តើច្បាប់អនុញ្ញាតឲ្យប្រើអាវុធបង្ក្រាបលើអ្នកតវ៉ាក្នុងលក្ខខណ្ឌណា?

សមត្ថកិច្ចរារាំងសម្មកភាពតវ៉ាកាលពីចុងឆ្នាំ២០១៣ (រូបភាពី CSIS)

អ្នកច្បាប់ពន្យល់ពីវិធីតបតដោយសមាមាត្ររវាងសមត្ថកិច្ច ជាមួយក្រុមអ្នកតវ៉ា ដោយថាដើម្បីកុំឲ្យការតបនោះខុសច្បាប់។

មេធាវីសុក សំអឿន បានពន្យល់តាមនីតិវិធីច្បាប់ជាទូទៅថា សមត្ថកិច្ចអាចប្រើកាំភ្លើងបាញ់សម្លាប់ទៅលើអ្នកតវ៉ាបាន លុះត្រាតែការតបតនោះស្ថិតនៅក្នុងស្ថានភាពទាល់ច្រកឬអាចប្រឈមនិងការស្លាប់រៀងៗខ្លូន។ ប៉ុន្តែលោកថា បើសមត្ថកិច្ចដឹងថាខ្លួនមានឱកាសដកថយនឹងមិនមានរឿងអ្វីធ្ងន់ធ្ងរ ហើយពួកគេនៅតែបាញ់រះបណ្តាលឲ្យបាតុករស្លាប់ នោះជាទង្វើខុសច្បាប់ ត្រូវទទួលខុសត្រូវផ្នែកព្រហ្មទណ្ឌ។

លោកពន្យល់ថា«បើសិនជាម្ខាងមានកាំងភ្លើង ម្ខាងមានកាំបិទ បើសិនជាវាមានចំងាយឆ្ងាយ កាំងភ្លើងបាញ់ទៅខាងអ្នកកាន់កាំបិទ មិនចាត់ទុកកម្លាំងតបតដោយសមាមាត្រទេ ជាកម្លាំងដែលមិនសមាមាត្រ ចំណែកអាវុធមកគៀកដែលអាចធ្វើឲ្យយើងស្លាប់បាន…យើងប្រើកាំភ្លើងទៅ យើងចាត់ទុកកម្លាំងសមាមាត្របាន»។

មាត្រា៣៣,៣៥ និងមាត្រា៣៦ នៃក្រមព្រហ្មទណ្ឌ ចែងថា ការការពារស្របច្បាប់ គឺបុគ្គលដែលប្រព្រឹត្តបទល្មើសក្នុងសភាពការពារ ស្របច្បាប់ មិនមានទោសទេ (មិនទទួលខុសត្រូវព្រហ្មទណ្ឌទេ)។

មាត្រាទាំងនេះបញ្ជាក់ថា លក្ខណ្ឌការការពារដោយស្របច្បាប់រួមមាន បទល្មើសត្រូវចាត់ទុកថា ត្រឹមត្រូវ ដោយការចាំបាច់ ដើម្បីការពារខ្លួន អ្នកដទៃ ឬការពារទ្រព្យសម្បត្តិប្រឈមនិងការឈ្លានពានដែលមិនត្រឹមត្រូវ។ បទល្មើសនិងការឈ្លានពាន ត្រូវតែកើតឡើងក្នុងពេលជាមួយគ្នា និងគ្មានវិសមាមាត្រ រវាងមធ្យោបាយ ការពារដែលប្រើប្រាស់ និងទម្ងន់នៃការឈ្លានពាន។

ដោយឡែក ក្នុងមាត្រា២៣,២៤ និងមាត្រា២៧ នៃច្បាប់ស្តីពី ការធ្វើបាតុកម្មដោយសន្តិវិធី ចែងថា ករណីបាតុករ កាន់ឧបករណ៍អាវុធ ឬជាតិផ្ទុះ ដែលអាចបណ្តាលឲ្យមានគ្រោះថ្នាក់ ឬទុកទោសដល់អ្នកដ៏ទៃ សមត្ថកិច្ចត្រូវដកហូតយកឧបករណ៍ទាំងនោះ។ ប្រសិនជននោះមិនប្រគល់ឲ្យ សមត្ថកិច្ចត្រូវធ្វើការឃាត់ខ្លួនបណ្តោះអាសន្ន រួចបញ្ជូនទៅស្ថាប័នមានសមត្ថកិច្ច ដើម្បីធ្វើការដោះស្រាយតាមច្បាប់ ឬដោះលែងវិញ។ ប៉ុន្តែបើបាតុកម្មនោះ បង្កជាអំពើហិង្សា ជនដែលបានប្រព្រឹត្តបទល្មើសបណ្តាលឲ្យអាជ្ញាធរ ឬបាតុករ ឬបុគ្គលដទៃទៀតបានរបួសស្នាម ឬបណ្តាលឲ្យស្លាប់ ជននោះត្រូវផ្តន្ទាទោសតាមច្បាប់ព្រហ្មទណ្ឌ។

មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមអាដហុកលោក សឹង សែនករុណា មានប្រសាសន៍ថា ដើម្បីទប់ស្កាត់បទល្មើសការប្រើអាវុធនេះ ត្រូវមានការស៊ើបអង្កេតច្បាស់លាស់ហើយដាក់ទោសលើអ្នកមានកំហុស។ លោកលើកឧទាហរណ៍ករណីក្នុងស្រុកស្នួលខេត្តក្រចេះ។

លោកមានប្រសាសន៍ថា«កាលណាមានតែករណីរបៀបនេះកើតឡើង មានន័យថា លើកក្រោយទៀតនិងមានការអនុវត្តរបៀបនេះទៀត ដើម្បីបញ្ចប់នូវបញ្ហានេះ គួរតែមានការត្រួតពិនិត្យទៅលើសកម្មភាពនេះឲ្យបានច្បាស់ លាស់ ហើយបើមានការខុសឆ្គង សូមចាត់វិធានការទៅតាមផ្លូវច្បាប់ ហើយត្រូវដាក់ពិន័យទៅលើជនដែលបានប្រព្រឹត្តទាំងអស់នោះ ដើម្បីបង្ការកុំឲ្យមានបញ្ហាទាំងអស់នេះកើតឡើង»។

អ្វីដែលគួរឲ្យកត់សំគាល់ ចាប់ពីបោះឆ្នោតថ្នាក់ជាតិ កាលពីឆ្នាំ២០១៣ សមត្ថកិច្ចចុះបង្ក្រាបក្រុមបាតុករជាច្រើនកន្លែងក្នុងរាជធានីភ្នំពេញ ជាពិសេស កម្មករ ដែលធ្វើបាតុកម្មទាមទារតំឡើងប្រាក់ខែផ្តុំផ្លូវវេងស្រេងស្លាប់៤នាក់ និងបាត់ខ្លួន១នាក់ ម្តុំស្ពានស្ទឹងមានជ័យបណ្តាលឲ្យអ្នកលក់បាយ ស្លាប់១នាក់ ក្បាលថ្នល់ស្លាប់១នាក់។ ប៉ុន្តែរហូតដល់ពេលបច្ចុប្បន្ននេះ រដ្ឋាភិបាលមិនទាន់វែកមុខ និងចាប់ជនដៃដល់មកផ្តន្ទាទោសនៅឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ