កាសែត​ប៉ាណាម៉ា​​ថា ញូវហ្សឺឡែន​ជា​កន្លែង​លាក់​លុយ​​របស់​អ្នក​មាន

(រូបភាពពី Reuters)

យោងតាមរបាយការណ៍មួយដែលផ្អែកទៅលើព័ត៌មានលេចធ្លាយពីកាសែត Panama បានឲ្យដឹងថា ប្រទេស ញូវហ្សឺឡែនគឺជាផ្នែកមួយនៃបណ្ដាញក្រុមហ៊ុនគណនេយ្យ ដែលក្រុមអ្នកមាននៅអាមេរិកខាងត្បូងប្រើប្រាស់ដើម្បីផ្ដល់មូលនិធិជុំវិញពិភពលោក។

ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកបានវិភាគទៅលើឯកសារជាង៦១០០០ទំព័រដែលពាក់ព័ន្ធនឹងប្រទេសញូវហ្សឺឡែន។ ឯកសារទាំងនោះគឺជាផ្នែកមួយនៃការលេចធ្លាយទិន្នន័យដ៏ធំពីក្រុមហ៊ុន Mossack Fonseca ដែលជាក្រុមហ៊ុនច្បាប់មានមូលដ្ឋាននៅប្រទេសប៉ាណាម៉ា។ កាសែតទាំងនោះបានបង្ហាញពីរបៀបដែលក្រុមអ្នកមាននៅលើពិភពលោកប្រើប្រាស់ក្រុមហ៊ុនឯនាយសមុទ្រសម្រាប់គេចចេញពីកាតព្វកិច្ចបង់ពន្ធ។

ក្រុមហ៊ុន Mossack Fonseca ពង្រឹងផលប្រយោជន៍របស់ខ្លួននៅក្នុងការប្រើប្រាស់ប្រទេសញូវហ្សឺឡែនធ្វើជាយុត្តាធិការថ្មីរបស់ខ្លួនកាលពីឆ្នាំ២០១៣ ដោយផ្សព្វផ្សាយថាប្រទេសស្ថិតនៅតំបន់មហាសមុទ្រប៉ាស៊ីហ្វិកខាងត្បូងមួយនេះគឺជាទីកន្លែងដ៏ល្អសម្រាប់ធ្វើជំនួញ ដោយសារតែប្រទេសនេះលើកលែងពន្ធ មានសុវត្ថិភាពផ្នែកផ្លូវច្បាប់ និងលាក់សម្ងាត់បានបានខ្ពស់។

វិទ្យុនិងទូរទស្សន៍ក្នុងប្រទេសញូវហ្សឺឡែន បានរាយការណ៍ថាបុគ្គលសំខាន់ដែលក្រុមហ៊ុន Mossack Fonseca ទាក់ទងនៅក្នុងប្រទេសញូវហ្សឺឡែនគឺលោក Robert Thompson សហស្ថាបនិកនិងជាប្រធានក្រុមហ៊ុនគណនេយ្យ Bentley New Zealand ដែលជាការិយាល័យតំណាងក្រុមហ៊ុន Mossack Fonseca នៅប្រទេសនេះ។

ប្រព័ន្ធផ្សព្វផ្សាយបានរាយការណ៍ថា គេឃើញឈ្នោះលោក Robert Thompson ជាង៤៥០០ដង នៅក្នុងឯកសារកាសែតប៉ាណាម៉ា។

រដ្ឋាភិបាលញូវហ្សឺឡែនបានលើកឡើងកាលពីខែមុនថា ខ្លួននឹងចាប់ផ្ដើមពិនិត្យមើលក្រុមហ៊ុនច្បាប់បរទេសរបស់ខ្លួន បន្ទាប់ពីកាសែតប៉ាណាម៉ាបានគូសបញ្ជាក់ពីកង្វះខាតគោលការណ៍ច្បាប់របស់ប្រទេសនេះដែលធ្វើឲ្យមានបណ្ដាញគេចពន្ធអន្តរជាតិធ្វើប្រតិបត្តិការលើទឹកដីរបស់ខ្លួន។

កាសែតប៉ាណាម៉ាថ្មីៗនេះបានបញ្ចេញឯកសារបែកធ្លាយជាច្រើនពាក់ព័ន្ធនឹងការរៀបចំហិរញ្ញវត្ថុរបស់មេដឹកនាំធំៗនៅលើពិភពលោក ក្នុងនោះមានទាំងប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀរ ពូទីន នាយករដ្ឋមន្ត្រីអង់គ្លេស មេដឹកនាំប៉ាគីស្ថាន ប្រធានាធិបតីចិន ស៊ី ជិនពីង និងប្រធានាធិបតីអ៊ុយក្រែនផងដែរ៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ