លោកហ៊ុន សែនថាពាក្យ«មានសែន អត់ស៊ី»នឹងបន្តលេងដល់ថ្ងៃស្លាប់រៀងខ្លួន

រូបពី ហ្វេសប៊ុក លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន

នាយករដ្ឋមន្ត្រី និងជាមេដឹកនាំបក្សកាន់អំណាច បានផ្ញើសារនយោបាយទៅកាន់ដៃគូប្រកួតថា ពាក្យ​«មាន​សែន អត់​​ស៊ី មាន​ស៊ី អត់សែន» នឹងបន្តលេងដល់ថ្ងៃស្លាប់រៀងៗខ្លួន។

លោកហ៊ុន សែន ថ្លែងបែបនេះ ក្នុងពិធីសម្ពោធការដ្ឋានសាងសង់ស្ពានឆ្លងទន្លមេគង្គ នៅខេត្តកំពង់ចាម នាថ្ងៃ​ទី៩​​ខែកុម្ភៈនេះ។

លោក ហ៊ុន សែន ថ្លែងបែបឌឺដងមិនបញ្ចេញឈ្មោះថា ដោយសារតែភាពឆោតល្ងង់ របស់​អ្នក​នយោបាយខ្លះ ទើបមិនអាចដណ្តើមអំណាចពីលោកបាន ។

មេដឹកនាំបក្សកាន់អំណាចរូបនេះ ថ្លែងទៀតថា «ពាក្យមានសែន អត់ស៊ី មានស៊ី អត់សែន» ដែលអ្នកធ្លា​ប់និយា​យ​​ ​​នឹងបន្តធ្វើឡើងរហូតដល់ថ្ងៃស្លាប់រៀងៗខ្លួន។

លោកថា៖«គេមិនល្ងង់ដូចអ្ហែងហ្នឹងហើយបានគេកាន់អំណាច រហូតទៅដល់ជិត៤០ឆ្នាំនោះ កុំទៅឆ្ងល់ពេក។ហើបើគិតតាំងពីដំណាក់កាលនៃការតស៊ូ រំដោះប្រទេសជាតិ៤០ឆ្នាំជាងទៅហើយ។អញ្ចឹងទេគួតែព្រមយល់ហើយ។

សួចោទជាបញ្ហាហ្នឹង ប៉ុន្តែបញ្ហារឿងមួយដែលធ្វើឲ្យអ្នកឯកងភ្លឺភ្នែកឲ្យច្បាស់ កាលពី១៥ឆ្នាំមុនអ្នកឯងនិយាយពីស្អី​?​​អ្នកឯងនិយាយមានស៊ី អត់ សែន មានសែន អត់ស៊ី ឥឡូវខ្ញុំធ្វើឲ្យដូចៗ មួយជិវិតទាល់តែងាប់រៀលខ្លួន»

ក្រោយបោះឆ្នោត កាលពី១៥ឆ្នាំមុន គណបក្សប្រជាជនកម្ពុជាដែលមានសំឡេងឆ្នោតនាំ​មុខគេ មិនអា​ច​រ​ក​សំ​ឡេង​២ភាគ៣ ដើ​​ម្បីបង្កើត​រដ្ឋាភិបាលថ្មី តាមរដ្ឋធម្មនុញ្ញបាននោះទេ ជំរុញឲ្យស្ថាន​ការនយោ​បាយ​នៅពេ​ល​នោះ​ត្រូ​​វ​​​ជាប់គាំង ដោយសារតែគណបក្សហ្វ៊ុនស៊ិនប៉ិច និងគណបក្សសម រង្ស៊ី មិនចូលរួម។

ពេ​ល​នោះ អតីតព្រះមហាក្សត្រ សម្តេ​ចព្រះ​នរោត្តម សីហនុ បានកោះហៅមេដឹកនាំគណបក្សនយោបាយសំខាន់ៗ ទៅ​ពិភាក្សា​នៅ​​ក្នុ​​​ង​ព្រះ​​​បរ​មរាជវាំង ដើម្បីស្វែងរកដំណោះស្រាយ។ ក្នុងនោះមាន លោក ហ៊ុន សែន សម្តេចក្រុមព្រះ នរោយត្តម​រណ​​ឫទ្ធិ និងលោក សម រង្ស៊ី  ។ កិច្ចប្រជុំពិសេសពេលនោះ បានផ្សាយផ្ទាល់តាមកញ្ចក់ទូរទស្សន៍​ជាតិផងដែរ។

ប៉ុន្តែការចេញព្រះរាជអន្តរាគមន៍ របស់សម្តេចព្រះនរោត្តមសីហនុពេលនោះ មិនអាចជំរុញឲ្យអ្នកនយោបា​យ​ខ្មែ​រស្រុះ​​​​​​​​​​ស្រួយគ្នាទៅបង្កើត រដ្ឋាភិបាលថ្មីមួយរួមគ្នាបានទេ ។

លោក សម រង្ស៊ី ពេលនោះ ជាប្រធានគណបក្សសម រង្ស៊ី បានប្រាប់អ្នកសារព័ត៌មានថា ការដឹកនំាំ​រដ្ឋាភិបាល បើ​​មា​ន​​ ​​លោក ហ៊ុន​ សែន ត្រូវអត់ សម រង្ស៊ី បើមានសម រង្ស៊ី ត្រូវអត់ ហ៊ុន សែន។

VOD មិនអាចសុំការឆ្លើយតបពី លោក សម រង្ស៊ី បានទេនៅថ្ងៃសុក្រនេះ។ ប៉ុន្តែ លោក ​សម រង្ស៊ី កាល​ពី​ស​ប្តាហ៍​មុន​ បានសរសេរលើគេហទំព័រហ្វេសប៊ុក របស់លោក រិះគន់លោក ហ៊ុន​ សែន ថា មេដឹកនាំរូបនេះ កំពុងនាំប្រ​ទេ​​ស​ទៅរក​របបផ្តាច់ការ ។

លោក សម រង្ស៊ី ក៏បានសរសេរបែបគំរាមថា ​ ចលនាសង្គ្រោះជាតិ ដែលលោក ទើបបង្កើត នឹងជំរុ​ញឲ្យ​សហគម​ន៍​អន្ត​រជាតិ ដាក់​ទណ្ឌកម្មសេដ្ឋកិច្ចដល់​រដ្ឋា​​ភិ​បាល រ​​បស់​​លោក ហ៊ុន សែន ដើម្បីដាក់សម្ពាធ​ឲ្យមេបក្សកា​ន់​អំ​ណា​​​​​ចរូបនេះ ឈប់ឲ្យក្រាញអំណាចបានតទៅទៀត បើមិន​វិល​ទៅ​​រកគន្ល​ងប្រជាធិបតេ​យ្យឡើងវិញនោះ។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយបាយ លោក សូ ចន្ថា យល់ថា ការដែលអ្នកនយោបាយខ្មែរ ជ្រើសរើស​យក​ការ​ប្រ​កួ​តប្រជែងអំណាច តាមរយៈយកគ្នា​ជា​សត្រូវ លោកថា នឹងជំរុញឲ្យមានការបែកបាក់ជាតិ។

លោក សូ ចន្ថា វិភា​គថា បើជម្លោះនយោបាយនេះ ឈានទៅជំរុញឲ្យ​ប្រទេសលោកសេរី ដាក់ទណ្ឌ​កម្មសេដ្ឋកិច្ច កម្ពុជាទៀតនោះ លោកថានឹងប៉ះពា​ល់ដល់​ព​ល​​រដ្ឋច្រើនលាននាក់ ពិសេសអ្នកមានជីវិភាពក្រីក្រស្រាប់។

លោកថា៖«សម្រាប់ខ្ញុំ ។ ខ្ញុំមិនចង់ឃើញកម្ពុជាធ្លាក់ទៅក្នុងវិបត្តិនៃការដាក់ទណ្ឌកម្មនានានោះទេ។ ប៉ុន្តែខ្ញុំ​ច​ង់​​​​​ឃើ​ញ​អ្នកនយោបាយខ្មែរចេះជជែកគ្នា ហើយឈរនៅលើគោលការណ៍អព្យាស្រ័យ ឈរនៅលើ​គោលការ​ណ៍បង្រួ​ប​បង្រួមជាតិ។ ហើយឆ្ពោះទៅរកការបោះឆ្នោតមួយដ៏ត្រឹមត្រូវ ដែលទទួ​លយកបានទាំ​ងអស់គ្នា នោះ​ទើបជាជ​ម្រើស​ដ៏​​ល្អទាំ​ង​អស់គ្នា»

ចំណែក​សាស្ត្រា​ចារ្យប្រវត្តិសាស្ត្រ លោក វង់ សុធារ៉ា ពន្យល់ដែរថា បើអ្នកនយោបាយ​ខ្មែរ នៅតែ​បន្ត​ឈ្លោះ​​​​គ្នា លោ​​​កថា ​អ្នកដែលចំណេញពីជម្លោះនេះ គឺប្រទេស​ជិត​​ខា​ង មានវៀតណាម និងថៃ ។ លោកបន្តថា ប្រទេ​សជិ​ត​ខា​​ង​​ទាំ​ងនោះនឹងចំណេ​ញ​​​ទាំ​​​ង​​ផ្នែក​សេ​​​​​​ដ្ឋកិ​ច្ច ទាំង​ការរំកិលព្រំដែន ដូចពីអតីតកា​លដែលខ្មែរធ្លា​ប់បាត់បង់។

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ