HRW ហៅការបញ្ជូនស្រ្ដីរិះគន់បក្សអំណាចមកកម្ពុជាវិញថារំលោភសិទ្ធិមនុស្សធ្ងន់ធ្ងរ

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 10:34 AM | សិទ្ធិមនុស្ស | 0 | 998

អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្ដរជាតិថ្កោលទោសរដ្ឋាភិបាលថៃ និងកម្ពុជាថា បានរំលោភសិទ្ធិមនុស្ស បន្ទាប់ពីបានបញ្ជូនស្ដ្រីខ្មែរម្នាក់ ដែលរងការចោទថា ប្រមាថថ្នាក់នាំគណបក្សកាន់អំណាច មកប្រទេសកំណើតវិញ។

អង្គការសិទ្ធិមនុស្សអន្ដរជាតិ (Human Rights Watch) អះអាងក្នុងសេចក្ដីថ្លែងការណ៍នៅថ្ងៃនេះថា កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ អាជ្ញាធរថៃបានចាប់បញ្ជូនខ្លួនអ្នកស្រី សំ សុខា មកកម្ពុជាវិញ បន្ទាប់ពីស្រ្ដីរូបនេះ ត្រូវបានអាជ្ញាធរថៃឃាត់ខ្លួន កាលពីថ្ងៃទី៦មករាដោយចោទថា ចូលស្នាក់នៅហួសកំណត់ទិដ្ឋាការ និងត្រៀមបញ្ជូនមកប្រទេសកំណើតវិញ ស្របពេលដែលអ្នកស្រី សំ សុខា បានស្នើសុំសិទ្ធិជ្រកកោនក្នុងប្រទេសនេះ។

បើតាមសេចក្ដីថ្លែងការណ៍ អង្គការសិទ្ធិមនុស្សអន្ដរជាតិ ហៅការចាប់បញ្ជូនដោយបង្ខំនេះថា រំលោភគោលការណ៍ក្នុងច្បាប់អន្ដរជាតិ (non-refoulement) ដែលហាមមិនឲ្យបញ្ជូនជនភៀសខ្លួន ឬអ្នកសុំសិទ្ធិជ្រកកោន ទៅកាន់ប្រទេស ឬទីកន្លែងដែលពួកគេប្រឈមការរំលោភសិទ្ធិ។

នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី លោក Brad Adams ថ្លែងក្នុងសេចក្ដីថ្លែងការណ៍ថា​ រដ្ឋាភិបាលថៃ មិនគួរបញ្ជូនអ្នកស្រី សំ សុខា មកប្រទេសកម្ពុជាវិញឡើយ ​ព្រោះធ្វើឲ្យគាត់ប្រឈមការរំលោភសិទ្ធិក្នុងប្រទេសកំណើត។

អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ច្រាលចោលដោយថា នេះការអនុវត្តច្បាប់នៅកម្ពុជា៖ « »។

ក្នុងសេចក្ដីថ្លែងការណ៍កាលពីថ្ងៃទី២៣មករា អង្គការលើកលែងទោសអន្ដរជាតិ (Amnesty International) ក៏បានអំពាវនាវទៅរដ្ឋាភិបាលថៃ កុំឲ្យបញ្ជូនអ្នកស្រី សំ សុខា ផងដែរ ដោយថា ស្ដ្រីរូបនេះ បានទទួលរងការគំរាមកំហែងពីក្រុមអ្នកគាំទ្រគណបក្សប្រជាជន និងការបំភិតបំភ័យពីសំណាក់អាជ្ញាធរកម្ពុជា។

តុលាការខេត្ដកំពង់ស្ពឺ បានចេញដីកាបង្គាប់ឲ្យចាប់ខ្លួន អ្នកស្រី សំ សុខា បន្ទាប់ពីស្ដ្រីរូបនេះ ខកខានមិនបានចូលឆ្លើយបំភ្លឺ២ដងរួចមកហើយ កាលពីថ្ងៃទី៨មេសា និងថ្ងៃទី១៣មិថុនាឆ្នាំ២០១៧។ តុលាការបានចោទប្រកាន់ស្ដ្រីរូបនេះ ពីបទ «ប្រមាថ» និង «ញុះញង់ឲ្យមានការរើសអើស» និងអាចមានទោសជាប់ពន្ធនាគារជាង៣ឆ្នាំ។

ចំណាត់ការរបស់តុលាការនិងអាជ្ញាធរលើអ្នកស្រី សំ សុខា បន្ទាប់ពីមានវីឌីអូបង្ហាញថា ស្ត្រីរូបនេះ យកទ្រនាប់ជើងកប់លើស្លាកគណបក្សប្រជាជនកម្ពុជាដែលរូបលោក ហ៊ុន សែន និង លោក ហេង សំរិន។​

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required