កម្មការិនីរោងចក្រ​​ម្នាក់​​រងគ្រោះ​ដោយ​សារ​ការជះទឹកអាស៊ីត​

អ្នកនាង ស៊ុំ សុខនី ត្រូវបានប្រជា​ពលរដ្ឋជួយ​សង្រ្គោះ ក្រោយពីត្រូវ​ប្ដី​ជះទឹកអាស៊ី​ត ​(រូបថតពីហ្វេសប៊ុករបស់សាលាសង្កាត់​ស្ទឹង​មានជ័យ)

អាជ្ញាធរ​ឲ្យ​ដឹង​ថា​កម្មការិនីរោងចក្រ​​ម្នាក់ អាយុ​២៣ឆ្នាំ ​​រស់នៅភូមិដំណាក់​ធំ២ សង្កាត់​​ស្ទឹងមានជ័យ ខណ្ឌមានជ័យ រាជធានីភ្នំពេញ ត្រូវ​បាន​ស្វា​មីជះទឹកអាស៊ីតដាក់​​ កាលពីយប់ថ្ងៃចន្ទ។​

បើតាមហ្វេសប៊ុក​ចៅសង្កាត់ស្ទឹងមានជ័យ ហេតុការណ៍ជះទឹកអាស៊ីតនេះ​បាន​កើតឡើងនៅវេលាម៉ោង៩យប់។ ​ជនរងគ្រោះឈ្មោះ​ ស៊ុំ សុខនី រីឯជនសង្ស័យដែល​អាជ្ញាធរ​អះអាង​ថា​ជាប្តីបានគេចខ្លួន។

មន្រ្តីព័ត៌មាន​របស់សង្កាត់​ស្ទឹងមានជ័យ លោក គឹម ឈី ប្រាប់វីអូឌី​ថា​ជនរងគ្រោះត្រូវបានបញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត្រភ្លាមៗ​ ក្រោយពីហេតុការណ៍កើតឡើង។ លោក​បញ្ជាក់ថា​ប្តីរបស់ជនរងគ្រោះជាអ្នកជះទឹក​អាស៊ីត តែ​លោក​មិន​ដឹង​ថា​មានមូល​ហេតុអ្វីនៅពីក្រោយនោះទេ។ លោក​បន្តថា​ជនរងគ្រោះជាកម្មការិនីរោងចក្រកាត់ដេរ ដែលមានស្រុកកំណើតនៅខេត្តត្បូងឃ្មុំ។​

មេប៉ុស្តិ៍រដ្ឋបាល​ស្ទឹងមានជ័យ លោក ម៉ៅ សាវឿន មានប្រសាសន៍ថាសមត្ថកិច្ច​កំពុងស៊ើបអង្កេត​តាមចាប់ជនដៃដល់ដែលលោក​អះអាង​ថា​ជា​ប្តីរងគ្រោះ។ លោក​បញ្ជាក់​ថា​រហូតមក​ដល់ពេលនេះ​ លោក​មិនទាន់អាច​បញ្ជាក់ថាមានមូលហេតុអ្វីនៅពីក្រោយនៅឡើយទេ។​

វីអូឌីមិនទាន់អាច​សុំការការឆ្លើយតបពីក្រុមគ្រួសារជនរងគ្រោះភ្លាមៗបាននៅឡើយទេ។​

គួរបញ្ជាក់ថា​​កាលពីថ្ងៃទី​៣ខែមីនា ឆ្នាំ​២០១៥ មាន​ហេតុ​ការណ៍​ការ​ជះ​ទឹក​អាស៊ីត​លើ​នារីសន្តិសុខ​​រោងចក្រ​​ក្នុង​សង្កាត់ចោមចៅ រហូតដល់នារីរងគ្រោះស្លាប់ ក្រោយពីសម្រាកនៅមន្ទីរពេទ្យបានមួយរយៈ។ សមត្ថ​កិច្ចសង្ស័យថាករណីនេះបណ្ដាល​មកពីស្នេហាត្រីកោណ។

របាយការណ៍​របស់អង្គការ​ជួយ​ជន​រងគ្រោះ​ដោយ​សារ​ទឹក​អាស៊ីតឲ្យដឹង​ថា​ចាប់ពីឆ្នាំ​១៩៦៤ មក​ដល់បច្ចុ​ប្បន្ន​​មាន​ជន​រងគ្រោះ​ដោ​យ​សារ​ទឹក​អាស៊ី​ត​ជាង​៤២០នាក់​។ បើ​តាម​របាយការណ៍ ក្នុង​ឆ្នាំ​២០១០ ករណីនៃ​​ការ​ជះទឹក​អាស៊ីត​មាន​ជាង​៣៥ករណី​ ហើយ​ក្នុង​ឆ្នាំ​២០១៤ ​មាន​ចំនួន​​៥ករណី។

មាត្រា​​១៦​នៃ​ច្បាប់នៃ​ការ​គ្រប់​គ្រង​ទឹកអាស៊ីត​​ចែង​ថាជន​ណា​ដែល​បាន​ប្រព្រឹត្ត​បទ​ល្មើស​អាស៊ីត​បណ្តាល​ឲ្យ​ជន​រង​គ្រោះ​រង​ផល​ប៉ះ​ពាល់​ដល់​សុខ​ភាព​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធ​នាគារ​ពី​២ឆ្នាំ​ដល់​៥​ឆ្នាំ​នឹង​​ត្រូវ​ពិន័យ​​​ជា​​ប្រាក់​ពី៥​លាន​រៀល​ដល់​ដប់​លាន​រៀល។​ ក្នុង​ករណី​ដែល​ជន​រង​គ្រោះ​ក្លាយ​ទៅ​ជា​ជន​ពិការ​អស់​មួយ​ជីវិត​ឬ​រហូត​ដល់​ស្លាប់​នោះ​ ជន​ល្មើស​ត្រូវ​ផ្តន្ទា​ទោស​ដាក់​ពន្ធនា​គារ​ពី​៣០​ឆ្នាំ​ដល់​មួយ​ជីវិត​ ដោយ​មិន​ទាន់​គិត​​ពី​​​សំ​ណង​ជា​ប្រាក់សម្រាប់​​ជន​រង​គ្រោះ​៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ