លោកអ៊ុំ សំអានចោទថា សមត្ថកិច្ចបង្ខំលោកឲ្យចូលរួមសវនាការ

តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ​លោក អ៊ំ សំអាន

អតីតតំណាងរាស្ត្រគណបក្សប្រឆាំងដែលកំពុងជាប់ពន្ធនាគារ លោក អ៊ុំ សំអានថ្លែងថា លោកប្រើប្រាស់សិទ្ធិមិនចូលរួមសវនាការផ្សេងៗទៀតទេ ប៉ុន្តែថាថ្ងៃនេះត្រូវសមត្ថកិច្ចបង្ខំនាំខ្លួនឲ្យចូលរួមសវនាការ។​

​ប្រាប់អ្នកសារព័ត៌មាន​បន្ទាប់ពីស្ដាប់ចៅក្រមតុលាការកំពូលប្រកាសសាដីកានៅថ្ងៃនេះ លោក អ៊ំុ សំអាន លើកឡើងថា លោកបានដាក់ ពាក្យស្នើសុំមិនចូលរួមសវនាការរួចហើយ ប៉ុន្តែតុលាការនៅតែយករូបលោកមកទៀត។ លោកបន្តថា លោកមិនចង់ចូលរួម សវនាការបន្តទៀតនោះ ដោយសារ លោកគ្មានជំនឿថា អាចផ្ដល់យុតិ្តធម៌ដល់រូបលោក។

លោកថា៖«តុលាការមិនយុត្តិធម៌ទេ ខ្ញុំមិនបានប្រព្រឹត្តបទល្មើសដូចតុលាការចោទប្រកាន់នោះទេខ្ញុំមិនចង់ចូលរួម សវនាការ ព្រោះយើងដឹងមុនថាសវនាការនេះ មិនបានផ្ដល់យុត្តិធម៌ឲ្យយើងនោះទេ ទើបខ្ញុំមិនចង់ចូលរួមសវនាការ»។

អ្នកនាំពាក្យក្រសួងយុត្តិធម៌លោក ជិន ម៉ាលីន មានប្រសាសន៍ថា ក្នុងសំណុំរឿងព្រហ្មទណ្ឌ ទោះជនជាប់ចោទចង់ ឬ មិនចង់ក៏ត្រូវនាំខ្លួនចូលសវនាការដែរ។​

លោក ជិន ម៉ាលីន លោកថា៖«កាលណា គាត់បដិសេធមិនចូលក្នុងសវនាការគឺខាតប្រយោជន៍គាត់វិញទេ បើសិនគាត់មិនចូល អញ្ចឹងទេ បើគាត់ចូលគាត់អាចដឹងពីការចោទប្រកាន់របស់គេ  ហើយអត់ការពារខ្លួនតាមផ្លូវច្បាប់អីបានទេ។ វាជាបទឧក្រិដ្ឋ ហើយជាតម្រូវនៃផង មិនមែនគាត់ចង់ចូលឬ មិនចូលស្រេចនឹងជាចិត្តគាត់នោះទេ គឺគាត់កំពុងជាប់បណ្ដឹងនៅតុលាការ»។

មេធាវីការពារក្តីឲ្យលោក អ៊ុំ សំអាន គឺលោកជួង ជូងី ថ្លែងថា ករណីនេះរំលោភសិទ្ធិកូនក្តីរបស់លោក។​

លោក ជូង ជូងី៖«គាត់មកអត់មានជំឿថាមកអត់បានប្រយោជន៍ គាត់មិនចង់មកបែបជាចាប់បង្ខំឲ្យគាត់មក អត់ត្រូវរឿងតែម្ដង ប្រើអំណាចបំពានជនត្រូវចោទ ធ្វើឲ្យជនត្រូវចោទឈឺចាប់ សូម្បីតែខ្ញុំជាមេធាវីក៏ទោមស្សដែរ»។​

ក្នុងបន្ទប់សវនាការ លោក អ៊ុំ សំអាន ប្រាប់ទៅចៅក្រមជំនុំជម្រះថា លោកប្ដឹងជំទាស់មកតុលាការកំពូល ដោយថា លោកមិនបានប្រព្រឹត្តបទល្មើសដូចតុលាការក្រោមចោទប្រកាន់នោះទេ។ លោកបន្តថា លោកធ្វើការកន្លងមក គឺធ្វើទៅតាមតួនាទីជាតំណាងរាស្ត្រតែប៉ុណ្ណោះ ហើយលោកក៏មិនបានរើសអើងពូជសាសន៍ដែរ។

លោកថា៖«បើតំណាងរាស្រ្តគ្មានសិទ្ធិបញ្ចេញមតិទេ​ អញ្ចឹងមិនបាច់ធ្វើតំណាងរាស្រ្តទេ​គឺធ្វើប្រជាពលរដ្ឋសាមញ្ញាធម្មវិញ»។

ទោះជាយ៉ាងណា ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូល បានសម្រេចបដិសេធ ដោយយល់ថា ការសម្រេចរបស់តុលាការថ្នាក់ក្រោមធ្វើឡើងត្រឹមត្រូវតាមនីតីវិធីច្បាប់។

កាលពីថ្ងៃទី១០ ខែតុលា ឆ្នាំ២០១៦ សាលាដំបូងរាជធានីភ្នំពេញ បានសម្រេចផ្តន្ទាទោស លោក អ៊ុំ សំអាន ដាក់​​ពន្ធនាគារ២ឆ្នាំ៦ខែ និងពិន័យជាប្រាក់៤លានរៀល ដោយចោទពីបទបទញុះញង់ឲ្យ​ប្រព្រឹត្តបទឧក្រិ​ដ្ឋជា​អាទិ៍ បង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខ សង្គម និង​​​ញុះ​​​ញង់ឲ្យមានការរើសអើង ក្រោយពីអតីតតំណាងរាស្ត្ររូបនេះ និយាយថា ការបោះបង្គោលព្រំដែន តាម​ស​ន្ធិ​សញ្ញាបំពេញបន្ថែម ឆ្នាំ២០០៥ ធ្វើឲ្យកម្ពុជាបាត់ដីខ្លះទៀតទៅវៀតណាម។

 

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ