រដ្ឋាភិបាល​ព្យាករ​ថា ​កសិកម្ម​នឹង​កើន​ឡើង​​ទាប​បំផុត ខណៈ​គ្មាន​ដំណោះ​ស្រាយ​សម្រាប់​បញ្ហា​ប្រឈម

របាយការណ៍​របស់​រដ្ឋាភិបាល បាន​បង្ហាញ​ថា​ វិស័យ​កសិកម្ម​នឹង​មាន​កំណើន​​ទាប​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​ ដោយ​បន្ទោស​ទៅ​លើ​បញ្ហា​ប្រឈម​នានា ខណៈ​វិស័យ​ដទៃ​នឹង​នៅ​តែ​រក្សា​បាន​កំណើន​ល្អ​ដដែល។

ក្នុង​សេចក្ដី​ព្រាង​ច្បាប់​ស្ដី​ពី​ហិរញ្ញវត្ថុ​សម្រាប់​ឆ្នាំ​២០១៩​ខាង​មុខ ដែល​ចេញ​ផ្សាយ​កាល​ពី​ថ្ងៃ​ទី​៣ ខែ​មេសា​នេះ ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​​លើក​ឡើង​ថា សេដ្ឋកិច្ច​កម្ពុជា ត្រូវ​បាន​រំពឹង​ថា នឹង​នៅ​តែ​បន្ត​កើន​ឡើង​ក្នុង​រង្វង់ ៧​ភាគរយ​ដដែល​សម្រាប់​ឆ្នាំ​នេះ និង​ឆ្នាំ​ក្រោយ​នេះ។

ក្រសួង​ដដែល​នេះ បាន​វិស័យ​ឧស្សាហកម្ម និង​សេវាកម្ម ត្រូវ​បាន​ព្យាករ​ថា នឹង​មាន​កំណើន​ខ្ពស់​ចន្លោះ​ពី ៧ ទៅ ១០​ភាគរយ ខណៈ​ដែល​វិស័យ​កសិកម្ម ត្រូវ​បាន​ប៉ាន់​ប្រមាណ​ថា នឹង​កើន​ឡើង​ត្រឹម​តែ ១.៨​ភាគរយ​ប៉ុណ្ណោះ។ ក្រសួង​បាន​បន្ទោស​បញ្ហា​នេះ ទៅ​លើ​កំណើន​ផលិតភាព​ទាប កង្វះ​ការ​វិនិយោគ​លើ​ការ​កែច្នៃ​កសិផល ពាណិជ្ជូបនីយកម្ម​កសិកម្ម និង​បញ្ហា​ហេដ្ឋា​រចនា​សម្ព័ន្ធ​។

អគ្គនាយក​នៃ​អគ្គនាយកដ្ឋានកសិកម្ម​នៃ​ក្រសួង​កសិកម្ម ​លោក​ ហ៊ាន វណ្ណហន ពុំ​ភ្ញាក់​ផ្អើល​ទៅ​នឹង​កំណើន​ដ៏​ទាប​បែប​នេះ​របស់​វិស័យ​កសិកម្ម​នោះ​ឡើយ ដោយ​លោក​លើក​ថា កម្ពុជា​ជា​ប្រទេស​កំពុង​អភិវឌ្ឍន៍ ប៉ុន្តែ លោក​ថា ​ក្រសួង​ក៏​បាន​ខិត​ខំ​ប្រឹង​ប្រែង​ដែរ​ក្នុងការ​ដោះ​ស្រាយ​បញ្ហា​ប្រឈម​ទាំង​នោះ។

លោក​ថា៖ «ប្រជាជនដែលបានប្រកបរបរកសិកម្មក៏បានថយចុះពី ៨០ ទៅ ៨៥ភាគរយមកឥឡូវនៅសល់ពី ៤០ ទៅ ៤២ភាគរយប៉ុណ្ណោះទេ។ នេះចំពោះប្រជាជនយើងដែលនៅក្នុងវិស័យកសិកម្មនេះ។ អញ្ចឹង​ បើសិនជាចំនួននេះវាថយចុះ បានន័យថាវាតែប៉ុណ្ណឹង គឺវាអាចផលិត​បានហើយ ហួសពីតម្រូវការនៃការប្រើប្រាស់ក្នុងស្រុក ហើយសល់ក្នុងការនាំចេញ។ ខ្ញុំមើលទៅនេះ គឺជាកត្តាសត្យានុម័យនៃដំណាក់កាលរីកចម្រើន​នៃសេដ្ឋកិច្ចជាតិ សូម្បីតែនៅពេលបច្ចុប្បន្ន សូម្បីតែនៅប្រទេសជប៉ុន នៅអឺរ៉ុបអី គឺកសិករគេនៅរង្វង់១០ភាគរយប៉ុណ្ណោះ​»

ប្រធាន​អង្គការ​សេដាក ​លោក សម វិទូ មើល​ឃើញ​ថា វិស័យ​កសិកម្ម​កម្ពុជា​​ស្ថិត​នៅ​កម្រិត​ទាប​នៅ​ឡើយ​ បើ​ធៀបនឹង​ប្រទេស​នៅ​ក្នុង​តំបន់ ហើយ​លោក​ថា​ ​កម្រិត​ទាប​​បែប​នេះ​ ​បាន​ប៉ះពាល់​ដល់​កសិករ​ ខណៈ​លោក​​ថា ​កម្ពុជា​ត្រូវ​រំ​ពឹង​ប្រមាណ​ជា ​១០​ឆ្នាំ​ទៅ​មុខ​ទៀត ​ទើប​កសិកម្ម​កម្ពុជាមាន​ការ​រីក​ចម្រើន​ដូច​ប្រទេស​ដទៃ។

លោក​ថា៖ «នេះស៊ីសងទៅលើគោលនយោបាយរបស់រដ្ឋាភិបាលទេ។ ប្រសិនជាគាត់ចង់ឲ្យវិស័យកសិកម្មរីកចម្រើន គាត់អាចបន្តអភិវឌ្ឍ​លើវិស័យកសិកម្មប៉ុន្មានចំណុចដូចដែលខ្ញុំបានលើកឡើង គឺគាត់អាចលើក​វិស័យកសិកម្មឲ្យឡើងខ្ពស់ហើយ​»

បើ​តាម​លោក​ សម វិទូ រដ្ឋាភិបាលគួរតែ​ពិនិត្យ​លទ្ធភាពក្នុង​ការ​ស្ដារ​ហេដ្ឋាររចនា​សម្ព័ន្ធ​ឲ្យ​បាន​គ្រប់គ្រាន់ ជា​ពិសេស​ប្រព័ន្ធ​ធារាសាស្ត្រ​ ​ដើម្បី​ឆ្លើយ​តប​ទៅ​នឹង​តម្រូវ​ការ​ ​ត្រូវធ្វើ​ការ​បណ្តុះ​បណ្តាល​​បច្ចេក​ទេស​ដាំ​ដុះ កែ​ច្នៃផលិត​ផល​កសិកម្ម​ ជា​ពិសេស​ត្រូវ​បញ្ចេញ​ថវិកា​រដ្ឋ​ធ្វើ​ជាប្រាក់​កម្ចី​ជួយ​ដល់​សហគមន៍​កសិកម្ម​ និងទាក់​ទាញ​វិនិយោគ​ឲ្យ​បាន​ច្រើន​លើ​វិស័យ​នេះ។

អ្នក​វិភាគ​សេដ្ឋ​កិច្ច​ លោក ង៉ែត ជូ មាន​ប្រសាសន៍ថា កំណើន​ដ៏​ទាប​បែប​នេះ បង្ហាញ​ថា វិស័យ​កសិកម្ម​របស់​កម្ពុជា មិន​មាន​ភាព​ទាក់​ទាញ​សម្រាប់​អ្នក​វិនិយោគ​នោះ​ទេ ខណៈ​ដែល​ការ​ជ្រោម​ជ្រែង​ពី​រដ្ឋាភិបាល​នៅ​មាន​កម្រាប​នៅ​ឡើយ។

លោក​ថា៖ «ជាយុទ្ធសាស្ត្រ ខ្ញុំយល់ថា យើងមិនគួរបោះបង់ទេ តែត្រូវផ្តោតទៅលើអ្វីដែលយើងផលិតបាន ហើយមានលក្ខណៈប្រកួតប្រជែង មានលក្ខណៈពិសេស។ ដូចខ្ញុំបានលើកឡើងពីអង្ករ ​Organic ទៅអឺរ៉ុប ឬក៏ម្រេចកំពតក៏ស្ករត្នោតកំពង់ស្ពឺអីអញ្ចឹងទៅណា យើងមិនអាច ចេះតែផលិតប្រកួតប្រជែងដូចជាដាំត្រសក់ប្រកួតជាមួយវៀតណាមអីហ្នឹងវាជារឿងពិបាកណាស់»

បញ្ហាកសិកម្មបានធ្វើឲ្យប្រជាកសិករជាច្រើនរងគ្រោះ នៅពេលដែលទិន្និផលទទួលបានហើយ បែរជាគ្នានអ្នកទិញ ឬធ្លាក់​តម្លៃ ជាក់ស្តែងកាលពីខែកញ្ញា ឆ្នាំ២០១៦ ក្រុមកសិករនៅខេត្តបាត់ដំបងជាង ៥០០នាក់ បានចាក់​ស្រូវ​បិទ​ផ្លូវ​ជាតិ​លេខ៥ តវ៉ាទៅអាជ្ញាធរឲ្យស្វែងរកទីផ្សារសម្រាប់លក់ស្រូវ ទៅតាមតម្លៃដែលត្រូវបានកំណត់ដោយរដ្ឋាភិបាល។

កាលពី​ចុង​ឆ្នាំ​២០១៧ ក្រុម​អង្គការ​សង្កម​ស៊ីវិល​បាន​លើក​ឡើង​ថា​ កង្វះ​ទឹក​ ទុន និង​ទី​ផ្សារ​កសិកម្ម​ នៅ​តែ​ជា​បញ្ហា​ដែល​កម្ពុជា​នៅ​តែ​មិន​ទាន់​​ជួយ​ដោះ​ស្រាយ​បាន​ពេញ​លេញ​នៅ​ឡើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ