ក្រសួងសុខាភិបាលបានឲ្យដឹងថា នៅដើមឆ្នាំ២០១៧នេះ មានករណីជំងឺផ្តាសាយ បក្សីក្នុងខេត្តចំនួនពីរ តែមិនកើតមកលើមនុស្សនៅឡើយទេ។
ក្នុងហ្វេសប៊ុករបស់នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងនៃក្រសួងសុខាភិបាល បានឲ្យដឹងថា ជំងឹផ្តាសាយបក្សីលើសត្វបក្សីកើតក្នុងខេត្តខេត្តកំពង់ធំនិងខេត្តស្វាយរៀង។
អ្នកនាំពាក្យក្រសួងសុខាភិបាលលោកវេជ្ជបណ្ឌិត លី សូវ៉ាន់ បានឲ្យដឹងថាករណីទាំងពីរនេះផ្ទុះឡើងនៅចុងខែមករាកន្លងទៅ នៅស្រុកស្ទោង ខេត្តកំពង់ធំ និងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង ដែលត្រូវបានរកឃើញដោយពេទ្យសត្វក្នុងភូមិ និងបានរាយការណ៍មកកាន់ក្រសួងដើម្បីមានវិធានការ។ លោកបន្ថែមថារហូតមកដល់ពេលនេះពុំទាន់មានករណីជំងឺនេះទៅលើមនុស្សនៅឡើយទេ តែទោះជាយ៉ាងណាលោកថាក្រសួងនៅតាមដានករណីនេះបន្តទៀត។
លោកថា៖ «ទោះបីជាយ៉ាងណាក៏ដោយយើងនៅតែបន្តតាមដានករណីនេះបន្តទៀត ព្រោះរដូវនេះជារដូវត្រជាក់ និងមានបុណ្យទានច្រើនរហូតដល់ខែមេសាចូលឆ្នាំ អញ្ចឹងហើយយើងនៅតែបន្តតាមដានការងារហ្នឹងហើយក៏សំណូមពរប្រជាពលរដ្ឋដែរគឺ សុំបងប្អូនកុំយកមាន់ទារឈឺឬងាប់យកទៅលក់ ឬក៏យលធ្វើជាអាហារអី ហើយបើឃើញមានទា ឈឺឬងាប់ច្រើនសូមឲ្យរាយការណ៍ទៅ អាជ្ញាធរដែនដីឬក៏មន្ត្រីជំនាញដែលជិតបំផុត ក្នុងការទប់ស្កាត់ទាន់ពេលវេលា ដើម្បីកុំឲ្យឆ្លងមកកាន់មនុស្ស»។
លោកបន្ថែមថា ពលរដ្ឋក៏អាចរាយការណ៍ស្តាប់ការណែនាំឬព័ត៌មានពីជំងឺផ្តាសាយបក្សីផងដែរតាមរយៈលេខ១១៥របស់ក្រសួងសុខាភិបាល។
បុគ្គលដែលមានរោគសញ្ញាគ្រុនក្តៅ លើសពី ៣៨.៥ អង្សារសេ និងមានរោគសញ្ញា ក្អក ឬឈឺក ឬ ដកដង្ហើម ហត់ និងមានប្រវត្តិប៉ះពាល់ជាមួយបក្សីឈឺ ឬងាប់ ក្នុងកំឡុងពេល ៧ ថ្ងៃមុនចេញរោគសញ្ញា ចាត់ទុកថាជាករណីសង្ស័យ ត្រូវបញ្ចូនអ្នកជំងឺ ទៅមណ្ឌល់សុខភាព ឬមន្ទីរពេទ្យជិតបំផុតដើម្បីធ្វើការព្យាបាល។
ក្រសួងបានឲ្យដឹងដែរថា ចាប់តាំងពីឆ្នាំ ២០០៥ ដល់ ២០១៦ កម្ពុជាធ្លាប់កើតមានជំងឺដែលបានឆ្លងពីសត្វបក្សីមកមនុស្សចំនួន៥៦ករណីដែលក្នុងនោះ ៣៧ ករណីបានស្លាប់ ។ ដោយឡែកនៅឆ្នាំ ២០១៣ មានឆ្លងលើមនុស្សចំនួន ២៦ករណី ដែលក្នុងនោះមាន ១៤ករណីបានស្លាប់ និងក្នុងឆ្នាំ២០១៤ មាន៩ករណីនិងស្លាប់៤នាក់ ៕