មេធាវីចោទសួរចៅក្រមថាឃុំខ្លួនលោក កឹម សុខា ដល់ ​«ស្លាប់» អ្នកណាទទួលខុសត្រូវ?

មេធាវី លោក ជួង ជូងី (រូបកាលពីពេលកន្លងទៅ)

ក្រុមមេធាវីការពារក្តីឲ្យលោក កឹម សុខា ចោទសួរនៅចំពោះមុខចៅក្រមតុលាការកំពូលនៅព្រឹកថ្ងៃសុក្រនេះថា អ្នកណាទទួលខុសត្រូវបើកូនក្តីរបស់ពួកគេស្លាប់ នៅក្នុងពន្ធនាគារដោយសារតែការមិនអនុញ្ញាត ឲ្យទទួលការព្យាបាលជំងឺពីពេទ្យជំនាញនៅខាងក្រៅ។​

នៅក្នុងបន្ទប់សវនាការនៅព្រឹកនេះ ក្រុមមេធាវីលើកឡើងថា លោក កឹម សុខា កំពុងតែធ្លាក់ខ្លួន ឈឺដល់កម្រិតធ្ងន់ធ្ងរគឺ គេងមិនលក់ដោយសារជំងឺគៀបសរសៃ ទឹកនោមផ្អែម និង លើសឈាមធ្វើទុក្ខ ហើយថា ពេលនេះកូនក្តីរបស់ពួកគេស្គមខ្លាំង និងហើមភ្នែកដោយសារមិនបានគេង។ ​

លោក ជូង ជូងី ថ្លែងក្នុងបន្ទប់សវនាការថា លោកបារម្ភខ្លាំងថា កូនក្តីរបស់លោកអាចស្លាប់ ហើយលោកសួរថា តុលាការជាអ្នកទទួលខុសត្រូវករណីនេះ ឬ យ៉ាងណា?

មេធាវីម្នាក់ទៀតលោក ចាន់ ចេន ប្រាប់ចៅក្រមថា ពេទ្យក្នុងពន្ធនាការមិនមានសម្ភារៈ ដើម្បីសង្គ្រោះជីវិតលោក កឹម សុខា បានទេ។ លោកបន្តថា លោក កឹម សុខា រាល់យប់គេងបានតែមួយចំហៀងខ្លួនដោយសារតែឈឺចាប់ពីជំងឺ គៀបសរសៃហើយ ពេលនេះកំពុងហើមមួយចំហៀងខ្លួន។

បន្ទាប់ពីការដេញដោលហេតុផល ដោយមានភាពតានតឹង ជាង២ម៉ោងនោះ ក្រុមមេធាវីការពារក្តីទាំង៧រូប បានសម្រេចចិត្តដើរចេញពីបន្ទប់សវនាការ ដោយមិនរង់ចាំស្តាប់សេចក្តីសម្រេចទេ ដោយសារ ពួកគេថា មិនមានជំនឿលើចៅក្រុមឲ្យកូនក្តីរបស់ពួកគេនៅក្រៅឃុំនោះទេ។​

ជាលទ្ធផល​ ប្រធានក្រុមប្រឹក្សាជំនុំជម្រះនៃតុលាការកំពូលលោក ឃឹម ប៉ុណ្ណ បានបដិសេធសំណើរបស់មេធាវី។​ ការបដិសេធនេះ ចៅក្រមសំអាងថា នៅពន្ធនាគារនោះ មានពេទ្យសម្រាប់ព្យាបាលហើយ ម្យ៉ាងទៀតចៅក្រមមិន ជឿថា លោក កឹម សុខា ឈឺធ្ងន់ទេ។​​ ចំពោះសំនួរ សួរថា អ្នកណាទទួលខុសត្រូវនោះ? ចៅក្រមមិនឆ្លើយតបនោះទេ។​

សវនាការនៅព្រឹកថ្ងៃសុក្រនេះ មិនមានវត្តមានលោក កឹម សុខា ទេ ដោយចៅក្រមថា វត្តមាន លោក កឹម សុខា មិនត្រូវការចាំបាច់ក្នុងអង្គជំនុំជម្រះ។ ប៉ុន្តែ ក្រុមមេធាវីថា​ការមិននាំលោក កឹម សុខា ចូលសវនាការនេះនាំឲ្យកូនក្តីពួកគេបាត់សិទ្ធិការពារដោយច្បាប់។​​

អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន​ មានប្រសាសន៍ បើសិនជាករណីលោក កឹម សុខា ស្លាប់ហើយ រកឃើញថា ជាកំហុសរបស់អាជ្ញាធរនោះ រដ្ឋជាអ្នកទទួលខុសត្រូវ។

លោកមានប្រសាសន៍ថា៖ «បើសិនគាត់មានជំងឺធ្ងន់ធ្ងរហើយ នៅតែមិនឲ្យគាត់ចេញទៀត ដោយគ្មានការសិក្សាការវិនិច្ឆ័យជាលក្ខណៈវិទ្យាសាស្ត្រទេ អាហ្នឹងខាងរដ្ឋជាអ្នកទទួលខុសត្រូវ។ ក៏ប៉ុន្តែ គេពិនិត្យមើលច្បាស់លាស់ហើយ មានគេធ្វើកោសល្យវិច្ឆ័យពិនិត្យ មើលច្បាស់ជាក់លាក់ ក៏ប៉ុន្តែឧទាហរណ៍ គាត់មានបញ្ហាដោយប្រការ ដែលយើងមិនដឹង ឬក៏នឹកស្មានមិនដល់ មើលមិនឃើញ អាហ្នឹងគឺជារឿងមួយចៃដន្ យមិនមានខាងណាទទួលខុសត្រូវទេ។ បានន័យថា គេពិនិត្យ មើលសព្វគ្រប់អស់ហើយ ប៉ុន្តែចៃដន្យអី ឧទាហរណ៍គាត់ ធ្វើអត្តឃាតខ្លួនឯងទៅ ហើយ​គាត់ថា អាហ្នឹងជាស្ថានភាពជំងឺ អាហ្នឹងអ្នកណាទទួលខុសត្រូវកើត»

​​កាលពីថ្ងៃទី១ខែកុម្ភៈ ឆ្ណាំ២០១៨ លោក កឹម សុខា ត្រូវបានសមត្ថកិច្ចនាំខ្លួនពីពន្ធនាគារត្រពាំងផ្លុង មកសាលាឧទ្ធរណ៍ ដើម្បីចូលរួមសវនាការ ពេលនោះរូបភាពដែលផ្សព្វផ្សាយនៅលើបណ្តាញសង្គមហ្វេសប៊ុក បញ្ហាញថា លោក កឹម សុខា ចុះស្គមខុសធម្មតា ហើយក្រុមមេធាវី និងគ្រួសាររបស់លោកបារម្ភថា អាចប៉ះពាល់ដល់អាយុជីវិត៕​

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ