ឧទ្ធរណ៍តម្កល់សាលក្រមសាលាដំបូងករណីលោក សម រង្ស៊ី រិះគន់ហ្វេសប៊ុកនាយករដ្ឋមន្ត្រី

ហ្វេសប៊ុក​របស់​លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន (រូបថតដោយ ស៊ុន ណារិន​)

សាលាឧទ្ធរណ៍បានច្រានចោលបណ្ដឹងរបស់មេធាវីការពារក្ដី លោក សម រង្ស៊ី ដែលប្ដឺងជំទាស់នឹងសាលក្រមសាលាដំបូងរាជធានីភ្នំពេញដែលបង្គាប់ឲ្យលោកបង់ប្រាក់២៥លានរៀល បន្ទាប់ពីរិះគន់ថា លោក ហ៊ុន សែន ទិញ Likes Facebook។

សាលាដំបូងរាជធានីភ្នំពេញ កាលពីថ្ងៃទី៨  ខែវិច្ឆិកា ឆ្នាំ២០១៦ បានប្រកាសសាលក្រមកំបាំងមុខ បង្គាប់ឲ្យមេដឹកនាំបក្សប្រឆាំងដែលកំពុងនិរទេស លោក សម រង្ស៊ី បង់ប្រាក់សរុប២៥លានរៀល ទៅលោក សោម សឿន ជាប្រធានខុទ្ទការល័យគណបក្សប្រជាជនកម្ពុជា ក្នុងនាមជាដើមបណ្តឹង។

នៅថ្ងៃទី៩ ខែកុម្ភៈនេះ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃសាលាឧទ្ធរណ៍ លោក​ សំរិទ្ធ​ សុផល បានសម្រេចតម្កល់សាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ ទុកជាបានការដដែល។ តែលោកបើកផ្លូវឲ្យលោក សម រង្ស៊ី  មានសិទ្ធិប្តឹងជំទាស់ទៅកំពូលដោយទុករយៈពេលឲ្យ១ខែ។

តំណាងលោកនាយករដ្ឋមន្ត្រី គឺលោក សោម សឿន ប្រាប់អ្នកសារព័ត៌មានបន្ទាប់ពីស្ដាប់ការប្រកាសសាលដីកាថា លោកពេញចិត្តទៅនឹងការសម្រេចរបស់សាលាឧទ្ធរណ៍បែបនេះ។

លោកថា «ខ្ញុំពេញចិត្តណាស់ដែលតុលាការសាលាដំបូងរាជធានីភ្នំពេញ ដូចជាសាលាឧទ្ធរណ៍នៅថ្ងៃនេះ បានប្រកាសសាលដីកាផ្ដន្ទាទោស លោក សម រង្ស៊ី អំពីបទបរិហាកេរ្តិ៍ជាសាធារណៈដែលឆ្លៀតប្រើប្រាស់ឈ្មោះរបស់ខ្ញុំក្នុងនាមជាប្រធានក្រុមការងារគេហទំព័រហ្វេសប៊ុករបស់គណបក្សប្រជាជនកម្ពុជា ដែលធ្វើការផ្សព្វផ្សាយ ​​អំពីផេកហ្វេសប៊ុករបស់សម្ដេចតេជោនាយករដ្ឋមន្ត្រី ដែលលោកបានប្រកាសជាផ្លូវការតាំងពីថ្ងៃ២៥ ខែកញ្ញា ឆ្នាំ២០១៥។ ដល់ថ្ងៃទី១ កុម្ភៈបានឈ្នះផេកហ្វេសប៊ុកលោក សម រង្ស៊ី ដែលចំនួននេះ លោកសម រង្ស៊ី គេតែផ្ដល់រហ័សនាមថា​ជានាយករដ្ឋមន្ត្រី ហ្វេសប៊ុក គាត់ត្រូវបាត់តំណែងជានាយករដ្ឋមន្ត្រី តាំងពីពេលនោះមក »។

មេធាវីការពារក្ដីឲ្យលោក សម រង្ស៊ី គឺ លោក សំ សុគង់ សម្ដែងការខកចិត្តចំពោះការសម្រេចរបស់សាលាឧទ្ធរណ៍ ហើយថានឹងប្ដឹងទៅតុលាការកំពូលបន្តទៀត ដើម្បីឲ្យពិនិត្យមើលសេចក្ដីសម្រេចនេះឡើងវិញ។

លោកថា «ខ្ញុំជាមេធាវីមិនអាចទទួលយកបានទេ ចំពោះសាលដីកាសម្រេចកម្កល់នេះ មេធាវីការពារនិងពិភាក្សាជាមួយឯកឧត្ដ​ម  ហើយនិងរៀបចំបណ្ដឹងសាទុកមួយ ដើម្បីប្ដឹងទៅតុលាការកំពូល ដើម្បីឲ្យតុលាការកំពូលពិនិត្យអំពីសេចក្ដីសម្រេចនេះឡើងវិញ ។ ដោយសារតែយើងឃើញសាលដីកានេះជាសាលដីកាកំបាំងមុខ  ហើយកាត់ទោសជាចំពោះមុខ ហើយយើងនិងរៀបចំ ពេលវេលាមួយសម្របទៅតាមការកំណត់របស់ច្បាប់ ដោយសារច្បាប់ទុករយៈពេលឲ្យ១ខែ ចាប់ពីទទួលបានដំណឹងសាលដីកា ចឹងយើងរៀបចំបណ្ដឹងសាលទុកឲ្យតាមកំណត់របស់ច្បាប់»។

កាលពីថ្ងៃទី៩ ខែមីនា ឆ្នាំ២០១៦ លោក សម រង្ស៊ី បានបង្ហោះសារនៅលើទំព័រហ្វេសប៊ុករបស់លោកថា លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានទិញអ្នកគាំទ្រឬអ្នក Like ក្លែងក្លាយ នៅលើហ្វេសប៊ុកដើម្បីប្រាប់ទៅសាធារណជនថា ខ្លួនមានប្រជាប្រិយភាព។

បច្ចុប្បន្នហ្វេសប៊ុកលោក ហ៊ុន សែន មានអ្នក Like ជិត៧លាន ខណៈហ្វេសប៊ុក លោក សម រង្ស៊ី ដែលធ្លាប់តែនាំមុខនោះ មានអ្នក Like តែជិត៤លាន៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ