បក្សប្រឆាំងហៅការស្នើបិទផ្លូវសាធារណៈ រារាំងដល់សកម្មភាពឃោសនាបោះឆ្នោត

គណបក្សប្រឆាំងលើកឡើងថា ការស្នើសុំបិទផ្លូវសាធារណៈមួយចំនួនរបស់សាលារាជធានីភ្នំពេញ ជារឿងមិនសមហេតុផល និងរំលោភសិទ្ធិរបស់គណបក្សនយោបាយក្នុងការឃោសនារកសំលេងឆ្នោត។

ក្នុងកិច្ចប្រជុំផ្សព្វផ្សាយស្ដីពី «ការការពារសន្ដិសុខបោះឆ្នោតតាមការិយាល័យបោះឆ្នោត និងរាប់សន្លឹកឆ្នោត» នាព្រឹកថ្ងៃអង្គារទី៩ឧសភាឆ្នាំ២០១៧ ប្រធាននាយកដ្ឋានកិច្ចការបោះឆ្នោត និងនីតិកម្មគណបក្សសង្គ្រោះជាតិលោកស្រី ម៉េង សុភារី បានយកឱកាសទទូចឲ្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត ពិចារណាឡើងវិញចំពោះលិខិតរបស់សាលារាជធានីភ្នំពេញ ដែលចង់បិទផ្លូវសំខាន់ៗមួយចំនួន មិនឲ្យគណបក្សនយោបាយធ្វើការឃោសនាបោះឆ្នោត។

លោកស្រីលើកឡើងថា លិខិតរបស់សាលារាជធានីភ្នំពេញនេះ គឺហាក់កំពុងរារាំងដល់សកម្មភាពឃោសនាបោះឆ្នោត ដោយលោកស្រីថា តាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា គឺពុំមានបទបញ្ញត្តិណាហាមឃាត់មិនឲ្យគណបក្សហែក្បួនឃោសនា និងប្រើប្រាស់ទីសាធារណៈ ដើម្បីផ្សព្វផ្សាយសារនយោបាយដល់ប្រជាពលរដ្ឋ ក្នុងកំឡុងពេលឃោសនាបោះឆ្នោតនោះទេ។

លោកស្រីថា បើតាមច្បាប់ មានតែទីកន្លែងមួយចំនួនប៉ុណ្ណោះ ដែលត្រូវបានហាមឃាត់ ដូចជា មន្ទីរពេទ្យ ទីវត្តអារាម ផ្សារ​ និងសាលារៀនជាដើម។​

លោកស្រីថា៖ «ដោយសារការពារសន្ដិសុខ ដោយសារការពារសុវត្ថិភាព ក៏ដូចជា ដោយសារកកស្ទះចរាចរណ៍ យើងឃើញថា យើងមានសមត្ថកិច្ចដោះស្រាយតើបញ្ហាហ្នឹង ​បញ្ហារឿងកកស្ទះចរាចរណ៍ សមត្ថកិច្ចគាត់ធ្វើការដោះស្រាយ… ស្នើសុំឲ្យ គ.ជ.ប ធ្វើការពិចារណាឡើងវិញលើលិខិតរបស់សាលារាជធានីភ្នំពេញ ពីព្រោះថា ច្បាប់អត់បានហាមឃាត់នៅតាមផ្លូវ ឬទីសាធារណៈទេ ផ្ទុយទៅវិញ គឺអនុញ្ញាតឲ្យហែ។ ហើយការស្នើសុំរបស់សាលារាជធានីភ្នំពេញ គឺហាក់បីដូចជាការរារាំងដល់សកម្មភាពឃោសនាបោះឆ្នោតរបស់គណបក្សនយោបាយ ដែលច្បាប់ថា ការឃោសនាត្រូវធ្វើជាសាធារណៈ ដើម្បីបញ្ចុះបញ្ចូល និងដើម្បីផ្ញើសារដល់ពលរដ្ឋ»។

បើតាមលិខិតចុះ​ថ្ងៃ​ទី​២៨មេសា​ឆ្នាំ​២០១៧ សាលារាជធានីភ្នំពេញបញ្ជាក់ថា ផ្លូវ​ និង​ផ្សារ​មួយ​ចំនួន​ រួម​ទាំងទីកន្លែង​ប្រជុំ​ជន​ខ្លះត្រូវ​បាន​សាលា​រាជ​ធានី​ស្នើ​សុំ​ ​គ.ជ.ប ដើម្បី​សុំ​ការ​អនុញ្ញាតិ្ត​ហាម​ឃាត់​មិន​ឲ្យ​មាន​ការ​ឃោសនា​បោះ​ឆ្នោតលើ​មហា​វិថីទាំង​នោះ។ ប៉ុន្ដែការ​​ស្នើនេះ នៅមិន​ទាន់​មាន​ការ​ឆ្លើយ​តប​ជាផ្លូវការ​ពី គ.ជ.ប នៅឡើយទេ។

អគ្គលេខាធិការ គ.ជ.ប លោក ទេព នីថា បានថ្លែងបញ្ជាក់ក្នុងកិច្ចប្រជុំថា គ.ជ.ប បានពិគ្រោះយោបល់ជាមួយអាជ្ញាធរដើម្បីកំណត់ទីតាំងណា ដែលអាចឲ្យគណបក្សនយោបាយធ្វើសកម្មភាពឃោសនាបោះឆ្នោត ដោយថា ដើម្បីការពារសណ្ដាប់ធ្នាប់សាធារណៈ កាត់បន្ថយការកកស្ទះចរាចរ និងបង្កលក្ខណៈងាយស្រួល បើសិនមានក្បួនគណៈប្រតិភូបរទេសឆ្លងកាត់ជាដើម។ ប៉ុន្ដែលោកហាក់មិនបញ្ជាក់ថាតើ គ.ជ.ប នឹងយល់ព្រមតាមសំណើរបស់សាលារាធានីភ្នំពេញ ឬអត់នោះទេ។

លោកថា៖ «ដំបូងបំផុត គឺយើងសុំឲ្យគណៈកម្មាធិការរៀបចំការបោះឆ្នោតពិគ្រោះជាមួយអាជ្ញាធរ ដើម្បីកំណត់កន្លែងណាអាចធ្វើសកម្មភាពឃោសនាបាន កន្លែងណាមិនអាចធ្វើបាន នេះមិនមែនតែរាជធានីមួយ​ គឺយើងធ្វើគ្រប់ខេត្ត និងគ្រប់ឃុំសង្កាត់ ធ្វើអញ្ចឹងដើម្បីអី ដើម្បីឲ្យដឹងថា កន្លែងណា ដែលមានបញ្ហា កន្លែងណាអាចធ្វើបាន»។

នាយក​ប្រតិបត្តិអង្គការ​ឃ្លាំ​មើល​ការ​បោះ​ឆ្នោត​មួយហៅកាត់​ថា នីច​ហ្វិក លោក សំ គន្ធា​មី មាន​ប្រសាសន៍​កាលពីពេលកន្លងទៅ​​ថា​​​​ បំរាម​ទៅ​លើមហាវិថី​មួយ​ចំនួននោះ ​វា​មិន​សូវ​ចោទ​ជា​បញ្ហានោះ​ទេ តែ​លោក​ថា ការហាមឃាត់​ទៅ​ដល់​ទី​ប្រជុំ​ជន និង​ផ្លូវ​ជុំ​វិញ​ផ្សារ​នោះ គឺ​វាបាន​ធ្វើ​ឲ្យ​ប៉ះពាល់​ដល់​សិទ្ធិ​ក្នុង​ការ​ឃោស​នា​ដោយ​សេរីរបស់​គណបក្ស​នយោបាយ​។

នៅថ្ងៃអង្គារទី៩ខែឧសភានេះ អង្គការសង្គមស៊ីវិលចំនួន២០ បានចេញសេចក្ដីថ្លែងការណ៍រួមមួយ ដោយចាត់ទុកការស្នើសុំបិទផ្លូវសាធារណៈសំខាន់ៗមួយចំនួនរបស់សាលារាជធានីភ្នំពេញនោះ ថាមិនសមហេតុផល និងមិនធានាបាននូវវិធានការឲ្យមានការឃោសនាបោះឆ្នោតដោយសេរី និងត្រឹមត្រូវ។

បើតាមប្រតិទិនរបស់ គ.ជ.ប យុទ្ធនាការឃោសនារកសំឡេងឆ្នោតនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី២០ខែឧសភា ដល់ថ្ងៃទី២មិថុនាឆ្នាំ២០១៧។ ចំណែកការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់​អាណត្តិ​ទី​៤ នឹងធ្វើឡើងចំថ្ងៃទី៤ ខែមិថុនា៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ