អារ៉ាប៊ី សាអ៊ូឌីត ​នឹង​រក្សា​គោល​នយោបាយ​ប្រេង​ឥន្ធនៈ​ដដែល

លោក Khalid al-Falih រដ្ឋមន្ត្រី​ថ្មី​នៃ​ក្រសួង​ថាមពល (រូបភាពពី Reuters)

រដ្ឋមន្ត្រីថ្មីនៃក្រសួងថាមពលរបស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត បានថ្លែងកាលពីថ្ងៃអាទិត្យម្សិលមិញថា អារ៉ាប៊ី សាអ៊ូឌីត ដែលជាប្រទេសនាំចេញប្រេងធំបំផុតរបស់ពិភពលោក សន្យាបំពេញតម្រូវការឧស្ម័នអ៊ីដ្រូកាបូនរបស់អតិថិជន ហើយនឹងរក្សាគោលនយោបាយប្រេងឥន្ធនៈរបស់ខ្លួនដដែល។

ទីភ្នាក់ងារព័ត៌មា Reuters បានរាយការណ៍ថា លោក Khalid al-Falih រដ្ឋមន្ត្រីថ្មីនៃក្រសួងថាមពលបានរៀបរាប់ក្នុងសេចក្ដីប្រកាសមួយថា អារ៉ាប៊ី សាអ៊ូឌីត នឹងរក្សាគោលនយោបាយប្រេងឥន្ធនៈថេររបស់ខ្លួន ហើយនៅតែរក្សាតួនាទីរបស់ខ្លួននៅក្នុងទីផ្សារថាមពលអន្តរជាតិ ព្រមទាំងពង្រឹងជំហររបស់ខ្លួនក្នុងនាមជាអ្នកផ្គង់ផ្គង់ថាមពលដ៏គួរឲ្យទុកចិត្តបំផុតសម្រាប់ពិភពលោក។

លោក Khalid al-Falih រៀបរាប់បន្តថា ប្រទេសលោកនៅតែសន្យាបំពេញតម្រូវការឧស្ម័នហ៊ីដ្រូកាបូនពីបណ្ដាទីផ្សារសកល ដោយសារតែសមត្ថភាពផ្គត់ផ្គងប្រកបដោយស្ថេរភាពរបស់ប្រទេសនេះ។

ចាប់តាំងពីឆ្នាំ២០១៤មក អារ៉ាប៊ី សាអ៊ូឌីត បានដឹកនាំអង្គការ OPEC តាមរយៈយុទ្ធសាស្ត្រថ្មីដែលមានគោលបំណងការពារចំណែកទីផ្សារជាជាងការកាត់បន្ថយផលិតកម្មដើម្បីគាំពារតម្លៃប្រេងនោះ។

សេចក្ដីប្រកាសរបស់លោក Falih បានគាំទ្រទៅដល់ទស្សនៈរបស់អ្នកវិភាគនានាដែលបានលើកឡើងថា អារ៉ាប៊ី សាអ៊ូឌីត ប្រហែលមិនផ្លាស់ប្ដូរគោលនយោបាយប្រេងរបស់ខ្លួនឡើយ បន្ទាប់ពីលោក Falih ឡើងកាន់តំណែងជារដ្ឋមន្ត្រីថ្មី។

ការតែងតាំងលោក Falih គឺជាផ្នែកមួយនៃព័ត៌មានរំជើបរំជួលមួយ ដែលបានប្រកាសកាលពីថ្ងៃសៅរ៍កន្លងមកថា ការកែសម្រួលក្រសួងធំៗមួយចំនួនរបស់ព្រះមហាក្សត្រ Salman មានបំណងគាំទ្រដល់កម្មវិធីកំណែទម្រង់សេដ្ឋកិច្ចដ៏ធំធេងមួយ។

ជាផ្នែកមួយនៃការកែសម្រួលនេះក្រសួងប្រេងឥន្ធនៈត្រូវបានប្ដូរឈ្មោះទៅជាក្រសួងថាមពល ឧស្សាហកម្ម និងធនធានរ៉ែ។

លោក Falih បានថ្លែងថា ការបង្កើតក្រសួងថ្មីនេះដែលបានដាក់បញ្ចូលគ្នានូវវិស័យថាមពលជាមួយវិស័យធនធានរ៉ែ និងឧស្សាហកម្មនេះ វាស្របទៅនឹងគោលបំណងប្រកបដោយមហិច្ឆតានៃទស្សនៈវិស័យឆ្នាំ២០៣០ របស់ប្រទេស អារ៉ាប៊ី សាអ៊ូឌីត៕

ប្រភព៖ Channel News Asia

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ