ប្រធានរដ្ឋសភាជំរុញឲ្យយកចិត្តទុកដាក់មតិយោបល់លើសេចក្ដីព្រាងច្បាប់សហជីព

សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)

ប្រធានរដ្ឋសភាលោក ហេង សំរិន ជំរុញឲ្យគណៈកម្មការចំពោះកិច្ចរបស់គណបក្សទាំងពីរយកចិត្តទុកដាក់លើមតិយោបល់ និងអនុសាសន៍លើសេចក្ដីព្រាងច្បាប់ដែលទទួលបានពីសិក្ខាសាលាក្នុងថ្ងៃនេះ ដោយលោកថា ដើម្បីធានាថាច្បាប់នេះនឹងបម្រើផលប្រយោជន៍ទាំងភាគីនយោជិត និងនិយោជក។

នៅព្រឹកថ្ងៃពុធនេះ រដ្ឋសភាបើកសិក្ខាសាលាពិគ្រោះយោបល់លើសេចក្តីព្រាងច្បាប់សហជីពដ៏ចម្រូងចម្រាស ដោយមានការចូលរួមពីសមាជិក សមាជិកាព្រឹទ្ធសភា រដ្ឋសភា ក្រសួងការងារ តំណាងរដ្ឋាភិបាល ដៃគូអភិវឌ្ឍន៍ អង្គការជាតិ និងអន្តរជាតិ ព្រមទាំងសហព័ន្ធ សហជីពមកពីរោងចក្រផ្សេងៗសរុបជាង១០០ស្ថាប័ន។

ថ្លែងបើកសិក្ខាសាលាពិគ្រោះយោបល់នេះនៅវិមានរដ្ឋសភា លោក ហេង សំរិន បានមានប្រសាសន៍ថា មតិយោបល់ដែលទទួលបានពីសិក្ខាសាលក្នុងថ្ងៃនេះមានសារៈសំខាន់ក្នុងការធានាថាច្បាប់ស្ដីពីសហជីពនេះនឹងធានាបាននូវផលប្រយោជន៍ឲ្យទាំងភាគីរោងចក្រ និងកម្មករ ដោយលោកជំរុញឲ្យគណៈកម្មការចំពោះកិច្ចត្រូវយកចិត្តទុកដាក់លើមតិយោបល់ទាំងអស់នេះ។

លោក ហេង សំរិន ឲ្យដឹងដែរថា គិតត្រឹមឆ្នាំង២០១៥ កម្ពុជាមានរោងចក្រប្រមាណ៥០០ ប្រើប្រាស់កម្លាំងពលកម្មជាង៥សែននាក់ ដោយក្នុងនោះមានសហព័ន្ធ និងសហជីពប្រមាណ៣០០០សហជីព តែលោក​ថា តួលេខនេះអាចប្រែប្រួលក្នុងឆ្នាំ២០១៦។

រដ្ឋមន្ត្រីក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ មានប្រសាសន៍ ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពនេះមានភាពល្អប្រសើរហើយនឹងធានាសិទ្ធិសេរីភាពរបស់អង្គការវិជ្ជាជីវៈស្របតាមច្បាប់ជាតិ និងបទដ្ឋានអន្តរជាតិ ដែលលោកជាកត្តាស្នូលក្នុងការធានាភាពរីកចម្រើនរបស់រោងចក្រ និងសុខដុមរមនារវាងភាគីនិយោជិត និងនិយោជក។

យ៉ាងណាក៏ដោយ តំណាងរាស្ត្រមកពីគណបក្សសង្គ្រោះជាតិលោក សុន ឆ័យ បានថ្លែងថា ច្បាប់នេះនៅមិនទាន់មានលក្ខណៈល្អប្រសើរនៅឡើយទេ ដោយលោកថាច្បាប់នេះមិនទាន់អាចធានាបាននូវភាពសុខដុមរមនារវាងភាគីនិយោជិត និងនិយោជកនៅឡើយទេ។

សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)
សិក្ខាសាលាពិគ្រោះយោបល់​លើ​សេចក្ដីព្រាង​ច្បាប់​ស្ដី​ពី​សហជីព (រូបភាព៖ ទូច សុខា)

សេចក្តីព្រាងច្បាប់ស្តីពីសហជីពមានចំនួន១៧ជំពូក និង១០០មាត្រា ហើយច្បាប់នេះត្រូវបានសហជីពចោទប្រកាន់ថារដ្ឋាភិបាលរៀបចំឡើងទៅតាមសំណើរបស់និយោជក។ តំណាងសហជីពព្រមានថា បើសិនច្បាប់នេះត្រូវបានសភាអនុម័តដោយមិនមានការកែប្រែទៅតាមអ្វីដែលសហជីពបានទាមទារ ច្បាប់នេះនឹងធ្វើឲ្យសហជីពឯករាជ្យចុះទន់ខ្សោយនិងធ្វើឲ្យបាត់បង់ផលប្រយោជន៍របស់កម្មករ។

កាលពីសប្ដាហ៍មុន អង្គការសង្គមស៊ីវិល និងសហជីពចំនួន២១ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍រួមមួយស្នើឲ្យសភាផ្ដល់ពេលវេលាគ្រប់គ្រាន់ឲ្យសហជីពផ្ដល់យោបល់លើសេចក្ដីព្រាងច្បាប់ស្ដីពីសហជីព និងទទួលយកសំណើដាក់បញ្ចូលក្នុងសេចក្ដីព្រាងច្បាប់នោះ។ សេចក្ដីថ្លែងការណ៍រួមនោះបានលើកឡើងថា រយៈពេលដែលផ្ដល់ឲ្យភាគីពាក់ព័ន្ធសួរសំណួរ និងផ្ដល់យោបល់នៅក្នុងសិក្ខាសាលានៅព្រឹកនេះមិនទាន់គ្រប់គ្រាន់នៅឡើយទេ។

សេចក្ដីថ្លែងការណ៍ដដែលក៏បានលើកឡើងដែរថា សេចក្ដីព្រាងច្បាប់នេះមានឥទ្ធិពលធ្វើឲ្យប៉ះពាល់ដល់សិទ្ធិរបស់កម្មករនយោជិក សេរីភាពខាងបង្កើតសមាគម ការចរចាជាសមូហភាព ការប្រមូលផ្ដុំ និងបញ្ចេញមតិ។

ចំណែកឯសមាគមរោងចក្រកាត់ដេរនៅកម្ពុជា (GMAC) កាលពីម្សិលមិញក៏បានចេញលិខិតមួយជំរុញឲ្យមានការកែសម្រួលលើមាត្រាមួយចំនួនសេចក្ដីព្រាងច្បាប់សហជីពនេះផងដែរ ដោយថាមាត្រាទាំងនោះជាការព្រួយបារម្ភរបស់និយោជក។

គួរបញ្ជាក់ថា សេចក្ដីព្រាងច្បាប់ស្ដីពីសហជីពត្រូវបានព្រាងដោយក្រសួងការងារ រួចបញ្ជូនទៅទីស្ដីការគណៈរដ្ឋមន្ត្រី និងចុងក្រោយទៅកាន់រដ្ឋសភា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ