ក្រសួងមហាផ្ទៃថាការចាប់ខ្លួនសកម្មជនពាក់អាវខ្មៅ ដោយសារតវ៉ាខុសច្បាប់

ក្រសួងមហាផ្ទៃអះអាងថាការចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមនុស្ស៥នោះ គឺដោយសារពួកគេប្រមូលផ្តុំដោយមិនបានសុំការអនុញ្ញាតពីអាជ្ញាធរ។

មន្រ្តីសិទ្ធិមនុស្ស២នាក់និងសកម្មជនដីធ្លីចំនួន៤នាក់ ដែលពាក់អាវខ្មៅធ្វើយុទ្ធនាការទាមទារឲ្យដោះលែងមន្រ្តីសមាគមអាដហុក៤នាក់និងមន្រ្តី គ.ជ.ប លោក នី ចរិយា នោះត្រូវបានអាជ្ញាធរាជធានីភ្នំពេញឃាត់ខ្លួននៅទីកន្លែងផ្សេងគ្នា។

អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ចោទថាការធ្វើយុទ្ធនាការរបស់សកម្មជនដែលពាក់អាវខ្មៅនេះគឺរំលោភច្បាប់និងធ្វើឲ្យប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ។

យ៉ាងណាក៏ដោយលោក ខៀវ សុភ័គ អះអាងថាអាជ្ញាធរចាប់ខ្លួនមន្ត្រីសិទ្ធិមនុស្សនិងសកម្មជនដីធ្លីនៅព្រឹកនេះដើម្បីយកទៅអប់រំតែប៉ុណ្ណោះ។ លោកបន្តថា៖ “អ្នកឯងមានសេរីភាពធ្វើអញ្ចឹង អំណាចប៉ូលីស នគរបាល សមត្ថកិច្ចក៏គេមានកាតព្វកិច្ចចាប់ដែរចាប់មកអប់រំក្តីអាស្រ័យទៅលើជាក់ស្តែង ហើយធ្វើទៅថ្ងៃក្រោយធ្វើទៅរឹងទទឹងចំាធ្វើទៀត ចោទប្រកាន់ទៅតុលាការ ហើយសុំតុលាការចាប់ខ្លួនឃុំខ្លួនក៏បានដែរ”។

សាស្ត្រាចារ្យនិងអ្នកស្រាវជ្រាវពីការអភិវឌ្ឍសង្គមលោក មាស នី មានប្រសាសន៍ថាបើអាជ្ញាធរឃាត់ខ្លួនក្រុមអ្នកពាក់អាវពណ៌ខ្មៅយកទៅអប់រំជារឿងល្អក្នុងនាមប្រទេសប្រកាន់លទ្ធិប្រជាធិបតេយ្យ។ ប៉ុន្តែលោកថាបើអាជ្ញាធរឃាត់ខ្លួនហើយបញ្ជូនទៅតុលាការក្នុងស្ថានភាពបច្ចុប្បន្ននឹងធ្វើឲ្យកម្ពុជាជួបភាពវឹកវរកាន់តែខ្លំាង។ លោកបន្ថែមថា៖ ចាប់ខ្លួនច្រើនពេករៀងរាល់ថ្ងៃក៏មិនមែនជារឿងមួយល្អដែរសម្រាប់សង្គមមួយ កាលណាចាប់កាន់តែច្រើនហើយយកមនុស្សដែលមានមនសិកា ដើម្បីទាមទាររកយុត្តិធម៌យកទៅដាក់ក្នុងកន្លែងឃុំឃំាងកាន់តែច្រើនគឺស្រុកហ្នឹងនឹងមានវិបត្តិកាន់តែធ្ងន់ថែមទៀត

ក្នុងសេចក្តីប្រកាសព័ត៌មានមួយចេញផ្សាយនៅថ្ងៃទី៨ ខែឧសភា ក្រសួងមហាផ្ទៃបានបញ្ជាក់ថារាល់ការប្រមូលផ្តុំនិងការដង្ហែក្បួននានាដើម្បីសម្តែងមតិត្រូវអនុវត្តក្នុងក្របខណ្ឌរដ្ឋធម្មនុញ្ញនិងដាច់ខាតមិនត្រូវធ្វើសកម្មភាពណាមួយប៉ះពាល់ដល់សន្តិភាព ស្ថិរភាព និងសេចក្តីសុខសាន្តរបស់ប្រជាពលរដ្ឋទូទៅឡើយ។

ក្រសួងបន្ថែមថា៖ “អាជ្ញាធរមានសមត្ថកិច្ចគ្រប់លំដាប់ថ្នាក់នឹងអនុវត្តតួនាទីភារកិច្ចរបស់ខ្លួនដើម្បីអនុវត្តច្បាប់ដោយម៉ឹងម៉ាត់ ក្នុងគោលដៅរក្សាសន្តិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សាធារណៈ និងការពង្រឹងនីតិរដ្ឋក្នុងក្របខណ្ឌនៃលទ្ធិប្រជាធិបតេយ្យសេរីពហុបក្ស”។

សាស្ត្រាចារ្យវិទ្យាសាស្ត្រនយោបាយលោក សូ ចន្ថា យល់ថាការចាប់ខ្លួនសកម្មជនដែលពាក់អាវខ្មៅដែលគ្រាន់តែតវ៉ាឲ្យដោះលែងមនុស្ស៥នាក់នោះគឺរំលោភច្បាប់រដ្ឋធម្មនុញ្ញ។ លោកហៅចំណាត់ការរបស់រដ្ឋាភិបាលថាធ្វើឲ្យកម្ពុជាបាក់មុខលើឆាកអន្តរជាតិ។ លោកបន្តថា៖ កាលដែលរដ្ឋាភិបាលព្យាយាមបិទសិទ្ធិសេរីភាពរបស់ពលរដ្ឋគ្រាន់តែការស្លៀកពាក់ឬក៏ប្រើប្រាស់ពណ៌ផ្សេងៗនោះ ខ្ញុំគិតថាអាចនឹងធ្វើឲ្យប្រជាពលរដ្ឋនៅក្នុងប្រទេសកាន់តែឃើញច្បាស់អំពីការរិតត្បិតរបស់រដ្ឋាភិបាល ហើយម្យ៉ាងទៀតក៏ជារូបភាពអាក្រក់មួយសម្រាប់ប្រទេសកម្ពុជាដែលធ្លាប់ហែលឆ្លងនូវវិបត្តិនយោបាយច្រើនទសវត្សរ៍ហើយ

កាលពីថ្ងៃទី២ ខែឧសភា តុលាការបានសម្រេចចោទប្រកាន់មន្រ្តីការពារសិទ្ធិមនុស្សអាដហុក៤រូប មន្រ្តី គ.ជ.ប និងមន្រ្តីអង្គការសហប្រជាជាតិពីបទសូកប៉ាន់សាក្សីនិងសមគំនិតសូកប៉ាន់ដែលប្រឈមត្រូវផ្តន្ទាទោសដាក់ពន្ធនាគារពី៥ឆ្នាំដល់១០ឆ្នាំ។

មន្រ្តីអាដហុក៤ទាំងរូបរួមមានលោក នី សុខា លោក យី សុខសាន្ត លោក ណៃ វ៉ងដា និងលោកស្រី លឹម មុនី។ ចំណែកអតីតបុគ្គលិករបស់អាដហុក លោក នី ចរិយា ដែលទើបតែទទួលបានតំណែងជាអគ្គលេខាធិការរង គ.ជ.ប ត្រូវបានតុលាការចោទប្រកាន់ពីបទសមគំនិតសូកប៉ាន់សាក្សីទាក់ទងសំណុំរឿងស្នេហាដែលគេចោទថាពាក់ព័ន្ធនឹងលោក កឹម សុខា និងនាង ខុម ចាន់តារាទី ហៅស្រីមុំ។

ប៉ុន្តែសង្គមស៊ីវិលជាតិនិងអន្តរជាតិបានថ្កោលទោសការចោទប្រកាន់នោះនិងអំពាវនាវឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្សទាំងនោះដោយគ្មានល័ក្ខខណ្ឌ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ