លោកហ៊ុន សែនថា ការប្រើប្រាស់ឈើធ្លាក់ចុះដោយសាររដ្ឋអភិរក្សព្រៃ

ដោយ លោក ឃុត សុគន្ធ​​ | ថ្ងៃសុក្រ ទី៩ ខែកុម្ភៈ ឆ្នាំ២០១៨​ ម៉ោង 1:20 PM | បរិស្ថានសង្គមសេដ្ឋកិច្ច | 0 | 2055 ព្រៃសហគមន៍ សាលាឆ្តោ រងការកាប់ទន្រ្ទាន

លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន អះអាងថា បច្ចុប្បន្នការប្រើប្រាស់ឈើរបស់ប្រជាពលរដ្ឋបានធ្លាក់ចុះដោយ សាររដ្ឋាភិបាលអភិរក្សព្រៃឈើទុក។​ ក្នុងពិធីសម្ពោធរោងចក្រស៊ីម៉ងត៍​នៅខេត្តកំពតកាលពីថ្ងៃទី៨មករា លោក ហ៊ុន សែន មានប្រសាសន៍ថា តម្រូវការអ្នកប្រើប្រាស់ឈើនៅក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះ ដោយសារតែរដ្ឋាភិបាលបានអភិរក្ស និងហាមឃាត់ការប្រើប្រាស់ឈើបានប្រសិទ្ធិភាព។ លោកបន្ថែមថា«អញ្ចឹងសុទ្ធតែប្រើស៊ីម៉ងត៍មិនមែនប្រើឈើទៀតទេ ការប្រើប្រាស់ឈើកាន់តែធ្លាក់ចុះដោយ សារតែឈើរបស់យើងត្រូវបានអភិរក្ស និងការហាមឃាត់ឈើ ហាមឃាត់ការប្រើប្រាស់ឈើ អញ្ចឹងការស៊ីម៉ងត៍សម្រាប់ការសាងសង់ការរដ្ឋានទាំងអស់រាប់ទាំងផ្ទះប្រជាពលរដ្ឋ សាលារៀន មន្ទីរពេទ្យ វត្តអារាម ដែលមុននេះក៏សាងដោយឈើតែឥលូវនេះជំនួសដោយស៊ីម៉ងត៍»

អ្នកឃ្លំាមើលព្រៃឈើយល់ឃើញថា ការប្រើប្រាស់ឈើរបស់ពលរដ្ឋនៅក្នុងស្រុកធ្លាក់ចុះមិនមែនមកពីរដ្ឋាភិបាលអភិរក្សឈើនោះទេ គឺមកពីអស់ឈើប្រើប្រាស់ដោយសារបទល្មើសព្រៃឈើឆ្លងដែនមិនអាចទប់ស្កាត់ បានប្រសិទ្ធភាព។ សមាជិកក្រុមបណ្ដាញនិស្សិឯករាជ្យ ដែលធ្វើការ ការពារធនធានធម្មជាតិ និងប្រឆាំងការជួញដូរឈើឆ្លងដែនខុសច្បាប់លោក ហេង ស្រស់ មានប្រសាសន៍ថា រដ្ឋាភិបាលទប់ស្កាត់បានបទល្មើសព្រៃឈើចំពោះតែប្រជាពលរដ្ឋតូចតាចប៉ុណ្ណោះ ប៉ុន្តែសម្រាប់បទល្មើសធំៗ និងបទល្មើសឆ្លងដែនគឺមិនអាចទប់ស្កាត់ឡើយ។ លោកបន្ថែមថា«ខ្ញុំយល់ថា គាត់[លោក ហ៊ុន សែន]ថា ការពារអភិរក្ស​ គាត់ឃាត់បានតែប្រជាពលរដ្ឋតូច តាចដូចគាត់រកស៊ីចិញ្ចឹមក្រពះដែលគាត់ហ្នឹងកាប់ឈើហ្នឹងយកមកធ្វើផ្ទះទេ ប៉ុន្តែចំពោះក្រុមហ៊ុនធំៗចំពោះ ឧញ្ញាធំៗដែលរកស៊ីឈើខុសច្បាប់ ដឹកឈើខុសច្បាប់ឆ្លងដែនពីកម្ពុជាទៅបណ្តាប្រទេសដទៃទៀតហ្នឹងគឺ លោក ហ៊ុន សែន មិនមានសមត្ថភាពក្នុងការទុបស្កាត់ទេ ព្រោះខ្ញុំតាមដានសង្កេតមើលរយៈកាលចុងក្រោយ ហ្នឹងគឺមានដឹកឈើយ៉ាងគគ្រឹកគគ្រៀងដោយមិនទើសក្បាលអ្នកណាទេ»។

លោកបន្តថារយៈពេលខែ៤ចុងក្រោយនេះបទល្មើសដឹកឈើទៅប្រទេសវៀតបានកើនឡើយដោយមិនអាជ្ញា   ធរ ហ៊ានទប់ស្កាត់ឡើយ។ របាយការណ៍ឆ្នាំ២០១៧របស់អង្គការឃ្លាំមើលព្រៃឈើ Forest Trends បង្ហាញថា ការនាំឈើហុប និងឈើ អារពីប្រទេសកម្ពុជាទៅប្រទេសវៀតណាមកើនឡើងគួរឲ្យកត់សម្គាល់ ដោយរបាយការណ៍នេះ បញ្ជាក់ថា នៅឆ្នាំ២០១៧ ឈើប្រមាណ ១៦៣០៧១ ម៉ែត្រគូបរបស់កម្ពុជាត្រូវបាននាំចេញទៅប្រទេសវៀតណាម ពោលគឺមានកើនឡើង១៧ភាគរយលើសឆ្នាំមុន។

របាយការណ៍ដដែលនេះ បន្ថែមថា តម្លៃនៃការនាំចេញនោះបានកើនឡើង២១ភាគរយ គឺស្មើនឹងទឹកប្រាក់ ៤០ លានដុល្លារ។ កាលពីថ្ងៃទី​២៣​ខែមករា រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ លោក ស ខេង បាន​បញ្ជា​ទៅ​មន្ដ្រី​ក្រោម​បង្គាប់ឲ្យ​បិទច្រក​របៀងទាំងអស់ដោយថា ដើម្បី​ទប់​ស្កាត់​បទ​ល្មើស​ឆ្លង​ដែន​ខុស​ច្បាប់​គ្រប់​ប្រភេទ​។ អភិបាល​ខេត្ត​ត្បូង​ឃ្មុំ លោក លី ឡេង បាន​ប្រាប់​ទៅ​កាន់មន្ដ្រី​​ក្រោម​បង្គាប់​របស់​ខ្លួនឲ្យបិទ​ច្រក​របៀង​​នៅ​តាម​បន្ទាត់​ព្រំដែន​ក្នុង​ខេត្ត​ត្បូង​ ដែលបទ​បញ្ជានេះធ្វើ​ឡើង​ក្រោយ​ពី​ រដ្ឋាភិបាល​ស្ដី​​បន្ទោស និងព្រមាន​ដក​ចេញ​ពី​តំណែងប្រសិនបើ​នៅ​តែ​កើត​មាន​បទ​ល្មើស​ឆ្លង​ដែន ពិសេស​បទ​ល្មើស​ព្រៃ​ឈើឆ្លង​ទៅ​កាន់​ប្រទេស​​​​វៀត    ណាមតាម​ច្រក​ត្បូង​ឃ្មុំ​ទៀត​នេះ៕

សរសេរមកកាន់ លោក ឃុត សុគន្ធ តាមរយៈ sokun@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required