សាក្សីជំនាញ​ថា​ខ្មែរឥស្លាម​ព្យាយាមបះបោរប្រឆាំងខ្មែរក្រហម តែ​មិន​បានសម្រេច​

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន(រូបភាពដោយសាលាក្តីខ្មែរក្រហម​)

សាក្សីជំនាញនិងជាអ្នកវិភាគទិន្នន័យរបស់សហចៅក្រមស៊ើបអង្កេតរបស់សាលាក្តីខ្មែរក្រហម លោក អ៊ីសា អូស្មាន  បានអះអាងថាខ្មែរឥស្លាមបានព្យាយាមបះបោរធំៗចំនួនពីរដងប្រឆាំងនឹងខ្មែរក្រហម ករណី​ទាមទារឲ្យខ្មែរឥស្លាមលុបបំបាត់ការប្រតិបត្តិសាសនារបស់ពួកគេ។

អ្នកជំនាញថាការបះបោរនោះមិនបានសម្រេចហើយត្រូវបានខ្មែរក្រហមសម្លាប់ដោយការបាញ់នឹងកាំភ្លើងធំ។ លោកអ៊ីសា អូស្មាន ជាអ្នកនិពន្ធសៀវភៅអូកូពះឬយុត្ដិធម៌ដែល​បោះពុម្ពនៅឆ្នាំ២០០២និងសៀវភៅមួយក្បាលយទៀត​ឈ្មោះការបះបោររបស់ជនជាតិចាម បោះពុម្ពនៅឆ្នាំ២០០៦ ដោយមជ្ឈមណ្ឌលឯកសារ​កម្ពុជា។

ប្រធាន​អង្គជំនុំជម្រះនៃសាលាក្តីខ្មែរក្រហម នៅព្រឹកថ្ងៃ​អង្គារនេះបានសាកសួររូបលោកពីការសិក្សាស្រាវ​ជ្រាវ​កន្លង​មក។ លោកបានលើកឡើងថានៅឆ្នាំ១៩៧៣ មានការបះបោរតូចមួយនៅភូមិទ្រា ក្នុងខេត្តកំពង់ចាម ហើយក្នុងឆ្នាំ១៩៧៥ មានការបះបោរធំៗពីរនៅក្នុងស្រុកក្រូចឆ្មារគឺក្នុងភូមិកោះផលនិងភូមិស្វាយឃ្លាំង​​។ លោកមិនអាចចាំកាលបរិច្ឆេតច្បាស់នោះទេ។ លោកបញ្ជាក់ថាខ្មែរឥស្លាមនៅភូមិស្វាយឃ្លាំងមិនសូវចេញមុខប្រឆាំង​នឹង​ខ្មែរក្រហមនោះទេ។​

លោកបានថ្លែងថា៖ “គេឲ្យបិទវិហារ ក៏នាំគ្នាបិទទៅ។ គេឲ្យកាត់សក់ខ្លី តាមសាសនាឥស្លាម នារីគេអត់ឲ្យកាត់សក់ខ្លី ក៏នាំគ្នាកាត់សក់ទៅ គេឲ្យបើកកុំឲ្យនារីគ្របក្បាល ក៏នាំគ្នាធ្វើតាមទៅ។ នៅតែមានការចាប់យកទៅសម្លាប់នៅមន្ទីរសន្តិសុខ ស្រុកក្រូចឆ្មារ”

លោកបានឲ្យដឹងទៀតថាខ្មែរឥស្លាមនៅកោះផលមិនអាចទទួលយកបានទេចំពោះការទាមទារឲ្យលុបការ​ប្រតិ​បត្តិសាសនា។ លោកបន្តថាខ្មែរក្រហមបានដាក់ផែនការ៥ខសម្រាប់ការអនុវត្ត ដូចជាឲ្យកាត់សក់ខ្លី ឈប់​ទទូលក្បាល ប្រមូលគម្ពីរដុតចោល ឲ្យប្រជាជនខ្មែរឥស្លាមទាំងអស់នៅកោះផលត្រូវចិញ្ចឹមជ្រូក ហើយត្រូវតែហូបសាច់ជ្រូកនិង ឲ្យឈប់ថ្វាយបង្គុំព្រះ វិហារត្រូវតែបិទទ្វារ ហើយបុរសនិងស្រ្តីជនជាតិចាម ត្រូវតែរៀបការជាមួយជនជាតិដទៃទៀត កុំឲ្យរៀបការជាមួយគ្នា។ លោកបញ្ជាក់ថា៖ “ទាំង៥ខហ្នឹង អ្នកភូមិកោះផលមិនអាចទទួលយកខណាមួយបានទេ”

លោកបន្តថាដោយសារខ្មែរឥស្លាមមិនព្រមអនុវត្តតាម ខ្មែរក្រហមសម្រេចប្រតិបត្តិការវាយកម្ទេច​អ្នកនៅកោះផល។ លោកបញ្ជាក់ថា៖ “ហើយចុងក្រោយគេបញ្ជូនទាហាន ទាហាននេះមិនធម្មតាទេ គឺមានកាំភ្លើងយន្ត កាំភ្លើងធំគ្រប់ប្រភេទ ពីព្រោះកាំភ្លើងតូចមិនអាចបាញ់ទៅដល់កោះផលបានទេ ព្រោះត្រូវឆ្លងទន្លេ អញ្ចឹងគេដាក់នៅត្រើយម្ខាងទន្លេ ដើម្បីបាញ់សម្រុកទៅកោះផល។ សម្រុកហើយគេបញ្ជូនកងទ័ពរបស់គេតាមទូក តាមកាណូត ឆ្លងទៅដល់ទឹកដីកោះផល ប្រយុទ្ធទៅតាមថ្មើរជើង។ ហើយអ្នកភូមិគាត់អត់មានអីទេដូចនៅស្វាយឃ្លាំងដែរ គឺការពារខ្លួនគាត់ គាត់មានតែកាំបិត មានតែដាវ ដុំថ្ម។ ហើយការតតាំងប្រយុទ្ធគ្នាគឺនៅកោះផលនេះរងគ្រោះធ្ងន់ធ្ងរណាស់ ព្រោះគេបាញ់កាំភ្លើងធំ កាំភ្លើងតូចផង ធ្វើឲ្យអ្នកភូមិស្លាប់ៗ លែងរាប់ដឹងចំនួនពិតប្រាកដថាប៉ុន្មានហើយ”។ លោក​បញ្ជាក់ថា​មិនមានអ្នកភូមិណា​ប្រាប់ថា​ខ្មែរឥស្លាមបាន​សម្លាប់​កងទ័ពរបស់ខ្មែរក្រហម ពេល​តតាំង​នឹង​ការបាញ់ផ្លោង​របស់​ខ្មែរក្រហម។​

លោក​បញ្ជាក់ថា​បើតាមសិក្សា​របស់​លោក ការបះបោររបស់ខ្មែរសឥស្លាមគឺ​ដើម្បីទាមទារ​សិទ្ធិសេរីភាពក្នុងការប្រតិបត្តិសាសនា មិនមែនផ្តួលរំលំ​រដ្ឋាភិបាលកម្ពុជា​ប្រជាធិបតេយ្យ​នោះទេ។​ បើតាមការសិក្សារបស់លោក ក្រោយពីបញ្ចប់របបខ្មែរក្រហមនៅខែមករា ឆ្នាំ​១៩៧៩ ខ្មែរឥស្លាមនៅសល់មាន​ប្រមាណ២០ម៉ឺននាក់។

គួរបញ្ជាក់ថាការសាកសួរពីជនជាតិខ្មែរឥស្លាមស្ថិតនៅក្នុងសំណុំរឿង០០២/០២ សំដៅលើការជំនុំជម្រះដំណាក់កាលទីពីរប្រឆាំងនឹង ខៀវ សំផន នឹង នួន ជា។ សំណុំរឿង០០២/០២ពាក់ព័ន្ធនឹងការប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិចាមនិងជនជាតិវៀតណាម ការរៀបអាពាហ៍ពិពាហ៍ដោយបង្ខំ និងការរំលោភសេពសន្ថវៈ ការបោសសម្អាតផ្ទៃក្នុងនិងករណីមួយចំនួនទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ