អ្នកភូមិជាង ២០០នាក់នៅខេត្តកណ្ដាល បានប្រមូលផ្ដុំគ្នានៅសាលាស្រុកកណ្ដាលស្ទឹង បន្ទាប់ពីតំណាងរបស់ពួកគេ ៧រូប ត្រូវបានអាជ្ញាធរស្រុកនេះហៅទៅសាកសួរជុំវិញការផ្ដិតមេដៃរបស់អ្នកភូមិ ដែលទាមទាររកដំណោះស្រាយសម្រាប់ជម្លោះដីធ្លីជាមួយក្រុមហ៊ុន ហេង អភិវឌ្ឍន៍។
អ្នកភូមិ លោក ភោគ ផានី ដែលជាតំណាងម្នាក់ក្នុងចំណោមតំណាង ៧នាក់ បានប្រាប់វីអូឌីនៅថ្ងៃនេះថា អាជ្ញាធរស្រុកកណ្ដាលស្ទឹង បានហៅលោក និងអ្នកភូមិ ៦រូបទៀត ទៅសាកសួរជុំវិញការផ្ដិតមេដៃរបស់ប្រជាជននៅក្នុងសហគមន៍របស់លោក ដើម្បីស្វែងរកដំណោះស្រាយលើជម្លោះដីធ្លីជាង ៤០០ហិកតា។
លោកបន្ថែមថា ក្រុមអ្នកភូមិបានធ្វើដំណើរទៅគាំទ្រលោកនៅឯសាលាស្រុក ដោយបារម្ភថា ពួកលោកអាចប្រឈមនឹងការចោទប្រកាន់ និងការចាប់ខ្លួន នៅក្នុងវិវាទដីធ្លីនេះ។
អ្នកភូមិរូបនេះ បានឲ្យដឹងថា ប្រជាពលរដ្ឋ ១២៣៤គ្រួសារ នៅឃុំអំពៅព្រៃ បានទាមទារសំណងពីក្រុមហ៊ុន ហេង អភិវឌ្ឍន៍ បន្ទាប់ពីក្រុមហ៊ុនបានប្រកាសកាន់កាប់ដីបឹងទំហំជាង ៤០០ហិកតា ដែលអ្នកភូមិថា ជាដីរួមក្នុងសហគមន៍ដែលអ្នកភូមិបានអាស្រ័យផលអស់រយៈពេលជាច្រើនឆ្នាំមកហើយ។
ប៉ុន្តែ មេឃុំអំពៅព្រៃ លោក នុប ណាន់ បានឲ្យដឹងថា អ្នកភូមិទាំងនោះ មិនមែនជាម្ចាស់កាន់កាប់ដីធ្លីទាំងនោះទេ ហើយលោកថា ក្រុមហ៊ុន ហេង អភិវឌ្ឍន៍ ក៏បានដោះស្រាយសំណងចំនួន ៨០ដុល្លារដល់ប្រជាពលរដ្ឋម្នាក់ៗកាលពីឆ្នាំ២០០៧មកម៉្លេះ៕