ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ(ACU)អះអាងថាអង្គភាពនឹងបញ្ជូនមន្រ្តីទៅប្រទេសកូរ៉េខាងត្បូង ដើម្បីបន្តស៊ើបសង្កេតបន្ថែមលើសំណុំរឿងពុករលួយយ៉ាងតិចពីរទៀតរបស់អតីតឯកអគ្គរាជទូតខ្មែរប្រចាំប្រទេសកូរ៉េខាងត្បូង លោក ស៊ុត ឌីណា។
ប្រធានអង្គភាពប្រឆាំងអំពើពុករលួយ លោក ឱម យ៉ិនទៀង ប្រាប់វីអូឌីនៅរសៀលនេះថាក្រោយពីបញ្ជូនខ្លួនលោក ស៊ុត ឌីណា ទៅកាន់តុលាការ អង្គភាពបានបញ្ជូនក្រុមការងាររបស់ខ្លួនទៅប្រទេសកូរ៉េខាងត្បូង ដើម្បីប្រមូលឯកសារពាក់ព័ន្ធនឹងអ្វីដែលលោកថា លោក ស៊ុត ឌីណា បានទារប្រាក់ពីបុគ្គលមួយចំនួន។ ទោះយ៉ាងណា លោកបានបដិសេធមិនផ្តល់ព័ត៌មានទាក់ទងនឹងសាក្សីដែលបានផ្តល់ព័ត៌មានពាក់ព័ន្ធនឹងការទារប្រាក់នេះ។ លោកឲ្យដឹងទៀតថានៅពេលខាងមុខឆាប់ៗនេះ លោកនឹងបញ្ជូនមនុស្សមួយក្រុមទៀតទៅកាន់ប្រទេសកូរ៉េខាងត្បូងជាថ្មីម្តងទៀតដើម្បីប្រមូលភស្តុតាងមន្ថែមទៀត។
លោកបន្តថាអង្គភាពកំពុងតែសិក្សាលើបទចោទយ៉ាងតិចពីរទៀតប្រឆាំងនឹងលោក ស៊ុត ឌីណា តែលោកមិនបានបញ្ជាក់ពីរបទចោទទាំងនោះទេ ដោយថាលោកមិនមានសិទ្ធិបង្ហើបពីបទចោទទាំងនោះ។ លោកបន្ថែមថា៖ “យើងកំពុងជួបអ្នករងគ្រោះផ្សេងៗទៀតដើម្បីបញ្ជាក់ពីបញ្ហាទារលុយកាក់គាត់…យើងបានចោទគាត់(លោក ស៊ុត ឌីណា)បទពីរហើយគឺទី១អំពីកេងយកផលប្រយោជន៍ដោយខុសច្បាប់ និងទី២ការរំលោភអំណាចដោយមានប្រសិទ្ធភាព ហើយយើងកំពុងធ្វើបទល្មើសទី៣ និងទី៤ទៀត”។
គួរំឭកថាកាលពីថ្ងៃទី៤ ខែមេសា ឆ្នាំ២០១៦ អង្គភាពប្រឆាំងអំពើពុករលួយបាននាំខ្លួនលោក ស៊ុត ឌីណា ពីក្រសួងការបរទេសកម្ពុជាទៅកាន់អង្គភាព ដើម្បីសាកសួរពាក់ព័ន្ធនឹងការចោទប្រកាន់ពីអំពើពុករលួយ។ បន្ទាប់ពីស្ថិតក្រោមការឃាត់ខ្លួន និងសាកសួរពីអង្គភាពប្រឆាំងអំពើពុករលួយអស់រយៈពេល៣ថ្ងៃមក លោក ស៊ុត ឌីណា ត្រូវបានបញ្ជូនទៅសាលាដំបូងរាជធានីភ្នំពេញដើម្បីសាកសួរនៅថ្ងៃទី៧ ខែមេសា ឆ្នាំ២០១៦។ ក្រោយពីសាកសួរពេញមួយថ្ងៃនៅសាលាដំបូង ចៅក្រមស៊ើបសួរសម្រេចឃុំខ្លួនលោក ស៊ុត ឌីណា បណ្តោះអាសន្ននៅពន្ធនាគាព្រៃស។
អង្គភាពប្រឆាំងអំពើពុករលួយក៏បានប្រកាសផងដែរថាអង្គភាពរកឃើញថាលោក ស៊ុត ឌីណា មានប្រាក់ចំនួន៧,២លានដុល្លារអាមេរិកនិងមានមាស៣៣៩តម្លឹងឬស្មើនឹងជិត១៣គីឡូក្រាម។ អង្គភាពឲ្យដឹងទៀតថាចំនួនទឹកប្រាក់នេះបង្ហាញថាកំណើនសាច់ប្រាក់របស់លោក ស៊ុត ឌីណា ក្នុងរយៈពេល៣ឆ្នាំមានចំនួន៣លានដុល្លារ ដោយក្នុងឆ្នាំ២០១៣ លោកមានប្រាក់ចំនួន៤,២លានដុល្លារអាមេរិក។ អង្គភាពក៏អះអាងថាខ្លួន បានដឹងថាលោក ស៊ុត ឌីណាមានដី១០កន្លែងធំៗនិងត្បូងប្រមាណ៥០០គ្រាប់ បន្ថែមលើលុយសុទ្ធក្រៅធនាគារជាង៧លានដុល្លារអាមេរិក៕