ប្រភពនានាថា កូរ៉េខាងជើងត្រៀមខ្លួនជជែកអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរ

ដោយ លោក សូរ្យ ជ័យឧត្ដម​​ | ថ្ងៃចន្ទ ទី៩ ខែមេសា ឆ្នាំ២០១៨​ ម៉ោង 10:59 AM | អន្តរជាតិ | 0 | 1072

ប្រភពនានា បានអះអាងថា កូរ៉េខាងជើងបានប្រាប់ទៅអាមេរិកជាលើកដំបូងថា ខ្លួនត្រៀមខ្លួនពិភាក្សាអំពីការរំសាយកម្មវិធីនុយក្លេអ៊ែរនៅលើឧបទ្វីបកូរ៉េ នៅពេលមេដឹកនាំលោក គីម ជុងអ៊ុន ជួបជាមួយប្រធានាធិបតី លោក ដូណាល់ ត្រាំ។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP។

ទីភ្នាក់ងារព័ត៌មាន AFP បានចុះផ្សាយបែបនេះ ដោយបានដកស្រង់សម្ដីប្រភពនានា ដែលបានថ្លែងក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ។ AFP បានចុះផ្សាយបន្តថា ក្រុមមន្ត្រីអាមេរិក និងកូរ៉េខាងជើង បានទាក់ទងគ្នាដោយសម្ងាត់នាពេលថ្មីៗនេះ ដែលនៅក្នុងនោះ ក្រុងព្យុងយ៉ាងបានបញ្ជាក់ពីឆន្ទៈរបស់ខ្លួន ក្នុងការរៀបចំជំនួបកំពូលមិនធ្លាប់កើតមានមួយនេះ។

ទំនាក់ទំនងជាសម្ងាត់នោះ កំពុងស្ថិតក្នុងដំណាក់កាលបឋមនៅឡើយ ដោយក្នុងនោះមានការចូលរួមពីក្រុមមន្ត្រីមកពីក្រសួងការបរទេសអាមេរិក ដែលបាននិយាយទៅកាន់កូរ៉េខាងជើងតាមរយៈបេសកម្មរបស់ខ្លួននៅអង្គការសហប្រជាជាតិ និងក្រុមមន្ត្រីចារកម្មមកពីភាគីទាំងពីរ ដោយប្រើប្រាស់បណ្ដាញទំនាក់ទំនងដាច់ដោយឡែកមួយ។

រហូតមកដល់សព្វថ្ងៃនេះ អាមេរិកបានពឹងផ្អែកយ៉ាងច្រើនទៅលើសម្ព័ន្ធមិត្តរបស់ខ្លួន គឺកូរ៉េខាងត្បូង ក្នុងការស្វែងយល់ពីបំណងប្រាថ្នារបស់លោក គីម។ ប្រេសិតពិសេសកូរ៉េខាងត្បូង បានធ្វើដំណើរទីក្រុងវ៉ាស៊ីងតោនកាលពីខែមុន ដើម្បីបញ្ចុះបញ្ចូលមេដឹកនាំអាមេរិកឲ្យទទួលយកជំនួបស្នើឡើងដោយលោក គីម ដែលបានផ្លោងសង្គ្រាមពាក្យសម្ដីដាក់គ្នាទៅវិញទៅមកកាលពីឆ្នាំមុននោះ៕

សរសេរមកកាន់ លោក សូរ្យ ជ័យឧត្ដម តាមរយៈ oudom@vodhotnews.com

Loading...

ចាប់អារម្មណ៍នឹងព័ត៌មានប្រភេទនេះ? ចុះឈ្មោះដើម្បីទទួលបានព័ត៌មានថ្មីៗ

Fields marked with an * are required