លោក សម រង្ស៊ី ​ប្រាប់​ពលរដ្ឋ​កុំ​ឲ្យ​ទៅ​បោះឆ្នោត តែ​បក្ស​កាន់​អំណាច​សើច​ចំអក

អតីតប្រធានគណបក្សប្រឆាំង លោក សម រង្ស៊ី ដែលកំពុងរស់នៅនិរទេសខ្លួននៅក្រៅប្រទេស បានអំពាវនាវទៅ​ប្រជាពលរដ្ឋ កុំឲ្យចូលរួមបោះឆ្នោតថ្នាក់ជាតិនាពេលខាងមុខ បើគ្មានអតីតគណបក្សប្រឆាំងដ៏ធំចូលរួម ប៉ុន្ដែ អ្នកនាំពាក្យបក្សកាន់អំណាចសើចចំអកនឹងការលើកឡើងបែបនេះ។

បើតាមការចុះផ្សាយលើទំព័រហ្វេសប៊ុកផ្លូវការ កាលពីថ្ងៃម្សិលមិញ  ប្រធានចលនាសង្គ្រោះជាតិ លោក សម រង្ស៊ី ក៏អំពាវនាវទៅអ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ កុំឲ្យចូលរួមឃ្លាំមើលការបោះឆ្នោតនាខែកក្កដាខាងមុខផងដែរ ដោយលោកហៅការបោះឆ្នោតនោះ​ថា ជាការរៀបចំបែបក្លែងបន្លំរបស់បក្សកាន់អំណាច ដើម្បីយកឈ្នះលើដៃគូប្រកួតប្រជែងរបស់ខ្លួន គឺអតីតគណបក្សសង្គ្រោះជាតិ។

លោក សម រង្ស៊ី​ បន្ដថា រដ្ឋាភិបាលកើតក្រោយការបោះឆ្នោត ដែលគ្មានអតីតគណបក្សប្រឆាំងចូលរួមប្រកួតប្រជែងនោះ នឹងមិនត្រូវបានទទួលស្គាល់ឡើយ ហើយក៏មិនអាចតំណាងប្រជាពលរដ្ឋខ្មែរ នៅលើឆាកអន្ដរជាតិបានទេ។

លោកថា៖​ «ខ្ញុំក៏សុំអំពាវនាវឲ្យប្រជារាស្ដ្រខ្មែរ កុំចូលរួមការបោះឆ្នោតលេងសើចបែបហ្នឹង​ ហើយសុំអំពាវនាវឲ្យអ្នកអង្កេតការណ៍ទាំងជាតិ និងអន្ដរជាតិ កុំទៅចូលសង្កេតការណ៍អីទេ គ្មានបានការអីទេ សង្កេតការណ៍ ឃ្លាំមើលការបោះឆ្នោតលេងសើច ការបោះឆ្នោត ដែលគេដឹងលទ្ធផលមុនការបោះឆ្នោតទៅទៀត សង្កេតការណ៍គ្រាន់តែទៅប្រថាប់ត្រាទទួលស្គាល់ការបោះឆ្នោតទេ សុំកុំទទួលស្គាល់ការបោះឆ្នោតហ្នឹង»។

អ្នកនាំពាក្យគណបក្សកាន់អំណាច លោក សុខ ឥសាន បាន​សើចចំអកទៅនឹង​ការ​អំពាវ​នាវ​របស់​លោក សម រង្ស៊ី ដោយ​ថា កំពុងធ្វើនយោបាយត្រដរខ្យល់ និងថា ការបោះឆ្នោតនាពេលខាងមុខ មិនអាស្រ័យលើវត្តមានអតីតគណបក្សសង្គ្រោះជាតិនោះទេ។

លោកថា៖ «រឿងស្របច្បាប់ ឬមិនស្របច្បាប់ វាមិនអាស្រ័យទៅដោយអតីតបក្សប្រឆាំង ដែលបានស្លាប់ទៅហើយនោះទេ។ ប្រជាធិបតេយ្យនៅកម្ពុជា រស់ដោយសារប្រជាជនកម្ពុជា ដោយសារការដឹកនាំរបស់រាជរដ្ឋាភិបាល គណបក្សប្រជាជនកម្ពុជា​ ដែលជាគណបក្សឈ្នះឆ្នោត មិនមែនចំណុះទៅលើទណ្ឌិត សម រង្ស៊ី ដែលរត់ចោលស្រុកនោះទេបាទ! អញ្ចឹង ការអំពាវនាវរបស់គាត់ វាជាការបង្ហាញនូវការបរាជ័យកាន់តែធ្ងន់ធ្ងរថែមទៀត ហើយនិងការប្រកាច់ប្រកិនមុននឹងស្លាប់»។

មន្ដ្រីជាន់ខ្ពស់ផ្នែកអង្កេតរបស់អង្គការខុមហ្វ្រែល លោក កន សាវាង្ស លើកឡើងជាទូទៅថា មានកត្ដាមួយចំនួន ធ្វើឲ្យការបោះឆ្នោតនាពេលខាងមុខ មិនអាចទទួលយកបាន ដូចជា ស្ថានការណ៍នយោបាយ បញ្ហាសេដ្ឋកិច្ច ការរឹតត្បិតនៅអំឡុងពេលបោះឆ្នោត និងការវាយតម្លៃលើការបោះឆ្នោតនោះ ពីសំណាក់អ្នកសង្កេតការណ៍ជាតិ និងអន្ដរជាតិ។

លោកថា៖ «សម្រាប់ស្ថាប័នជាតិ​ និងអន្ដរជាតិ សង្គមស៊ីវិលក៏ដោយ គេមានមូលដ្ឋានគ្រឹះ នៅក្នុងការចូលរួម ក្នុងការមើល និងការវាយតម្លៃ។ បើសិនជាគេវាយតម្លៃ ឬក៏ការមិនចូលរួម មានន័យថា គេអាចមើលឃើញពីកត្ដាណាមួយ ដែលវាមិនសម​ស្រប។ អញ្ចឹង មានន័យថា ការវាយតម្លៃ វាស្ថិតលើស្ថាប័នទាំងអស់ហ្នឹង»។

រដ្ឋាភិបាលរបស់លោកនាយករដ្ឋមន្ដ្រី ហ៊ុន សែន ត្រូវបានមជ្ឈដ្ឋានអន្ដរជាតិ​រិះគន់ថា កំពុងគាបសង្កត់លើគណបក្សប្រឆាំង អង្គការសង្គមស៊ីវិល និងបណ្ដាញសារព័ត៌មាននៅមុនការបោះឆ្នោត។

សហគមន៍អន្ដរជាតិ និងប្រទេសចំនួន៤៥ នៅក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ ក៏បានព្រមានមិនទទួលស្គាល់ការបោះឆ្នោតថ្នាក់ជាតិនាថ្ងៃទី២៩កក្កដាផងដែរ បើគ្មានការដោះលែងអតីតមេដឹកនាំបក្សប្រឆាំងកំពុងជាប់ឃុំ លោក កឹម សុខា និងអ្នកទោសនយោបាយផ្សេងទៀត និងអនុញ្ញាតឲ្យអតីតគណបក្សសង្គ្រោះជាតិ ចូលរួមការបោះឆ្នោតឡើងវិញ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ