ពល​រដ្ឋ​ដែល​ប៉ះពាល់ពី​វារី​អគ្គិសនីសេសាន​ក្រោម​មិន​ចាក​ចេញ​ពី​ដី​របស់​ខ្លួន​

ជនជាតិ​ដើម​ភាគតិច​នៅ​ខេត្ត​ស្ទឹង​ត្រែង​ដែល​​រង​ផលប៉ះពាល់ពី​ការ​អភិវឌ្ឍទំនប់​វារី​អគ្គិសនី​សេសាន​ក្រោម​ពី​របស់​រដ្ឋាភិបាល​ថា ​ពួកគេនឹង​មិន​ចាកចេញពី​ដី​ដូ​ន​តារបស់​ខ្ឡួនទៅ​កន្លែង​ថ្មី​​ឡើយ​ ដោយ​ថា​សោកស្តាយ​ដីស្រែចម្ការ​ដែល​ខ្លួន​ធ្លាប់​ទទួល​ផល​ជា​ប្រចាំ។

ទំនប់​សេសាន​ក្រោម​ពីរជា​ទំនប់​ដែល​ត្រូវ​បាន​សាង​សង់​នៅស្រុក​សេសាន ខេត្ត​ស្ទឹងត្រែង ជា​ចំណុច​ប្រសព្ធ​គ្នា​រវាង​ទន្លេ​សេសាន និង​ទ​ន្លេស្រែ​ពក។ រដ្ឋាភិបាល​បាន​អនុម័ត​ឲ្យ​សាង​សង​ទំនប់​នេះនៅ​ឆ្នាំ​២០១២ បើ​ទោះ​បី​ជា​ការ​វាយតម្លៃ​ផលប៉ះ​ពាល់​បរិស្ថាន​ មិន​បាន​ឆ្លើយ​តប​ទៅ​នឹងការ​អនុវត្តន៍​ដ៏​ល្អប្រសើ​រជា​អន្តរជាតិ​ក៏​ដោយ។នេះបើតាមរបាយការណ៍របស់សង្គមស៊ីវិល។

រដ្ឋាភិបាល​បាន​អះ​អាង​ថា​គម្រោង​នេះ​បានធ្វើ​ឲ្យ​មាន​ផល​ប៉ះពាល់​ដល់​ភូមិចំនួន​៦ភូមិ នៃ​ឃុំ​ចំនួន​ពីរ​ នៃ​ស្រុក​សេសាន​ ខេត្ត​ស្ទឹងត្រែង ដែល​មាន​ពល​រដ្ឋ​រស់​នៅ​ចំនួន ៨៤៦ គ្រួសារ​កំពុង​រស់​នៅ​ តែ​រហូត​មក​ដល់ពេល​នេះខ្លួន​បាន​ដោះ​ស្រាយ​ជា​សំណងទៅ​ឲ្យ​អ្នក​ដែល​រងផល​ប៉ះពាល់​បាន​សម្រេច​ចំនួន​៨៧​%​ហើយ រង់​ចាំដោះ​ស្រាយ​ជាមួយ​ពល​រដ្ឋ១២៦គ្រួសារ​ទៀត​ដែលមិន​ព្រម​ទទួល​សំណង​នោះ។

តំណាង​ជន​ជាតិ​ដើមភាគតិច​ព្នង ដែល​រងផល​ប៉ះពាល់​ពី​ទំនប់​នេះអ្នក​ស្រីស្រាង ឡាញ លើកក្នុងកិច្ចប្រជុំមួយនៅថ្ងៃទី៩ខែមីនានេះថា ​គ្រួសារ​អ្នក​ស្រី​នឹង​មិន​ចាកចេញពី​ដីធ្លី​របស់​ខ្លួន​នោះ​ទេ​ដោយ​​សារ ស្តាយ​ដីភូមិ ​ស្រែចម្ការ និង​ដំណាំ​ដែល​បាន​បន្សល់​ពី​ដូនតាខ្លួន ហើយ​មិន​ទាម​ទារអ្វីពី​រដ្ឋាភិ​បាល​​នោះ​ទេ គឺ​ពួកគាត់​សុខចិត្តរស់​តាម​មាត់​ទឺក​នៃ​ទំនប់​វារី​អគ្គិ​សនី​​នោះដោយ​មិន​ចាកចេញ​ទៅ​ទី​តាំង​ផ្សេង។

អ្នកស្រីថា «ខ្ញុំ​អត់​អាចលះបង់​ចេញ​បាន​ទេ! ខ្ញុំ​សុខចិត្ត​ថា​ស៊ូស្លាប់លើ​បាត​អាង​ចុះ។ មិន​ប្រឆាំង​ទេ​លើ​គម្រោង​អភិវឌ្ឍន៍ ប៉ុន្តែបើ​អភិវឌ្ឍន៍ ឲ្យ​យើង​រស់​សប្បាយ​ទាំង​អស់​គ្នា​ផង។ …  ទៅ​ចេញ​ដី​ថ្មី​អត់​មាន​ដី​ចម្ការ​វិល​ជុំ​ទេ​! គេ​វាស់ឲ្យ​តែ​ប្រាំ​ហត្ថ​ទេ ខ្ញុំ​នៅ​ភូមិ​ចាស់ដី​ចម្ការ​វិល​ជុំខ្ញុំ​ចង់​ធ្វើ​ប៉ុន្មាន​កន្លែង​ក៏​បាន ជន​ជាតិ​ខ្ញុំ​តាំង​ពីមុន​មក​ដល់​ឥឡូវ​ធ្វើ​ដីសមូហភាព ដល់​សម័យ​អភិវឌ្ឍន៍ឲ្យ​ខ្ញុំ​វាស់​វែង​ពួក​ខ្ញុំ​មិន​ព្រម​ដាច់​ខាត»។

អ្នក​ដែល​រង​ផល​ប៉ះពាល់​ជា​ជន​ជាតិ​ដើម​ភាគ​តិចលាវ ម្នាក់ទៀត​ អ្នកស្រី ណាត សូតា ដែល​រស់​នៅភូមិ​ស្រែ​គរ បាន​បង្ហាញ​អារម្មណ៍​ដូច​គ្នា​ប្រាប់​អ្នក​សារព័ត៌មានថា​ពួកគាត់​ជាង​១០០គ្រួសារ​ផ្សេង​ទៀត​សម្រេច​ថា​មិន​ចាកចេញ​ពី​ដី​ចាស់​របស់ខ្លួន​នោះ​ទេ។ អ្នក​ស្រី​ថា​ នៅ​ទី​តាំងដែល​ខ្លួ​ន​កំពុង​រស់​នៅ​នេះ​មាន​ដី​ស្រែ ចម្ការ ដំណាំដែល​ខ្លួន​បាន​ដាំ​រួច​រាល់​អស់​ហើយ ហើយ​ការ​ផ្លាស់​ទី​លំនៅ​ទៅកន្លែង​ផ្សេង​ពួក​គេ​មិន​រំពឹង​ថា​អាច​មាន​ជីវភាព​ដូច​អ្វី​ដែល​ពួក​គេ​មាន​នៅ​ទី​នេះ​នោះ​ទេ។

អ្នក​ស្រី​ថា៖ «តែ​ខ្ញុំ​មិន​ទៅគឺ​មិន​ទៅ​ហើយ! ទឹក​លិច​ត្រឹម​ណា ជើង​ទឹក​ត្រឹម​ណា​ខ្ញុំ​នៅ​ត្រឹម​ហ្នឹង អភិបាល​លើក​ឡើង​ថា​ខ្ញុំ​កាប់​រាន​ដីពាស​វាល​ពាសកាល​។ មិន​មែ​ន​ទេ​ដី​ហ្នឹង​ជា​ការ​ពិតរាជ​រដ្ឋាភិបាល​ សុរិយោដី​ស្រុក ខេត្តទៅ​ចែក​ឲ្យ​ពួក​ខ្ញុំ​ហើយ ដីពីមាត់​ទន្លេឡើង​មក​៤​គីឡូគឺ​ដី​របស់​សហគមន៍ គឺ​សហគមន៍​ឃុំស្រែគ ឥឡូវ​នេះ​ក្រុម​ហ៊ុនឈូស​សំអាត​បាត​អាង​តែ​៥០០មែត្រ​។ ចុះដី​ដែលនៅ​បីគីឡូ​កន្លះ​យក​ទៅ​ទុក​ឲ្យ​អ្នក​ណា​បើ​មិន​ទុក​ឲ្យ​ពួក​នាង​ខ្ញុំ​នៅ»។

តំណាង​ក្រសួង​រ៉ែ​ និង​ថាម​ពល​លោក ប៉ាន់ ណារិទ្ធ មាន​ប្រសាសន៍​ថា គម្រោង​វារី​អគ្គិសនី​នេះនិង​ត្រូវ​ចាប់​ផ្តើម​បិទទឹក​បំពេញ​អាង​នៅ​ខែ​កញ្ញា​ខាងមុខ ហើយ​នៅ​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧នេះនឹង​ចាប់ផ្តើម​បង្វិល​តួបីន​ទី​មួយ​ដែល​មាន​កម្លាំង​៥០មេហ្ការវ៉ាត់ ហើយ​នៅ​ឆ្នាំ​២០១៨​ខាង​មុខទំនប់​វារី​អគ្គីិសនី​នេះ​និង​ចាប់​ផ្តើម​ដំណើរ​ការ​ទាំងស្រុង។ ចំពោះ​​ពល​រដ្ឋដែល​មិន​ព្រម​ចាក​ចេញពីទី​តាំង​ទំនប់​វារី​អគ្គិសនី​​នោះ​លោក​ថា រដ្ឋាភិបាលបាន​ត្រៀម​ទី​តាំង​ថ្មីមា​ន​ផ្ទះ និង​ហេដ្ឋារចនា​សម្ព័ន្ធ​ដល់​​ពល​រដ្ឋរួច​ហើយ តែ​បញ្ហា​ត្រង់​ថា​ពលរដ្ឋ​មិន​ព្រម​​ចាក​ចេញ​ពី​ទី​តាំង​ចាស់​ប៉ុណ្ណោះ។

លោក​ថា៖ «បើ​គាត់​មិន​ព្រម​ ហើយឲ្យ​ខាង​ខ្ញុំ​ធ្វើ​ម៉េច! បើ​ទៅ​ដល់​ផ្ទះ​គាត់​សុំ​គាត់​ដើម្បីសហការ​កត់​ទិន្និ​ន័យ​កត់​អី​គាត់​ៗអត់​ព្រម ឲ្យ​យើង​ស្រង់​ទិន្និន័យ​ផ្ទះ​គាត់ទេ គាត់​បិទ​ខ្លួន​​ឯង យើង​ចាំ​តែ​ដោះ​ស្រាយ​ឲ្យ​គាត់​​ទេ តែ​គាត់​មិន​ព្រម គាត់​លើក​យក​ហេតុផល​នេះ​ហេតុផល​នោះ​យក​មក​ដាក់។ តែ​កន្លែង​ហ្នឹង​ទឹក​វា​អត់​លិច​គឺ​អត់​បញ្ហា​ទេ តែ​ទឹក​វា​លិច​! ហើយគាត់​ថា​គាត់នៅ​ស្រលាញ់​កេរ្ត៍​ដូន​តា វា​ជា​ការ​ស្រលាញ់​របស់​គាត់​ហើយ តែ​តំបន់​នោះ​វា​លិច​ទឹក​។ បើ​តំបន់​នោះ​វា​អត់​លិច​ យើង​អត់​ទៅ​ជម្លៀស​គាត់​ចេញ​ទេ ហើយ​ទាក់​ទង​នឹង​ការ​ដោះ​ស្រាយខាង​ខ្ញុំ​នេះ​គឺ​ចាំ​តែ​ដោះ​ឲ្យ​គាត់​ទេ តែ​ខាង​គាត់​ទេ​ដែល​មិន​ព្រម»។

​នាយកប្រតិបត្តិ​វេទិកានៃអង្គការមិនមែនរដ្ឋាភិបាលស្តីពីកម្ពុជាលោក តឹក វណ្ណារ៉ា មាន​ប្រសាសន៍​ថា​អង្គការ​​លោក​បាន​ជួយរៀប​ចំ​ឲ្យ​មាន​ការ​ពិភាក្សា​លើ​បញ្ហា​នេះ​​ចំនួន​ពីរ​ដង​ហើយ តែ​លទ្ធ​ផល​មិន​ទាន់​ទទួល​បាន​គាប់​ប្រសើរនៅ​ឡើយ​​ទេ​។ លោក​ថា​ដំណោះ​ស្រាយ​នៃ​បញ្ហា​នេះ​ដើម្បី​​ឲ្យ​មាន​ការ​សុខ​ចិត្ត​ទាំង​សង​ខាង​គឺ​មាន​តែ​ការ​ពិភាក្សា​គ្នា​រវាង​ប្រជាព​ល​រដ្ឋ​ដែល​ប៉ះពាល់ ជា​មួយ​អ្នក​ពាក់​ព័ន្ធ​បន្តទៀត​ទេ។

លោក​ថា៖ «ហៅគាត់​អ្នក​ដែល​សេសសល់​ទាំង​អស់​មក​ប្រជុំ​មក​សួរ តើ​យើង​គួរ​ផ្តល់​ជំរើស​អី​ផ្សេង​ទៀតក្រៅពី​ជំរើស​ដែល​មាន​ស្រាប់​ហ្នឹង។ ជាជម្រើស​ល្អ​ងាយ​ស្រួល​ក្នុងការពិភាក្សាគ្នា​ដែលភាគី​ដែល​ពាក់​ព័ន្ធ​ហ្នឹង​គាត់​យល់​ស្រប​ និង​អាច​ទទួល​យក​បាន។ អញ្ចឹង​យើង​ខ្ញុំ​គិត​ថា​មាន​តែ​ការ​ពិភាក្សា​គ្នា​ដែល​ត្រង់​ទៅ​ត្រង់​មក​ យក​បញ្ហា​ដាក់​លើ​តុរួម​គ្នា​ ហើយ​នឹង​ការ​ឆ្លើយ​តប​វិជ្ជមានពីគ្រប់​ភាគី និង​ការ​លះ​បង់​បន្តិចៗទេ បាន​អាចដោះ​ស្រាយ​បញ្ហា​ទាំង​អស់​ហ្នឹង​ចេញ»។

បើ​តាម​តំណាង​​ក្រសួង​រ៉ែនិង​ថាម​ពល​​បាន​ឲ្យ​ដឹង​ថា ទំនប់​សេសាន​ក្រោមពីរ​នេះ​ជា​គម្រោង​របស់​រដ្ឋាភិបាល ដែល​បាន​ផ្តល់​សិទ្ធិ​ទៅឲ្យក្រុម​ហ៊ុនឯក​ជន​មួយ​ដែល​មានភាគ​ហ៊ុនពី​ចិន៥១% កម្ពុជា​៣៩% និង​វៀតណាម​១០%។ បច្ចុប្បន្ន​ទំនប់​នេះ​ត្រូវ​បាន​សាង​សង់​បាន​ជិត​៩០%ហើយ ដែល​​ចំណាយទឹកប្រាក់​ជិត​៨០០លាន​ដុល្លារអាមេរិក ដោយរំពឹងថាបាន​ថាម​ពល​អគ្គិសនី​​៤០០មេហ្គាវ៉ាត់៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ