ប្រធានACUថា​លោក កឹម សុខា នឹងត្រូវចាប់ខ្លួន បើ​មិន​ចូល​តាម​ការ​កោះហៅ​របស់​តុលាការ​

អនុប្រធានគណបក្ស​សង្រ្គោះជាតិ លោក កឹម សុខា​

ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU) លោក ឱម យ៉ិនទៀង បានថ្លែងថាប្រធានស្តីទីគណបក្សសង្រ្គោះជាតិ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ប្រសិនបើរូបលោកមិនចូលទៅតុលាការតាមការកោះហៅរបស់ព្រះរាជអាជ្ញា ដោយលោកចាត់ទុកថានេះជាការប្រព្រឹត្តបទល្មើសជាក់ស្តែង។

ព្រះរាជអាជ្ញារងនៃសាលាដំបូងរាជធានីភ្នំពេញ លោក កែវ សុជាតិ បានចេញដីកាកោះហៅ លោក កឹម សុខា ឲ្យចូលខ្លួនទៅតុលាការនៅថ្ងៃទី១១ ខែឧសភា ដើម្បីសាកសួរពីដំណើររឿងដែលកញ្ញា ធី សុវណ្ណថា បានប្ដឹងរូបលោកពីបទបរិហារកេរ្តិ៍។ តុលាការក៏បានហៅលោក កឹម សុខា ឲ្យចូលទៅកាន់សាលាដំបូងរាជធានីនៅថ្ងៃទី១៧ ខែឧសភា ពាក់ព័ន្ធនឹងសំណុំរឿងសញ្ចារកម្ម។

ក្នុងកម្មវិធីតុមូលរបស់វីអូឌីនៅថ្ងៃចន្ទនេះ លោក ឱម យ៉ិនទៀង បានលើកឡើងថាអ្នកមានអភ័យឯកសិទ្ធិទាំងអស់មិនអាចប្រឆាំងវិធានការរបស់រដ្ឋាភិបាលឬនគរបាលយុត្តិធម៌នោះទេ។ លោកពន្យល់ថាប្រសិនបើតុលាការចោទប្រកាន់អ្នកមានអភ័យឯកសិទ្ធិ ទាល់តែមានការព្យួរអភ័យឯកសិទ្ធិ។ លោកបញ្ជាក់បន្ថែមថាប្រសិនបើករណីមិនចូលតាមការកោះហៅរបស់តុលាការ លោក កឹម សុខា នឹងត្រូវចាប់ខ្លួន ដោយថានេះជាបទល្មើសជាក់ស្តែង។

លោកមានប្រសាសន៍ថា៖ “លិខិតដែលយើងឃើញថាព្រះរាជអាជ្ញាកោះហៅលោកកឹម សុខា មក លោក កឹម សុខា គាត់មក តាមការកំណត់។ មកដល់គាត់ប្រាប់ថាខ្ញុំតំណាងរាស្រ្ត ខ្ញូំមានអភ័យឯកសិទ្ធិ ខ្ញុំជឿថាព្រះរាជ្ញាថាលោកអាចឆ្លើយសំណួរនេះទេ បើគាត់មិនឆ្លើយ ក៏អត់ដឹងធ្វើអីគាត់ដែរ គឺគាត់ត្រូវត្រឡប់ទៅវិញ តែគាត់ប្រឆាំងការទៅ សូមជម្រាបថាគាត់បង្កើតបទល្មើសជាក់ស្តែង  អារឿងធំមិនគិត ទៅជាបង្កើតរឿងមួយធំជាងហ្នឹងទៅទៀត អញ្ចឹងគេមិនចាប់អារឿងគាត់អី សញ្ចារកម្មអីទេ គេចាប់រឿងអាបទល្មើសថ្មី ភ្លាមៗនេះ”

តុលាការរាជធានីភ្នំពេញក៏បានចេញដីកាកោះហៅតំណាងរាស្ត្រ២រូបរបស់គណបក្សសង្គ្រោះជាតិពីររូប គឺលោក ពិន រតនានិងលោក តុ វ៉ាន់ចាន់ ឲ្យចូលទៅបំភ្លឺនៅថ្ងៃទី១៦ ខែឧសភា ពីការចោទប្រកាន់ពីអំពើពេស្យាចារ ដែលទាក់ទងនឹងរឿងអាស្រូវស្នេហាដែលត្រូវបានទម្លាយថាពាក់ព័ន្ធនឹងលោក កឹម សុខា។

វីអូឌីមិនទាន់អាចសុំការឆ្លើយតបពីមន្រ្តីបក្សប្រឆាំងបាននៅឡើយទេ។ កាលពីសប្តាហ៍មុន ក្រុមសមាជិកសភាគណបក្សសង្រ្គោះជាតិបានសម្រេចមិនឲ្យតំណាងរាស្រ្ត៣រូបចូលបំភ្លឺតាមការកោះហៅ ដោយលើកឡើងថាចំណាត់ការនេះបំពានអភ័យឯកសិទ្ធិរបស់តំណាងរាស្រ្ត។ ក្រុមសមាជិកសភាបក្សប្រឆាំងបានបញ្ជាក់ថារាល់ដីកាកោះហៅតំណាងរាស្រ្តដែលមានអភ័យឯកសិទ្ធិសភាពីសំណាក់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញគឺ”ជាការប្រើប្រាស់អំណាចដោយរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអភ័យឯកសិទ្ធិសភារបស់តំណាងរាស្រ្ត”។ សេចក្តីថ្លែងការណ៍បន្តថា៖ “តំណាងរាស្រ្តគណបក្សសង្រ្គោះជាតិនឹងមិនទៅតាមដីកាកោះរបស់អយ្យការសាលាដំបូងរាជធានីភ្នំពេញ ដែលរំលោភបំពានច្បាប់នោះឡើយ”

លោកមេធាវី សុក សំអឿន មិនយល់ស្របតាមការលើកឡើងរបស់លោក ឱម យ៉ិនទៀងនោះទេ ដោយលោកមានប្រសាសន៍ថាបើតាមច្បាប់ អ្នកមានអភ័យឯកសិទ្ធិមិនត្រូវចាប់ខ្លួននោះទេ បើទោះជាមិនចូលទៅតុលាការតាមការកោះហៅក៏ដោយ។

អ្នកនាំពាក្យស្ថាប័នអយ្យការនៃសាលាដំបូងរាជធានីភ្នំពេញ លោក លី សុផាន់ណា ធ្លាប់ប្រាប់វីអូឌីថាតុលាការនឹងមានចំណាត់ក្រោយទៀត នៅពេលតំណាងរាស្រ្តមិនចូលបំភ្លឺតាមពេលវេលានៃការកោះហៅ ប៉ុន្តែលោកមិនបានបញ្ជាក់ពីចំណាត់ការអ្វីឡើយ។ លោកបន្តថាចំណាត់ការកោះហៅតំណាងរាស្រ្តគឺត្រឹមត្រូវតាមនីតិវិធី។ លោកបញ្ជាក់ថា៖ “វាជាសិទ្ធិអំណាចរបស់តុលាការ គ្រប់បុគ្គលទាំងអស់ដែលតុលាការគិតថាមានប្រយោជន៍សម្រាប់ដំណើរការរឿងក្តី។ ការកោះអញ្ជើញជារឿងត្រឹមត្រូវ តាមនីតិវិធី”

អនុរដ្ឋលេខាធិការក្រសួងយុត្តិធម៌និងជាអ្នកនាំពាក្យក្រសួង លោក ជិន ម៉ាលីន មានប្រសាសន៍ថាការកោះហៅរបស់តុលាការឲ្យតំណាងរាស្រ្តចូលបំភ្លឺគឺត្រឹមត្រូវតាមច្បាប់ដែលលោកថាប្រជាពលរដ្ឋមានកាតព្វកិច្ចចូលរួមសហការជាមួយអាជ្ញាធរក្នុងការស្វែងរកការពិតអ្វីមួយ។ លោកបញ្ជាក់ថា៖ “តាមច្បាប់ ប្រជាពលរដ្ឋគ្រប់រូបមានកាតព្វកិច្ចចូលរួមសហការពីដំណើរការស្វែងរកការពិត”។ លោកបន្តថាដោយសារតំណែងរាស្រ្តទាំងបីរូបមិនទាន់ត្រូវបានចោទប្រកាន់ ឃាត់ខ្លួនឬចាប់ខ្លួនអ្វីនោះទេ ដូច្នេះនីតិវធី គឺតុលាការអាចកោះហៅសាកសួរបាន ដោយមិនគិតពីអភ័យឯកសិទ្ធិ។

លោក ម៉ាលីន ឲ្យដឹងទៀតថានៅពេលមានការចោទប្រកាន់តំណាងរាស្រ្ត ទើបអភ័យឯកសិទ្ធិរបស់តំណា ងរាស្រ្តត្រូវបានយកមកពិចារណា។ លោកមិនទាន់អាចប្រាប់ពីនីតិវិធីបន្តបន្ទាប់ នៅពេលតំណាងរាស្រ្តត្រូវបានតុលាការចោទប្រកាន់នោះទេ។

កន្លងទៅ តំណាងរាស្រ្តបក្សប្រឆាំង លោក អ៊ុំ សំអាន ត្រូវបានចាប់ខ្លួន ដោយរដ្ឋាភិបាលបញ្ជាក់ថានេះជាបទល្មើសជាក់ស្តែង ដោយសារការបង្ហោះសារនិងការអត្ថាធិប្បាយពីផែនទីក្លែងក្លាយនៅលើប្រព័ន្ធសង្គមហ្វេសប៊ុក។ បក្សប្រឆាំងបានរិះគន់ចំណាត់ការនេះថារំលោភលើរដ្ឋធម្មនុញ្ញ។

មាត្រា៨០នៃរដ្ឋធម្មនុញ្ញចែងថាការចោទប្រកាន់ ការចាប់ខ្លួន ការឃាត់ខ្លួនឬការឃុំខ្លួន សមាជិកណាមួយនៃរដ្ឋសភានឹងអាចធ្វើទៅកើត លុះត្រាតែមានការយល់ព្រមពីរដ្ឋសភាឬពីគណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ក្នុងចន្លោះសម័យប្រជុំនៃរដ្ឋសភា វៀរលែងតែក្នុងករណីបទល្មើសព្រហ្មទណ្ឌជាក់ស្ដែង។ សេចក្ដីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍របស់រដ្ឋសភា ត្រូវដាក់ជូនសម័យប្រជុំរដ្ឋសភាខាងមុខ ដើម្បីអនុម័តតាមមតិភាគច្រើនពីរភាគបីនៃសមាជិករដ្ឋសភាទាំងមូល៕ រាយការណ៍បន្ថែមដោយលោក ទូច សុខា

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ