ក្រុមស្ត្រីធ្វើការក្នុងវិស័យនយោបាយ ខកចិត្តនឹងចំនួនបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោត

គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ(គ.ស.ន) បានសំដែងការមិនពេញចិត្តចំពោះចំនួនបេក្ខជនស្ត្រីឈរឈ្មោះបោះឆ្នោតក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤ ឆ្នាំ២០១៧ ដែលកើនតែជិត២ភាគរយប៉ុណ្ណោះធៀបនឹងអាណត្តិមុន។

ក្នុងសន្និសីទសារព័ត៌មាន ស្តីពី «លទ្ធផលអង្កេត នៃការដាក់បេក្ខភាពស្ត្រីឈរឈ្មោះក្រុមប្រឹក្សាឃុំ-សង្កាត់ អាណត្តិទី៤» ព្រឹកមិញនេះ គ.ស.ន បង្ហាញថា ក្នុងឆ្នាំ២០១៧ បេក្ខភាពស្ត្រីឈរឈ្មោះជាបេក្ខជនបោះឆ្នោត មានចំនួនសរុប ២៥ ៧៨៨នាក់ ស្នើនឹង ២៧,២៦% នៃបេក្ខជនប្រុស-ស្រីសរុប ៩៤ ៥៩៥នាក់ គឺកើនចំនួន១,៦២% ធៀបនឹងឆ្នាំ២០១២ ដែលមានចំនួនតែ ២៥,៦៤% ប៉ុណ្ណោះ។

គ.ស.ន ស្នើវិសោធនកម្ម «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» និង «ច្បាប់ស្តីពីវិសោធនកម្មច្បាប់ស្តីពីការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ» ព្រមទាំង «ច្បាប់ស្តីពីការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់» និងស្នើថែមមួយចំណុចទៀតថា គណបក្សនយោ​បាយ​ត្រូវមានគោលនយោបាយសមភាពយេនឌ័រដែលមានចែងជាលាយល័ក្ខអក្សរ។

អ្នកសម្របសម្រួលផ្នែកអប់រំនិងយេនឌ័រ មកពីអង្គការខុមហ្វ្រែល លោកស្រី សឺនកេត សិរីលក្ខណ៍ មានប្រសាសន៍ថា ក្រុមលោកស្រីលើកទឹកចិត្តគណបក្សនយោបាយដែលខិត្តខំបង្កើនចំនួនស្រ្តី ប៉ុន្តែអត់ពេញចិត្តនឹងតួលេខដែលកើនតែ ១,៦២% បែបនេះទេ។

លោកស្រីថា៖ «ថ្មីៗហ្នឹងយើងបានជួបដែរ រកឃើញថាមេឃុំ-ចៅសង្កាត់ស្ត្រី ធ្វើការពិតជាមានប្រសិទ្ធិភាព ហើយយកចិត្តទុកដាក់ខ្លាំងទៅលើបញ្ហាស្ត្រីនិងកុមារ។ មានការឲ្យតម្លៃខ្លាំងមែនទែនទាំងប្រជាពលរដ្ឋក្តី រដ្ឋាភិបាលក្តី សង្គមស៊ីវិលក្តី ប៉ុន្តែចំនួននេះយើងឃើញថាកើន តែវាតិចតួច ដែលយើងគិតថាមិនទាន់ពេញចិត្តនូវអ្វីដែលយើងបានទទួលនៅក្នុងប្រទេសកម្ពុជាទេ»

អ្នកសម្របសម្រួល គណៈកម្មាធិការលើកស្ទួយស្ត្រីក្នុងវិស័យនយោបាយ កញ្ញា សេង រាសី បានលើកឡើងពីបញ្ហាប្រឈមសំរាប់ស្ត្រីថា គឺដោយសាររចនាសម្ព័ន្ធក្នុងបក្សនយោបាយនៅមានភាពតឹងតែង និងមានផ្នត់គំនិតថាដាក់ស្ត្រីច្រើនខ្លាចចាញ់។

កញ្ញាថា៖ «ដោយសារតែប្រទេសយើងប្រើប្រព័ន្ធសមាមាត្រ ដូច្នេះហើយត្រូវបោះឲ្យគណបក្ស អញ្ចឹងបើសិនជាបោះឲ្យគណបក្សគឺស្ត្រីនៅក្នុងគណបក្សហ្នឹង! ចឹងបើសិនជាខ្ញុំពេញចិត្តគាត់ខ្ញុំត្រូវបោះឲ្យបក្សដែលគាត់ឈរហ្នឹង! ក៏ប៉ុន្តែជាក់ស្តែងនៅពេលដែលស្ត្រីគាត់ខំប្រឹងប្រែងរកប្រជាប្រិយឲ្យគណបក្សនយោបាយ បែរជាអ្នកដែលមានតួនាទីសំរេចចិត្តឬអ្នកដែលឈរលេខរៀងខ្ពស់គឺជាបុរសទៅវិញ។ ដោយសារគាត់មើលឃើញថាដាក់អ្នកនយោបាយ អ្នកនយោបាយគេប្រើពាក្យថា ឲ្យតែអ្នកនយាបាយភាគច្រើនគេស្រម៉ៃដល់បុរស អ្នកដឹកនាំគេស្រម៉ៃដល់បុរស ចៀសជាងស្រម៉ៃដល់ស្ត្រី»

លោកស្រី ធីតា ឃិះ នាយិកាប្រតិបត្តិអង្គការសីលការ និងជាប្រធានគណៈកម្មាធិការដឹកនាំ គ.ស.ន សង្ឃឹមថាអ្នកដឹកនាំបុរសដែលជាអ្នកធ្វើការសម្រេចចិត្តនឹងចាប់ផ្តើមគិតគូររឿងនេះដើម្បីដើរឲ្យទាន់ពិភពលោក។

លោកស្រីថា៖ «យើងកំពុងធ្វើការតស៊ូមតិហ្នឹងដើម្បីឲ្យមានច្បាប់! យើងទៅនិយាយជាមួយមេគណបក្ស មេគណបក្សធ្វើការសម្រេចចិត្តហើយ ៣០%ស្ត្រី ៣០%យុវជន ហើយនិង៤០%អ្នកដែលចាស់! ប៉ន្តែគាត់ធ្វើកើតទេ? អញ្ចឹងទៅគាត់ធ្វើការសម្រេចចិត្តគាត់ចង់បានអញ្ចឹងដែរ តែដល់អនុវត្តមែនទែន អត់! អញ្ចឹងទៅបានថាយើងទាមទារឲ្យមានច្បាប់ជាតិ ហើយទាមទារឲ្យមានគោលនយោបាយយេនឌ័រនៅក្នុងគណបក្សគាត់ផង ព្រោះតែមិនអញ្ចឹងអនុវត្តអត់បាន»

បេក្ខជនស្ត្រីលេខរៀងទី៣ គណបក្សសង្គ្រោះជាតិ មកពីសង្កាត់សួង ក្រុងសួង ខេត្តត្បូងឃ្មុំ អ្នកនាង យ៉ាន វ៉ាន់ណែត ថាមិនមែនជាការងាយស្រួសទេដែលមកឈរបេក្ខជននេះ។

អ្នកស្រីថា៖ «ចង់បញ្ជាក់ថាស្ត្រីដែលមានវត្តមាននៅទៅនេះ ហើយជាបេក្ខជនដែលជាប់លេខហ្នឹង គឺពួកខ្ញុំតវ៉ាមតិខ្លាំងមែនទែន ទើបពួកយើងអាចឈរលេខរៀងជាប់បាន»

សូមបញ្ជាក់ផងដែរថា ការអភិវឌ្ឍដោយមានចេរភាព គឺគេរាប់ពីឆ្នាំ២០១៦ដល់ឆ្នាំ២០៣០ ហើយនៅក្នុងឆ្នាំ២០៣០នោះ គោលដៅដែលគេកំណត់ទូទាំងពិភពលោក គឺឲ្យមានការដឹកនាំរវាងស្ត្រីនិងបុរស៥០ភាគរយស្មើគ្នា។ នៅពេលបច្ចុប្បន្ននេះ យើងមានស្ត្រីជាសមាជិកក្រុមប្រឹក្សាឃុំ-សង្កាត់ មានតែ១៧,៧៨% ប៉ុណ្ណោះ៕

រក្សាសិទ្វិគ្រប់យ៉ាងដោយ ស៊ីស៊ីអាយអឹម

សូមបញ្ជាក់ថា គ្មានផ្នែកណាមួយនៃអត្ថបទ រូបភាព សំឡេង និងវីដេអូទាំងនេះ អាចត្រូវបានផលិតឡើងវិញក្នុងការបោះពុម្ពផ្សាយ ផ្សព្វផ្សាយ ការសរសេរឡើងវិញ ឬ ការចែកចាយឡើងវិញ ដោយគ្មានការអនុញ្ញាតជាលាយលក្ខណ៍អក្សរឡើយ។
ស៊ីស៊ីអាយអឹម មិនទទួលខុសត្រូវចំពោះការលួចចម្លងនិងចុះផ្សាយបន្តណាមួយ ដែលខុស នាំឲ្យយល់ខុស បន្លំ ក្លែងបន្លំ តាមគ្រប់ទម្រង់និងគ្រប់មធ្យោបាយ។ ជនប្រព្រឹត្តិ និងអ្នកផ្សំគំនិត ត្រូវទទួលខុសត្រូវចំពោះមុខច្បាប់កម្ពុជា និងច្បាប់នានាដែលពាក់ព័ន្ធ។

អត្ថបទទាក់ទង

សូមផ្ដល់មតិយោបល់លើអត្ថបទនេះ