គ្រី ថៃពៅ កាន់ពាន Cambodian Idol រដូវកាលទី៣

រូបភាពពី ហង្សមាស

នៅទីបំផុតការប្រលងចម្រៀងដ៏មានប្រជាប្រិយភាព Cambodian Idol រដូវកាលទី៣ ត្រូវបានបញ្ចប់ហើយកាលពីយប់ថ្ងៃអាទិត្យទី៨ ខែមេសា ឆ្នាំ២០១៨ ដោយបេក្ខជន គ្រី ថៃពៅ មកពីខេត្តកំពង់ចាម បានក្លាយជាម្ចាស់ពាន សម្រាប់ការប្រកួតមួយនេះ។

ជ័យជម្នះរបស់លោក មានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ដោយសារតែការប្រកួតលើកនេះ បានប្រើរូបមន្តខុសពីលើកមុន ដោយតម្រូវអោយជម្រុះបេក្ខភាព៤នាក់ជម្រុះចោល២នាក់ ដើម្បីអោយ២នាក់ចុងក្រោយប្រកួតកាន់ពាន ហើយ បេក្ខជនរូបនេះបានទទួលសារខ្ពស់នាំមុខគេ បើទោះជាគ្មានការបង្ហាញតួលេខបោះឆ្នោត។

ការប្រលងនៅវគ្គចុងក្រោយនោះ បេក្ខនារី២រូបដែលត្រូវគេរំពឹងថាមានម្នាក់កាន់ពាន បានត្រឹមតែធ្លាក់ហាលអាវនៅវគ្គជម្រុះយក២នាក់ដើម្បីទៅប្រកួតនៅវគ្គចុងក្រោយប៉ុណ្ណោះ ខណៈដែលមានការលើកឡើងថាបណ្ដាល បេក្ខនារី ឈាង សុវណ្ណាវី និងកញ្ញា ចែម ស្រីលក្ខណ៍ សុទ្ធតែធ្លាប់កាន់ពាននៅប៉ុស្ដិ៍អប្សារា ទើបមិនត្រូវបានហង្សមាសជ្រើសយក។ យ៉ាងណាមិញអ្នករៀបចំកម្មវិធីបានអះអាងថា លទ្ធផលជាប់ធ្លាក់ដែលបានធ្វើឡើង មិនមានអ្វីជាប់ពាក់ព័ន្ធនឹងការសម្រេចចិត្តរបស់មន្ត្រីហង្សមាសនោះទេ គឺអ្នកជាប់អ្នកធ្លាក់ជាការបោះឆ្នោតរបស់អ្នកទស្សនាទាំងស្រុង។

គ្រាន់តែប្រកាសភ្លាមៗ បេក្ខជនគ្រី ថៃពៅ សឹងនឹងបង្ហូរទឹកភ្នែកនៅលើឆាក ដោយលោកប្រកាសថាខ្លួនធ្លាប់បានប្រលង និងតស៊ូនៅក្នុងវិថីសិល្បៈយ៉ាងលំបាកជាច្រើនមកហើយ ប៉ុន្តែមកពីលោកមិនបាក់ទឹកចិត្តទើបមានថ្ងៃនេះ។ លោកថានេះជាក្ដីស្រម៉ៃ ដែលខ្លួនយល់ថាជាការពិត ស្របគ្នាដែលលោកក៏មានមហិច្ឆតាចង់ក្លាយជាតារាល្បីលំដាប់ប្រទេសតាំងពីថ្ងៃដាក់ពាក្យចូលប្រលង។

ក្នុងការប្រឡងចុងបញ្ចប់នោះ គេឃើញកម្មវិធី Cambodian Idol រដូវកាលទី៣ តម្រូវឲ្យបេក្ខជនបេក្ខនារីនីមួយៗលើកយកបទដែលតម្រូវទឹកដមសំឡេងរៀងខ្លួន ដោយមួយបទបកស្រាយម្នាក់ឯង និងមួយបទបកស្រាយរួមជាមួយគណកម្មការ ហើយបេក្ខជន គ្រី ថៃពៅ មានឱកាសបានបកស្រាយជាមួយ លោក ព្រាប សុវត្ថិ។ គណៈកម្មការទាំង៤ បូករួមទាំង លោក ព្រាប សុវត្ថិ សុទ្ធតែបានសរសើរថាលោកសមនឹងតំណែងច្បាស់ពាន ដោយសារតែលោកមានទឹកដមសំលេងបត់បែនត្រូវនឹងអាជីពចម្រៀង ទាំំងបទប្រភេទយុវវ័យ និងបទប្រភេទសម័យដើម។

បេក្ខជនរូបនេះ ក្រោយប្រកាសថាជាប់ក្នុងចំណោម២រូបដើម្បីទៅកាន់វគ្គបញ្ចប់ ក៏ត្រូវកម្មវិធីតម្រូវអោយច្រៀង២បទជាប់គ្នា គឺបទស្លូ និងបទញាក់តែម្ដង ហើយអោយគណកម្មការផ្ដល់ការវិនិច្ឆ័យ តែសម្រេចលើការបោះឆ្នោតពីអ្នកទស្សនាដូចមុន។

បេក្ខជន គ្រី ថៃពៅ ទទួលបានប្រាក់រង្វាន់ចំនួន១៥០លានរៀល ប្រហាក់ប្រហែលនឹង២៥.០០០ដុល្លារ ព្រមជាមួយកិត្តិយសក្នុងនាមជាម្ចាស់ពាន Cambodian Idol ក្នុងរដូវកាលទី៣។ ក្រៅពីនោះ លោកក៏ត្រូវបានកំណត់អោយក្លាយជាតារាចម្រៀងកុងត្រាប្រចាំនៅក្នុងផលិតកម្មរស្មីហង្សមាសពេញរយៈពេល១ឆ្នាំ ក្នុងនាមជាតារាចម្រៀងពេញសិទ្ធិផងដែរ។

លោក អ៊ឹង សុខលី អគ្គនាយករងទូរទស្សន៍ហង្សមាស និងជាទទួលបន្ទុកកម្មវិធីដ៏ធំនេះ រមែងបញ្ជាក់ថា Cambodian Idol គឺជាកម្មវិធីដែលទូរទស្សន៍ហង្សមាសទិញសិទ្ធិផ្ដាច់មុខពីប្រទេសអង់គ្លេស ដោយលោកប្រកាសថាក្រៅពីម្ចាស់ពានដែលទទួលបានតំណែងកាលីបជាងគេនៅក្នុងកម្មវិធី បេក្ខជនបេក្ខនារីផ្សេងទៀតដែលមានសមត្ថភាព ហើយមិនទទួលបានជ័យលាភី ក៏នឹងត្រូវហង្សមាសជ្រើសអោយក្លាយជាអ្នកចម្រៀងផងដែរ។ នេះក៏ជាកម្មវិធីដែលលោកចាត់ទុកថាបានទទួលជោគជ័យ នៅគ្រប់ស្រទាប់វណ្ណៈ បន្ទាប់ពីកម្មវិធីក៏បានទទួលការចាប់អារម្មណ៍ពីថ្នាក់ដឹកនាំនាពេលកន្លងមកចំនួន២លើករួចមកហើយ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ