រដ្ឋាភិបាលប្រកាសឲ្យស្ថាប័នពាក់ព័ន្ធចេញថ្លៃសេវាថែទាំសុខភាព យ៉ាងតិច៦ប្រភេទ ដល់កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរ ក្នុងនោះមានទាំងចាក់ថ្នាំបង្កាជំងឺតេតាណូសផងដែរ ខណៈការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ជិតមកដល់។
សេចក្តីប្រកាសចុះថ្ងៃទី៨ ខែកុម្ភៈ ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈលើកឡើងថា សេវាបង្កាសុខភាពដែលត្រូវដាក់បញ្ចូលក្នុងប្រកាសនេះមាន សេវាចាក់វ៉ាក់សាំងការពារជំងឺឆ្កែឆ្កួត ចាក់សេរ៉ូមប្រឆាំងជំងឺឆ្កែឆ្កួត ប្រឆាំងជំងឺតេតាណូស ចាក់សេរ៉ូមប្រឆាំងពិសពស់ សេវាពិនិត្យឈាមរកជំងឺពក ក និងការព្យាបាលជំងឺមហារីកដោយវះកាត់ ឬដោយចាក់គីមីជាដើម។
សេវាបង្កទាំងនោះ ក្រសួងថា ត្រូវផ្តល់ដោយមូលដ្ឋានសុខាភិបាលសាធារណៈឬវិទ្យាស្ថានសាធារណៈ រីឯការទូទាត់ថវិកាលើសេវាថែទាំទាំងនោះ បេឡាសន្តិសុខសង្គមជាអ្នកទទួលខុសត្រូវ។
សេចក្តីប្រកាសរបស់រដ្ឋាភិបាលស្តីពី ការដាក់បញ្ចូលសេវាបង្កាសុខាភាព ក្នុងរបបសន្តិសុខសង្គមនេះ បានធ្វើឡើង ខណៈនៅសល់តែជាង៤ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតជ្រើសឃុំសង្កាត់នឹងចូលមកដល់ នៅថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០១៧។
របាយការណ៍ក្រសួងការងារ ចេញផ្សាយកាលពីឆ្នាំ២០១៦ បង្ហាញថា កម្មករក្នុងវិស័យវាយនភ័ណ្ឌកាត់ដេរនៅទូទាំងប្រទេសមានជិត១លាននាក់៕