លោក​ហ៊ុន សែន ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​ទប់​ស្កាត់​រថយន្ត​កែច្នៃនិង​ដឹកលើស​ទំងន់

រូបភាពពី ក្រសួងសាធារណការ

លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ បាន​ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក ដោយ​ព្រមាន​ដក​តំណែង​មន្ត្រី​ចាប់​ពី​ថ្នាក់​ស្រុក​ ដល់​ថ្នាក់​រដ្ឋ​មន្ត្រី ​ប្រសិន​ជា​ទប់​ស្កាត់​រថយន្ត​កែ​ច្នៃ និងដឹក​លើស​ទំងន់​ចេញពី​ផ្លូវ​កម្ពុជាមិន​បាន​ទេ ដោយ​ថា ដើម្បី​ការ​ពារ​ផល​ប្រយោជន៍​របស់​ប្រជា​ពល​រដ្ឋ។

លោក​ហ៊ុន សែន ថ្លែង​បែប​នេះ​ ក្នុង​ពិ​ធីសម្ពោធបើកការដ្ឋានសាងសង់ស្ពានបេតុងឆ្លងកាត់ទន្លេមេគង្គ ក្នុង​ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាមនៅ​ព្រឹក​ថ្ងៃ​សុក្រនេះ ដោយបញ្ជា​ទៅ​ក្រសួងមន្ទីរ​ពាក់ព័ន្ឋ​នានា​ ជួប​ប្រជុំជាមួយម្ចាស់ ​ឬតំណាង​ក្រុមហ៊ុនដឹក​ជញ្ជូន​​ទាំង​អស់ដើម្បី​​បង្ហាញ​ពី​ផល​ប៉ះពាល់ផ្លូវនិងស្ពាន ដោយសារតែរថយន្តកែច្នៃ និង ដឹកលើសទម្ងន់។​

លោក​ទុក​ពេលត្រឹម​ម៉ោង​១២ យប់​នេះ​គឺ​គ្រប់​ផ្លូវ​នៅ​ទូ​ទាំង​ប្រទេស​កម្ពុជាគ្មាន​វត្តមាន​រថយន្ត​កែច្នែ និង​ដឹក​លើស​ទំងន់​នោះ​ទេ ដោយ​លោក​ថាចាប់​ពី​ម៉ោង​១២ យប់​នេះផ្លូវ​ណា​ដែល​នៅ​វត្តមាន​រថយន្ត​ទាំង​នោះ​ធ្វើ​ចរាចរណ៍​​ក្នុង​ក្រុង​ ស្រុក ​ខេត្ត​ណា​នោះ​អភិបាល​ស្រុក និង​ខេត្ត​នោះ​គឺ​ត្រូវ​ទទួ​ល​ខុ​សត្រូវ​ចំពោះ​មុខ​លោក។

លោកថា៖ ​« បទបញ្ជានេះមិនត្រូវបានលើកលែង! ពីមុនធ្លាប់ដាក់ម្តងហើយប៉ុន្តែវារើឡើងវិញ ឥឡូវអត់ទេ! អត់មានរើរទេរដ្ឋមន្ត្រីក៏ត្រូវអស់តំណែង ចៅហ្វាយខេត្តចៅហ្វាយស្រុកកាត់នៅកន្លែងណា ចាប់នៅកន្លែងណា? យកបញ្ជូលអ្នកណាដោះលែងគឺអ្នកហ្នឹងមានទោស! និយាយគ្នាអញ្ចេសបានឆាប់ចប់។ ព្រោះបើមិននិយាយអញ្ចឹងវាមិនឆាប់ចប់ទេ »

នេះ​មិន​មែន​ជា​លើក​ទី​មួយ​ទេដែល​លោក​ហ៊ុន សែន​ ប្រកាស​ប្រើ​កណ្តាប់​ដៃ​ដែក​របស់​លោក​ក្នុង​ការ​ជំរុញ​ការ​អនុវត្តន៍​ច្បាប់​នៅ​កម្ពុជា​នោះ ជាក់​ស្តែង​ការប្រកាសប្រើកណ្តាប់​ដៃ​ដែកលើ​បទ​ល្មើ​សគ្រឿង​ញៀន បទ​ល្មើស​ព្រៃឈើ ទប់ស្កាត់​ការ​លើក​លែង​ទោស​ដល់​អ្នក​ជួញ​ដូរ​គ្រឿងញៀននិង​ប្លន់ ជា​ដើម​សុទ្ធ​តែ​ត្រូវ​បាន​លោក​ហ៊ុន សែន​ ប្រកាស​រួច​ហើយ តែ​តាម​ការ​អង្កេត​គឺ​កណ្តា​ប់​ដៃ​ដែក​នោះ​ហាក់​មាន​ទម្ងន់​តែ​​លើក​ដំបូង តែ​យូរ​ទៅ​វា​ហាក់​ស្រាល​ទៅ​ៗ​រហូត​បញ្ហា​នោះ​មួយ​ចំនួន​នៅ​តែជាបញ្ហា​ដដែល។

នាយករង​វិទ្យា​ស្ថាន​សុវត្ថិភាព​ចរាចរណ៍លោក គង់ រតនៈ បាន​សារទរ​ចំពោះ​វិធានការ​នេះ តែ​លោក​មាន​ជំនឿថា​យុទ្ធ​នាការ​នេះ​មាន​ប្រសិទ្ធិ​ភាព​រយៈពេល​ខ្លី​ប៉ុណ្ណោះ និងពុំ​​បាន​ឆ្លើយ​តប​ចំពោះ​បញ្ហា​ដែល​កំពុង​កើត​មាន​សព្វថ្ងៃ​នេះនោះ​ទេ។ លោក​ឲ្យ​ជា​យោបល់​ថា រដ្ឋាភិបាល​គួរ​កំណត់​ពីមូល​ហេតុ​ដែល​បណ្តាល​ឲ្យ​មាន​រថយន្ត​ទាំង​នោះ​សិន​ មុន​នឹង​ចេញ​​ដំណោះ​ស្រាយ ​ក្នុង​​រយៈ​ពេល​មួយ​សម​ស្រប​ចំពោះ​បញ្ហា​នេះ។

លោក​ថា៖ « ដំណោះស្រាយមិនមែនជាការប្រើកណ្តាប់ដៃដាក់ទៅលើពួកគាត់ទេ! តែជាការផ្តល់នូវជំរើសសម្រាប់ពួកគាត់វិញ។ ខ្ញុំគិតថាប្រសិនជាយើងចេញបញ្ជាតែមួយថ្ងៃពីរថ្ងៃអញ្ចឹងវាធ្វើឲ្យប៉ះពាល់ដល់សេដ្ឋកិច្ច វាធ្វើឲ្យប៉ះពាល់ដល់ទឹកចិត្តប្រជាពលរដ្ឋអីអញ្ចឹង។ អញ្ចឹងក្នុងនាមយើងជាអាណាព្យាបាលជាអ្នកដោះស្រាយខ្ញុំគិតថាដំណោះស្រាយហ្នឹងគឺយើងគួរផ្តល់ជំរើសផ្សេងឲ្យគាត់ ទាក់ទងនឹងការដឹកលើសទំនិញឲ្យពួកគាត់ផ្តូរមកវិញ ក៏ឲ្យពួកគាត់កែច្នៃក្នុងរយៈពេលណា មានវិធានការសមស្របសំរាប់ពួកគាត់ទៅ។ ដូចដែលនិយាយថាយើងនិយាយភាសាខ្មែរដូចគ្នាហើយយើងគួរតែស្តាប់គ្នាបាន »

ក្រសួង​សា​ធារណការ ធ្លាប់លើក​ឡើង​ថាកម្ពុជា​ត្រូវ​បង់​ខាត​លុយ​ជាង​២០០លានដុល្លារ​រាល់ឆ្នាំ ​ចំណាយ​លើ​ការជួស​ជុល​ផ្លូវ​ ។ រដ្ឋមន្ត្រីក្រសួងសាធារណការ ក៏បានប្តេជ្ញាពង្រឹងគុណភាពផ្លូវថ្នល់មិនឲ្យធ្វើហើយឆាប់ខូចដូចមុននោះទេ។​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ