កម្មការិនីរងគ្រោះដោយប្តីជះទឹកអាស៊ីតស្នើឲ្យសមត្ថកិច្ចចាប់ប្តីដាក់គុកមួយជីវិត​

កម្មការិនីរងគ្រោះ ស៊ុន សុខនី កំពុង​សម្រាកព្យាបាល​នៅ​មន្ទីរពេទ្យ​កាល់មែត (រូបភាព៖ ទូច សុខា)

កម្មការិនីម្នាក់ដែលរងការជះទឹកអាស៊ីតពីស្វាមីរបស់ខ្លួនកាលពីយប់ម្សិលមិញ អំពាវនាវឲ្យអាជ្ញាធរតាមចាប់ប្តីរបស់ខ្លួនមក ផ្តន្ទាទោសដាក់ពន្ធនាគារអស់មួយជីវិត។

កម្មការិនី ស៊ុំ សុខនី អាយុ២៣ឆ្នាំ ដែលកំពុងសម្រាកព្យាបាលនៅមន្ទីរពេទ្យកាល់ម៉ែតបានថ្លែងប្រាប់អ្នកសារព័ត៌មានថា អ្នកស្រីត្រូវបានស្វាមីឈ្មោះ ង៉ែត ផល្លី អាយុ២៧ ជះទឹកអាស៊ីតដាក់នៅម៉ោងប្រមាណជា៩យប់ ថ្ងៃចន្ទម្សិលមិញ នៅក្នុងនៅភូមិដំណាក់ធំ២ សង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ អ្នកស្រីបន្តថាអ្នកស្រីត្រូវបានជួយសង្គ្រោះពីអ្នកជិតខាងនិងបញ្ជូនទៅកាន់មន្ទីពេទ្យកាលម៉ែតភ្លាមមន្ទាប់ពីមានហេតុការណ៍កើតឡើង។

អ្នកស្រី ស៊ុំ សុខនី ឲ្យដឹងទៀតថាអ្នកស្រីនិងស្វាមីបានរៀបការអស់រយៈពេល៣ឆ្នាំមកហើយនិងមានកូនស្រីម្នាក់អាយុជាង១ឆ្នាំ។ អ្នកស្រីថាប្តីអ្នកស្រីតែងតែប្រច័ណ្ឌអ្នកស្រី ដោយចោទអ្នកស្រីថាមានប្រុសថ្មីនិងចាប់មានទំនាស់គ្នាតាំពីដើមខែមករា ឆ្នាំ២០១៦មក។ អ្នកស្រីបន្ថែមថាទោះបីជាអ្នកស្រីពន្យល់យ៉ាងណាក៏ប្តីគាត់នៅតែបន្តរករឿងដដែល។

អ្នកស្រីបន្ថែមថា៖ “គេនៅតែថានៅតែនិយាយថាខ្ញុំមានប្រុសមានសាហាយអី អ៊ីចឹងទៅណា ហើយខ្ញុំក៏តបវិញថា បើសិនជាមិនទុកចិត្តខ្ញុំក៏លែងគ្នាទៅ។ គេ(ប្តី)ក៏ខឹងហើយទាញ(កាំបិត)ប៉័ងតោរកអារកខ្ញុំ ប៉ុន្តែបានបងប្អូននិងអ្នកនៅបន្ទប់ជិតហ្នឹងជួយ ហើយខ្ញុំក៏បានបណ្តញឲ្យចេញពីបន្ទប់ ហើយគេក៏ចេញទៅ”

អ្នកស្រី ស៊ុំ សុខនី បន្តថាមុនពេលកើតហេតុ ប្តីអ្នកស្រីបានមកជួបអ្នកស្រី ខណៈដែលអ្នកស្រីកំពុងចេញពីធ្វើការនៅម៉ោង៨យប់ និងកំពុងដើរទៅទិញម្ហូប។ អ្នកស្រីថាប្តីអ្នកស្រីបានសុំអ្នកស្រីទៅស្នាក់នៅបន្ទប់របស់អ្នកស្រី ប៉ុន្តែអ្នកស្រីបានបដិសេធ ដោយអ្នកស្រីអះអាងថាខ្លាចប្តីរករឿងដូចមុនទៀត។

អ្នកស្រីបន្តថា៖ “គេសុំត្រូវជាមួយខ្ញុំវិញ អញ្ចេះមួយអញ្ចោះពីរអ៊ីចឹងណា ហើយទៅក៏សុំឡើងទៅលើផ្ទះជួលខ្ញុំ តែខ្ញុំអត់ឲ្យឡើង ខ្ញុំខ្លាចម្ចាស់ផ្ទះហ្នឹងមានរឿងព្រោះគេ(ប្តី)ធ្លាប់ទៅរករឿងហ្នឹងម្តង ហើយម្ចាស់ផ្ទះគេស្តី គេព្រមាន…ខ្ញុំហាមមិនឲ្យគេឡើងទៅ គេខឹងខ្ញុំត្រង់ហ្នឹងគេក៏ទាញទឹកអាស៊ីតមក មិនដឹងថាគេកាន់ពីពេលណាទេបង គេទុកទឹកអាស៊ីតនៅគៀនរបង ពេលខ្ញុំឃ្លាតពីគេ២ម៉ែត្រគេក៏ជះមកណា…ខ្ញុំចង់ឲ្យគេផ្តន្ទាទោសមួយជីវិតបង”

អ្នកលក់បន្លែនិងសាច់នៅក្បែរកន្លែងកើតហេតុអ្នកស្រី ស៊ុំ ស្រីម មានប្រសាសន៍ថាជនរងគ្រោះបានស្រែកឲ្យអ្នកជិតខាងជួយក្រោយពេលត្រូវទឹកអាស៊ីត ហើយអ្នកជិតខាងបានជួយនិងមានអ្នកលក់ថ្នាំពេទ្យម្នាក់បានយកថ្នាំទៅបាញ់ពីលើដងខ្លួននិងបានស្រោចទឹកជួយកម្មការិនីនោះមុននឹងបញ្ជូនទៅកាន់មន្ទីពេទ្យ។ អ្នកស្រីបន្ថែមថា៖ “គេបាញ់អាស្ព្រាយហ្នឹងមកដល់ត្រឹមនេះ [ទ្រូង] ចងពុំត្រឹមនេះ អាវហ្នឹងរលួយដាច់បោះចោលអស់ហើយ គេបាញ់ត្រឹមហ្នឹងឡើងលើ…គេបាញ់ហើយអីហើយនៅឈរញាក់ ពេលឡានពេទ្យមកគេដឹកយកទៅពេទ្យទៅ”

លោកវេជ្ជបណ្ឌិត ស៊ង សុភ័ក្រ្ក ដែលបានព្យាបាលស្រ្តីរងគ្រោះអះអាងថាជនរងគ្រោះមិនមានគ្រោះថ្នាក់ដល់ជីវិតនោះទេ ហើយលោកថាជនរងគ្រោះនឹងបានធូរស្រាលវិញនៅប្រហែលមួយសប្តាហ៍ទៀត។ លោកថាជនរងគ្រោះអាចមានស្នាមលើផ្ទៃមុខនិងដងខ្លួន ហើយភ្នែកដែលត្រូវនឹងទឹកអាស៊ីតនោះក៏អាចជាសះស្បើយនិងមើលឃើញវិញជាធម្មតាដែរ។ លោកបញ្ជាក់​ថា​អាស៊ីតដែលប្រើនេះជាប្រភេទអាស៊ីតខ្លាំង តែលោកថាជនរងគ្រោះមិនមានដាច់សាច់រលេះរលួយដោយសារតែមានការជួយ​សង្គ្រោះ​ទាន់ពេលវេលាពីអ្នកជិតខាង។

ទាក់ទងនឹងករណីគ្រោះថ្នាក់ដោយទឹកអាស៊ីតនេះ អ្នកនាំពាក្យបេឡាជាតិសន្តិសុខសង្គម លោក ឈាវ ប៊ុនណារិទ្ធិ មានប្រសាសន៍បើសិនជាក្រុមអធិការកិច្ចរបស់បេឡាជាតិរកឃើញថា អ្នកស្រី ស៊ុំ សុខនី រងគ្រោះបន្ទាប់ពីចេញពីធ្វើការមែន លោកថាបេឡាជាតិសន្តិសុខសង្គមជាអ្នកទទួលបន្ទុកលើការព្យាបាលនេះ។ លោកឲ្យដឹងថាពេលនេះ ក្រុមអធិការកិច្ចរបស់លោកកំពុងចុះស៊ើបអង្កេតករណីនេះ។

មេប៉ុស្តិ៍រដ្ឋបាលសង្កាត់ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន មានប្រសាសន៍ថា សមត្ថកិច្ចកំពុងស៊ើបអង្កេតតាមចាប់ជនដៃដល់ដែលជាប្តីជនរងគ្រោះនោះ។ លោកបញ្ជាក់ថារហូតមកដល់ពេលនេះ លោកមិនទាន់អាចបញ្ជាក់ថាមានមូលហេតុអ្វីនៅពីក្រោយ​​នៅ​ឡើយ​ទេ​។

គួរបញ្ជាក់ថា កាលពីថ្ងៃទី៣ ខែមីនា ឆ្នាំ២០១៥ មានហេតុការណ៍ការជះទឹកអាស៊ីតលើនារីសន្តិសុខរោងចក្រក្នុងសង្កាត់ចោមចៅ រហូតដល់នារីរងគ្រោះស្លាប់ ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈ។ សមត្ថកិច្ចសង្ស័យថាករណីនេះបណ្ដាលមកពីស្នេហាត្រីកោណ។

របាយការណ៍របស់អង្គការជួយជនរងគ្រោះដោយសារទឹកអាស៊ីតឲ្យដឹងថា ចាប់ពីឆ្នាំ១៩៦៤ មកដល់បច្ចុប្បន្នមានជនរងគ្រោះដោយសារទឹកអាស៊ីតជាង៤២០នាក់។ បើតាមរបាយការណ៍ ក្នុងឆ្នាំ២០១០ ករណីនៃការជះទឹកអាស៊ីតមានជាង៣៥ករណី ហើយក្នុងឆ្នាំ២០១៤មានចំនួន៥ករណី។

មាត្រា១៦នៃច្បាប់នៃការគ្រប់គ្រងទឹកអាស៊ីតចែងថា ជនណាដែលបានប្រព្រឹត្តបទល្មើសអាស៊ីតបណ្តាលឲ្យជនរងគ្រោះរង​ផល​ប៉ះ​ពាល់​ដល់សុខភាពត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី២ឆ្នាំដល់៥ឆ្នាំនិងត្រូវពិន័យជាប្រាក់ពី៥លានរៀលដល់​១០លាន​រៀល​។ ក្នុងករណីដែលជនរងគ្រោះក្លាយទៅជាជនពិការអស់មួយជីវិត ឬរហូតដល់ស្លាប់នោះ ជនល្មើសត្រូវផ្តន្ទាទោស​ដាក់ពន្ធនា​គារពី៣០ឆ្នាំដល់មួយជីវិត ដោយមិនទាន់គិតពីសំណងជាប្រាក់សម្រាប់ជនរងគ្រោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ