រដ្ឋាភិបាលព្រមានរឹបអូសទ្រព្យសម្បត្តិអតីតមន្ដ្រីបក្សប្រឆាំង១១៨រូប

អតីតក្រុមតំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ

រដ្ឋាភិបាល​កម្ពុជា​ថា គ្រោងស៊ើបអង្កេត និងព្រមានរឹបអូសទ្រព្យសម្បត្តិអតីតមន្ដ្រីបក្សប្រឆាំង ១១៨រូប ប្រសិនបើ​ពួកគេបន្ដធ្វើសកម្មភាព ដែលរដ្ឋាភិបាលហៅថា ជា«ចលនាបដិវត្តន៍ពណ៌» ទោះបីជាតុលាការរំលាយបក្សប្រឆាំងចោលហើយក៏ដោយ។

គណបក្សសង្គ្រោះជាតិ ដែលទទួល​បាន​សំឡេង​គាំ​ទ្រ​ពី​ពលរដ្ឋ​ប្រហែល ៣លាននាក់ កាលពីបោះឆ្នោតថ្នាក់ជាតិឆ្នាំ២០១៣​នោះ ត្រូវបានតុលាការកំពូល​សម្រេចរំលាយចោលកាលពី​កណ្ដាល​ខែវិច្ឆិកាឆ្នាំ២០១៧ ហើយតុលាការបានហាមឃាត់សមាជិកអតីតបក្សប្រឆាំង ១១៨រូប មិនឲ្យធ្វើនយោបាយរយៈពេល ៥ឆ្នាំ។

ខណៈ​ដែល​មេដឹកនាំ​គណបក្សសង្គ្រោះ​ជាតិ ​លោក កឹម សុខា បន្ត​ជាប់ក្នុងពន្ធនាគារ​ក្រោមការចោទប្រកាន់ថា «ក្បត់ជាតិ» ចាប់​តាំង​ពី​ការ​ចាប់​ខ្លួន​កាល​ពី​ដើម​ខែ​កញ្ញា​ឆ្នាំ​មុន​នោះ ​មន្ដ្រីជាន់ខ្ពស់មួយចំនួន​របស់​បក្ស​ប្រឆាំង​មួយ​នេះ បាន​ចាក​ចេញ​ និង​ធ្វើ​សកម្មភាព​តវ៉ា ឬ​តស៊ូ​មតិ​នៅ​ឯ​​ក្រៅប្រទេស។

ទោះបីអតីតបក្សប្រឆាំងដ៏ធំមួយនេះ ត្រូវបានរំលាយចោលហើយក្ដី អង្គភាពប្រឆាំងអំពើពុករលួយ បានជូនដំណឹងពីការដាក់ទោសទណ្ឌបន្ថែម ប្រសិនបើអតីតមន្ដ្រីបក្សប្រឆាំង មិនព្រមប្រកាសទ្រព្យសម្បត្តិ ក្រោយពួកគេចុះចេញពីតំណែង។

ក្នុងរបាយការណ៍បូកសរុបលទ្ធផលប្រចាំខែធ្នូ ឆ្នាំ២០១៧ ដែលត្រូវបានចេញផ្សាយកាលពីថ្ងៃម្សិលមិញ​នេះ នគរបាលជាតិ បានដាក់ចេញនូវផែនការសម្រាប់ដើមខែមករា ឆ្នាំ២០១៨នេះ ដោយថា គ្រោងប្រមូលព័ត៌មានហិរញ្ញវត្ថុ​របស់អតីតមន្ដ្រីបក្សប្រឆាំងទាំង ១១៨រូប ដើម្បីការពារសន្ដិសុខជាតិ។​

ក្នុងរបាយការណ៍​បញ្ជាក់ថា៖ «បន្ដប្រមូលផ្ដុំលើការងាររក្សាសន្ដិសុខជាតិ ដោយត្រូវយកចិត្តទុកដាក់ប្រមែប្រមូលព័ត៌មាន ដើម្បីវិភាគ វាយតម្លៃកំណត់ប្រភពហិរញ្ញវត្ថុ ដែលមានគោលដៅអវិជ្ជមានចំពោះជាតិ និងរាជរដ្ឋាភិបាល សន្និដ្ឋានអំពីឧបាយកល និងវិធីសាស្ដ្រសកម្មភាពបន្ទោសរបស់និន្នាការអមិត្តនាពេលខាងមុខ»។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ឲ្យ VOD ដឹងនៅថ្ងៃនេះ​ថា មន្ដ្រីអតីតគណបក្សសង្គ្រោះជាតិ អាចនឹងត្រូវរឹបអូសទ្រព្យសម្បត្តិ ប្រសិនបើពួកគេបន្ដសកម្មភាពមួយ​ដែល​លោក សុភ័គ ហៅ​ថា «ចលនាបដិវត្តន៍ពណ៌»។​ ប៉ុន្ដែ លោកថា ចំពោះអ្នកបានអនុវត្តតាមច្បាប់ត្រឹមត្រូវរួចហើយ គឺអាជ្ញាធរមិនមានចំណាត់ការនោះទេ។

លោកថា៖ «ក្នុងករណី​អ្នកដែលមានសកម្មភាពប្រឆាំង បន្ដធ្វើបដិវត្តន៍ពណ៌ អាហ្នឹងយើងអាចមាន ប៉ុន្ដែ ចំពោះអ្នកអនុវត្តតាមច្បាប់ តាមសាលដីការបស់តុលាការហើយ គាត់​អនុវត្តតាម អាហ្នឹងគាត់មិនអីទេ។ ជារឿងធម្មតា អ្នកនៅក្រៅប្រទេស ដែលធ្វើសកម្មភាពអីហ្នឹង អាចប៉ះពាល់ហើយ»។

ថ្លែងនៅប្រទេសបារាំង​កាលពីម្សិលមិញ មន្ដ្រីជាន់ខ្ពស់អតីត​គណបក្សប្រឆាំង លោក យ៉ែម បុញ្ញឫទ្ធិ មានប្រសាសន៍ថា​ អតីតបក្សប្រឆាំង​មួយ​នេះ មិនដែលមានបំណងធ្វើបដិវត្តន៍ពណ៌ ឬប្រព្រឹត្តអំពើ «ក្បត់ជាតិ» នោះទេ។ លោកថា អ្វីដែលរដ្ឋាភិបាលរបស់លោក ហ៊ុន សែន ចោទប្រកាន់នោះ គឺជាការភ័យខ្លាចបាត់បង់អំណាចតែប៉ុណ្ណោះ។ នេះដោយយោងតាមវីដេអូឃ្លី ដែលបង្ហោះលើហ្វេសប៊ុករបស់លោក។

លោកថា៖ «គេមូលបង្កាច់ថា ក្បត់ជាតិ។ ពាក្យនេះ យើងធ្លាប់លឺគ្រប់ជំនាន់ ឲ្យតែមានការផ្លាស់ប្ដូរអ្នកដឹកនាំ ឲ្យតែមានការចង់រក្សាអំណាច ដើម្បីបក្ខពួក​ និងគ្រួសារ តែងតែលឺពាក្យក្បត់ជាតិ។ យើងជាខ្មែរ យើងមិនក្បត់ជាតិយើងទេ យើងមានសុឆន្ទៈពិតប្រាកដ គឺដើម្បីជាតិខ្មែរ»។

ប្រធានក្រុមអ្នកវិភាគវ័យក្មេង លោក ហង្ស វិទូ យល់ថា ចំណាត់ការជាបន្ដបន្ទាប់មកលើអតីតគណបក្សសង្គ្រោះជាតិ គឺជាការបង្កជម្លោះ សងសឹងគ្នាទៅវិញទៅមក និងមិនបម្រើផលប្រយោជន៍ជាតិទាំងមូលទេ។ លោកវិភាគថា ទង្វើរបស់រដ្ឋាភិបាលបែបនេះ នឹងជួយបង្កើនសំឡេងទៅគូបដិបក្ខម្ខាងទៀត បើសិនជាអតីតគណបក្សសង្គ្រោះជាតិ អាចរស់ឡើងវិញ និងវិលមកចូលរួមការបោះឆ្នោតជាតិ​នៅឆ្នាំនេះ។

លោកថា៖  «ដូច្នេះ ខ្ញុំយល់ឃើញថា ទង្វើបែបនេះ វាជារឿងមួយដែលបង្ករឿង ហើយមិនបានចំណេញអីដល់ផលប្រយោជន៍ជាតិទេ។ ការធ្វើបែបនេះ មានតែធ្វើឲ្យសាធារណជន មើលឃើញថា ជាទង្វើហួសហេតុ ដែលខ្ញុំយល់ឃើញថា នឹងធ្វើឲ្យប៉ះពាល់ប្រជាប្រិយភាពគណបក្សប្រជាជន ដែលធ្វើការបោះឆ្នោតនាពេលខាងមុខ។ បើសិនជាគណបក្សសង្គ្រោះជាតិ អាចផុសឡើងវិញ គឺនឹងធ្វើកៅអីរបស់គាត់ស្រកចុះទៅតាមហ្នឹង ព្រោះខ្ញុំយល់ឃើញថា ជាទង្វើមួយពិបាកទទួលយកណាស់»។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានទទួលរងការថ្កោលទោសជាបន្ដបន្ទាប់​ពីសហគមន៍អន្ដរជាតិ ដោយថា បានប្រព្រឹត្តអំពើរំលោភសិទ្ធិមនុស្ស និងបំផ្លាញលទ្ធិប្រជាធិបតេយ្យ បន្ទាប់​ពី​ការ​រំលាយអតីតបក្សសង្គ្រោះជាតិ ការបន្ដឃុំខ្លួនលោក កឹម សុខា និងការយាយីលើអង្គការសង្គមស៊ីវិល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

សហគមន៍អន្ដរជាតិនាំមុខដោយសហភាពអឺរ៉ុប និងសហរដ្ឋអាមេរិក បានព្រមានដាក់ទណ្ឌកម្ម ទាំងផ្នែកការទូត និងផ្នែកសេដ្ឋកិច្ច ដោយថា កម្ពុជា​បានដើរចេញពីគន្លងប្រជាធិបតេយ្យ និងផ្ទុយពីខ្លឹមសារនៃកិច្ចព្រមព្រៀងក្រុងប៉ារីស៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ