ឧត្តមស្នងការអង្គការសហប្រជាជាតិបារម្ភពីស្ថានភាពនយោបាយនៅកម្ពុជា

លោក កឹម សុខា និងលោក ហ៊ុន សែន​កាល​ពី​ពេល​កន្លង​ទៅ​ (រូបថត Fresh​​​ News)

មន្ដ្រីជាន់ខ្ពស់នៃឧត្តមស្នងការអង្គការសហប្រជាជាតិ បានលើកឡើងពីស្ថានការណ៍នយោបាយ ដែលកំពុងតាងតឹងនៅកម្ពុជា និងការបន្ដឃុំខ្លួនមន្ដ្រីសិទ្ធិមនុស្ស ខណៈមានការខ្វែងគំនិតគ្នាកាន់ខ្លាំង មុនការបោះឆ្នោតមកដល់។

ថ្លែងក្នុងសន្ទរកថាមួយ ទៅកាន់ក្រុមប្រឹក្សាសិទ្ធិមនុស្ស នៅទីក្រុងហ្ស៊ឺណែវ កាលពីថ្ងៃពុធទី៨មីនា ម្សិលមិញ ឧត្តមស្នងការអង្គការសហប្រជាជាតិ លោក ហ្សេដ រ៉ាអាដ អាល ហ៊ូសសេន បានលើកឡើងពីក្ដីកង្វល់មួយចំនួន ដែលកំពុងកើនមាន នៅក្នុងប្រទេសកម្ពុជា។

លោក ហ្សេដ បានសំដែងក្ដីព្រួយបារម្ភអំពីការធ្វើវិសោធនកម្មស្ដីពីគណបក្សនយោបាយ យុទ្ធនាគារប្រយុទ្ធប្រឆាំងគ្រឿងញៀន ការប្រមូលជនអនាថាតាមដងផ្លូវ និងការបន្ដឃុំខ្លួនមន្ដ្រីការពារសិទ្ធិរបស់អង្គការអាដហុក ដោយថា គិតមកទល់ពេលនេះ គឺជាង១០ខែហើយ។ នេះបើយោងតាមការចុះផ្សាយលើគេហទំព័រ United Nations Human Rights in Cambodia ។

លោកមានប្រសាសន៍ថា៖ «ក្នុងស្ថានភាពមិនសមរម្យ ដែលភាគច្រើនមិនទទួលបានប្រយោជន៍ពីនីតិវិធីត្រឹមត្រូវទេ ហើយបានសម្តែងកង្វល់អំពីការបន្តមាន ការឃុំខ្លួនបណ្តោះអាសន្នដោយបំពានទៅលើអ្នកការពារសិទិ្ធមនុស្ស នៃអង្គការមិនមែនរដ្ឋាភិបាល គឺអង្គការអាដហុក ដែលរហូតមកទល់ពេលនេះលើសរយៈពេល១០ខែហើយ»

ឧត្តមស្នងការអង្គការសហប្រជាជាតិរូបនេះ មានប្រសាសន៍បន្ដថា សម្រាប់ ការបោះឆ្នោតនៅកម្ពុជា លោកថា គឺអាចទទួលយកបាន លុះណាតែស្ថាប័នតុលាការមានឯករាជ្យ និងមិនលំអៀង ហើយថា អាជ្ញាធរកម្ពុជា បានធានាសិទ្ធិសេរីភាពបញ្ចេញមតិ និងប្រមូលផ្ដុំដោយសន្ដិវិធី ជាដើម។

លោកថា៖ «ការបោះឆ្នោតដែលអាចជឿទុកចិត្តបាន ត្រូវតែផ្តើមចេញពីការធានាថាតុលាការឯករាជ្យ និងមិនលំអៀង ហើយថាសេរីភាពក្នុងការបញ្ចេញមតិ ការជួបប្រជុំដោយសន្តិវិធី និងការបង្កើតសមាគម ត្រូវតែបានធានាការពារ»។

មន្ដ្រីជាន់ខ្ពស់គណបក្សកាន់អំណាចជាញឹកញ៉ាប់ តែងតែ​បានច្រាលចោលរបាយការណ៍ជាតិ និងអន្ដរជាតិជាបន្ដបន្ទាប់ ដោយថា មានលក្ខណៈញុះញង់ គ្មានមូលដ្ឋាន និងលំអៀងទៅគណបក្សប្រឆាំង។

កាលពីដើមខែមីនា អតីតប្រធានគណបក្សសង្គ្រោះជាតិ ដែលកំពុងនិរទេសក្រៅប្រទេស គឺ លោក សម រង្ស៊ី បានអំពាវនាវឲ្យសហគមអន្ដរជាតិ ជួយជម្រុញឲ្យមានការបោះឆ្នោតត្រឹមត្រូវ និងតម្លាភាព នៅកម្ពុជា សម្រាប់ការបោះឆ្នោតឆ្នាំ២០១៧ និងឆ្នាំ២០១៨ ខាងមុននេះ។

កាលពីថ្ងៃទី២០កុម្ភៈឆ្នាំ២០១៧ កន្លងទៅ រដ្ឋសភាជាតិ ដែលចូលរួមសុទ្ធតែមកពីគណបក្សប្រជាជនកម្ពុជា បានកែប្រែច្បាប់ស្ដីពីគណបក្សនយោបាយ ដោយមជ្ឈដ្ឋានសង្គមថា ជាការគំរាមកំហែងបំបិទសិទ្ធិសេរីភាព និងអាចឈានដល់រំលាយគណបក្សនយោបាយផ្សេងទៀត៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ