របាយការណ៍៖ បក្សកាន់អំណាចអាចឈានដល់រំលាយបក្សប្រឆាំងទៀតបើចាំបាច់

(រូបឆ្វេង) លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន និង​លោក សម រង្ស៊ី មេដឹកនាំអតីត​បក្សប្រឆាំង​នៅកម្ពុជា (រូបស្តាំ)

អង្គការមួយលើកឡើងថា គណបក្សកាន់អំណាចបានព្យាយាមប្រើគ្រប់មធ្យោបាយដើម្បីបំបែកនិងឈានដល់ការរំលាយគណបក្សប្រឆាំងទៀត បើសិនចាំបាច់នៅមុនឬក្រោយពេលបោះឆ្នោតជាតិខាងមុខ។

របាយការណ៍អង្គការវេទិកាអនាគត ចេញផ្សាយនៅថ្ងៃទី៧ ខែកុម្ភៈនេះ លើកឡើងថា គណបក្សប្រជាជនកម្ពុជារបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្យាយាមប្រើគ្រប់មធ្យោបាយ និងកលល្បិច ដើម្បីបំបាត់ប្រជាប្រិយភាពបក្សប្រឆាំង តាមរយៈបណ្ដឹងផ្លូវតុលាការ ការធ្វើទុក្ខបុកម្នេញសកម្មជនប្រឆាំង និងការស្នើកែប្រែច្បាប់ស្ដីពីបទបញ្ជាផ្ទៃក្នុងរដ្ឋសភា។

បើតាមរបាយការណ៍នេះ គណបក្សកាន់អំណាចរបស់លោក ហ៊ុន សែន កាលពីថ្ងៃទី១៥ សីហា ២០១៥ បានចោទប្រកាន់អតីតសមាជិកព្រឹទ្ធសភាគណបក្ស សម រង្ស៊ី លោក ហុង សុខហ៊ួរ ពីបទក្បត់ជាតិ ដោយថាបានក្លែងបន្លំឯកសាធារណៈ និងញុះញង់ឲ្យមានចលាចលទាក់ទិននឹងឯកសារព្រំដែនកម្ពុជា-វៀតណាម។ ក្រោយមក នៅថ្ងៃទី២៦ តុលា ២០១៥ តំណាងរាស្ដ្របក្សប្រឆាំង២រូប លោក ញ៉យ ចំរើន និងលោក គង់ សភា ក៏ត្រូវបានមនុស្សមួយក្រុម ដែលខ្លះជាអង្គរក្សរបស់លោក​ ហ៊ុន សែន ព្រួតវាយឲ្យរបួសធ្ងន់នៅមុខរដ្ឋសភាជាតិ ខណៈមានការតវ៉ាទម្លាក់លោក កឹម សុខា ពីតំណែងអនុប្រធានរដ្ឋសភា។

របាយការណ៍នេះបានលើកយកករណី លោក សម រង្ស៊ី ដែលរងបណ្ដឹងជាច្រើន ដូចជា បណ្ដឹងបទបរិហារកេរ្ដិ៍ពីរដ្ឋមន្ដ្រីការបរទេសលោក ហោ ណាំហុង បទញុះញង់ និងជាអ្នកសមគំនិតទាក់ទិននឹងលោក ហុង សុខហួរ រួមទាំងការដកអភ័យឯកសិទ្ធិសមាជិកសភារបស់លោក។ ចំណែក អនុប្រធានបក្សលោក កឹម សុខា ក៏ទទួលរងបណ្ដឹងពាក់ព័ន្ធរឿងអាស្រូវផ្លូវភេទដ៏ចម្រូងចម្រាស់ និងត្រូវសំងំលាក់ខ្លួនក្នុងទីស្នាក់បក្សអស់ពេលជាង៣ខែ។

បើតាមរបាយការណ៍ ដើម្បីបន្ថយឥទ្ធិពលបក្សប្រឆាំងបន្ថែមទៀត បក្សកាន់អំណាចបានចងមិត្ដជាមួយគណបក្សចាស់ ឬគណបក្សតូចៗ ទើបបង្កើតថ្មី ដែលខ្លួនគិតថាមានប្រយោជន៍ ដើម្បីបំបែកសំឡេង និងវាយប្រហារបក្សប្រឆាំង មុនការបោះឆ្នោតមកដល់។

លើសពីនេះ នៅក្នុងកិច្ចប្រជុំសភាពេញអង្គមួយដែលគ្មានតំណាងរាស្ត្របក្សប្រឆាំងចូលរួមសោះនោះ លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន បានព្រមានធ្ងន់ៗ ដោយសំដៅទៅលោក សម រង្ស៊ី ដែលកំពុងនិរទេសខ្លួនក្រៅប្រទេសថា ដើម្បី​ឲ្យអស់សិទ្ធិជាប្រធានបក្ស លោកថា តំណាងរាស្ត្រត្រូ​វធ្វើ​វិសោធនកម្មច្បាប់ស្តីពីគណបក្សនយោយ។ ការនេះត្រូវបានក្រុមអ្នកវិភាគ និងមជ្ឈដ្ឋានសង្គមយល់ថា ធ្វើឡើងក្នុងគោលបំណងដើម្បីរំលាយគណបក្សប្រឆាំង មុនការបោះឆ្នោត។

ពាក់ព័ន្ធការវិវឌ្ឍនយោបាយចុងក្រោយនេះ ប្រធានវេទិការអនាគតលោក អ៊ូ វីរៈ បានឲ្យ VOD ដឹងថា ការព្រមានធ្វើវិសោធនកម្មច្បាប់ ដើម្បីលុបសំឡេងប្រធានមតិភាគតិច គឺធ្វើឡើងគ្រាន់ដើម្បីបង្ខំឲ្បបក្សប្រឆាំងទទួលយកការចរចារណាមួយប៉ុណ្ណោះ ដោយលោកថា បក្សកាន់អំណាច មិនទាន់ឈានដល់ការចង់រំលាយបក្សប្រឆាំងនោះទេ ព្រោះយល់ថាគ្មានប្រយោជន៍​ ឬនាំឲ្យខាតបង់។

លោក អ៊ូ វីរៈ លើកឡើងថា បក្សកាន់អំណាចអាចនឹងរំលាយបក្សប្រឆាំង លុះត្រាស្ថិតក្នុងកាលៈទេសៈចាំបាច់ ឬជាជម្រើសចុងក្រោយ ដែលបក្សកាន់អំណាចប្រើនៅមុន​ ឬក្រោយពេលបោះឆ្នោត។

លោកថា៖ «ខ្ញុំមើលទៅគ្រាន់តែគាត់ចង់ឲ្យលោក សម រង្ស៊ី អាចនៅក្រៅឆាកនយោបាយ ឬមួយតាមផ្លូវការដកលោក សម រង្ស៊ី ចេញគណបក្ស។ គ្រាន់ចង់ឲ្យមានការចុះទន់ខ្សោយ ឬក៏បង្ខំឲ្យមានការចរចារណាមួយប៉ុណ្ណោះ បើគាត់ចង់រំលាយ គាត់រំលាយបានហើយ គ្រាន់គាត់មិនចង់រំលាយ […] ប៉ុន្ដែទី២ ក្រែងលោកមានបញ្ហាខ្លាំងនៅអនាគត ពេលបោះឆ្នោត២០១៨ ឬមួយមុនការបោះឆ្នោត២០១៨ ពេលមានបញ្ហាខ្លាំងមែនទែន អាហ្នឹងវាអាចជាឧបករណ៍ចុងក្រោយ»។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានច្រានចោលរបាយការណ៍នេះថា ពុំត្រឹមត្រូវ ដោយលោកថា ការកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ធ្វើឡើងតែចំពោះបុគ្គលឈ្មោះ សម រង្ស៊ី ដែលមានទោសប៉ុណ្ណោះ។ លោកបន្ដថា គណបក្សកាន់អំណាចមិនមានចេតនារំលាយបក្សប្រឆាំងមុនការបោះឆ្នោតដូចការចោទប្រកាន់ឡើយ។

លោកថា៖ «សម រង្ស៊ី គាត់មានទោស គាត់រត់ទៅក្រៅ គាត់អត់នៅ ក៏ប៉ុន្ដែ គណបក្សសង្គ្រោះជាតិធ្វើសកម្មភាពធម្មតា។ អ៊ីចឹងអ្នកនិយាយនេះ និយាយវាអត់ត្រូវការពិត ហើយនិយាយមិនដឹងច្បាប់។ អាហ្នឹងបែងចែកឲ្យដាច់ មួយបុគ្គល មួយជាអង្គភាព បើគណបក្សអត់ប្រពឹត្តខុស ធ្វើម៉េចរំលាយគេបាន»។

លោក អេង ឆៃអ៊ាង តំណាងរាស្ត្រគណបក្សសង្រ្គោះជាតិ បានឲ្យ VOD ដឹងដែរថា គណបក្សប្រឆាំងមិនងាយនឹងបាត់បង់នោះទេ ដោយលោកថា គណបក្សសង្គ្រោះជាតិកើតចេញពីការគាំទ្រ និងការចង់បានរបស់ពលរដ្ឋខ្មែរ។ លោកថា៖ «គណបក្សនយោបាយមួយ ដែលអាចខ្លាំង ដើរទៅបាន គឺអាស្រ័យទៅលើប្រជាពលរដ្ឋ។ អនាគតរបស់គណបក្សសង្គ្រោះជាតិ​ គឺអាស្រ័យលើប្រជាពលរដ្ឋ។ គណបក្សនយោបាយ ក៏ដូចអ្នកនយោបាយ ក៏ដូចអ្នកនយោបាយ គឺមានកេរ្ដិ៍ឈ្មោះ មានប្រជាប្រិយភាព គឺអាស្រ័យលើការគាំទ្ររបស់ប្រជាពលរដ្ឋ»។

អង្គការវេទិការអនាគតថា គណបក្សកាន់អំណាចគួរភ្ញាក់រំលឹកថា «អ្វីៗបានផ្លាស់ប្ដូរហើយ ចាប់តាំងពីការបោះឆ្នោតឆ្នាំ២០១៣» និងថា ចលនាយុវជនដែលស្រេកឃ្លានលទ្ធិប្រជាធិបតេយ្យនឹងធ្វើការផ្លាស់ប្ដូរក្បាលម៉ាស៊ីនដឹកនាំនៅថ្ងៃណាមួយជាក់ជាមិនខាន។

អង្គការមួយនេះបានទទូចឲ្យគណបក្សទាំងពីរវិលទៅរកវប្បធម៌សន្ទនា​ និងផ្សះផ្សារគ្នាឡើងវិញ ដោយថា ដើម្បីកុំឲ្យប្រទេសធ្លាក់ចូលក្នុងគ្រោះមហន្ដរាយ ដែលអាចជាប្រយោជន៍ប្រទេសជិតខាង និងខុសពីការចង់បានរបស់ពលរដ្ឋ ដែលស្រឡាញ់លទ្ធិប្រជាធិបតេយ្យ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ