដ្ឋាភិបាល​ដឹកនាំ​ដោយ​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​នាយករដ្ឋ​មន្ត្រី ហ៊ុន សែន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ