បក្សនយោបាយថានឹងបង្កើនចំនួនស្រ្តីច្រើនជាងមុន

ខណៈដែលចំនួនស្រ្តីក្នុងវិស័យនយោបាយនៅមានចំនួនតិច គណបក្សនយោបាយធំៗពីរដែលជាប់ឆ្នោត ប្រកាសថា នឹងបង្កើនចំនួនស្រ្តីឲ្យបានច្រើនជាងមុនក្នុងពេលបោះឆ្នោតខាងមុខ។

សម្រាប់គណបក្សប្រជាជនកម្ពុជាកំពុងកាន់អំណាចបានសន្យាថា នឹងតែងតាំងស្រ្តីយ៉ាងហោចណាស់ម្នាក់ឲ្យធ្វើជាអភិបាល ក្នុងចំណោមរាជធានីនិងខេត្តទាំង២៥ ខណៈគណបក្សប្រឆាំងបានអះអាងថា នឹងដាក់ឲ្យមានបេក្ខជនជាស្ត្រីចំនួន៦០រូប ឈរឈ្មោះជាមេឃុំចៅ-សង្កាត់។

ការលើកឡើងនេះគឺនៅក្នុងទិវាសិទ្ធិនារីអន្តរជាតិ ៨ មីនា។

លោក ហ៊ុន សែន បានថ្លែងថា នៅពេលអភិបាលខេត្តចូលនិវត្តន៍ឬក៏មានការផ្លាស់ប្តូរណាមួយ គឺអាចដាក់ស្ត្រីម្នាក់ឬក៏អាចលើសពីនេះកាន់តែល្អ ឲ្យឡើងធ្វើជាអភិបាលខេត្ត ដែលបច្ចុប្បន្នមានស្រ្តីម្នាក់ជាអភិបាលរងស្រេចទៅហើយ។

លោកនាយករដ្ឋមន្ត្រីក៏បានសន្យាចាត់តាំងស្ត្រីចូលក្នុងវិស័យកងទ័ពនិងកងរាជអាវុធហត្ថឲ្យបានកាន់តែច្រើនផងដែរ។

ចំណែក លោក សម រង្ស៊ី អតីតប្រធានគណបក្សសង្គ្រោះជាតិបានលើកឡើងថា គណបក្សនេះបានដាក់ស្ត្រីចំនួន៦០រូបឲ្យឈរឈ្មោះជាមេឃុំនិងចៅ-សង្កាត់សម្រាប់ការបោះឆ្នោតឃុំសង្កាត់នៅខែមិថុនា ដែលបានកើនឡើងពីចំនួនមិនដល់១០នាក់ កាលពីឆ្នាំ២០១២។

លោកក៏សង្ឃឹមថា បេក្ខជនគណបក្សសង្គ្រោះជាតិជាស្ត្រីយ៉ាងតិច៥០០រូបនឹងត្រូវបានជ្រើសរើសជាមេឃុំ ចៅសង្កាត់ ជំទប់ ចៅសង្កាត់រង ឬសមាជិកក្រុមប្រឹក្សាផងដែរនៅក្នុងឃុំសង្កាត់ចំនួន ១ ៦៤៦ ទូទាំងប្រទេស សម្រាប់ការបោះឆ្នោតនៅក្នុងឆ្នាំនេះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ