ក្រុមមេធាវីថា ជំងឺលោក កឹម សុខាអាចប៉ះពាល់អាយុជីវិត

ដោយ លោក ពេជ្រ ចំរុង​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 5:27 PM | នយោបាយ | 0 | 2053 លោក កឹម សុខា (រូបចែករំលែកតគ្នាពីហ្វេសប៊ុក)

ក្រុមមេធាវីអះអាងថា ស្ថានភាពជំងឺលោក កឹម សុខា​ កាន់តែធ្ងន់ធ្ងរ អាចប៉ះពាល់ដល់អាយុជីវិត បើតុលាការមិនព្រមដោះលែងឲ្យលោកបាននៅក្រៅឃុំ ដើម្បីព្យាបាលនោះទេ។

កាលពីថ្ងៃទី១កុម្ភៈកន្លងទៅ ឧទ្ធរណ៍បានទាត់ចោលសំណើសុំនៅក្រៅឃុំរបស់ក្រុមមេធាវីការពារក្ដីឲ្យ លោក កឹម​ សុខា ដោយថា ដើម្បីការពារសុវត្ថិភាព និងធានាដំណើរការស៊ើបអង្កេតរបស់តុលាការ។ ប៉ុន្ដែ អង្គការសង្គមស៊ីវិលជាតិ និងអន្ដរជាតិ មើលឃើញថា សុខភាពលោក កឹម សុខា កាន់តែទន់ខ្សោយ ពេលបង្ហាញខ្លួននៅចំពោះមុខតុលាការជាលើកដំបូងនេះ។

មេធាវីម្នាក់ ដែលការពារឲ្យលោក កឹម​ សុខា គឺអ្នកស្រី ម៉េង សុធារី រៀបរាប់ថា ក្នុងពន្ធនាគារ លោក កឹម សុខា គេងមិនសូវលក់ ដោយសារ លោកជួបបញ្ហាកៀបសរសៃត្រង់ស្មាខាងឆ្វេង ហើយថា គ្រូពេទ្យសិង្ហបុរី ធ្លាប់ប្រាប់ឲ្យលោកវះកាត់ និងឆាបយកឆ្អឹងនោះចេញ ដើម្បី​កុំ​ឱ្យ​កៀប​សរសៃបន្ដទៀត។

អ្នកស្រីបន្ថែមថា ក្រុមមេធាវីមានក្ដីបារម្ភខ្លាំងចំពោះបញ្ហាសុខភាពលោក កឹម សុខា  ដោយថា ចាំបាច់ត្រូវមានការមើលថែដិតដល់ពីគ្រូពេទ្យជំនាញ ខណៈ នៅពន្ធនាគារ មានតែឧបករណ៍សង្គ្រោះធម្មតាប៉ុណ្ណោះ។

អ្នកស្រីថា៖ «គាត់មានបញ្ហាសរសៃកៀបត្រង់ស្មាខាងឆ្វេង ហើយគាត់ធ្លាប់បានពិនិត្យសុខភាពនៅមន្ទីរសិង្ហបុរីហ្នឹង ពេទ្យឲ្យឯកឧត្តម កឹម សុខា ធ្វើការវះកាត់ដែរ។ បច្ចុប្បន្នគាត់ជាប់ពន្ធនាគារ អាការៈនៃការកៀបសរសៃរបស់គាត់ បានធ្វើទុក្ខគាត់។ ដោយសារការឈឺស្មានៅខាងឆ្វេង ហើយគាត់ក៏មិនដឹងថា តើការឈឺស្មានៅខាងឆ្វេង នឹងវិត្តន៍ទៅជាយ៉ាងណាទេ ហើយបើតាមគ្រូពេទ្យនៃប្រទេសសាំងហ្កាពួរថា ត្រូវការវះកាត់ ហើយឆាបចេញជាចាំបាច់»។

មេធាវីការពារក្ដីម្នាក់ទៀត លោក ជួង ជូងី ប្រាប់ VOD ថា ក្រុមមេធាវីការពារ គ្រោងដាក់ពាក្យបណ្ដឹងសាទុក្ខប្រឆាំងនឹងសេចក្ដីសម្រេចរបស់សាលាឧទ្ធរណ៍ ដែលបដិសេធមិនឲ្យលោក កឹម សុខា បាននៅក្រៅឃុំ។

លោកថា៖ «ថ្ងៃសវនាការនៅឧទ្ធរណ៍ថ្ងៃមុននេះ ពេលនេះ ពេលដែលដំណើរការទៅ គាត់មានភាពញ័រខ្លួន ហើយគាត់សុំការអនុញ្ញាតពីក្រុមប្រឹក្សាអង្គុយចុះ ព្រោះគាត់មានសភាពញ័រខ្លួន ដោយសារជាតិស្ករចុះខ្លាំង អញ្ចឹងវាហានិភ័យខ្ពស់ណាស់ ដល់អាយុជីវិតគាត់ អញ្ចឹងបានថា រោគពីរហ្នឹង លើសឈាម និងទឹកនោមផ្អែមគឺគំរាមដល់អាយុជីវិតគាត់ខ្លាំងណាស់»។

VOD មិនទាន់អាចសុំការបំភ្លឺពីប្រធានពន្ធនាគារត្រពាំងផ្លុង លោក ភិន យ៉ាន បានទេ។

ក្នុងសេចក្ដីថ្លែងការណ៍ចេញផ្សាយកាលពីថ្ងៃទី៥កុម្ភៈ អង្គការលើកលែងទោសអន្ដរជាតិ បានអំពាវនាវទៅអាជ្ញាធរ ឲ្យដោះលែងលោក កឹម​ សុខា ជាបន្ទាន់ និងគ្មានលក្ខខណ្ឌ ដោយពួកគេសង្កេតឃើញថា សុខភាពលោក កឹម​ សុខា ធ្លាក់ចុះយ៉ាងខ្លាំង ដូចជា សំពាធឈាមឡើងខ្ពស់ ឈឺចាប់ត្រង់ស្មា និងជំងឺទឹកនោមផ្អែម។

បើតាមអង្គការលើកលែងទោសអន្ដរជាតិ លោក កឹម សុខា ត្រូវបានគេឃុំឃាំងក្នុងបន្ទប់ដាច់ដោយឡែកពីអ្នកទោសផ្សេងទៀត ហើយថា មន្ដ្រីពន្ធនាគារត្រពាំងផ្លុង ខេត្តត្បូងឃ្មុំ បានផ្ដល់ថ្នាំពេទ្យឲ្យលោក កឹម សុខា ប៉ុន្ដែ ពួកគេមិនអនុញ្ញាតឲ្យគ្រូពេទ្យឯករាជ្យ ចូលពិនិត្យសុខភាពឡើយ។ អង្គការអន្ដរជាតិមួយនេះបន្ដថា សូម្បីក្រុមមេធាវីការពារក្ដី និងសមាជិកគ្រួសារ ក៏ត្រូវបានគេឆែកឆេរ មុនចូលសួរសុខទុក្ខលោក កឹម សុខា ផងដែរ។

អតីតប្រធានគណបក្សសង្គ្រោះជាតិ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចចាប់ខ្លួននៅក្នុងផ្ទះរបស់លោក កាលពីយប់ថ្ងៃទី៣កញ្ញា ឆ្នាំ២០១៧ ដែលគិតមកទល់ពេលនេះ ជាង៥ខែហើយ។

រដ្ឋាភិបាល​កម្ពុជា បានទទួល​រង​ការ​ថ្កោល​ទោស​ជា​បន្ត​បន្ទាប់​ពី​សហគមន៍​អន្តរជាតិ​នាំ​មុខ​ដោយ​សហភាព​អឺរ៉ុប និង​សហរដ្ឋ​អាមេរិក បន្ទាប់​ពីលោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​ជុំ​វិញ​អ្វី​ដែល​រដ្ឋាភិបាល​​ចោទ​ថា «ក្បត់​ជាតិ»៕

សរសេរមកកាន់ លោក ពេជ្រ ចំរុង តាមរយៈ chamrong@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required